ការ​ឡើង​ដល់​កំពូល និង​ការ​ធ្លាក់​ចុះ​ដល់​ចំណុច​សូន្យ​របស់​កម្ពុជា
Posted On : វិច្ឆិកា, 10, 2016 | By Vantha

អាណាចក្រអង្គរមានភាពរុងរឿងបំផុតនៅចន្លោះដើមសតវត្សរ៍ទី ៩ មុនគ្រិស្ដសករាជដល់ឆ្នាំ ១៤០០។ អាណាចក្រនេះលាតសន្ធឹងទឹកដីភាគច្រើននៃភាគខាងត្បូងនៃប្រទេសទ្បាវបច្ចុប្បន្នប្រទេសថៃខាងកើតប្រទេសកម្ពុជា និងផ្នែកខាងត្បូងប្រទេសវៀតណាមដូចដែលបានបញ្ជាក់ដោយលោក David Chandler ក្នុងសៀវភៅរបស់គាត់ដែលមានចំណងជើងថា“BrotherNumber One,A Political Biography of Pol Pot”។

នៅក្នុងអំទ្បុងពេលនៃសម័យកាលដ៏រុងរឿងរបស់ខ្លួនក្នុងឆ្នាំ ១២០០ គ្រាន់តែតំបន់អង្គរតែមួយគ្របដណ្តប់ផ្ទៃក្រទ្បាដីប្រហែល ១៦០ គីទ្បូម៉ែតការ៉េដែលមានមនុស្សរស់នៅច្រើនជាងប្រជាជននៃប្រទេសកម្ពុជានៅក្នុងទសវត្សរ៍ទី ៣។ Elizabeth Becker អ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា“When the war was over, Cambodia and the Khmer Rouge Revolution” អះអាងថាក្នុងពេលនៃភាពរុងរឿងដល់កំពូលរបស់ខ្លួនអាណាចក្រខ្មែរមានឥទ្ធិពលបំផុតនៅក្នុងឧបទ្វីបអាស៊ីអាគ្នេយ៍។

ប៉ុន្តែនៅចុងសតវត្សរ៍ទី ១៧ ប្រទេសកម្ពុជាត្រូវរុំព័ទ្ធទៅដោយសង្គ្រាមស៊ីវិល និងការឈ្លានពានពីគ្រប់ទិសទី។ នេះបើតាមអ្វីដែលលោក Chandler បានសរសេរនៅក្នុងសៀវភៅរបស់គាត់ដែលមានឈ្មោះថា “A History of Cambodia”។ អាណាចក្រខ្មែរបានរួមតូចទាំងទំហំផ្ទៃដី និងចំនួនប្រជាជន។ ដែនដីផ្សេងៗដែលកាលពីមុនធ្លាប់បានផ្ញើសួយសារអាករទៅអាណាចក្រអង្គរឥឡូវនេះបានប្រកាសឯករាជ្យរបស់ពួកគេរួមទាំងដែនដីកុលសម្ព័ន្ធនៅទ្បាវ និងភាគផ្សេងៗទៀតនៃផ្នែកភាគខាងត្បូងក៏បានប្រកាសឯករាជ្យដែរ។

អាណាចក្រខ្មែរមានភាពចុះខ្សោយ និងត្រូវបានដាក់ឲ្យឯកោពីពិភពលោកខាងក្រៅដោយប្រទេសថៃ និងប្រទេសវៀតណាមដែលបានប្រកួតប្រជែងគ្នាធ្វើការគ្រប់គ្រងលើនយោបាយផ្ទៃក្នុងរបស់ខ្មែរ។ ការប្រទាញប្រទង់ក្នុងការគ្រប់គ្រងកម្ពុជានេះបានបញ្ចប់ក្រោមការចរចាសន្តិភាពដ៏ប្រមាថមាក់ងាយមួយដោយបានបែងចែកទឹកដីប្រទេសកម្ពុជាជាពីរដោយអ្នកជិតខាងរបស់ខ្លួនដែលមានបំណងអាក្រក់នៅឆ្នាំ ១៨៤៨។ ដើម្បីបន្តការរស់រានរបស់ខ្លួន អាណាចក្រខ្មែរបានស្ម័គ្រចិត្តអញ្ជើញបារាំងមកជួយ។ នៅថ្ងៃទី ១១ ខែសីហាឆ្នាំ ១៨៦៣ ព្រះមហាក្សត្រសម្តេចព្រះនរោត្តមបានចុះហត្ថលេខាលើសន្ធិសញ្ញាទទួលស្គាល់អាណាព្យាបាលបារាំងទៅលើអាណាចក្រខ្មែរ។ សន្ធិសញ្ញាបានផ្តល់សិទ្ធិស្របច្បាប់ដល់បារាំងគ្រប់គ្រងទៅលើទំនាក់ទំនងពាណិជ្ជកម្ម និងកិច្ចការបរទេសរបស់ប្រទេសកម្ពុជាព្រមទាំងទៅលើការការពារផ្នែកយោធាជាពិសេសប្រឆាំងនឹងការគំរាមកំហែងពីវៀតណាម និងថៃ។

