the-park-in-front-of-the-royal-palacee

កំណែ​លម្អ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទីក្រុង តាម​ការ​កំណត់​ថវិកា​ថ្នាក់​ជាតិ

ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទីក្រុងស្ថិតនៅក្នុងគោលការណ៍នយោបាយអភិវឌ្ឍន៍ថ្នាក់ជាតិរបស់រាជរដ្ឋាភិបាល ដែលធ្វើឡើងជារៀងរាល់ឆ្នាំតាមរយៈអន្តរក្រសួងពាក់ព័ន្ធ និងសាលារាជធានីភ្នំពេញ។ជារៀងរាល់ឆ្នាំមានការកំណត់ មធ្យោបាយ និងសេវាថែទាំទូទាំងប្រទេសត្រូវបានត្រួតពិនិត្យជារៀងរាល់ត្រីមាសនៃការបែងចែកឥណទានចំណាយថវិកាថ្នាក់ជាតិនៅក្នុងជំពូក ឬតាមចំណាត់ថ្នាក់អាទិភាព និងចំណាត់ថ្នាក់កម្មវិធីនៃការកំណត់ថវិកាសម្រាប់ការគ្រប់គ្រងជាប្រចាំឆ្នាំហើយនៅឆ្នាំ២០១៧ ក៏ប្រព្រឹត្តទៅជាប្រក្រតី។

ដោយនៅក្នុងរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ មានទីតាំងសំខាន់ៗជាច្រើន ដូចជាព្រះបរមរាជវាំង សួនច្បារតាមបណ្តោយទន្លេ សួនច្បារសាធារណៈនានាក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន ត្រូវបានរៀបចំការកែលម្អឡើងសាជាថ្មី ក៏ដូចជាកែប្រែពីចាស់មកជាថ្មី ស្របទៅតាមគោលការណ៍អភិវឌ្ឍន៍ និងសោភ័ណភាព។

យោងតាមសៀវភៅរាជកិច្ចឆ្នាំទី១៧ លេខ៦៨ ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៧ ផ្សាយចេញពីទីស្តីការគណៈរដ្ឋមន្រី្ត បានបង្ហាញថា ការគ្រប់គ្រងថវិកាថ្នាក់ជាតិរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន មានការចាត់ចំណាត់ថ្នាក់ខ្ទង់ចំណាយលើមធ្យោបាយ និងសេវាផ្តត់ផ្គង់ ថែទាំ ដែលមានការចំណាយថវិកាសរុបរួមប្រមាណ ៨៨៣១៦០លានរៀល ហើយនៅក្នុងនោះរាជធានីភ្នំពេញ ក៏មានខ្ទង់ចំណាយលើមធ្យោបាយ និងសេវាបែបនេះប្រមាណ១៣៧១៤លានរៀលផងដែរ។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានមានប្រសាសន៍ថា ការរៀបចំផែនការសាងសង់និងសេវាថែទាំ ជាគម្រោងតរបស់សាលារាជធានីភ្នំពេញ ហើយត្រូវចំណាយលើសេវាសាធារណៈទាំងអស់នេះស្ថិតក្រោមកញ្ចប់ថវិកាជាតិ។

កាលពីសប្តាហ៍មុន នៅសួនច្បារខាងមុខព្រះបរមរាជវាំង និងសួនច្បារមួយចំនួនទៀតនៅទីតាំងសំខាន់ៗ ត្រូវបានគេធ្វើការជួសជុលកែប្រែ និងអភិវឌ្ឍ ទៅតាមគំរូប្លង់របស់គម្រោងអភិវឌ្ឍន៍ថ្នាក់ជាតិ។

លោក មាសភក្តី បានបន្តថា ៖ «នៅក្នុងផែនការ បានកំណត់ទីតាំង និងពេលវេលាច្បាស់លាស់ក្នុងការកែលម្អទីតាំងចាស់ និងការអភិវឌ្ឍថ្មី ហើយការរៀបចំហេដ្ឋារចនាសម្ព័ន្ធថ្មី ដូចជាការរៀបចំសួនច្បារ ការធ្វើផ្លូវថ្មី ការជុសជុលផ្លូវដែលខូច ការរៀបចំប្រព័ន្ធលូ (ការដាក់លូថ្មី ការស្តារលូចាស់ និងប្តូរទំហំលូ)ជាដើម មាននៅក្នុងការកំណត់នោះ»។

លោកបានបន្តថា ៖ «មានទីតាំងច្រើនណាស់ទាំងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ដែលបានកែលម្អជារៀងរាល់ឆ្នាំ ដូចជាខាងមុខព្រះបរមរាជវាំងនាពេលថ្មីៗនេះ បានកែប្រែសួនច្បារ និងការពង្រីកផ្លូវដើរឲ្យធំជាងមុនដើម្បីសម្រួលដល់ប្រជាជនក្នុងការធ្វើដំណើរកម្សាន្ត»។

