ក្រសួងបរិស្ថាន​គ្រោង​បង្កើត​ស្ថានីយ​ចម្រោះ​ទឹក​កខ្វក់ ៤ កន្លែង​នៅ​ភ្នំពេញ
Posted On : March, 10, 2015 | By សំឡេងទីក្រុង

ប្រភព៖ ថ្មីៗ, (ចុះ​ផ្សាយ​នៅ​ថ្ងៃ   09-03-2015,  4:55 pm) |  ដោយ : រឿន ភារុន

ភ្នំពេញ៖ ក្រសួងបរិស្ថាន​កំពុង​សិក្សា​ជាមួយ​ក្រុមហ៊ុន​ឯកជន ដើម្បី​បង្កើត​ស្ថានីយ​ចម្រោះ​ទឹក កខ្វក់ មុននឹង​ធ្វើការ​បង្ហូរ​ទឹក​កខ្វក់​ចូលក្នុង​ទឹកទន្លេ​ធម្មជាតិ។ ដើម្បី​ចម្រោះ​ទឹក​កខ្វក់​នៅក្នុង រាជធានី​ភ្នំពេញ​ឲ្យ​បាន​គ្រប់គ្រាន់​នោះ លោក សាយ សំ​អាល់ បាន​ថ្លែងថា ស្ថានីយ​ចម្រោះ​ទឹក កខ្វក់​អាច​នឹងត្រូវ​បង្កើតឡើង​ចំនួន ៤ តំបន់​ក្នុងនោះ រួមមាន តំបន់​ទំនប់​កប់​ស្រូវ តំបន់​ជ្រោយចង្វារ តំបន់​ចំការ​ដូង និង​តំបន់​ច្បារអំពៅ។

នៅក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ថ្ងៃទី៩ មីនា​នេះ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក សាយ សំ​អាល់ បាន​ឲ្យ​ដឹងថា ក្រសួង​កំពុង​សិក្សា​ជាមួយ​ក្រុមហ៊ុន​ឯកជន ដើម្បី​រៀបចំ​ស្ថានីយ​ចម្រោះ ទឹក​កខ្វក់​នៅក្នុង​រាជធានី​ភ្នំពេញ។ ជាងនេះទៀត លោក​បន្ថែមថា ក្រសួងបរិស្ថាន ក៏​កំពុង​សិក្សា លើ​ការបង្កើត​លូ​ស្តុក​កាកសំណល់​ប្រចាំ​គ្រួសារ​មុននឹង​បង្ហូរ​ចូល​លូ​សាធារណៈ​ទៀតផង។

លោក​ថា ៖«នៅ​ជំនាន់ ១៩៨០ ឬ ១៩៩០ ជាង តាម​ផ្ទះនីមួយៗគេ​មាន​អាង​ស្ទុ​ក​ទឹក​របស់គេ​មួយ មុន​ហូរ​ទៅ​លូ​សាធារណៈ ដូចនេះ​យើង​កំពុង​រៀបចំ​ជំរុញ​ឲ្យ​មាន​ដូច​មុន​ដែរ ដើម្បី​កាត់បន្ថយ ការបង្ហូរ​កាកសំណល់​ទៅ​លូ​សាធារណៈ»។

បើតាម លោក សាយ សំ​អាល់ ក្រសួង​កំពុង​សិក្សា​បង្កើត​ស្ថានីយ​ចម្រោះ​ទឹកស្អាត​ចំនួន ៤តំបន់ធំៗ នៅ​រាជធានី​ភ្នំពេញ ក្នុង​រួមមាន ស្ថានីយ​ចម្រោះ​ទឹកស្អាត​តំបន់​ទំនប់​កប់​ស្រូវ តំបន់​ចំការ​ដូង ស្ថានីយ​ចម្រោះ​ទឹកស្អាត​តំបន់​ជ្រោយចង្វារ និង​តំបន់​ច្បារអំពៅ។ប៉ុន្តែ​ទោះជា​យ៉ាងណា រដ្ឋមន្ត្រី​បរិស្ថាន​រូបនេះ នៅ​មិនទាន់​អាច​វាយតម្លៃថា ក្រសួង​នឹង​ប្រើ​កញ្ចប់​ថវិកា​អស់​ប៉ុន្មាន​លើ​គម្រោង​នេះឡើយ។ លោក បញ្ជាក់​ដូច្នេះ​ថា៖«យើង​នឹងធ្វើ ប៉ុន្តែ​មិនទាន់បាន​ភ្លាម​ព្រោះ​ទាក់ទង​នឹង​ទឹកប្រាក់​ច្រើន ដូច្នេះ​មិន​ធ្វើ បានភ្លាមៗនោះទេ។ ប៉ុន្តែ​បច្ចេកទេស​មិនជា​បញ្ហា​នោះទេ»៕

Urban Voice Cambodia

Urban Voice Cambodia