កុមារក្រីក្រកម្ពុជាក្លាយជាឧបករណ៍រកប្រាក់ឱ្យឪពុកម្តាយ និងឈ្មួញកណ្តាល
Posted On : វិច្ឆិកា, 25, 2016 | By Vantha

មន្ត្រីសង្គមស៊ីវិលលើកឡើងថា កុមារកម្ពុជាមួយចំនួនក្លាយជាឧបករណ៍សម្រាប់រកលុយជូនម្តាយឪពុក។ ការប្រើប្រាស់កម្លាំងពលកម្មកុមារ បានកើតមានច្រើនទៅលើក្រុមគ្រួសារដែលមានជីវភាពខ្សត់ខ្សោយ មិនថានៅទីជនបទ ឬនៅទីក្រុងនោះឡើយ។

កុមារមួយចំនួនរស់នៅតំបន់ជនបទ ត្រូវបង្ខំចិត្តធ្វើការងារធ្ងន់ៗជួយសម្រាលបន្ទុកឪពុកម្ដាយ ជួយដកសន្ទូង និងការងារផ្សេងទៀត។ រីឯនៅទីក្រុងវិញ ឪពុកម្ដាយ ឬកុមារកំព្រាដើរសុំទាន លក់ផ្កា ជួយសម្អាតឡាន ម៉ូតូ តាមដងផ្លូវ ជាដើម។

កុមារម្នាក់ដែលមានមាឌតូចល្អិតសម្បុរស្រអែម សក់រលាស់ស្បែកមានកមរមាស់ និងមានទឹកមុខស្លេកស្លាំង ដែលតែងតែដើរលក់ផ្កាជាប្រចាំនៅស្តុបកាណាឌីយ៉ា ក្រុងភ្នំពេញ។ កុមារម្នាក់នេះមានឈ្មោះថា ហេង។ ក្មេងប្រុសនេះមានអាយុ ៧ឆ្នាំ និងមានស្រុកកំណើតនៅអ្នកលឿង ខេត្តកណ្ដាល។ គាត់រៀនបានត្រឹមថ្នាក់ទី២ និងមានបងប្អូនប្រាំបីនាក់។ កុមារ ហេង បានរៀបរាប់ថា ប្អូនចង់រៀន និងមិនចង់មកលក់ផ្កា ស្ថិតនៅក្រោម កម្ដៅថ្ងៃក្ដៅហែងរាល់ថ្ងៃបែបនេះនោះទេ។ ការដែលមកលក់ផ្កានេះ ដោយសារការបង្ខំ ពីម្តាយឪពុក របស់គាត់៖ «ជួនពេលខ្លះរកលុយបានយកទៅមើលម៉ែឈឺ និងពេលខ្លះពុកបង្ខំខ្ញុំឲ្យឈប់រៀន»។

កុមារម្នាក់ផ្សេងទៀតដែលតែងតែរត់ចុះរត់ឡើងនៅស្តុបអាងទឹកអូឡាំពិច ក្រុងភ្នំពេញ និងមានឈ្មោះថា សុជាតិ។ សុជាតិ និយាយថា គាត់ទើបបានចូលរៀននៅអង្គការមួយក្នុងរាជធានីភ្នំពេញ។ គាត់ចង់រៀនឲ្យ បានទៀងទាត់ដែរ ប៉ុន្តែនៅពេលទៅរៀនម្តងៗ ម្តាយឪពុករបស់គាត់តែងតែមើលមុខ ដោយការមិនពេញចិត្ត និងបង្ខំឲ្យគាត់ដើរសុំលុយអ្នកដំណើរ ដើម្បីយកមកផ្គត់ផ្គង់គ្រួសារ៖ «ដល់សាលា គ្រូខ្ញុំវ៉ៃរហូត កុំឲ្យឈប់ កុំឲ្យឈប់ ឈប់រហូត។ តែម៉ែឪខ្ញុំវិញ គិតតែបង្ខំឱ្យខ្ញុំឈប់រៀន»។

