ក្រសួងទេសចរណ៍ អំពាវនាវ​ឲ្យ​មាន​ការ​ផ្តល់​មតិយោបល់​លើ​ប្រព័ន្ធ​ “Beach Eco-Label”
Posted On : កញ្ញា, 6, 2018 | By សំឡេងទីក្រុង

ក្រសួង​ទេសចរណ៍ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ចូលរួម​ផ្ដល់​មតិ​យោបល់​លើ​ប្រព័ន្ធ​វាយ​តម្លៃ​ចលនា​ប្រឡង​ប្រណាំង​ឆ្នេរ​ស្អាត​អនឡាញ “Beach Eco-Label” ឆ្ពោះ​ទៅ​អបអរសាទរ​ពិធី​បុណ្យ​សមុទ្រ​ខេត្ត​កោះកុង ដែល​គ្រោង​រៀបចំ​ឡើង​ចាប់​ពី​ថ្ងៃ​ទី១៤ ដល់​ថ្ងៃ​ទី១៦ ខែ​ធ្នូ ឆ្នាំ​២០១៨។

ក្រសួងទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត និង​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រងនិង​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា​ បាន​រៀបចំ​ឡើង​នូវ​ចលនា​ប្រឡង​ប្រណាំង​ឆ្នេរ​ស្អាត​លើក​ទី​១ ឆ្នាំ​២០១៨ ដែល​មាន​បេក្ខភាព​ចំនួន ១៨​ឆ្នេរ រួមមាន៖

  • ខេត្ត​ព្រះសីហនុ ( ១.ឆ្នេរឯករាជ្យ ២.ឆ្នេរលំហែកាយ ៣.ឆ្នេរជ័យជំនេះ ៤.ឆ្នេរសុខា ៥.ឆ្នេរអូឈើទាល ៦.ឆ្នេរអូត្រេះ ៧.ឆ្នេរព្រែកត្រែង ៨.កោះពស់ ៩.កោះរ៉ុង ១០.កោះរ៉ុងសន្លឹម ១១.កោះសង្សា ១២. ឆ្នេររាម)
  • ខេត្តកំពត ( ១.ឆ្នេរណាតាយ៉ា )
  • ខេត្តកែប (១.ឆ្នេរលេងទឹកកែប ២.ឆ្នេរកោះទន្សាយ )
  • ខេត្តកោះកុង (១.ឆ្នេរតារាសាគរ ២.ឆ្នេរចាំយាម ៣.ឆ្នេរបាក់ខ្លង)

ការ​ប្រគល់ពានរង្វាន់​ជយលាភី នឹងត្រូវធ្វើឡើងក្នុងឱកាសពិធីបុណ្យសមុទ្រនៅខេត្តកោះកុង នៅចុងឆ្នាំនេះ។

ក្រសួង បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​អាច​ប្រើប្រាស់ប្រព័ន្ធ​វាយតម្លៃ​ចលនា​ប្រឡង​ប្រណាំង​រង្វាន់​ធុរកិច្ច​បៃតង​ក្នុង​វិស័យ​ទេសចរណ៍​ដែល​មាន​ស្នាដៃ​ឆ្នើម​ខាង​ថែរក្សា​ឆ្នេរ​សមុទ្រ ឬ​ហៅកាត់​ថា​ឆ្នេរ​ស្អាត (Beach Eco-Label) ដោយ​គ្រាន់​តែ Scan QR code ឬ ចូល​តាម​តំណ Link(http://www.cambodiacleancity.gov.kh/kh/beach)៕

សំឡេងទីក្រុង!

សំឡេងទីក្រុង!