កំណាត់​ផ្លូវ​ចោមចៅ​ស្ថាបនា​បាន​ជាង​៨០%​ហើយ គ្រោង​នឹង​រួចរាល់​នៅ​ខែកក្កដា​ឆ្នាំ​២០១៥​ខាងមុខនេះ​
Posted On : April, 28, 2015 | By សំឡេងទីក្រុង

ដោយ៖ ស្រីរ័ត្ន ថ្ងែអង្គារ ទី២៨ ខែមេសា ឆ្នាំ២០១៥ Source: kampucheathmey.com

ភ្នំពេញ ៖ ផ្លូវ​ចោមចៅ ឬ​ផ្លូវ​វេងស្រេង​ចាប់ពី​ស្ថានីយ​ប្រេង​សូ​គី​មិច​ស្ទឹង មានជ័យ​ដល់​រង្វង់​មូល​ចោមចៅ គ្រោង​នឹង​ស្ថាបនា​ឲ្យ​រួចរាល់​ជា​ស្ថាពរ​ នៅ​ដើមខែ​កក្កដា​ ឆ្នាំ​២០១៥​ខាងមុខនេះ​ក្រោយ​ពី​បើក​ការដ្ឋាន​ស្ថាបនា​តាំងពី​ថ្ងៃទី​២១​ វិច្ឆិកា ឆ្នាំ​២០១៣​។ នេះ បើតាម​ការអះអាង​ឲ្យដឹងពី លោក​សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ​ក្នុង​កិច្ចប្រជុំ​មួយ​កាលពី​រសៀល​ថ្ងៃទី​២៧ មេសា​នៅ​សាលា​រាជធានី​ភ្នំពេញ​។​

លោកនាយក​មន្ទីរ​បន្ត​ឲ្យ​ដឹង​ថា តាម​លទ្ធផល​ការងារ​ធ្វើ​ផ្លូវ​ចោមចៅ​មកដល់ពេលនេះ សំរេច​ចាក់​បេតុង​បាន​៨០%,​ដាក់​ប្រព័ន្ធ​លូ​ បាន​ប្រមាណ​៩០%​ដូច្នេះ​យើង​អាចសន្និដ្ឋាន បាន​ថា ផ្លូវ​នេះ​អាច​នឹង​ស្ថាបនា​រួច​នៅ​ពាក់​កណ្តាល​ខែមិថុនា ឬ​យ៉ាង​យូរ​នៅ​ដើមខែ​កក្កដា ខាងមុខ​។​

ផ្លូវ​ចោមចៅ​ឆ្លងកាត់​ខណ្ឌ​២​គឺ​ខណ្ឌមានជ័យ និង​ខណ្ឌ​ពោធិ​សែន​ជ័យ​ជា​ផ្លូវ​វិយោគ B.O.T(​បង់ប្រាក់​)​ជា​ប្រភេទ​ផ្លូវ​បេតុង​ឆ្អឹង​ដែក មាន​ប្រវែង​៦៥០០​ម៉ែត្រ​,​ទទឹង​២២​ម៉ មាន សួន​ចែក​ទ្រូងផ្លូវ​ទទឹង​២​ម៉ែត្រកន្លះ​,​ចិញ្ចើម​ផ្លូវ​៣​ម៉ែត្រសងខាង ប្រើប្រាស់​ពេលវេលា​ស្ថាបនា​១៤ ខែ​ដោយ​ត្រូវ​ចំណាយ​ថវិកា​ចំនួន​១០​លាន​៥៧​ម៉ឺន​៦​ពាន់​ដុល្លា​អាមេរិក ក្រោម​ការវិនិយោគ របស់​ក្រុមហ៊ុន​ភ្នំពេញ​ថូ​ល​វេ​។ ប៉ុន្តែ​ផ្លូវ​ចោមចៅ​នេះ តែង​ទទួលរង​ការរិះគន់​ពី​ប្រជាពលរដ្ឋ ពី​ភាព​យឹត​យ៉ាវ​ខុស​កិច្ចសន្យា បង្ក​ការ​លំបាក​ក្នុង​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ដូចជា ហ៊ុយ​,​ជង្ហុក​,​ស្ទះ​ចរាចរ​និង​បង្ក​គ្រោះថ្នាក់​ចរាចរ​ជា​ញឹកញាប់​។​

ក្នុង​កិច្ចប្រជុំ​នោះ​លោកប៉ា សុជាតិ​វង្ស អភិបាល​នៃ​គណៈ អភិបាល​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឲ្យ​មន្ទីរ​សាធារណការ​,​អាជ្ញាធរ​ខណ្ឌមានជ័យ និង អាជ្ញាធរ​ខណ្ឌ​ពោ​សែន​ជ័យ​ត្រូវ​ចុះ​ធ្វើ​ការងារ​ជាប្រចាំ​ជាមួយ​ក្រុមហ៊ុន​ ម៉ៅការ​ស្ថាបនា​ផ្លូវ ចោមចៅ​ដើម្បី​ជំរុញ​ការ​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់​ពាក់ព័ន្ធ​នឹង​ ការស្ថាបនា​ផ្លូវ ដូចជា​ការ​កាត់​សំ​យ៉ាប​,​ដង​បង្គោល​ភ្លើង​ ដែល​ក្រុមហ៊ុន​បាន​ស្នើ​ឡើង និង​ជំរុញ​ការស្ថាបនា ឲ្យ​បាន​ឆាប់រហ័ស​កុំ​ឲ្យ​ប្រជាពលរដ្ឋ​រិះគន់​តទៅទៀត​៕

1 2

Urban Voice Cambodia

Urban Voice Cambodia