ក្រសួងគ្រោងនឹងជួបអ្នកគ្រប់គ្រងអគារ Gold Tower 42 ដើម្បីពិភាក្សាពីការចាប់ផ្តើមសាងសង់អគារជាថ្មី
Posted On : មេសា, 21, 2016 | By សំឡេងទីក្រុង

ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦

ប្រភព ៖ ភ្នំពេញប៉ុស្តិ៍

យោងតាមកាសែតភ្នំពេញប៉ុស្តិ៍ ដែលបានចុះផ្សាយកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ បានឲ្យដឹងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គ្រោងនឹងកោះហៅប្រជុំជាមួយនឹងអ្នកគ្រប់គ្រងអគារ Gold Tower 42 ជាន់ម្តងទៀត ដើម្បីបញ្ជាក់ឲ្យច្បាស់ពីដំណើរការសាងសង់អគារសារជាថ្មី។

លោក ហ៊ុយ ណារ៉ា អគ្គនាយក បច្ចេកទេស នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែង ឲ្យដឹងថា ក្រសួងបានធ្លាប់ជួបប្រជុំជាមួយនឹងអ្នកគ្រប់គ្រងអគារនេះ ម្តងរួចមកហើយ ដោយពួកគេសន្យាថា នឹងចាប់ផ្តើមនូវខែកុម្ភៈ ប៉ុន្តែរហូតមកដល់ពេលនេះ មិនមានសកម្មភាពណាមួយដែលបញ្ជាក់ថា អគារនឹងត្រូវចាប់ផ្តើមសាងសង់នោះទេ។ លោកបន្តថា ៖ “ ក្រសួងនឹងជួបជជែកជាមួយនឹងគាត់ (អ្នកវិនិយោគ) ឲ្យច្បាស់ពីការផ្អាកការសាងសង់រហូតមកទល់ពេលនេះ ថាតើពួកគេមានការក្ស័យធុន ឬយ៉ាងណា និងការចាប់ផ្តើមសាងសង់នៅពេលណា មិនអាចចេះតែនិយាយបានទេ” ។ លោកបានបន្តថា ៖ “ ក្នុងនាមជាអាជ្ញាធរ យើងនឹងមានវិធានការច្បាស់លាស់។ បើក្រុមហ៊ុនមិនមានទុនសាងសង់បន្ត គួរធ្វើការផ្ទេរឬយ៉ាងណា”។

គម្រោង Gold Tower 42 គឺជាអតីតគម្រោងអគារខ្ពស់ជាងគេ នៅក្នុងទីក្រុងភ្នំពេញ ដែលបានផ្អាកការសាងសង់កាលពីឆ្នាំ២០០៨ និងចាប់ផ្តើមវិញនៅឆ្នាំ២០១០ ដែលសាងសង់បានដល់ជាន់ទី៣២ និងត្រូវបានផ្អាករហូតមកដល់បច្ចុប្បន្ននេះ។ នេះបើយោងតាមការចុះផ្សាយរបស់ការសែតភ្នំពេញប៉ុស្តិ៍។

រូបភាព ដោយ សមាគមធាងត្នោត

រូបភាព ដោយ សមាគមធាងត្នោត

សំឡេងទីក្រុង!

សំឡេងទីក្រុង!