2-parkcallemetre-daytime

ការ​អភិរក្ស​មិន​ច្បាស់​លាស់​ ធ្វើ​ឲ្យ​សំណង់​សម័យ​អាណា​និគម​ នៅ​ភ្នំពេញ​ ត្រូវ​រង​ការ​បំផ្លាញ

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ប្រហែលកម្ពុជា ជាប្រទេសសម្បូរដោយសម្បត្តិបេតិកភណ្ឌពេកហើយ បានជាការអភិរក្សសំណង់សម័យអាណានិគម ហាក់មិនសូវមានការយកចិត្តទុកដាក់ជាដុំកំភួនពីអាជ្ញាធរពាក់ព័ន្ធ បើទោះជាវត្តមានសំណង់ទាំងនេះ បានក្លាយជាផ្នែកមួយនៃការទាក់ទាញភ្ញៀវទេសចរអន្តរជាតិក្តី។

នៅក្នុងរាជធានីចំណាស់ និងជារាជធានីដែលធ្លាប់បានគ្រប់គ្រងដោយរដ្ឋាភិបាលបារាំង ជិតមួយទសវត្សរ៍នេះ បានបន្សល់ទុកនូវមរតកសំណង់ចម្រុះស្ថាបត្យកម្ម ដែលមានរចនាប័ទ្មទាក់ទាញផ្សេងៗគ្នា ហើយសំណង់លំនៅឋានបេតិកភណ្ឌទាំងនោះជាង ៤០០ទីតាំង នៅទីក្រុងភ្នំពេញ ត្រូវបានកែច្នៃជាភោជនីយដ្ឋាន ក្លឹបកម្សាន្ត ឬក៏រុះរើចោលសាងសង់ជាថ្មីជាដើម ក៏សមត្ថកិច្ចជំនាញមិនអាចគ្រប់គ្រងបានដែរ។

លោក ហេង សេងលី នាយកគ្រប់គ្រងទូទៅនៃភោជនីយដ្ឋាន Park Café ដែលមានសាខាជាច្រើននៅរាជធានីភ្នំពេញ ក្នុង នោះភោជនីយដ្ឋានមួយដែលមានទីតាំងនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស ទល់មុខមន្ទីរពេទ្យកាល់ម៉ែត ជាសំណង់សល់ពីសម័យអាណានិគមបារាំង។

លោកបានថ្លែងឲ្យដឹងតាមទូរស័ព្ទ កាលពីព្រឹកថ្ងៃអង្គារថា ការជ្រើសរើសទីតាំងភោជនីយដ្ឋាននៅទីតាំងខាងលើនេះ គឺស្ថិតនៅលើផ្លូវធំ ជាតំបន់មមាញឹក និងមានចំណតចតយានយន្តបានច្រើនគ្រឿង និងគួបផ្សំនឹងស្ថាបត្យកម្មរបស់អគារនេះមានភាពទាក់ទាញគួរឲ្យចាប់អារម្មណ៍។

លោកបន្តថា ៖ «ខ្ញុំគិតថា រចនាប័ទ្មរបស់អគារនេះ ជាភាពទាក់ទាញមួយផ្នែក ព្រោះក្រៅពីរចនាប័ទ្ម និងជាស្ថាបត្យកម្មសល់ពីសម័យអាណានិគម ភោជនីយដ្ឋាននេះក៏មានទីតាំងល្អ និងចំណតឡានធំទូលាយផងដែរ»។

លោកបន្តថា៖ «អ្នកចូលមកភោជនីយដ្ឋានជាក្រុមមនុស្សចម្រុះ ទាំងវ័យក្មេង វ័យកណ្តាល និងវ័យចាស់។ មនុស្សវ័យក្មេងមិនចាប់អារម្មណ៍ពីរចនាប័ទ្មរបស់អគារនេះទេ ប៉ុន្តែមនុស្សចាស់ៗដែលយល់ពីតម្លៃបេតិកភណ្ឌ ពួកគាត់មានការចាប់អារម្មណ៍ច្រើនចំពោះសំណង់នេះ»។

ជាអារម្មណ៍ផ្ទាល់ខ្លួន លោក ហេង សេងលី បានឲ្យដឹងថា ៖ «ពេលខ្ញុំដើរចូលភោជនីយដ្ឋាននេះ ធ្វើឲ្យខ្ញុំមានអារម្មណ៍ប្លែក មានអារម្មណ៍ដូចចូលក្នុងសារមន្ទីរ ឬនឹកឃើញពីអតីតកាល»។