កុមារនៅក្នុងទីក្រុងខ្លះមានឪពុកម្ដាយរស់នៅជាមួយខ្លះទៀតមកពីតាមបណ្ដាខេត្ត ប្រមូលផ្ដុំគ្នា ដើម្បីដើរ សុំទាននៅតាមស្តុបមួយចំនួនក្នុងរាជធានីភ្នំពេញ។ មួយចំនួនទៀត នៃពួកគាត់ បានប្រើប្រាស់ គ្រឿងញៀន ហិតកាវ គ្មានអាណាព្យាបាលគ្រប់គ្រងច្បាស់លាស់ទេ។ ពួកគេដើរផ្សងព្រេងរកលុយដើម្បីរស់ ពីមួយថ្ងៃ ទៅមួយថ្ងៃ។ កុមារខ្លះ បានចងគ្នាជាក្រុមដើរលក់ផ្កាឲ្យអ្នកធ្វើដំណើរនៅតាមស្ដុបក្នុងរាជធានីភ្នំពេញ។

ការប្រើប្រាស់កម្លាំងពលកម្មកុមារទាំងនេះ ទោះជាបង្ខំ ឬមិនបង្ខំក្ដី គឺជាការរំលោភសិទ្ធិកុមារធ្ងន់ធ្ងរ ហើយខុសនឹងអនុសញ្ញាស្ដីពីសិទ្ធិកុមារ ដែលកម្ពុជាក្លាយជារដ្ឋភាគីនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩២។

គេសង្កេតឃើញថានៅរៀងរាល់ថ្ងៃឈប់សម្រាកនិងមានពិធីបុណ្យទានផ្សេងផ្សេង កុមារដែលរស់នៅក្នុង ស្ថានភាពគ្រួសារមធ្យម និងកូនអ្នកមានជាដើម បានឈប់សម្រាកពីការសិក្សា ហើយត្រូវបាន អាណាព្យាបាលនាំទៅដើរកម្សាន្តនៅកន្លែងកម្សាន្តនានា។ ខ្លះទៀត ទៅលេងនៅផ្សារទំនើប និងហូបអាហារជុំគ្នាជាមួយក្រុមគ្រួសាររបស់ពួកគាត់។ ស្ថានភាពនេះ បើប្រៀបធៀបនឹងកុមារ នៅតាម  ចិញ្ចើម ផ្លូវដើរសុំទាន កុមារដើរលក់ផ្កា និងកុមារដែលរស់នៅទីជនបទនោះ ពួកគាត់មានវាសនា ខុសគ្នាស្រឡះ។កុមារដែលមានជីវភាពក្រីក្រភាគច្រើនតែងតែរងការរំលោភបំពានកម្លាំងពលកម្មពីឪពុកម្តាយនិងឈ្មួញ កណ្តាលដែលយកកុមារ ជាធ្នាក់ទាក់ឱ្យធ្លាក់លុយពីហោរប៉ៅមនុស្សផងគ្នា ដោយរូបភាពដើរសុំទាន លក់ស្ករកៅស៊ូ លក់ផ្តា ដើរបោសសំអាតឡាន និងរើសអេតចាយជាដើម។

