ការ​អភិវឌ្ឍ​ក្រុង​រណប​ជ្រោយចង្វារ​កំពុង​ដំណើរការ​ទៅ​មុខ​យ៉ាង​រលូន
Posted On : February, 20, 2015 | By សំឡេងទីក្រុង

ប្រភព៖ ភ្នំពេញ ប៉ុស្តិ៍, ថ្ងៃ ទី ១៩ ខែ កុម្ភះ ឆ្នាំ ២០១៥

ការអភិវឌ្ឍ​ទីក្រុង​រណប​ជ្រោយចង្វារ​របស់​ក្រុមហ៊ុន OCIC ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ នា​ពេល​នេះ​កំពុង​ដំណើរការ​ទៅ​មុខ​យ៉ាង​រលូន ខណៈ​ការ​ដោះស្រាយ​ផល​ប៉ះពាល់​ជាមួយ​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​ក៏​ជិត​បញ្ចប់​ទៅ​ហើយ​ដែរ​។

លោក ពុង ឃាវសែ អគ្គនាយក​ក្រុមហ៊ុន​អភិវឌ្ឍន៍ OCIC បាន​ថ្លែង​នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ប្រជាជន​ដែល​កំពុង​រស់នៅ​ក្នុង​បុរី​រុងរឿង កាលពី​ចុងសប្តាហ៍​កន្លងមក​ថា ការ​អភិវឌ្ឍ​ក្រុង​រណប​ជ្រោយចង្វារ​កំពុង​ដំណើរការ​ទៅ​មុខ​យ៉ាងល្អ ដោយ​ក្រុមហ៊ុន​បាន​យក​ចិត្ត​ទុកដាក់​យ៉ាងខ្លាំង​ក្នុង​ការ​ដោះស្រាយ​ជាមួយ​ប្រជាជន​ដែល​ទទួល​រង​ផលប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​ខាងលើ ព្រមទាំង​បាន​សាងសង់​កន្លែង​រស់នៅ​ដ៏សមរម្យ​សម្រាប់​ពួកគេ​ទៀត​ផង​។ លោក​បន្ត​ថា តាមរយៈ​គម្រោង​អភិវឌ្ឍន៍​ខាងលើ​លោក​សង្ឃឹម​ថា ជីវភាព​ប្រជាជន​ដែល​រស់នៅ​ទី​នោះ​នឹង​មាន​ការ​ផ្លាស់ប្តូរ តាមរយៈ​ការ​ផ្លាស់ប្តូរ​ពី​ការ​ប្រកបរបរ​ជា​កសិករ ទៅ​ជា​អាជីវករ​ដែល​មាន​កន្លែង​លក់ដូរ​សមរម្យ​។

អគ្គនាយក​ក្រុមហ៊ុន OCIC បាន​លើក​ឡើង​ថា៖​«​ការ​ដែល​គម្រោង​អភិវឌ្ឍន៍​ខាងលើ​ដំណើរការ​ល្អ​ទៅ​បាន គឺ​ដោយសារ​តែ​ក្រុមហ៊ុន​មាន​គោលនយោបាយ​ល្អ​ក្នុង​ការ​ដោះស្រាយ​ជាមួយ​ប្រជាជន​នៅក្នុង​មូលដ្ឋាន ដោយ​ក្រុមហ៊ុន​មិន​យក​ប្រជាជន​ជា​សត្រូវ​នោះ​ទេ»។ លោក​បាន​បន្ត​ថា ម៉្យាង​ទៀត​ក្រុមហ៊ុន​ក៏​មាន​បំណង​ចង់​ឲ្យ​ប្រជាជន​ទទួល​បាន​ចំណេញ​ពី​គម្រោង​អភិវឌ្ឍន៍​ខាង​លើ​ផង​ដែរ​។

ក្រុង​រណប​ជ្រោយចង្វារ ឬ​ទីក្រុង​នៃ​អនាគត គ្រប​ដណ្តប់​លើ​ផ្ទៃដី​ទំហំ​៣៨៧​ហិកតា ក្នុង​សង្កាត់​ចំនួន​បី​របស់​ខណ្ឌ​ជ្រោយចង្វារ រួមមាន សង្កាត់​ជ្រោយចង្វារ ព្រែកលៀប និង​សង្កាត់​ព្រែក​តាសេក។

គម្រោង​នេះ​ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ​ផ្តល់​ឲ្យ​ក្រុមហ៊ុន OCIC វិនិយោគ​ធ្វើ​ជា​ក្រុង​រណប​កាលពី​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០១១ ក្នុង​ទឹកប្រាក់​១៦០០​លាន​ដុល្លារ​អាមេរិក ដោយ​គ្រោង​នឹង​បញ្ចប់​ការ​អភិវឌ្ឍ ក្នុង​ឆ្នាំ​២០២៦​៕

Urban Voice Cambodia

Urban Voice Cambodia