ស្ថិតនៅក្រោមការការពារ និងការគ្រប់គ្រងរបស់បារាំងបានធ្វើឲ្យចំនួនប្រជាជានកម្ពុជាកើនទ្បើងចំនួន ៣ ដង។ ស្ថាប័នវប្បធម៌រួមមានសារមន្ទីរ របាំព្រះរាជទ្រព្យ និងសាលាវិចិត្រសិល្បៈជាច្រើនត្រូវបានបង្កើតទ្បើងដើម្បីរក្សានូវអ្វីៗដែលមានអាយុកាលចំណាស់ៗសម្រាប់ក្មេងៗជំនាន់ក្រោយរៀនសូត្រដោយពុំចាំបាច់ធ្វើដំណើរទៅកាន់ប្រទេសថៃ។ ការសិក្សាព្រះពុទ្ធសាសនាដែលបានស្រូបយកចំនួនប្រជាពលរដ្ឋខ្មែរភាគច្រើនរួមមានព្រះសង្ឃមកពីខ្មែរក្រោមត្រូវបានស្តារទ្បើងវិញក្នុងគោលបំណងដើម្បីធ្វើឲ្យមានភាពរស់រវើកទ្បើងវិញនូវវប្បធម៌ខ្មែរដែលក្រោយមកព្រះសង្ឃទាំងនេះបានក្លាយទៅជាតួអង្គដែលមានឥទ្ធិពលតែមួយគត់នៅក្នុងការតតាំងជាមួយបារាំង និងព្រះមហាក្សត្រនាពេលនោះ។ បើទោះបីជាមានការវិវឌ្ឍមួយចំនួនក៏ដោយ កេរដំណែលនៃអាណាព្យាបាលក៏បានបង្ហាញឲ្យឃើញពីភាពនៃការមិនពេញចិត្តផងដែរ។

រដ្ឋបាលបារាំងធ្វើបានបន្តិចបន្តួចក្នុងការធ្វើទំនើបកម្មសេដ្ឋកិច្ចកម្ពុជាលើកលែងតែពីការដាំដំណាំដែលភាគច្រើនដំណាំចម្ការកៅស៊ូដោយប្រើប្រាស់កម្មករមកពីវៀតណាមស្ទើរតែទាំងអស់។ ការសិក្សា និងរដ្ឋបាលបែបទំនើបមិនត្រូវបានគេយកចិត្តទុកដាក់នៅកម្ពុជាទេ។ អ្នកស្រី Becker អះអាងថារហូតដល់ឆ្នាំ ១៩៣៥ ទើបប្រទេសកម្ពុជាមានវិទ្យាល័យបារាំងមួយដែលពីមុននេះកូនអ្នកមានទ្រព្យធនទាំងអស់ត្រូវបានបញ្ជូនទៅសិក្សានៅព្រៃនគរក្នុងនោះរួមមានព្រះបាទ នរោត្តម សីហនុ ផងដែរ។

