ក្បួនទាមទាររកយុត្តិធម៌ និងដង្ហែយកញត្តិដាក់តាមស្ថានទូតបរទេសនានាក្នុងទីក្រុងភ្នំពេញ
Posted On : January, 16, 2015 | By សំឡេងទីក្រុង

ម៉ោង ៨ព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥ ប្រជាពលរដ្ឋ និងតំណាំង​សហគមន៍​បឹងកក់ បុរីកីឡា ថ្មគោល​​​​​​​​​​ និង​ព្រះសង្ឃ​ប្រមាណជាង ១៥០​នាក់/អង្គ​ មកជួបជុំគ្នានៅមុខស្ថានទូតបារាំង ដើម្បីដង្ហែ​យក​ញត្តិ​ដាក់​តាម​បណ្ដា​ស្ថានទូត​បរទេស​នានា និងរដ្ឋសភា ក្នុង​រាជធានី​ភ្នំពេញ ។

ការដង្ហែញត្តិដាក់តាមបណ្តាស្ថានទូតនានា ដែលដំបូងត្រូវចាប់ផ្តើមយកញត្តិដាក់ស្ថានទូតបារាំង រហូតដល់រដ្ឋសភា​ ចេញដំណើរដោយថ្មើរជើង ។ ការប្រព្រឹត្តិនៃក្បួនដង្ហែញត្តិនេះ គឺក្នុងគោលបំណង អោយតំណាងស្ថានទូតនានា និងតំណាងរាស្ត្រនៃបណ្តាគណបក្សនានាអោយ​ចូលរួម​ឃ្លាំមើល សង្កេតការណ៍​សវនាការ​សាលាឧទ្ធរណ៍ និងទាមទាររកយុត្តិធម៌ដល់​ស្ត្រី​បឹងកក់ និង​បុរីកីឡា ១០នាក់ ដែលនឹងប្រព្រឹត្តិទៅនៅ​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ២០១៥ខាងមុខនេះ ។

រំលឹកផងដែរថា ស្ត្រី​សហគមន៍​បឹងកក់ ថ្មគោល និង​បុរីកីឡា​ទាំង​ ១០នាក់​ដែលត្រូវបើកសវនការនាពេលខាងមុខនេះ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១០ និង​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ២០១៤ ហើយ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ប្រឆាំង​នឹង​មន្ត្រី​រាជការ​សាធារណៈ និង​បង្ក​ការ​កក​ស្ទះ​ចរាចរណ៍ ដោយត្រូវ​ពិន័យ​ជា​ប្រាក់​ ២លាន​រៀលក្នុងមួយនាក់ រួមទាំងត្រូវ​ជាប់​ពន្ធនាគារ​រយៈពេល១​ឆ្នាំផងដែរ ។

សកម្ម​ជន​ការពារ​សិទ្ធិ​មនុស្ស​ព្រះ​តេជគុណ លួន សាវ៉ាត មានសង្ឃដីកាថា ប្រជាពលរដ្ឋ តំណាងសហគមន៍ដីធ្លី និងព្រះសង្ឃគ្រប់ព្រះអង្គបានប្រមូលផ្តុំគ្នានៅមុខស្ថានទូតបារាំង ដោយដង្ហែយកញត្តិដាក់ជូនស្ថានទូតនានា ចំនួន៨ស្ថានទូត ក្នុងនោះមានស្ថានទូតអាមេរិក អង់គ្លេស ជប៉ុន អូស្ត្រាលី អាឡឺម៉ង់ និង UN ជាដើម ប្រចាំនៅកម្ពុជានាថ្ងៃទី១៥ ខែមករា នេះក្នុងគោលបំណងគោរពអញ្ជើញតំណាងស្ថានទូតទាំងអស់ដើម្បីចូលរួម ឃ្លាំមើល សង្កេតការណ៍ និងស្តាប់អង្គសវនការណ៍នៅសាលាឧទ្ធរណ៍ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥នេះ លើស្ត្រីបឹងកក់ ថ្មគោល បុរីកីឡា ទាំង១០រូប ដែលតុលាការបានចោទប្រកាន់ និងចាប់ដាក់គុកដោយមហាអយុត្តិធម៌ ។ ព្រះតេជគុណមានសង្ឃដីកាទទូច សុំបិណ្ឌបាត និងសុំសំនូមពរផងដែរ ដល់ព្រះសង្ឃ បងប្អូន ញាតិញម ពុទ្ធបរិស័ទ្ធ និងជនរួមជាតិ ដែលស្រឡាញ់យុត្តិធម៌ ស្រឡាញ់ការគោរពសិទ្ធិមនុស្ស សូមអញ្ជើញចូលរួមទាំងអស់គ្នានៅម៉ោង២រសៀល ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ នៅមុខសាលាឧទ្ធរណ៍រាជធានីភ្នំពេញ ដើម្បីអោយតុលាការកាត់ក្តីដោយឯការាជ្យ យុត្តិធម៌ និងមិនលម្អៀង អោយស្ត្រីទាំង ១០នាក់ទទួលបាននូវយុត្តិធម៌ និងចេញពីពន្ធនាគារ ព្រោះអ្នកទាំងអស់គ្នានោះគ្មានទោសកំហុសដោយការចោទប្រកាន់របស់តុលាការនោះទេ ។

នៅ​​ម៉ោង២រសៀល ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ២០១៥ នេះផងដែរ ​សកម្មជន​នយោបាយ​នៃ​គណបក្ស​សង្គ្រោះជាតិ ​លោក មាជ សុវណ្ណារ៉ា ក៏​នឹង​ត្រូវ​នាំ​មកបើកអង្គ​សវនាការ នៅ​សាលាឧទ្ទរណ៍ ។ តើតុលាការនឹងមានវិធានការណ៍បែបណាទៀតបន្ទាប់ពីសវនការ?

 

Urban Voice Cambodia

Urban Voice Cambodia