ការ​សាងសង់​អគារ​កប់ពពក​ចំនួន​បី​ក្នុង​គម្រោង Riviera នឹង​ចាប់ផ្តើម​នៅ​ពាក់កណ្តាល​ឆ្នាំ​នេះ
Posted On : January, 12, 2015 | By សំឡេងទីក្រុង

ដោយ ភ្នំពេញប៉ុស្ដិ៍ ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០១៥

អគារ​លំនៅឋាន និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពោរពេញ​ដោយ​ក្តីស្រមៃ កម្ពស់​ខ្ពស់​កប់ពពក​ចំនួន​បី​ដែល​មាន​អាង​ទឹក​នៅ​ពី​លើ​នៃ​គម្រោង Riviera គ្រោង​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៥ ខាង​មុខ​នេះ​ហើយ ខណៈ​ការ​សាងសង់​អគារ​កម្ពស់​២៨​ជាន់​ចំនួន​ពីរ និង​ផ្សារ​ទំនើប​នៃ​គម្រោង​នេះ​បាន​និង​កំពុង​សាងសង់​យ៉ាង​សកម្ម។

លោក ជិន ហុក ប្រធាន​គ្រប់គ្រង​គម្រោង Riviera បាន​ប្រាប់​ថា ការ​សាងសង់​អគារ​កម្ពស់​៣៨​ជាន់​ចំនួន​បី ដែល​មាន​អាង​ទឹក​នៅ​ពី​លើ​ប្រវែង​ប្រមាណ​២០០​ម៉ែត្រ​នោះ គ្រោង​នឹង​ចាប់ផ្តើម​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៥​នេះ ដោយ​បច្ចុប្បន្ន​ក្រុម​វិស្វករ​ជំនាញ​កំពុង​ចាប់ផ្តើម​ខួងដី​ដើម្បី​ធ្វើ​ តេស្ត ជា​បណ្តើរៗ​ហើយ។

លោក​ប្រាប់​ទៀត​ថា បើ​ទោះបី​ជា​យ៉ាង​ណា​លោក​មិន​ទាន់​ប្រាកដ​ថា ការ​សាងសង់​អគារ​ដែល​មាន​កម្ពស់​ខ្ពស់​កប់ពពក​ទាំង​បី​នេះ​នឹង​ត្រូវ​បញ្ចប់ ​នៅពេល​ណា​នោះ​ទេ ព្រោះ​អគារ​នេះ​វិនិយោគ និង​សាងសង់​ដោយ​ក្រុមហ៊ុន​មកពី​ប្រទេស​ចិន មិនមែន​វិនិយោគ​ដោយ​ក្រុមហ៊ុន OCIC នោះ​ទេ។

ការ​ដ្ឋាន​សាងសង់​របស់​គម្រោង Riviera ដែល​មាន​ទុនវិនិយោគ​ចំនួន​៧០០​លាន​ដុល្លារ ។

ការ​ដ្ឋាន​សាងសង់​របស់​គម្រោង Riviera ដែល​មាន​ទុនវិនិយោគ​ចំនួន​៧០០​លាន​ដុល្លារ ។ ហេង ជីវ័ន

លោក​បន្ត​ថា ចំណែក​អគារ A និង B នៅ​ផ្នែក​ខាង​មុខ​ដែល​មាន​កម្ពស់​២៨​ជាន់​នៅពេល​នេះ​កំពុង​ដំណើរការ​សាងសង់​ យ៉ាងសកម្ម ដោយ​ពេល​នេះ​អគារ B បាន​បញ្ចប់​ការ​សាងសង់​គ្រឹះ​ហើយ​។ ការ​សាងសង់​អគារ B នឹង​បញ្ចប់​គ្រោង​អគារ និង​គ្រឿង​បង្គុំ​ព្រម​ទាំង​សោភណភាព​ខាង​ក្រៅ​នៅ​អំឡុង​ខែ​តុលា ឆ្នាំ​ ២០១៥ ​នេះ។ ចំណែក​អគារ A បាន​និង​កំពុង​សាងសង់​គ្រឹះ។ អគារ​ទាំង​ពីរ​ខាង​លើ​មាន​ផ្ទះ​ចំនួន​១៦​យូនីត​ក្នុង​ជាន់​នីមួយៗ ដោយ​គ្រាន់តែ​មាន​ការ​ប្រែប្រួល​ទំហំ​បន្តិច​នៅ​ជាន់​ខាង​លើ​។