ក្នុងអំទ្បុងពេលនៃការប្រឆាំងនឹងអាណានិគមបារាំងស្ថិតនៅក្រោមសម្ពាធជាច្រើនគឺមិនគ្រាន់តែពីចលនាខ្មែរប៉ុណ្ណោះទេប៉ុន្តែថែមទាំងពីប្រទេសជិតខាងកម្ពុជាផងដែរ ដែលតម្រូវឲ្យបារាំងដកខ្លួនចេញពីឥណ្ឌូចិន។ ដោយទទួលរងនូវការបាត់បង់ដ៏ធំធេងនៅក្នុងសង្គ្រាមឥណ្ឌូចិនលើកទី ១ (ឆ្នាំ ១៩៤៦-១៩៥៤) នៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ បារាំងបានយល់ព្រមដោយស្ទាក់ស្ទើរនៅក្នុងការប្រគល់ឯករាជ្យដល់កម្ពុជាឆ្លើយតបទៅនឹងព្រះរាជបូជនីយកិច្ចដឹកនាំដោយព្រះមហាវីរក្សត្រ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ។ Ben Kiernan អ្នកនិពន្ធសៀវភៅឈ្មោះ ”How Pol Pot Came to Power” បានអះអាងថាបន្ទាប់ពីត្រូវបានផ្តួលរំលំដោយពួកវៀតមិញដែលជាចលនាកុម្មុយនីស្តនៃវៀតណាមខាងជើងនៅឯ Dien Bien Phu នៅក្នុងឆ្នាំ ១៩៥៤ បារាំងបានយល់ព្រមធ្វើការដោះស្រាយបញ្ចប់សង្គ្រាមតាមរយៈសន្និសីទទីក្រុងហ្សឺណែវនៅក្នុងឆ្នាំ ១៩៥៤។

កិច្ចព្រមព្រៀងនេះបានតម្រូវឲ្យព្រះរាជាណាចក្រកម្ពុជាដែលជារដ្ឋអធិបតេយ្យមួយធ្វើការប្រកាន់ខ្ជាប់នូវអព្យាក្រឹតភាព គោលការណ៍លទ្ធិប្រជាធិបតេយ្យ ពហុបក្សហើយរៀបចំការបោះឆ្នោតប្រកបដោយសេរី និងយុត្តិធម៌ក្រោមការត្រួតពិនិត្យដោយគណៈកម្មការអន្តរជាតិទទួលបន្ទុកផ្នែកការត្រួតពិនិត្យ និងការគ្រប់គ្រង (International Commission for Supervision and Control) រួមមានតំណាងផ្សេងៗមកពីប្រទេសកាណាដា ឥណ្ឌា និងប្រទេសប៉ូទ្បូញដូចដែលបានបញ្ជាក់ប្រាប់ដោយ Steve Heder ដែលជាអ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា “Cambodian Communism and the Vietnamese Model, Imitation and Independence, 1930-1975”។

បន្ទាប់ពីបានទទួលបានព្រះកិត្តិនាមដ៏ធំធេងជាបិតាឯករាជជាតិនៅក្នុងការរំដោះកម្ពុជាឲ្យរួចផុតពីនឹមត្រួតត្រាអាណានិគមបារាំង ព្រះបាទព្រះនរោត្តម សីហនុ បានដឹកនាំគណបក្សរបស់ព្រះអង្គទៅកាន់ជោគជ័យដោយងាយស្រួលដោយទទួលបានអាសនៈទាំងអស់តែអង្គឯងចំនួន ៩១ នៅក្នុងការបោះឆ្នោតសភាជាតិនៅក្នុងឆ្នាំ ១៩៥៥។ បន្ទាប់មកប្រជាពលរដ្ឋកម្ពុជាពុំដែលបានឆ្លងកាត់ការបោះឆ្នោតបែបនេះទេគឺរហូតដល់មានសនិ្នសីទទីក្រុងប៉ារីសស្តីពីជម្លោះកម្ពុជាក្នុងឆ្នាំ ១៩៩១ ដូចអ្វីដែលលោក Chandler បានសរសេរថា “ការបោះឆ្នោតនៅក្នុងឆ្នាំ ១៩៥៥ គឺជាលើកទី ១ នៅក្នុងប្រវត្តិសាស្ត្រកម្ពុជាដែលមតិយោបល់នយោបាយនានាត្រូវបានគេផ្តល់ឲ្យអ្នកបោះឆ្នោតកម្ពុជា។ ឱកាសបែបនេះពុំបានកើតទ្បើងជាថ្មីម្តងទៀតទេរហូតដល់មានការបោះឆ្នោតក្រោមការឧបត្ថម្ភដោយអង្គការសហប្រជាជាតិនៅក្នុងឆ្នាំ ១៩៩៣។

