2-way

ក្នុង​លោក​មាន​តែ​ស្រុក​ខ្មែរ​ទេ​ សង់​រោង​ពិធី​នៅ​លើ​មហាវិថី​?

នៅប្រទេសឥណ្ឌាត្រូវបានគេទទួលស្គាល់ថាជាប្រទេសដែលអ្នកបើកបរនៅលើផ្លូវយ៉ាងអនាធិបតេយ្យជាងគេ តែនៅពេលខ្ញុំទៅទស្សនកិច្ចនៅប្រទេសនោះគ្មានដែលឃើញការសង់រោងការ និងពិធីផ្សេងៗនៅលើផ្លូវនោះទេ។

ខ្ញុំក៏សួរជនជាតិឥណ្ឌា បន្ថែមទៀតថានៅឥណ្ឌាពេលប្រជាពលរដ្ឋមានកម្មវិធីផ្សេងៗគេមានសង់រោងការ ឬរោងបុណ្យបិទផ្លូវដែរឬទេ? ពួកគេថាគ្មានទេ បើមានកម្មវិធីគឺគេទៅភោជនីយដ្ឋាន និងវិហារសាសនារបស់គេកាន់រៀងៗខ្លួន។ ហេតុអ្វីបានជានៅលើលោកនេះកើតមានតែនៅស្រុកខ្មែរដូចនេះ?

ពាក្យថាម្តងគេ ម្តងយើងគឺជាពាក្យសាមញ្ញសម្រាប់ការអធ្យាស្រ័យគ្នានៅពេលមានកម្មវិធីរៀបការ ពិធីសម្ពោធហាង ឬក៏ពិធីបុណ្យផ្សេងៗដែលត្រូវសង់រោងនៅលើផ្លូវ ឬក៏មហាវិថី និងលើផ្លូវជាតិទៀតផងក៏មាន។ ការអធ្យាស្រ័យគ្នា គួរតែនៅបន្តរហូតដល់បច្ចុប្បន្ននេះទៀតឬ? ខណៈពេលដែលកំណើនប្រជាពលរដ្ឋចំណាកស្រុកចូលមករស់នៅក្នុងរាជធានីភ្នំពេញកាន់តែកើនឡើងជាង ២ លាននាក់ហើយមកទល់បច្ចុប្បន្ននេះ បើតាមការចំណោលកាលពីជំរឿនឆ្នាំ ២០០៨។

ចំនួនយានយន្តក៏ចេះតែកើនឡើងដែរតែផ្ទុយទៅវិញមហាវិថីធំៗ និងផ្លូវមួយចំនួនមិនបានពង្រីកនោះទេមានន័យថាចំនួនចរាចរណ៍កើនឡើង តែផ្លូវក្នុងក្រុងនៅដដែល។ ដូចនេះហើយពីមួយថ្ងៃទៅមួយថ្ងៃ ការកកស្ទះចរាចរណ៍ក៏ស៊ីពេលយូរ និងចំនួនគ្រោះថ្នាក់ក៏កើនឡើង ហើយការប៉ាន់ប្រមាណរបស់រដ្ឋាភិបាលពីអត្រាអ្នកស្លាប់ក៏កើនឡើងដែរគឺ ៦ នាក់ក្នុង ១ ថ្ងៃ។

មានឫសគល់នៃបញ្ហាដែលបណ្តាលឲ្យមានការកកស្ទះចរាចរណ៍ក៏មានការចូលរួមចំណែកមកពីការសង់រោងការ រោងពីធី និងរោងបុណ្យផ្សេងៗនៅលើផ្លូវស៊ីអស់ជិតពាក់កណ្តាលផ្លូវនោះផងដែរធ្វើឲ្យអ្នកបើកបរជាទូទៅរអ៊ូរទាំពីការកកស្ទះដោយសារតែការបិទផ្លូវដែលមិនគួរកើតមានទេនាពេលបច្ចុប្បន្ននេះ។