លោកបន្តថា ទោះជាយ៉ាងណា ដោយសារភាពចំណាស់ និងអាយុកាលបានធ្វើឲ្យផ្នែកខ្លះៗរបស់សំណង់នេះ ដូចជាដំបូល រនូតទ្រ ក្បឿង បានពុកផុយ និងត្រូវបានជួសជុលជាច្រើនលើកមកហើយ។

យោងតាមរបាយការណ៍របស់រដ្ឋបាលសាលារាជធានីភ្នំពេញ កាលពីឆ្នាំ២០១៣ បានឲ្យដឹងថា សំណង់បេតិកភណ្ឌប្រវត្តិសាស្ត្រនៅរាជធានីភ្នំពេញ មានចំនួន ៥២៣ ទីតាំង ក្នុងនោះមានសំណង់បេតិកភណ្ឌ ដែលត្រូវបានចាត់ជាចំណាត់ថ្នាក់ គឺមានចំណាត់ថ្នាក់លេខ១ មានចំនួន៣៤ទីតាំង។ ចំណាត់ថ្នាក់លេខ២ មានចំនួន ២៤ទីតាំង និងចំណាត់ថ្នាក់លេខ ៣ មានចំនួន ១៧ ទីតាំង។ ចំណែកឯចំណាត់ថ្នាក់លេខ៤ គឺសំណង់លំនៅដ្ឋានមានលក្ខណៈជាប្រវត្តិសាស្ត្រមានចំនួន ៤៤៨ ទីតាំង។

មន្ត្រីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ បានថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា កន្លងមកអាជ្ញាធររាជធានីភ្នំពេញដោយមានកិច្ចសហការពីក្រុមអ្នកជំនាញឯកទេសបារាំង បានធ្វើការសិក្សាស្រាវជ្រាវ និងវាយតម្លៃទៅលើសំណង់បេតិកភណ្ឌ និងសំណង់ប្រវត្តិសាស្ត្រនៅរាជធានីភ្នំពេញ។

2-battambang_colonel

តាមការសិក្សាស្រាវជ្រាវ និងវាយតម្លៃនោះយើងបានអនុវត្តទៅតាមច្បាប់ស្តីពីកិច្ចការការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ឆ្នាំ១៩៩៦ គឺច្បាប់នោះបានកំណត់មានពីរផ្នែកទី ១ ស្នាដៃរបស់មនុស្ស ឬធម្មជាតិ ដែលមានតម្លៃជាប្រវត្តិសាស្ត្រ ជាសិល្បៈ សាសនាវិទ្យាសាស្ត្រ ហើយបានបង្ហាញឲ្យឃើញអំពីវប្បធម៌របស់សង្គម។

ទី២ សំណង់ដែលមានអាយុកាលចាប់ពី៥០ឆ្នាំ ទៅ១០០ឆ្នាំឡើងទៅ តែក្នុងនោះត្រូវនិយាយអំពីសម័យកាល ដែលចែកជា៤ គឺសម័យបុរេប្រវត្តិសាស្ត្រមុនសម័យអង្គរ គឺពីសតវត្សរ៍ទី១ ដល់ចុងសតវត្សរ៍ទី៨ សម័យអង្គរចាប់ពីសតវត្សរ៍ទី៩ ដល់សតវត្សរ៍ទី១៥ និងសម័យក្រោយអង្គរពីសតវត្សរ៍ទី១៥ រហូតដល់បច្ចុប្បន្ន។

ការរាប់បញ្ចូលជាសំណង់បេតិកភណ្ឌប្រវត្តិសាស្ត្រនោះ អាចមិនគិតពីអាយុកាលក៏មាន ដូចជា សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង មានអាយុកាលមិនដល់៥០ឆ្នាំនោះទេ តែវាជាតឹកតាងប្រវត្តិសាស្ត្រ ចំណែកឯសំណង់ផ្ទះចាស់ពីសម័យអាណានិគមបារាំង ដែលមានអាយុកាលប្រហែលពី៧០ ទៅ៨០ឆ្នាំ តែមិនអាចរក្សាបាន ព្រោះវាជាសំណង់ឯកជន។