កុមារគេង នៅផ្លូវមាត់ទន្លេ

អ្នកឯកទេសសុវត្ថិភាពកុមារនៃអង្គការមិត្តសំឡាញ់លោកសែម រតនា លើកឡើងថា ជារៀងរាល់ថ្ងៃ ក្រុមការងាររបស់លោកតែងមកយកក្មេងដែលសុំទាននៅតាមភ្លើងស្តុបទៅរៀន។ លោកបន្តថា ភាគច្រើន កុមារទាំងនេះចូលចិត្តរៀន និងរៀនបានពូកែ។ ទោះជាយ៉ាងនេះក្តី លោកអះអាងថា កុមារដែលដើរសុំទាន តាមភ្លើងស្តុប មិនបានទៅរៀនទៀងទាត់ប៉ុន្មានទេ ដោយសារតែការផ្លាស់ប្ដូរទីលំនៅ មិនមានការជំរុញ និងលើកទឹកចិត្តពីឪពុកម្ដាយដើម្បីបញ្ជូនកូនឲ្យទៅរៀន៖ «១២៨នាក់ទាំងចាស់ ទាំងក្មេង គួរកុំឲ្យលុយគាត់ កាលណាយើងឲ្យលុយ យើងទិញផ្កា ការឲ្យសម្ភារៈហាក់គាំទ្រឲ្យមកនៅនឹងភ្លើងស្តុបអ៊ីចឹង។ យើងចង់ ឲ្យគាត់ចាកចេញពីជីវិតតាមថ្នល់ និងមានការងារធ្វើត្រឹមត្រូវ»។

លោក សែម រតនា បញ្ជាក់ថា ការដែលកុមាររស់នៅជាប្រចាំតាមសួនផ្កា តាមសំយាបផ្ទះ គឺខ្វះអនាម័យ ខ្វះភាពកក់ក្តៅ ហើយអាចប្រឈមមុខនឹងបញ្ហាសុខភាពជាច្រើន។ លោកបន្តថា គ្រួសារគឺជាទីជម្រក ដ៏មានន័យក្នុងជីវិត ហើយឪពុកម្ដាយត្រូវតែផ្តល់ឱកាសឲ្យកុមារបានសិក្សា ដើម្បីអាចផ្លាស់ប្ដូរជីវិតរបស់ គាត់នៅពេលអនាគត។
ស្ត្រីម្នាក់ដែលកំពុងរាប់លុយដែលមានក្រដាស ១០០៛ ៥០០៛ ១០០០៛ ២០០០៛ ដែលបានមកពីការ សុំទានរបស់កូនគាត់និយាយថា គាត់មិនចង់ឲ្យកូនដើរសុំទានគេទេ ប៉ុន្តែមកពីក្រុមគ្រួសាររបស់គាត់ក្រ គ្មានដីស្រែធ្វើ និងម្យ៉ាងជំពាក់លុយគេច្រើនពេក។ គាត់ប្រើកូនគាត់ទាំងបង្ខំចិត្ត និងគ្មានជម្រើស។ ស្ត្រីវ័យចំណាស់ម្នាក់ដែលមានស្រុកកំណើតនៅខេត្តព្រៃវែង នេះបន្តថា បើសិនគាត់មានការងារ មានដីស្រែចម្ការធ្វើត្រឹមត្រូវនឹងគេ ម្ល៉េះលោកស្រីនឹងឈប់សុំទានទៀតហើយ៖«ព្រោះតែក្រហ្នឹងហើយ បានជាដាច់ចិត្តមកសុំទាន ឡានដេញចាប់ អត់ចេះជួយមើលអ្នកក្រផង»។

បុរសម្នាក់អង្គុយលើរទេះជនពិការ មានសភាពដៃ និងជើងស្វិតទាំងអស់ រួមទាំងពិការភ្នែកស្តាំផង នោះប្រាប់ថា លោកពិតមិនចង់នាំកូនមកសុំទានគេនោះទេ។ លោកចង់ឲ្យកូនបានរៀនសូត្រនឹងគេ ក្រែងអនាគតអាចមានជីវិតល្អប្រសើរជាងលោក។ នៅពេលនិយាយពាក្យថា “វាសនា” ទឹកមុខប្រែ ពណ៌ពីខ្មៅមកជាក្រហម អមនឹងការរមៀលចុះនៃទឹកភ្នែកទាំងមិនបានព្រៀងទុក៖«ចង់ចោទសួរសម្ដេច   ហ៊ុន សែន ដែរថា ហេតុអ្វីបានគាត់អត់គិតគូរជនពិការសោះចឹង ខ្មាសសាសន៍គេដទៃទៀតណាស់»។
លោកបន្តថា ក្នុងគ្រួសាររបស់លោកមានជនពិការបីនាក់ ហើយគ្មាននរណារកស៊ីចិញ្ចឹមនោះទេ។លោកអះអាងថា ឲ្យតែរដ្ឋាភិបាលមានផែនការជួយលោកពិតប្រាកដ ដោយបង្កើតការងារឲ្យលោកធ្វើ ហើយប្រាក់ខែអាចចាយបាន លោកនឹងឈប់សុំទានភ្លាម។

