ការ​អនុ​វត្ត​ការងារ​​​មិន​បាន​ល្អ​របស់​ក្រុម​ហ៊ុន​សីុនទ្រី ​​ក្លាយ​ជា​​​ប្រធាន​បទ​ដ៏​​សំខាន់​ក្នុង​កិច្ច​​ប្រជុំ​​ប្រចាំ​ឆ្នាំ​របស់​សាលា​រាជ​ធានី
Posted On : February, 13, 2015 | By សំឡេងទីក្រុង

ដោយ ឃី សុវុឌ្ឍី | Cambodia Daily, FEBRUARY 13, 2015

នគរ​បាល កង​រាជ​អាវុធ​ហត្ថ​ និង​​មន្ត្រី​សាលា​រាជ​ធានី​រាប់​រយ​នាក់ បាន​​ជួបជុំ​គ្នា​កាល​ពី​ម្សិល​មិញ​ដើម្បី​ចូល​រួម​​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​​របស់​សាលា​រាជធានី​ភ្នំ​ពេញ​ ដែល​​នៅ​ក្នុង​កិច្ច​ប្រជុំ​​នេះ​ មាន​ការ​សន្យា​​កែ​លម្អ​​មុខ​មាត់​របស់​រាជធានី​រួម​ទាំង​​ការ​កែ​លម្អ​ប្រព័ន្ធ​​គ្រប់​គ្រង​សំរាម​​​​​​ និង​ការ​​​ពិនិត្យ​ឡើង​វិញ​នូវ​​សិទ្ធិ​​ប្រមូល​សំរាម​ផ្តាច់​មុខ​របស់​ក្រុម​ហ៊ុន​សីុន​ទ្រី​ផងដែរ។

សុន្ទរក​ថា​​បើក​​កិច្ច​ប្រជុំ​ដោយ​​លោក ប៉ា សុជាតិ​វង្ស ​អភិបាល​រាជ​ធានីភ្នំ​ពេញ និង​សុន្ទរកថា​បិទកិច្ច​ប្រជុំ​ដោយលោក​ ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ បាន​ឆ្លុះ​បញ្ចាំង​​ពី​ការ​​ខក​ខាន​របស់​ក្រុម​ហ៊ុន​​នេះ​ក្នុង​ការ​ំពេញ​ភារកិច្ច​របស់​ខ្លួន ហើយ​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​​បាន​ទទួល​រង​ការ​​​​ស្តី​បន្ទោស​​ដោយ​សារតែ​អសមត្ថ​ភាព​របស់​ក្រុម​ហ៊ុន​សីុន​ទ្រី។

លោក ស ខេង បាន​ព្រមាន​ថា ​កេរ្តិ៍​ឈ្មោះ​របស់​ប្រទេស​កម្ពុជា ​កំពុង​ប្រឈម​​នឹង​ហានិភ័យ​​បាត់​បង់ ​ខណៈ​​ភ្ញៀវ​​​ទេស​មក​កាន់​រាជ​ធានី​ ត្រូវ​ប្រឈម​​នឹង​ផ្លូវ​ដែល​​មានសំរាម​​រាយ​ប៉ាយ​ពាស​ពេញ។

​លោក​បាន​​​​មាន​ប្រសាសន៍​ថា “នេះ​ជា​​បញ្ហា​​បរិស្ថាន និង​អនាម័យ​យ៉ាង​ធ្ងន់​ធ្ងរ​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​ដល់​សោភ័ណ​ភាព​​រាជធានី។​​វា​នឹង​ជាការ​ប្រសើរ ​​​ ប្រសិន​បើ​ក្រុម​ហ៊ុន​សីុន​ទ្រី​​អាច​ធ្វើ​ការងារ​នេះ​​​បាន​ដោយ​ខ្លួន​ឯង​ ប៉ុន្តែ​បើ​ធ្វើ​មិន​បាន​ទេ​នោះ​ យើង​មិន​អាច​​បណ្តោយ​ឲ្យ​សំរាម​​មាន​​នៅ​តាម​ផ្លូវ​​បែប​នេះ​​ឡើយ”។

លោក ស ខេង ​បាន​បញ្ជាក់​ថា ផែន​ការ​​ប្រគល់​ការ​​គ្រប់គ្រង​សំរាម​​ឲ្យ​​ទៅ​ខណ្ឌ​នីមួួយៗ​ បាន​ដំណើរ​ការ​ហើយ​ ក្រោយពី​​​មាន​សេចក្តី​សម្រេច​របស់​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​​កាល​ពី​សប្តាហ៍​មុន​ដើម្បី​ពិនិត្យ​ឡើង​វិញ​នូវ​កិច្ច​សន្យា​របស់​សាលា​រាជធានីភ្នំពេញ ជាមួយ​​​ក្រុម​ហ៊ុន​សីុន​ទ្រី ​ហើយស្វែង​រក​​ក្រុម​ហ៊ុន​មួូយ​ទៀត​​ឲ្យ​ជួយ​ប្រមូល​សំរាម​​​នៅ​ក្នុង​រាជ​ធានី។

