កោះ​ពេជ្រ​ជាទី​តាំង​រឹតបន្ដឹង​សុវត្ថិភាព​បំផុត​ក្នុង​ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ
Posted On : តុលា, 10, 2014 | By សំឡេងទីក្រុង

ដោយ ថ្មីៗ ថ្ងៃទី ៩ តុលា ឆ្នាំ ២០១៤

សាលា​ រាជធានី​ភ្នំពេញ​បាន​ត្រៀមខ្លួន និង​រៀបចំ​វិធានការ​រួចជាស្រេច​ហើយ ដើម្បី​ថែរក្សា​សណ្ដាប់ធ្នាប់ សន្ដិសុខ និង​សុវត្ថិភាព​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង នៅក្នុង​ពិធីបុណ្យ​អុំទូក​ខាងមុខនេះ។ ប៉ុន្តែ​ទីកន្លែង​ដែល​ពិសេស​ជាងគេ ដែល​សាលា​រាជធានី យកចិត្តទុកដាក់​ខ្ពស់​និង​មាន​ចំណាត់ការ​រឹតបន្ដឹង​ខ្លាំងជាងគេ គឺ​នៅ​ទីតាំង​មជ្ឈមណ្ឌល​កម្សាន្ដ​កោះ​ពេជ្រ ។ ទី​កម្សាន្ត​កោះ​ពេជ្រ ដែល​កាលពី​ឆ្នាំ ២០១០ កន្លងទៅ កើតមាន​ឧប្បទ្ទវហេតុ​រត់​ជាន់គ្នា បណ្តាល​ឲ្យ​មនុស្ស​ប្រមាណ ៣០០ នាក់ ស្លាប់បាត់​បង់ជីវិត។
ទីតាំង​មជ្ឈមណ្ឌល​កម្សាន្ដ​កោះ​ពេជ្រ គឺ​មុខសញ្ញា​សំខាន់​មួយ ដែល​សាលា​រាជធានី​ភ្នំពេញ កំពុង​ត្រៀម​រៀបចំ​ការពារ​សុវត្ថិភាព​យ៉ាង​យកចិត្តទុកដាក់ ក្នុង​ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ។ ជា​កន្លែង​សំខាន់ ដោយសារតែ​កោះ​ពេជ្រ ធ្លាប់មាន​សោកនាដកម្ម​មួយ​ដ៏​រន្ធត់ ដែល​បាន​ដក់​ជាប់​ក្នុង​អារម្មណ៍​របស់​ប្រជាពលរដ្ឋ​ខ្មែរ​មិន​ភ្លេច ក្នុងអំឡុងពេល​បុណ្យអុំទូក កាលពី​ឆ្នាំ២០១០កន្លងទៅ។នេះ​បើតាម​ប្រសាសន៍​របស់លោក​ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ ។

ថ្លែងប្រាប់​សារព័ត៌មានថ្មីៗ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក ឡុង ឌី​ម៉​ង់ បានបញ្ជាក់​ដូច្នេះ​ថា៖« ខ្ញុំ​សូមជម្រាបថា ទីតាំង​តំបន់​កោះ​ពេជ្រ ដែល​ធ្លាប់មាន​សោដនា​កម្មនេះ​យើង​នឹង​រៀបចំ​វិធានការ​សណ្ដាប់ធ្នាប់​ឲ្យ​ បានល្អ​នៅ​ទីនោះ។ វិធានការ ធ្វើឡើង​តាមរយៈ​ការកាត់បន្ថយ​ការប្រគុំ​តន្ត្រី(Concert) ការដាក់​កម្លាំង​ការពារ​សុវត្ថិភាព​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​បញ្ចៀស​ ឧប្បទ្ទវហេតុ​អតីតកាល​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ»។

បើតាម​លោក លោក ឌី​ម៉​ង នៅ​កន្លែងផ្សេងៗទៀត ក្នុង​រាជធានី​ភ្នំពេញ​ទាំងមូល សាលា​រាជធានី​បាន​បង្កើត​គណៈកម្មាការ​រាជធានី អនុ​គណៈកម្មាការ​សន្តិ​សុខ អនុ​គណៈកម្មាការ​ផែនការ និង​អនុ​គណៈកម្មាការ​ផ្សព្វផ្សាយ​ជាដើម ដើម្បី​ការពារ​សុវត្ថិភាព​ប្រជាជន​ក្នុង​ពិធីបុណ្យ​អុំទូក ។លើសពីនេះ​សាលា​រាជធានី ក៍បាន​ត្រៀម​រថយន្ត​សង្គ្រោះបន្ទាន់ និង​អាជ្ញាធរ សម្រាប់​ជួយ​សម្រួល​ចរាចរណ៍​ផងដែរ។

គួរ​បញ្ជាក់ថា ឧប្បទ្ទវហេតុ​រត់​ជាន់គ្នា​នៅលើ​ស្ពាន​ពេជ្រ កាលពី​ថ្ងៃទី២២ ខែវិច្ឆិកា​ឆ្នាំ២០១០ កន្លងទៅ បាន​បណ្ដាល​ឲ្យ​មនុស្ស​ប្រុស-ស្រី ប្រមាណ​ជាង៣០០នាក់​ស្លាប់បាត់​បង់ជីវិត​យ៉ាង​អ​អាណោចអាធ័ម ។ ហើយ​ទាក់ទង​នឹង​ការស្លាប់​នៅ​កោះ​ពេជ្រ​នេះដែរ បានធ្វើ​ឲ្យ​មជ្ឈដ្ឋាន​មួយចំនួន​ជាពិសេស​គណបក្សប្រឆាំង​សង្ស័យថា មាន​អ្នករៀបចំ​ផែនការ​ទុកជាមុន និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​បើក​ការស៊ើបអង្កេត​ឲ្យ​ច្បាស់​ផងដែរ។ តែ​ភាគ​គី​រដ្ឋាភិបាល​អះអាង​ថា ហេតុការណ៍​នេះ កើតឡើង​ដោយ​ចៃដន្យ​តែប៉ុណ្ណោះ។

ជាមួយគ្នានេះដែរ នៅ​ព្រឹក​ថ្ងៃ​ព្រ​ហ្ប​សតិ៍​នេះ ថ្លែង​នៅក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ជូន​ដល់​និស្សិត​សកលវិទ្យា​ល័យ​CUS នៅក្នុង​មជ្ឈមណ្ឌល​កោះ​ពេជ្រ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៍បាន​ជំរុញ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ យកចិត្តទុកដាក់ ចាត់វិធានការ​ឲ្យ​បានល្អ ការពារ​សុវត្ថិភាព​ប្រជាជន នៅក្នុង​ពិធីបុណ្យ​អុំទូក​នៅ​ថ្ងៃទី ៥ ទី៦ ទី ៧ ខែវិច្ឆិកា ខាងមុខ៕

សំឡេងទីក្រុង!

សំឡេងទីក្រុង!