ពលរដ្ឋអ្នករើសអេតចាយគេង នៅផ្លូវកម្ពុជាក្រោម

បុរសអ្នកដំណើរម្នាក់លើកឡើងថា លោកមិនពេញចិត្តចំពោះការដើរសុំទានរបស់ក្មេងៗ ទាំងនេះទាល់ តែសោះ៖ «កុំឲ្យនៅសុំទានអ៊ីចឹង វាប៉ះពាល់ដល់សុខភាព វាគ្រោះថ្នាក់ ធ្វើអ៊ីចឹងក្មេងទម្លាប់អត់ល្អ ក្មេងខូច អនាគត»។ កុមារីម្នាក់ដែលអាយុត្រឹម ៨ឆ្នាំ និងកំពុងរៀនថ្នាក់ទី២ នៃអង្គការមួយក្នុងរាជធានីភ្នំពេញ និយាយថា គាត់មិនចង់ដើរសុំទានទេ តែបើមិនសុំលុយគេទេ ឪពុកនឹងរករឿងជាក់ជាមិនខាន៖ «ពេលខ្ញុំ ទៅរៀន ខឹងខ្ញុំ មិនប៉ាច់ទៅទេ ដល់ចឹងខ្ញុំខឹងអត់ទៅរៀនហ្មង»។
មាត្រា១៨នៃអនុសញ្ញាស្ដីពីសិទ្ធិកុមារឆ្នាំ១៩៨៩ ចែងថា រដ្ឋភាគីត្រូវប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីធានាការទទួលស្គាល់គោលការណ៍ដែលថា ឪពុកម្ដាយទាំងពីរមានការទទួលខុសត្រូវរួមក្នុង ការចិញ្ចឹមបីបាច់ និងធ្វើឲ្យកុមារមានការអភិវឌ្ឍន៍។ ការទទួលខុសត្រូវបឋមក្នុងការចិញ្ចឹមបីបាច់កុមារ នឹងធ្វើឲ្យកុមារមានការអភិវឌ្ឍន៍ ត្រូវស្ថិតនៅលើឪពុកម្ដាយ ឬបើពុំនោះទេ អ្នកអាណាព្យាបាលស្របច្បាប់ របស់កុមារ។ ពួកគេនេះ ត្រូវគិតមុនបង្អស់ដល់ឧត្តមប្រយោជន៍របស់កុមារ។ ដើម្បីធានា និងលើកស្ទួយសិទ្ធិ ដូចមានចែងក្នុងអនុសញ្ញានេះ រដ្ឋភាគីត្រូវផ្តល់ជំនួយសមស្របដល់ឪពុកម្តាយ និងអាណាព្យាបាលស្របច្បាប់ របស់កុមារ ដើម្បីបំពេញតួនាទីចិញ្ចឹម អប់រំកុមារ និងធានាដល់ការបង្កើតឲ្យមានស្ថាប័ន គ្រឹះស្ថាន និង សេវាកម្មទទួលបន្ទុកថែទាំកុមារ។

ការរៀបចំផែនការចំពោះជីវិតកុមារសុំទានតាមភ្លើងស្តុបនៅភ្នំពេញ សារព័ត៌មានតោះអាន មិនទាន់អាចសុំការពន្យល់ពីអ្នកនាំពាក្យសាលាក្រុងភ្នំពេញ លោក មាន ច័ន្ទយ៉ាដា បាននៅឡើយទេ ដោយទូរស័ព្ទ ចូលជាច្រើនដង តែពុំមានអ្នកទទួល។