សន្និសីទទីក្រុងហ្សឺណែវក៏បានចែងថាកងទ័ពបរទេស និងបុគ្គលិកយោធាទាំងអស់ត្រូវតែដកចេញពីទឹកដីកម្ពុជាដោយគ្មានការវិលត្រឡប់មកវិញ។ ទោះបីយ៉ាងនេះក៏ដោយគណៈកម្មការអន្តរជាតិទទួលបន្ទុកផ្នែកការត្រួតពិនិត្យ និងការគ្រប់គ្រងដែលអាណត្តិរបស់ខ្លួនគឺត្រូវធានាការគោរពកិច្ចព្រមព្រៀងនោះពុំបានធ្វើអ្វីទាល់តែសោះជាមួយនឹងការបន្តវត្តមាននៃពួកវៀតមិញនៅតាមបណ្តោយតំបន់ខាងកើតនៃទន្លេមេគង្គ។ ក្នុងន័យខាងលើនេះអាមេរិកបានហក់ចូលមកបំពេញតំណែងដែលនៅទំនេរនេះ។ ហេតុដូច្នេះហើយសម្រាប់ប្រទេសចិន និងវៀតណាមការមកដល់របស់សហរដ្ឋអាមេរិកត្រូវបានមើលឃើញថាជាការគំរាមកំហែងដ៏ធំមួយទៅដល់ការរស់រានមានជីវិតនៃចរន្តកុម្មុយនីស្តរបស់ពួកគេនៅក្នុងតំបន់។

ដោយហេតុនេះហើយប្រទេសចិនមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការអន្ទងសម្តេចព្រះនរោត្តមសីហនុធ្វើជាសម្ព័ន្ធមិត្តដើម្បីរុញអាមេរិកឲ្យចេញពីកម្ពុជា និងពីឥណ្ឌូចិន។ នយោបាយរបស់សម្តេចព្រះនរោត្តម សីហនុ ក្នុងការកេងចំណេញពីការប្រទាញប្រទង់គ្នារវាង ចិន និងអាមេរិកដើម្បីដាក់កម្ពុជាឲ្យឆ្ងាយពីសង្គ្រាមឥណ្ឌូចិនលើកទី ២ (១៩៥៥-១៩៧៥) ជាពិសេសចាប់តាំងពីវាបានចាប់ផ្តើមពីដំបូងបានជួយសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជារាប់ពាន់នាក់។ ប៉ុន្តែជាអកុសល ព្រះអង្គមិនត្រូវបានអនុញ្ញាតឲ្យលេងល្បែងនយោបាយនេះដោយគ្មានផលវិបាកនោះទេ។ សហរដ្ឋអាមេរិកស្នើព្រះអង្គឲ្យចូលរួមនៅក្នុងអង្គការសន្ធិសញ្ញាអាស៊ីអាគ្នេយ៍ (Southeast Asia Treaty Organization- SEATO) ដែលជាកិច្ចព្រមព្រៀងការពាររដ្ឋនានាដែលជារដ្ឋរណបអាមេរិក។ ព្រះអង្គបានបដិសេធនូវសំណើនេះ។ ហេតុដូច្នេះហើយសហរដ្ឋអាមេរិកយល់ថាព្រះអង្គមាននិន្នាការទៅរកពួកកុម្មុយនីស្ដ។