ផែនការអភិវឌ្ឍន៍ទីក្រុងពីមួយឆ្នាំទៅមួយឆ្នាំត្រូវចំណាយនៅក្នុងកញ្ចប់ថវិការបស់ថ្នាក់ជាតិ នៃរាជរដ្ឋាភិបាល ដែលមិនមែនមានតែនៅរាជធានីភ្នំពេញនោះទេថែមទាំងនៅតាមបណ្តាខេត្តទាំងអស់នៅក្នុងប្រទេស។ ទាំងអស់នេះជាគម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទីក្រុងរបស់សាលារាជធានីភ្នំពេញ។

លោកបានថ្លែងថា ៖ «យើងមានខ្ទង់ថវិកាសម្រាប់ចំណាយរៀងរាល់ឆ្នាំ ប៉ុន្តែខ្ញុំមិនបានដឹងពីចំនួនកំណត់ច្បាស់ណាមួយឡើយ ដោយសារការអភិវឌ្ឍនីមួយៗស្ថិតនៅក្រោមការគ្រប់គ្រោងការចំណាយរបស់អ្នកជំនាញនៃក្រសួងសាធារណការ និងដឹកជញ្ជូន។ ឧទាហរណ៍ថា ការចំណាយលើអ្វីខ្លះ អស់ថវិកាប៉ុន្មាន ប្រើប្រាស់សម្ភារអ្វីខ្លះ ចំណាយពេលវេលាប៉ុន្មាន វាជាបច្ចេកទេសរបស់អ្នកជំនាញនីមួយៗ»។

លោក ហូ វណ្ឌី ប្រធានក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ World Express Tour បានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថា ការតស៊ូមតិរបស់ក្រុមលោកអំពីការបង្កើតទីតាំងបៃតង គឺដើម្បីប្រយោជន៍ទាំងអស់គ្នា ដូចជាថ្នាក់ដឹកនាំ អ្នកជំនាញដែលប្រតិបត្តិគម្រោង និងប្រជាពលរដ្ឋទាំងអស់។

លោកបន្តថា ៖ «ទាំងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត គឺត្រូវផ្តោតសំខាន់ទៅលើបរិយាកាសជុំវិញខ្លួន ដូចជាសំណង់ហេដ្ឋារចនាសម្ព័ន្ធស្អាត អនាម័យ និងចរាចរណ៍ ហើយវាជាកេរ្តិ៍ឈ្មោះរបស់ប្រទេសជាតិទាំងមូល»។

លោកបន្ថែមថា ជាពិសេសការកែច្នៃសួនច្បារ និងសំណង់បានកើតឡើងតាំងពីឆ្នាំ២០០៧ មក ជាឆ្នាំដែលក្រុមរបស់លោកបានស្នើសុំក្រសួងពាក់ព័ន្ធ ដើម្បីធ្វើការងារនេះប្រកបដោយភាពរីកចម្រើន និងមានការអនុវត្តរហូតដល់បច្ចុប្បន្ន ដូចជាការកែលម្អសួនតាមមាត់់ទន្លេ សួនច្បារខាងមុខព្រះបរមរាជវាំង សួនកាណឌីយ៉ា និងសួនវត្តភ្នំជាដើម។ ឧទាហរណ៍៖ នៅប្រទេសគេមិនត្រឹមតែមានសួនច្បារទេ ថែមទាំងសួនទឹកទៀតផង។

លោកបានបន្តថា ៖ «ការរៀបចំសួនច្បារ សំណង់ហេដ្ឋារចនាសម្ព័ន្ធ សណ្តាប់ធ្លាប់ចរាចរណ៍ គឺជាភាពទាក់ទាញពលរដ្ឋដើម្បីធ្វើលំហាត់ប្រាណ និងទេសចរណ៍នៅក្នុងទីក្រុង។ ទន្ទឹមនឹងប្រជាពលរដ្ឋមានការកើនឡើងនៅទីក្រុង សាលាក្រុងត្រូវមានវិធានការម៉ឺងម៉ាត់ ក្នុងការអនុវត្តលើច្បាប់ផាកពិន័យដល់អ្នកចោលសំរាមពាសវាលពាសកាល ហើយបេ្តជ្ញាអនុវត្ត និងផលិតធុងសំរាមលក់ក្នុងតម្លៃសមរម្យឲ្យប្រជាពលរដ្ឋមានលទ្ធភាពបានចូលរួម»។

