police-traffic_large

ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​​ កំពុង​ដំណើរការ​យ៉ាង​ដូចម្ដេច​?

ច្បាប់ចរាចរណ៍ផ្លូវគោកបានកំណត់ទោសទណ្ឌលើអ្នកបើកបរបង្កគ្រោះថ្នាក់ហើយការដាក់ទោសទណ្ឌនោះមានទាំងផ្នែករដ្ឋប្បវេណី (សំណង) និងទោសព្រហ្មទណ្ឌដែលត្រូវប្រឈមមុខជាប់ពន្ធនាគារផង។

ប៉ុន្តែកន្លងមកអ្នកបើករថយន្តខ្លះបានបង្កគ្រោះថ្នាក់ធ្វើឲ្យមនុស្សស្លាប់តែមិនត្រូវបានផ្តន្ទាទោសតាមផ្លូវតុលាការទេ។

ជុំវិញបញ្ហានេះភ្នំពេញប៉ុស្តិ៍បានសម្ភាសជាមួយលោក គង់ សុវណ្ណ នាយកអង្គការសម្ព័ន្ធអន្តរជាតិទប់ស្កាត់ផលប៉ះពាល់នៃគ្រឿងស្រវឹង (I.A.R.D) និងជាទីប្រឹក្សាផ្នែកការងារសុវត្ថិភាពចរាចរណ៍ក្នុងគម្រោងអភិវឌ្ឍន៍ជនបទដែលមានខ្លឹមសារដូចខាងក្រោម ៖

តាមការអង្កេតរបស់អង្គការលោកដែលធ្វើការងារចរាចរណ៍នោះចំពោះច្បាប់ចរាចរណ៍ដែលអនុម័តឲ្យប្រើប្រាស់កន្លងមក តើលោកយល់ឃើញថា ទាំងប្រជាពលរដ្ឋទាំងនគរបាលចរាចរណ៍តើពួកគេមានបានគោរពច្បាប់ចរាចរណ៍ត្រឹមកម្រិតណាដែរ?

ក្នុងនាមខ្ញុំជាទីប្រឹក្សាសុវត្ថិភាពចរាចរណ៍ខ្ញុំយល់ឃើញថាបន្ទាប់ពីច្បាប់ចរាចរណ៍ដែលកំពុងដាក់ឲ្យប្រើប្រាស់ និងកំពុងត្រូវបានអនុវត្តដោយមន្ត្រីនគរបាលចរាចរណ៍ហើយក្រោយមកទៀតមានមាត្រាមួយចំនួនធ្វើវិសោធនកម្មឲ្យសមស្របទៅនឹងបរិបទនាពេលបច្ចុប្បន្ន។

តែទោះបីយ៉ាងណាខ្ញុំសង្កេតឃើញថាប្រជាពលរដ្ឋ ប្រសិនបើនគរបាលចរាចរណ៍លោកធ្លាក់ដៃក្នុងការអនុវត្តចរាចរណ៍នោះប្រជាពលរដ្ឋក៏លែងគោរពការធ្វើចរាចរណ៍ដែរ។

ដូចជា រឿងមួកសុវត្ថិភាពជាដើមដែលតម្រូវឲ្យពាក់ទាំងអ្នកបើកបរទាំងអ្នករួមដំណើរក៏ដូចជាជំរុញឲ្យកុមារផងដែរត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ។ អ៊ីចឹងបើនគរបាលចរាចរណ៍លោករឹតបន្តឹងជាប់លាប់ទៅឃើញថា ប្រជាពលរដ្ឋអ្នកដំណើរពួកគេខ្លាចនគរបាលចរាចរណ៍ហើយចាប់ផ្តើមពាក់មួកច្រើន។ ដល់ពេលនគរបាលធ្លាក់ដៃគាត់មិនបានរឹតបន្តឹងការងារផ្សេងៗ អ៊ីចឹងទៅគាត់លែងសូវពាក់ដែរ។ រឿងល្បឿនដូចគ្នានៅក្នុងខ្សែផ្លូវណាតំបន់ណាដែលដាក់កាមេរ៉ា?

ពិនិត្យល្បឿនជាប់លាប់ ឬក៏ចល័តគឺអ្នកបើកបរមានការខ្លាចរអាពោលគឺបើកល្បឿនល្មមតាមច្បាប់កំណត់ដែលដាក់បង្ហាញលើស្លាកសញ្ញាដែលបង្ហាញនៅតាមដងផ្លូវហ្នឹង។ ប៉ុន្តែបើនគរបាលចរាចរណ៍ខានធ្វើគឺអ្នកបើកបរលែងគោរព។

ករណីមួយទៀតបញ្ហាប្រឈមដែលជាបញ្ហាធំគឺការបើកបរដោយគ្រឿងស្រវឹងដែលបង្កបញ្ហាច្រើនណាស់ហើយបើនគរបាលចរាចរណ៍លោកមិនបានអនុវត្តនៅតំបន់ពិសេសគឺនៅពេលល្ងាច និងពេលយប់។ អ៊ីចឹងការពិសាគ្រឿងស្រវឹងហើយបើកបរគឺកើតមានគ្រោះថ្នាក់ច្រើន។

យើងឃើញថា នៅពេលអនុវត្តច្បាប់មានហើយ ហើយទាំងសមាគមជាតិទាំងក្រុមការងារសង្គមស៊ីវិលផ្សេងៗទាំងស្ថាប័នជាតិរួមគ្នាលើកកម្ពស់ការផ្សព្វផ្សាយហ្នឹងច្រើន។ ប៉ុន្តែការអនុវត្តមិនបានជាប់លាប់របស់នគរបាលចរាចរណ៍គឺប្រជាពលរដ្ឋលោកអនុវត្តមិនបានជាប់លាប់ដែរ។

ខ្ញុំសន្និដ្ឋានជារួមថា ដើម្បីឲ្យច្បាប់មានប្រសិទ្ធភាពត្រូវតែដើរទន្ទឹមគ្នាការអប់រំផ្សព្វផ្សាយហ្នឹងហើយជាពិសេសមានការគាំទ្រយ៉ាងសកម្មប្រកបដោយប្រសិទ្ធភាព គុណភាព និងតម្លាភាពពីនគរបាលចរាចរណ៍ក្នុងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍។

8-lawer_21

 

ប្រភព៖ Phnompenhpost

Leave a Reply