ជាការឆ្លើយតបវិញសម្តេចព្រះនរោត្តមសីហនុបានកាត់ផ្តាច់ជំនួយយោធា និងសេដ្ឋកិច្ចរបស់អាមេរិកនៅឆ្នាំ ១៩៦៣។ ពីរឆ្នាំក្រោយមកព្រះអង្គបានបោះជំហានទៅមុខមួយជំហានទៀតដោយកាត់ផ្តាច់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ បន្ទាប់មកគឺដល់ពេលតម្រូវឲ្យព្រះអង្គសងនូវតម្លៃដ៏ខ្ពស់ និងទទួលរងនូវការឈឺចាប់ដែលត្រូវតែស៊ូទ្រាំ។ សម្រាប់ប្រធានាធិបតី Nixon និង លោក Henry Kissinger សម្តេចព្រះនរោត្តម សីហនុ មិនត្រឹមតែមិនមានលទ្ធភាពរក្សាបាននូវនយោបាយក្នុងឋានៈជាប្រទេសនៃចលនាមិនចូលបក្សសម្ព័ន្ធប៉ុណ្ណោះទេព្រះអង្គថែមទាំងបានអនុញ្ញាតដោយសម្ងាត់បណ្តោយឲ្យតំបន់ខាងកើតនៃទន្លេមេគង្គ និងទឹកដីកម្ពុជាផ្សេងទៀតប្រើប្រាស់ដោយវៀតណាមខាងជើង និងពួកអ្នកប្រយុទ្ធវៀតកុងដែលជាពួកកុម្មុយនីស្តនៃវៀតណាមខាងត្បូងដើម្បីធ្វើសង្គ្រាមយ៉ាងចំហរបស់ពួកគេប្រឆាំងនឹងសហរដ្ឋអាមេរិក។ នេះបើតាមអ្វីដែលលោក William Shawcross បានសរសេរនៅក្នុងសៀវភៅរបស់គាត់ដែលមានចំណងជើងថា “Sideshow Kissinger, Nixon, and the Destruction of Cambodia”។

ផ្អែកលើស្ថានភាពនេះទិដ្ឋភាពនយោបាយប្រទេសកម្ពុជាបានប្ដូរទិសដៅរបស់ខ្លួន។ ហេតុដូច្នេះហើយសម្រាប់ឧត្តមសេនីយ៍ លន់ នល់ ដែលជាសេនាដៃឆៅរបស់អាមេរិកបានយល់យ៉ាងច្បាស់ថាវិធីតែមួយគត់ដើម្បីរក្សា និងជួយសង្គ្រោះអធិបតេយ្យភាពប្រទេសកម្ពុជាគឺត្រូវយកព្រះអង្គចេញ។ នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ១៩៧០ ពេលវេលាសមរម្យក៏បានមកដល់សម្រាប់លោក លន់ នល់ ក្នុងការបណ្តេញព្រះអង្គចេញពីអំណាចតាមរយៈការធ្វើរដ្ឋប្រហារក្នុងខណៈពេលដែលព្រះអង្គគង់ប្រថាប់នៅទីក្រុងម៉ូស្គូនៃសហភាពសូវៀតក្នុងពេលនៃព្រះរាជទស្សនកិច្ចផ្លូវការរបស់ព្រះអង្គ។

ស្ថានការណ៍ប្រទេសកម្ពុជាបានបន្តធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរភ្លាមៗក្រោយពីរដ្ឋប្រហារ។ លោក លន់ នល់ បានអំពាវនាវឲ្យអង្គការសហប្រជាជាតិថ្កោលទោសចំពោះការរុកកួនរបស់វៀតណាមកុម្មុយនីស្តមកលើប្រទេសកម្ពុជា។ ផ្ទុយមកវិញមួយខែក្រោយមកដោយគ្មានការជូនដំណឹងជាមុនរដ្ឋាភិបាលសហរដ្ឋអាមេរិក និងវៀតណាមខាងត្បូងបានបើកយុទ្ធនាការទ្រង់ទ្រាយធំវាយកម្ទេចជំរំពួកកុម្មុយនីស្តក្នុងតំបន់ភាគខាងកើតប្រទេសកម្ពុជា។ ការវាយកម្ទេចនេះបានធ្វើឲ្យឥស្សរជននយោបាយនៅភ្នំពេញមួយចំនួនស្រមើស្រមៃថាសហរដ្ឋអាមេរិកនឹងជួយការពារប្រទេសកម្ពុជាពីការរុកកួនរបស់វៀតណាមកុម្មុយនីស្ត និងខ្មែរក្រហម។ ប៉ុន្តែជាការពិតក្នុងរយៈពេលមិនដល់ពីរខែផងប្រជាជនកម្ពុជាបានដើរចូលទាំងស្រុងទៅក្នុងភ្នក់ភ្លើងសង្គ្រាមឥណ្ឌូចិនលើកទី ២ ទាំងភាពឆោតល្ងង់ និងដោយមិនដឹងខ្លួន។