ឧប​នាយករដ្ឋ​មន្ត្រី​រូប​នេះ​​បាន​ផ្តោត​​ការ​ចាប់​អារម្មណ៍​​លើ​ក្តី​បារម្ភ​​មួយ​ចំនួន​ផ្សេងទៀត​ដែល​លោក​មាន​ប្រសាសន៍​ថា គួរតែ​ដោះ​ស្រាយ​​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ។ទាំង​​នេះ​រួម​មាន​ទាំង​ចិញ្ចើម​ផ្លូវ​​ដ៏​គ្រោះថ្នាក់ និងដែល​ជា​ញឹក​ញាប់​មិន​អាច​ប្រើ​ប្រាស់​បាន​នៅ​ក្នុង​រាជធានី ដែល​លោក​មាន​​ប្រសាសន៍​ថា​នឹង​ត្រូវ​ជួស​ជុល ឬ​ស្ថាបនាឡើង​វិញ​ និង​​សុវត្ថិភាព​សាធារណៈ​​នៅ​លើ​កោះ​ពេជ្រ​ ដែលលោក​មាន​ប្រសាសន៍​​ថារង​ការ​គំរាម​កំហែង​​ដោយ​សារ​ការ​កក​ស្ទះ​ចរាចរណ៍​ដែល​រារាំង​​សេវា​​សង្គ្រោះ​​បន្ទាន់​​មិន​​​ឲ្យ​ចូល​ទៅ​ដល់​ទីនេះ​ ក្នុង​ករណី​អគ្គិភ័យ​កើត​​ឡើង។​

​​​​ ដោយ​​​បង្វែរ​​​ការ​​​ចាប់​​​អារម្មណ៍​​​របស់​​​លោក​​​ទៅ​​​លើ​​​បទ​​​ល្មើស​​​ និង​​​សុវត្ថិភាព​​​សាធារណៈ​​​​​​ លោក ស ខេង បាន​​​មានប្រសាសន៍​​​ថា លោក​​​បារម្ភ​​​ថា ក្រុម​​​ភេរវករ​​​រដ្ឋ​​​អីុស្លាម (Islamic State) អាច​​​នឹង​​​បង្ក​​​គ្រោះ​​​ថ្នាក់​​​ដល់​​​សន្តិសុខ​​​ក្នុង​​​ប្រទេសកម្ពុជា​​​​។

លោក​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “យើង​​​ខ្លាច​​​ថា ខណៈ​​​ដែល​​​ពួកគេ​​​ប្រហែល​​​ជា​​​មិន​​​ចង់​​​ធ្វើ​​​ការ​​​វាយ​​​ប្រហារ​​​មក​​​លើក​​​ប្រជា​​​ពល​​​រដ្ឋ​​​កម្ពុជា​​​ ពួកគេ​​​អាច​​​នឹង​​​វាយ​​​ប្រហារ​​​គោល​​​ដៅ​​​នានា​​​នៅ​​​ទី​​​នេះ​​​ជំនួស​​​ឲ្យការ​វាយ​ប្រហារ​​​​នៅ​​​ក្នុង​​​មាតុភូមិ​​​របស់​​​ពួកគេ​​​ ដូច្នេះ​​​ហើយ​​​យើង​​​ត្រូវ​​​តែ​​​មាន​​​វិធាន​​​ការ​​​ទប់​​​ស្កាត់​​​រឿង​​​នេះ​​​”។

អំឡុង​​​សុន្ទរកថា​​​បើក​​​កិច្ច​​​ប្រជុំ​​​ លោក ប៉ា សុជាតិ​​​វង្ស បាន​​​រាយការណ៍​​​ថា បទ​​​ល្មើស​​​កម្រិត​​​ធ្ងន់​​​ក្នុង​​​រាជ​​​ធានី​​​ បាន​​​ធ្លាក់​​​ចុះ​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​។ អភិបាល​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍ទៀត​​​​ថា បទ​​​ឧក្រិដ្ឋ​​​បាន​​​ធ្លាក់​​​ចុះ​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០១៤​​​ប្រហែល​​​១០​​​ភាគ​​​រយ​​​ពី​​​៩៣៣​​​ករណី​​​ក្នុង​​​ឆ្នាំ​​​២០១៣​​​មក​​​នៅ​​​ត្រឹម​​​តែ​​​៨៨៤​​​ករណី​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ ដោយ​​​ក្នុង​​​នោះ​​​​​​បទ​​​ល្មើស​​​គ្រឿង​​​ញៀន​​​មាន​​​ភាគ​​​រយ​​​ច្រើន​​​។  លោក​​​បាន​​​បញ្ជាក់​​​ថា “យើង​​​បាន​​​បង្ក្រាប​​​គ្រឿង​​​ញៀន​​​២០៨​​​ករណី​​​ ហើយ​​​ជា​​​លទ្ធផល​​​មនុស្ស​​​ចំនួន​​​៥៥៩​​​នាក់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​”៕

 

Urban Voice Cambodia

Urban Voice Cambodia