លោក​បាន​បន្ត​ថា ផ្សារទំនើប​ក្នុង​គម្រោង​នេះ​ក៏​គ្រោង​នឹង​បញ្ចប់​គ្រោង​អគារ និង​គ្រឿង​បង្គុំ​ខាង​ក្រៅ​នៅ​អំឡុង​ខែ​មីនា​ខាង​មុខ​ផង​ដែរ ខណៈ​ការ​បើក​ដំណើរការ​គ្រោង​នឹង​ធ្វើ​នៅ​ចុង​ឆ្នាំ​២០១៥។ អគារ​ផ្សារទំនើប​នេះ​មាន​កម្ពស់​៩​ជាន់​នៅ​ផ្នែក​ខាង​មុខ និង​៧​ជាន់​នៅ​ផ្នែក​ខាង​ក្រោយ​។ ផ្សារទំនើប​នេះ​មាន​ទំហំ​សរុប​ចំនួន​៧៨០០០​ម៉ែត្រការ៉េ​។

លោក​បាន​ថ្លែង​ថា​៖ «​បើ​គិត​ពី​ភាពជោគជ័យ​គម្រោង​នេះ​វា​ពិតជា​ទទួល​ជោគជ័យ​ច្រើន ព្រោះ​គម្រោង Riviera ស្ថិត​នៅ​ទីតាំង​ល្អ ហើយ​ការ​លក់​អគារ​ទាំង​ពីរ​A និង B ក៏​កំពុង​ដំណើរការ​យ៉ាងល្អ​ដែរ​»។

លោក​បន្ត​ថា​៖ «​ខ្ញុំ​គិត​ថា​ការ​លក់​បន្ទប់​នៅក្នុង​អគារ​កម្ពស់​៣៨​ជាន់​ដែល​មាន​អាង​ ទឹក​នៅពី​លើ​ទាំង​បី​នឹង​ទទួល​ជោគជ័យ ព្រោះ​វា​មាន​ទីតាំង​នៅ​ជាប់​ទន្លេ​ធំ​ដោយ​បច្ចុប្បន្ន​មាន​អតិថិជន​ជាច្រើន ​បាន​សួរ​អំពី​គម្រោង​នេះ»។

បើ​តាម​លោក ជិន ហុក ការ​សាងសង់​អគារ​ខ្ពស់​កប់​ពពក​ទាំង​៣ ក្រុម​វិស្វករ​ចិន​បាន​បង្ការ​ការពារ​ការ​រញ្ជួយ​ដី​រហូត​ដល់​រង្វាស់ ៧ រ៉ិចទ័រ។

គម្រោង​វិនិយោគ​ដ៏ធំ​មហិច្ឆតា​ខាង​លើ​គឺជា​ការ​សហការ​គ្នា​រវាង​ ក្រុមហ៊ុន OCIC ជាមួយ​ក្រុមហ៊ុន Friendship Development Co, Ltd និង​ក្រុមហ៊ុន Jixiang Investment Co, Ltd មកពី​ប្រទេស​ចិន។

កញ្ញា បាញ់ ស៊ូលី ប្រធាន​ផ្នែក​លក់​នៃ​គម្រោង Riviera ​បាន​និយាយ​ថា ការ​លក់​អគារ B នៅពេល​នេះ​សម្រេច​បាន​ប្រហែល​៩០​ភាគរយ​ហើយ ចំណែក​អគារ A ក៏​លក់​បាន​ចន្លោះ​ពី​៥០-៦០​ភាគរយ​ផង​ដែរ​។ អគារ B បាន​ដាក់​លក់​ក្នុង​តម្លៃ ​២២០០ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ចំណែក​អគារ A លក់​ក្នុង​តម្លៃ​ ២៣០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។ កញ្ញា​បាន​ឲ្យ​ដឹង​ទៀត​ថា អ្នក​ទិញ​ផ្ទះ​នៅក្នុង​អគារ​ទាំងនេះ​ភាគច្រើន​ជា​ជនបរទេស រីឯ​ជនជាតិ​ខ្មែរ​មិន​សូវ​មាន​ទេ។ ស្តង់​របស់​ផ្សារទំនើប​នៃ​គម្រោង Riviera នេះ​មិន​ទាន់​កំណត់​ពេល​លក់ និង​ជួល​នៅ​ឡើយ​ទេ​នា​ពេល​នេះ​។

នៅពេល​និយាយ​អំពី​ភាព​ជោគជ័យ​របស់​គម្រោង​នេះ​កញ្ញា ស៊ូលី បាន​បញ្ជាក់​ថា​៖​«​តាមរយៈ​លទ្ធផល​នៃ​ការ​លក់​នា​ពេល​នេះ ខ្ញុំ​អាច​សន្និដ្ឋាន​បាន​ថា គម្រោង​Riviera នឹង​ទទួល​ជោគជ័យ​»។

