15873432_10154977928277139_7592727955658782036_n

ក្រសួងបរិស្ថានកំពុងផ្ទៀងផ្ទាត់របាយការណ៍អង្គការណាសា

អង្គការណាសា (NASA) បានចេញផ្សាយរបាយការណ៍មួយទាក់ទងនឹងការកាបព្រៃឈើនៅកម្ពុជា ដែលបង្ហាញថាព្រៃឈើនៅប្រទេសកម្ពុជា កំពុងបាត់បង់យ៉ាងលឿន ហើយកម្ពុជាស្ថិតក្នុងក្រុមប្រទេសដែលមានអត្រាការកាប់ព្រៃឈើខ្ពស់ជាងគេបំផុតក្នុងពិភពលោក។

នៅចន្លោះឆ្នាំ២០០១ ដល់២០១៤ អត្រាបាត់បង់ព្រៃឈើ ប្រចាំឆ្នាំក្នុងប្រទេសកម្ពុជា បានកើនឡើងដល់១៤.៤% ស្មើនឹងជាង១.៤៤លានហិកតា។

ឆ្លើយតបនឹងរបាយការណ៍ខាងលើអ្នកនាំពាក្យក្រសួងបរិស្ថាន លោក សៅ សុភាព បានប្រាប់វិទ្យុវាយោឱ្យដឹងថា៖ ក្រសួងទើបតែទទួលបានព័ត៌មាននេះ ហើយពេលនេះក្រុមការងារបច្ចេកទេសកំពុងផ្ទៀងផ្ទាត់ទិន្នន័យដែលក្រសួងមាននៅក្នុងដៃ។ ចំពោះពេលវេលាឆ្លើយតប អ្នកនាំពាក្យរូបនេះមិនទាន់បញ្ជាក់នៅឡើយទេ។

អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះក៏ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរីដែរថា៖ រដ្ឋាភិបាលកម្ពុជា កំពុងទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើដោយម៉ឺងម៉ាត់ ដូចជាការដកហូតដីសម្បទាន ការចេញបទបញ្ជាលេខ០១ សារាចរលេខ៥ ការបង្កើតគណៈកម្មការបង្ក្រាបបទល្មើសព្រៃឈើ ការរៀបចំវេទិកាថ្នាក់ជាតិ និងការដាក់ពង្រាយមន្ត្រីបរិស្ថាន ដើរល្បាតព្រៃ និងអនុវត្តច្បាប់ព្រៃឈើ ។

របាយការណ៍ស្រាវជ្រាវរបស់អង្គការសង្គមស៊ីវិលកម្ពុជា បានរកឃើញថា គិតត្រឹមចុងឆ្នាំ២០១៥ ផ្ទៃដីទំហំជាង ១លាន ៥សែនហិកតារ (១.៥៣២.៧៨៣ហិកតារ) នៅទូទាំងប្រទេសកម្ពុជា ត្រូវបានផ្តល់ទៅឲ្យក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចចំនួន ២៦៧ ដោយលាតសន្ធឹងលើខេត្តចំនួន១៨៕

Leave a Reply