លោក ហូ វណ្ឌី អគ្គលេខាធិការសម្ព័ន្ធសមាគមទេសចរណ៍ជាតិកម្ពុជា បានថ្លែងថា បើគិតពីចំនួនអគារសល់ពីសម័យអាណានិគម ដែលមាននៅរាជធានីភ្នំពេញ គឺមានចំនួនតិចជាងខេត្តបាត់ដំបង ហើយដោយសារវត្តមានអគារសម័យអាណានិគមមានច្រើននៅខេត្តបាត់ដំបង បានធ្វើឲ្យភ្ញៀវទេសចរមកពីតំបន់អឺរ៉ុបជាច្រើនជាពិសេសទេសចរវ័យចំណាស់ៗទៅទស្សនានៅខេត្តបាត់ដំបងច្រើនឡើងៗ។

លោកបន្តថា ខេត្តបាត់ដំបង ក្រៅពីការអភិរក្សបាន នូវអគារសម័យអាណានិគមច្រើន ក៏មានភាពទាក់ទាញជាច្រើនទៀត ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ភាពស្អាត និងរមណីយដ្ឋានធម្មជាតិ និងវប្បធម៌ច្រើននៅក្នុងខេត្តនេះ។

លោកបន្តថា ៖ «ខ្ញុំបានលើកពីបញ្ហាអភិរក្សសំណង់សម័យអាណានិគមនេះជាង១០ឆ្នាំមកហើយ ប៉ុន្តែជាលទ្ធផលអគារសម័យនោះជាច្រើនបានបាត់បង់ជាបណ្តើរៗ ដោយសារការកែច្នៃ និងការវាយបំផ្លាញចោល ដោយជំនួសមកវិញជាសំណង់ថ្មីប៉ុន្តែគ្មានសិល្បៈទាក់ទាញអ្វីបន្តិចសោះឡើយ»។

លោក មាន ចាន់យ៉ាដា អភិបាលរង និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបដិសេធមិនអត្ថាធិប្បាយ។

រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ថៃ នរៈសត្យា បានថ្លែងថា ជាគោលការណ៍ក្រសួងបានអភិរក្សអគារ សល់ពីសម័យអាណានិគមទាំងនេះ និងមិនអនុញ្ញាតឲ្យម្ចាស់សំណង់វាយបំផ្លាញចោល ហើយធ្វើថ្មីនោះទេ ប៉ុន្តែប្រសិនជាពួកគេជួសជុល ត្រូវសុំមកខាងអ្នកជំនាញបេតិកភណ្ឌជាមុនសិន។

លោកបន្តថា ក្រសួងបានធ្វើអនុក្រិត្យមួយ ដែលមានគោលដៅអភិរក្សអគារទាំងនោះ ប៉ុន្តែមិនទាន់បានអនុម័តនៅឡើយ ដោយសារនៅមានការជជែកគ្នារវាងការដាក់ពាក្យខុសគ្នាទាក់ទងនឹងអគារទាំងនោះថា តើត្រូវដាក់ពាក្យជាសំណង់សម័យអាណានិគម ឬសំណង់បេតិកភណ្ឌ។

លោកបន្តថា ៖ «សំណង់សម័យអាណានិគម ជាការឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្ររបស់ប្រទេសយើង ក៏ដូចជារួមចំណែកទាក់ទាញភ្ញៀវទេសចរផងដែរ»។

លោកបន្តថា៖ «នៅកម្ពុជាទោះជាសាងសង់អគារខ្ពស់កប់ពពក ក៏មិនឈ្នះគេដែរ អ្នកទេសចរពួកគេបានឃើញអគារទាំងនោះនៅប្រទេសជឿនលឿននានារួចទៅហើយ ប៉ុន្តែពួកគេអាចមិនទាន់ឃើញពីសំណង់សល់ពីសម័យអាណានិគម ដែលជាមរតកប្រវត្តិសាស្ត្រ និងជាអគារមានរចនាប័ទ្មដ៏ទាក់ទាញមួយ»។

លោក ថៃ នរៈសត្យា បានបន្តថា អគារសម័យអាណានិគមភាគច្រើនសាងសង់ក្នុងចន្លោះទសវត្សរ៍ឆ្នាំ១៩០០ ដល់ឆ្នាំ១៩២០ ដែលសំណង់ទាំងនោះមិនប្រើប្រាស់ដែកនោះទេ ស្ថាបត្យករពេលនោះពួកគេប្រើប្រាស់ឥដ្ឋ និងសំណាញ់សម្រាប់ទ្រទ្រង់សសរ និងពិដានអគារ ដែលមានភាពធន់ និងរឹងមាំ ពិសេសសំណង់ទាំងនោះមានខ្លោងទ្វារធំៗ កម្ពស់អគារខ្ពស់ៗ៕

ប្រភព៖ postkhmer.com

Leave a Reply