នៅឯទីក្រុងប៉េកាំងឯណោះវិញសម្តេចព្រះនរោត្តម សីហនុ បានចងសម្ព័ន្ធភាពជាមួយក្រុមបះបោរគឺចលនាខ្មែរកុម្មុយនីស្តនេះបើតាមការលើកឡើងរបស់លោក Kiernan ក្នុងសៀវភៅរបស់គាត់ដែលមានចំណងជើងថា “The Pol Pot Regime, Race, Power, and Genocide in Cambodia under the Khmer Rouge, 1975-1979”។ លោកស្រី Becker បន្ថែមថាសម្តេចព្រះនរោត្តម សីហនុ បានយល់ព្រមធ្វើជាប្រមុខរណសិរ្សប្រយុទ្ធប្រឆាំងនឹងរបបសាធារណរដ្ឋខ្មែរថ្មី។ ស្ថានការណ៍ដ៏គ្រោះថ្នាក់នៃសង្គ្រាមស៊ីវិលនៃការបង្ហូរឈាមគ្នានេះបានប្រែក្លាយកម្ពុជាបន្តិចម្តងៗទៅជាកូនអុកនៃសង្គ្រាមវៀតណាម។

លោកស្រី Caroline Hughes សហនិពន្ធសៀវភៅដែលមានចំណងជើងថា “Conflict and Change in Cambodia” បានអះអាងថាលោកប្រធានាធិបតី Nixon បានបញ្ជាជាសាធារណៈឲ្យយន្តហោះ B-52 ទម្លាក់គ្រាប់បែកនៅតាមបណ្តាតំបន់ព្រំដែនខាងកើតនៃប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៦៩ ហើយការទម្លាក់គ្រាប់បែកនេះបានបន្តរហូតដល់ខែសីហាឆ្នាំ ១៩៧៣។ លោក Kenton Clymer អ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា “the United States and Cambodia, 1870-1969,From Curiosity to Confrontation“ បានលើកឡើងថាការទម្លាក់គ្រាប់បែកនេះបានរាលដាលទៅដល់សឹងតែគ្រប់កន្លែងពាសពេញផ្ទៃប្រទេសកម្ពុជាជាហេតុនាំឲ្យប្រជាជនកម្ពុជាសរុបយ៉ាងហោចណាស់ ៥០ ០០០ នាក់បានស្លាប់បាត់បង់ជីវិត។ លោក Ben Kiernan អះអាងថាសហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកជាងពីរលានតោនមកលើតំបន់ជនបទនៃប្រទេសកម្ពុជាដែលបណ្ដាលឲ្យកសិករជាង ១០០ ០០០ នាក់បានស្លាប់បាត់បង់ជីវិត។

ការទម្លាក់គ្រាប់បែកនេះមិនបានជួយអ្វីដល់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលសាធារណរដ្ឋខ្មែរដែលជាអាយ៉ងរបស់ខ្លួនទេប៉ុន្តែវាបែរជាសាបព្រោះឲ្យមានការស្អប់ខ្ពើមចំពោះពួកគេកាន់តែខ្លាំងឡើងទៅវិញ។ សម្តេចព្រះនរោត្តម សីហនុ មានបន្ទូលបែបចំអកថាការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកទាក់ទាញជនកុម្មុយនីស្តប្រៀបបីដូចស្ករទាក់ទាញស្រមោចដូច្នោះដែរ។ ហេតុដូច្នេះហើយទើបនៅថ្ងៃទី ១៧ ខែមេសាឆ្នាំ ១៩៧៥ ខ្មែរក្រហមបានបោះជំហានយ៉ាងស្រួលចូលទីក្រុងភ្នំពេញជាមួយនឹងការប្រឆាំងតិចតួចប៉ុណ្ណោះ។ បន្ទាប់មករបបវាលពិឃាតក៏ចាប់ផ្តើមឡើង។

សរុបសេចក្តីមកដោយមើលឃើញពីប្រវត្តិសាស្ត្រច្រំដែលកើតឡើងម្តងហើយម្តងទៀតជាទូទៅអ្នកជាតិនិយមកម្ពុជាភាគច្រើនយល់ឃើញថាការលូកដៃរបស់បរទេសមិនត្រឹមតែមិនបានជួយដោះស្រាយបញ្ហានៅកម្ពុជាទេប៉ុន្តែជាការចូលរួមឲ្យមានវិបត្តិទៅវិញ៕

សំឡេងទីក្រុង!

សំឡេងទីក្រុង!