ផ្ទុយទៅវិញបើសិនជាគ្មានការទប់ស្កាត់នោះទេ វានឹងជៈឥទិ្ធពលអាក្រក់មកវិញដល់ប្រជាជន ដូចជា បញ្ហាអនាម័យ សំរាម នៅតាមកន្លែងលម្ហែកាយ ហើយប្រទេសកម្ពុជាក៏មិនទាន់មានកន្លែងលម្ហែបៃតងនៅឡើយទេ។

ចំណែកសហស្ថាបនិកនៃបណ្ណាល័យបញ្ញវន្ត លោក សុខ ឡាក់ ដែលជាអ្នករស់នៅរាជធានីភ្នំពេញ បានឲ្យដឹងថា ទាំងសំណង់ហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈនានានៅរាជធានីភ្នំពេញ បាននិងកំពុងឆ្លើយតបទៅនឹងកំណើនជាច្រើនរបស់ប្រជាជន ដែលបានចំណាកស្រុកមករស់នៅ និងប្រកបរបរនៅក្នុងទីក្រុង។

លោកបានបន្ថែមថា ៖ «យើងឃើញថា រចនាសម្ព័ន្ធមានការប្រសើរលើការគិតគូរជាច្រើនខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធ ដូចជា ការពង្រីកផ្លូវថ្នល់ សួនច្បារ កន្លែងកម្សាន្តនៅតំបន់សំខាន់ៗ និងសេវាសាធារណៈ រួមមានសេវាឡានក្រុងជាដើម។ ប៉ុន្តែវិស័យនេះនៅមានភាពខ្វះខាត នូវទីតាំងតំបន់បៃតង ទីតាំងហាត់ប្រាណដើម្បីឲ្យប្រជាជនមានឱកាសក្នុងការស្រូប យកខ្យល់បរិសុទ្ធនៅក្នុងទីក្រុង»។

ខណៈពេលដែលតំបន់សំខាន់ដូចជាតាមបណ្តោយមាត់ទន្លេ ព្រះបរមរាជវាំង វត្តភ្នំជាដើម មានកន្លែងសម្រាប់ដើរលម្ហែ និងកម្សាន្ត ប៉ុន្តែទីតាំងមួយចំនួនធំរបស់រាជធានីភ្នំពេញ នៅខ្វះចន្លោះសេវាសាធារណៈទាំងនោះ។

លោកបានបន្តថា ៖ «ខ្ញុំយល់ថាអ្នកជំនាញក៏ដូចជាអ្នកពាក់ព័ន្ធគួរតែធ្វើការគិតគូរពង្រីកសេវាសាធារណៈឲ្យមាននិរន្តរភាពស្មើៗគ្នានៅក្នុងទីក្រុង ស្របពេលដែលសេដ្ឋកិច្ចជាតិកំពុងមានការរីកចម្រើនទៅមុខជាបន្តបន្ទាប់»។

ឧទាហរណ៍ ៖ នៅតំបន់សង្កាត់អូឡាំពិក និងតាមផ្លូវកម្ពុជាក្រោម គេសង្កេតឃើញថា មានការសាងសង់នៅអគារខ្ពស់ៗដែលធ្វើឲ្យមានការកាត់បន្ថយតំបន់បៃតងមួយចំនួនធំ ដូច្នេះសាលារាជធានីភ្នំពេញ គួរគិតគូរបង្កើតនូវតំបន់បៃតងបន្ថែម។

ភាពទាក់ទាញនៃទីក្រុងកើតឡើងនៅពេលដែលនិរន្តរភាពរបស់ទេសភាពទីក្រុងស្ថិតស្ថេរ និងសុខមាលភាពរបស់ប្រជាជនដែលរស់នៅទីក្រុង។ ពួកគាត់ត្រូវធ្វើការគិតគូរយ៉ាងម៉េច ដើម្បីឲ្យចរន្តទីក្រុងមានភាពរស់រវើកខណៈពេលដែលកំណើនសេដ្ឋកិច្ច និងស្របតាមកំណើនប្រជាជននៅទីក្រុង ដើម្បីជៀសវាងផលអវិជ្ជមានដែលកើតមានដោយប្រការណាមួយ។

លោកបានថ្លែងបន្ត ៖ «ប្រជាជនគួរចូលរួមកំណត់បញ្ហាសង្គម នូវចំណុចខ្វះខាតនៃហេដ្ឋារចនាសម្ព័ន្ធ (បញ្ហាកាកសំណល់ ប្រព័ន្ធលូ) និងសេវាសាធារណៈ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ដើម្បីឲ្យពួកគាត់បានដឹង និងចូលរួមដោះស្រាយគ្នាតាមរយៈការអប់រំដល់ប្រជាជនក្នុងទីក្រុង»៕

 

ប្រភព៖ Postkhmer

Leave a Reply