ការ​​​សាង​​​សង់​​​អគារ​​​ថ្មី​​​​​​​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​ពី​​​ការ​​​មិន​​​គោរព​​​សន្យា​​​នៅ​​​បុរីកីឡា
Posted On : មិថុនា, 2, 2016 | By សំឡេងទីក្រុង

ថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០១៦

ប្រភព៖ cambodiadaily

មួយទសវត្សរ៍កន្លងមកហើយដែលលោកស្រី ស៊ុយ សុផាន ពាណិជ្ជករដ៏មានអំណាចបានសន្យាសាងសង់អគារ ចំនួន១០សម្រាប់អ្នកភូមិនៅក្នុងតំបន់បុរីកីឡា ដែលបានប្រឈមនឹងការបណ្ដេញចេញ ដើម្បីបើកផ្លូវសម្រាប់គម្រោង អចលនទ្រព្យរបស់លោកស្រី ប៉ុន្តែលោកស្រីបានសាងសង់តែប្រាំបីអគារប៉ុណ្ណោះ ដោយបន្សល់ទុកឲ្ យអ្នកភូមិរាប់រយនាក់គ្មានផ្ទះសំបែង។

ឥឡូវនេះ អគារថ្មីមួយត្រូវបានសាងសង់នៅលើដីដែលគេទុកសម្រាប់សាងសង់អគារឲ្យអ្នកភូមិនៅក្នុងតំបន់នេះ ប៉ុន្តែអគារថ្មីនេះមិនមែនសម្រាប់អតីតអ្នកភូមិនៅទីនេះទេ។ ស្លាកសញ្ញាមួយនៅខាងមុខអគារនេះសរសេរថា “អាផាមិន និងបន្ទប់សម្រាប់ជួល ២៥០ដុល្លារក្នុងមួយខែ (Special Promotion)”។

អ្នកស្រី ប៉ុក សុភីន អ្នកភូមិបុរីកីឡាដែលគេមិនបានផ្ដល់លំនៅឲ្យនៅក្នុងអគារចំនួនប្រាំបីដំបូង គឺជាអ្នកភូមិម្នាក់ក្នុងចំណោមអ្នកភូមិប្រហែល១០នាក់ដែលបានចេញមកតវ៉ាកាលពីម្សិលមិញ ប្រឆាំងអគារជួលថ្មីនេះ។

អ្នកស្រីបាននិយាយថា “គោលបំណងរបស់យើងនៅក្នុងថ្ងៃនេះ គឺដើម្បីអំពាវនាវឲ្យក្រុមហ៊ុនឈប់ជួលអាផាមិន ហើយស្វែងរកដំណោះស្រាយភ្លាមៗឲ្យគ្រួសារដែលគេទុកចោលមិនផ្ដល់លំនៅឲ្យ។ ប្រសិនបើក្រុមហ៊ុនអះអាងថា ខ្លួនខាត ហេតុអ្វីបានជាពួកគេប្រកាសថា អាផាមិននៅក្នុងអគារទី៩អាចជួលបានទៅវិញ?”។

កាលពីឆ្នាំ២០០៧ ក្រុមហ៊ុនផានអុីម៉ិចរបស់លោកស្រី ស៊ុយ សុផាន ត្រូវបានផ្ដល់ឲ្យនូវដីទំហំ២,៦ហិកតានៅក្នុងតំបន់បុរីកីឡា ដោយមានការសន្យាថា ខ្លួននឹងសាងសង់អគារចំនួន១០ជាប់ៗគ្នា សម្រាប់អ្នកភូមិ១.៧៧៦គ្រួសារនៅក្នុងតំបន់នេះ។ បន្ទាប់ពីសាងសង់បានត្រឹមតែប្រាំបីអគារ លោកស្រីបានប្រកាសថា លោកស្រីអស់ប្រាក់ហើយមិនអាចសាងសង់ អគារដែលនៅសល់បន្តទៀតបានឡើយ។

photo_2016-05-31_09-23-29

សំឡេងទីក្រុង!

សំឡេងទីក្រុង!