ជាងនេះទៅទៀត គឺការយកមន្ត្រីសមត្ថកិច្ចប្រដាប់អាវុធដូចជាប៉ូលិស ប៉េអឹម និងយោធាជាដើមមកឈរកន្លែងកម្មវិធីនៅលើផ្លូវមានកាំភ្លើងច្រូងច្រាងដូចត្រៀមឡើងប្រយុទ្ធធ្វើសង្គ្រាម ឬក៏ព័ទ្ធចាប់ឧក្រិដ្ឋជនអ៊ីចឹង។ រីឯរោងខ្លះ ក៏គ្មានមន្ត្រីជួយដោះស្រាយចរាចរណ៍គឺនៅកកស្ទះកាន់តែយូរ។

កន្លងមកធ្លាប់មានគ្រោះថ្នាក់ចរាចរណ៍រួចហើយនៅពេលដែលផ្ទះការសង់រោងការនៅលើផ្លូវជាតិលេខ ១ នៅម្តុំកៀនស្វាយ ខណៈដែលរថយន្តចៀសគ្នាទៅបុករោងការរបួសធ្ងន់ជិត ២០ នាក់ហើយក៏មិនមានអ្នកណាសងអ្នកណាទេ មានតែទៅពេទ្យរៀងៗខ្លួនព្រោះគ្មានមាត្រាណាមួយក្នុងច្បាប់ចរាចរណ៍ឲ្យសង់រោងការនៅលើផ្លូវនោះទេ។

គ្រាន់តែបញ្ហាកកស្ទះនេះដោយសារការចតរបស់រថយន្តថ្នាក់ដឹកនាំ ឬក៏តំណាងរាស្ត្រគឺសកម្មជនបក្សម្ខាងៗដឹងថារថយន្តរបស់មន្ត្រីបក្សប្រឆាំង ឬក៏បក្សរដ្ឋាភិបាលគឺកេងចំណេញគ្នារៀងៗខ្លួន ខ្លះដៀលគ្នាសុទ្ធតែឆ្កែចត ឬក៏ពាក្យអសុរោះជាដើម។ តែដល់ពេលមានរោងពិធីធំៗមានកងកម្លាំងប្រដាប់អាវុធច្រូងច្រាងលែងហ៊ានដៀលគេព្រោះខ្លាចស្បែក និងខ្នងគេធំៗស្រាវជ្រាវចាប់ខ្លួនបាត់ឥឡូវហ្នឹង។ រឿងសង់រោងពិធីលើផ្លូវធំ ឬក៏ផ្លូវរវល់នេះមិនត្រឹមតែស៊ីលើផ្លូវកន្លែងរោងពិធីនេះទេគឺស៊ីផ្លូវកន្លែងចតឡាន ចតម៉ូតូភ្ញៀវ និងនាំភ្ញៀវឆ្លងផ្លូវទៅមកៗរឹតតែស្ទះចរាចរណ៍។

បើគិតពីសេដ្ឋកិច្ចវិញគឺម្នាក់ៗគណនាគិតពីម៉ោងវេលារបស់ខ្លួនខាតគ្រប់តែគ្នាហ្នឹង បើសូម្បីតែជូនកូនទៅរៀនសោះ ក៏ខាតលុយដែរ សាលាក្រុងធា្លប់គណនាសរុបខាត ៦ លានដុល្លារក្នុង ១ ខែៗដោយសារការកកស្ទះចរាចរណ៍។ និយាយឲ្យចំទៅគឺធុញទ្រាន់នឹងហិតផ្សែងឡាន និងម៉ូតូដោយសារតែស្ទះផ្លូវនេះតែម្តងគ្រាន់តែហិតផ្សែងហ្នឹងក៏ពុលឈឺក្បាលដែរ។

ស្របពេលនឹងចំណាត់ការរបស់លោក ឃួង ស្រេង អភិបាលរាជធានីកំពុងតែអនុវត្តបោសសម្អាតកុងស៊ីបញ្ចាំ និងសណ្តាប់ធ្នាប់តាមដងវិថីតែការសង់រោងពិធីដ៏ធំហើយវែងស៊ីលើមហាវិថីកម្ពុជាក្រោមជិតពាក់កណ្តាលទៅហើយកាលពីសប្តាហ៍មុននេះមិនខ្វល់ពីចំណាត់ការលោកចៅហ្វាយក្រុងភ្នំពេញទេ ព្រោះម្ចាស់កម្មវិធីមានសែស្រឡាយធំជាងចៅហ្វាយក្រុងទៅទៀតឯណោះ។