របាយការណ៍របស់ធនាគារពិភពលោក (World Bank) ឆ្នាំ២០១៣បង្ហាញថាប្រជាជនខ្មែររស់នៅក្រោមបន្ទាត់ក្រីក្រមានចំនួន ២០,៥% ប្រជាជនជិតក្រីក្រ ហើយរងគ្រោះមានចំនួន ៦៥%។

ពលរដ្ឋអ្នករើសអេតចាយគេង នៅផ្លូវកម្ពុជាក្រោម

អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត កែម ឡី កាលនៅមានជីវិត ធ្លាប់អះអាងថា ក្មេងអាយុពី ៦ដល់ ១៤ឆ្នាំ ដែលរងគ្រោះដោយការប្រើប្រាស់កម្លាំងពលកម្មមានចំនួន ១៦% ហើយក្មេងក្រោមអាយុ១៨ឆ្នាំ ចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ចមានចំនួន ៤៥%។ ទន្ទឹមនឹងនេះដែរ បណ្ឌិតផ្នែកអប់រំមកពីប្រទេសថៃ លោកបណ្ឌិត សេង សារី លើកឡើងថា ការដើរសុំទាន របស់កុមារជាច្រើននៅភ្នំពេញ អាចមានឈ្មួញជួញដូរកម្លាំងពលកម្មនៅពីក្រោយខ្នង និងអាចជាការបង្ខំរបស់ឳពុកម្តាយនៅពីក្រោយខ្នង។ម៉្លោះហើយរដ្ឋាភិបាល គួរតែមានវិធានការណាមួយសមស្របដើម្បីទប់ស្កាត់បញ្ហានេះ។ ពុំនោះទេ វានឹងក្លាយជាដំបៅមហារីកសង្គម ដែលពិបាករកថ្នាំដើម្បីព្យាបាល។
មន្ត្រីសង្គមស៊ីវិលសង្កត់ធ្ងន់ថា រដ្ឋាភិបាលត្រូវអនុវត្តតាមអនុសញ្ញាស្ដីពីសិទ្ធិកុមារ ដើម្បីធានាថា កុមារមានសិទ្ធិស្មើគ្នាក្នុងការអប់រំ និងចំពោះមុខច្បាប់។គេតែងសង្កេតឃើញថា ក្មេងអានាថា មនុស្សចាស់ និងចាស់ជរាគ្មានទីពឹង បានយកការដើរសុំទានដោយប្រើឧបករណ៍ខ្មែរបុរាណ ការសំលៀងកាំបិតជាមុខរបរ ការលក់រូបសត្វដែលច្នៃពីស្លឹកត្នោត លក់នំអន្សមជាដើម ដើម្បីចិញ្ចឹមជីវិត។អ្នកដើរសុំទានតាមស្តុបនានា នៅភ្នំពេញ មានស្រុកកំណើតពីខេត្តកំពង់ស្ពឺ តាកែវ ព្រៃវែង និងស្វាយរៀងជាដើម។ ពួកគេភាគច្រើន អះអាងថា គ្មានដីស្រែចំការ គ្មានចំណេះដឹង និងគ្មានមុខរបរពិតប្រាកដ។
ពលរដ្ឋ និងម្តាយឪពុករបស់កុមារសុំទាន ទទូចឲ្យរដ្ឋាភិបាលត្រូវរៀបចំឲ្យពួកគាត់មានការងារ មានប្រាក់ខែសមរម្យ ដីផ្ទះ និងស្រែចម្ការធ្វើនឹងគេ។ ពួកគាត់អះអាងថា គាត់មិនចង់ឲ្យកូនដើរសុំទានគេនោះទេហើយចង់ ឲ្យកូនៗរបស់ពួកគាត់មានការសិក្សាដូចកូនកុមារដទៃទៀតដែរ៕

ប្រភព៖ tosread.com

សំឡេងទីក្រុង!

សំឡេងទីក្រុង!