ឯណាទៅការរីកចម្រើនកំណែទម្រង់វិមជ្ឈការផ្តល់អំណាចមករដ្ឋបាលថ្នាក់ក្រោមជាតិនោះ? បើអ្នកធំៗថ្នាក់ជាតិមានអំណាច មានលុយនៅថ្នាក់ជាតិមិនខ្វល់ពីការអនុវត្តច្បាប់របស់មន្ត្រីថ្នាក់ក្រោមជាតិផងនោះ។

ហេតុដូច្នេះហើយល្មមភ្ញាក់ខ្លះហើយ អ្នកដែលមានកម្មវិធីធំៗដែលតែងតែយកផ្លូវសាធារណៈមកធ្វើជាកម្មសិទ្ធិនោះ គួរតែគិតគូរអធ្យាស្រ័យដល់អ្នកធ្វើដំណើរវិញផង កុំគិតតែផលប្រយោជន៍ការងារធ្វើអាជីវកម្មរបស់ខ្លួនដោយមិនខ្វល់ពីអ្នកធ្វើដំណើរ គេក៏ប្រញាប់ដែរ។

បច្ចុប្បន្នមានរោងការ រោងពិធីសម្រាប់ជួលមានច្រើនណាស់ដែរហើយ បើមានលទ្ធភាពហើយសូមអញ្ជើញទៅកោះពេជ្រ ម៉ុងឌីយ៉ាល់ ឬក៏សណ្ឋាគារធំៗក៏បានហើយមានកន្លែងចតសមរម្យកុំឲ្យភ្ញៀវថាំចិត្តទៀតផង។

រីឯរោងបុណ្យទានឥឡូវក៏គេនិយមទៅធ្វើនៅវត្តដែរ សង់រោងបានធំទូលាយហើយមានកន្លែងចតគ្រប់គ្រាន់។ តែករណីនេះនៅតែមានការអធ្យាស្រ័យទៅវិញទៅមកមិនអាចកាត់ផ្តាច់នូវទម្លាប់ពីយូរមកហើយនោះទេ ចំពោះម្ចាស់កម្មវិធី ឬក៏បុណ្យទានដែលមានលក្ខណៈខ្វះខាតក្នុងការជួលទីតាំងផងដែរ តែបើសង់រោងក៏មានលក្ខណៈតូចតាចទៅតាមហ្នឹងដែរ ធ្វើយ៉ាងណាសង់ហៀរចូលថ្នល់តិចតួចបានហើយ ហើយចាំបាច់ត្រូវមានអ្នកជួយធ្វើចរាចរណ៍ព្រោះទុកកន្លែងឲ្យអ្នកធ្វើដំណើរដទៃទៀតផង។

បើមើលទៅលើប្រទេសនានាលើពិភពលោកវិញមិនថាប្រទេសជឿនលឿន ឬប្រទេសកំពុងអភិវឌ្ឍន៍នោះទេនៅលើផ្លូវចរាចរណ៍គ្មានការសាងសង់រោងនៅលើផ្លូវនោះទេគឺធ្វើពិធីនៅតាមភោជនីយដ្ឋាន ឬក៏សណ្ឋាគារអស់ហើយ ហើយបុណ្យទានគឺទៅតាមព្រះវិហារអស់ហើយ។

សរុបមកវិញម្ចាស់កម្មវិធីត្រូវតែអធ្យាស្រ័យឲ្យអ្នកធ្វើដំណើរវិញផង ព្រោះការសង់ផ្លូវ និងថែទាំផ្លូវសាធារណៈនេះគឺបានមកពីប្រជាពលរដ្ឋម្នាក់ៗបង់ពន្ធជូនរដ្ឋ និងអ្នកមានរថយន្តគឺបង់ពន្ធលើផ្លូវនេះទៀត ផ្លូវសាធារណៈជារបស់រួមមិនមែនសម្រាប់អ្នកធំ ឬក៏អ្នកមាននោះទេ។ ដូច្នេះការប្រើប្រាស់ផ្លូវសាធារណៈត្រូវតែមានសមភាពគ្នាដែរ៕

ប្រភព៖ Postkhmer

Leave a Reply