Riviera គឺជា​គម្រោង​ដ៏ធំ​មួយ​ដែល​មាន​អគារ​ធំៗ​ចំនួន​ ៥ ក្នុង​នោះ​អគារ​នៅ​ខាង​មុខ​ចំនួន​ ២ (A,B) មាន​កម្ពស់​២៨​ជាន់ និង​អគារ​ចំនួន​ ៣​ នៅ​ខាង​ក្រោយ ​(C,D,E) ដែល​មាន​សង់​អាងទឹក​នៅ​ពី​លើ​ប្រវែង​ ២០០ ​ម៉ែត្រ​នោះ​មាន​កម្ពស់​៣៨​ជាន់​។ Riviera សាងសង់​លើ​ផ្ទៃដី​សរុប​ជិត​ ៣៣​ ម៉ឺន​ម៉ែត្រការ៉េ​រួមមាន​ផ្ទះល្វែង មជ្ឈមណ្ឌល​ផ្សារទំនើប អគារ​ខុនដូ​ធំៗ​ចំនួន​៥ និង​មាន​ចំណត​រថយន្ត​ដែល​អាច​ចត​រថយន្ត​បាន​រហូត​ដល់ ​២០០០​ គ្រឿង​។ គម្រោង​នេះ​មាន​ទុនវិនិយោគ​ប្រហែល​ ៧០០ ​លាន​ដុល្លារ​ដោយ​គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​នៅ​ឆ្នាំ​២០១៧​។

បច្ចុប្បន្ន​កោះពេជ្រ កំពុង​ក្លាយ​ទៅ​ជា​រមណីយដ្ឋាន និង​ជា​ទីតាំង​នៃ​អគារ​ពាណិជ្ជកម្ម និង​លំនៅឋាន​ដ៏ទំនើប​ស៊ីវិល័យ​នៅ​កម្ពុជា តាមរយៈ​ការ​លេច​ឡើង​នូវ​ការដ្ឋាន​សាងសង់​ជាច្រើន​។ គម្រោង ទាំងនោះ​រួមមាន Riviera ដែល​មាន​ទុនវិនិយោគ​ចំនួន​ ៧០០ ​លាន​ដុល្លារ គម្រោង​សាងសង់​ខុនដូ Casa Meridian គម្រោង​ខុនដូ និង​ផ្ទះល្វែង Diamond One គម្រោង​អគារ​ពាណិជ្ជកម្ម​ខ្នាត​តូច Elyse ផ្ទះ​រចនាប័ទ្ម​បារាំង សម័យ​ទំនើប La sense ជាដើម។

លោក អ៊ិន ស៊ីថា អគ្គនាយករង​ក្រុមហ៊ុន World Trust បាន​ប្រាប់​ថា Riviera ជា​គម្រោង​ទទួល​បាន​ការ​គាំទ្រ និង​ពេញនិយម​ពី​សំណាក់​អតិថិជន​ក្នុង​ស្រុក និង​បរទេស​។ ការ​ទទួល​ការ​គាំទ្រ​ច្រើន​បែប​នេះ​ក៏​ដោយសារ​តែ​គម្រោង Riviera មាន​លក្ខណ​ពិសេសៗ​មួយ​ចំនួន​ដូចជា ទី​១ ស្ថិត​នៅ​ទីតាំង​ល្អ​ដែល​ធ្វើឲ្យ​មាន​ភាព​ទាក់ទាញ​ខ្លាំង​ដល់​វិនិយោគិន​ ក្នុង​ស្រុក និង​ក្រៅ​ស្រុក ដោយ​ទី​នោះ​ជា​កន្លែង​ប្រសព្វ​នៃ​ទន្លេ​ចតុ​មុខ ទី​២ អាច​មើល​ឃើញ​រាជធានី​ភ្នំពេញ​ទាំង​មូល ទី​ ៣​ ការ​សាងសង់ និង​បទដ្ឋាន​សំណង់​នៃ​គម្រោង ទី​ ៤ អ្នក​អភិវឌ្ឍន៍​គម្រោង​នេះ​ជា​ដៃគូ​អភិវឌ្ឍន៍​ដ៏ល្អ ដែល​ទទួល​បាន​ទំនុក​ចិត្ត​ពី​អតិថិជន​។ អ្នក​អភិវឌ្ឍន៍​គម្រោង​នេះ​មិន​ដែល​បោះបង់​កណ្តាល​ទី​នោះ​ឡើយ ពោល​គឺ​គម្រោង​គាត់​តែង​សាងសង់​ចប់ចុង​ចប់ដើម ព្រោះ​គាត់​មាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​អភិវឌ្ឍ​គម្រោង និង​ទី​៥​ប្រទេស​កម្ពុជា​កំពុង​មាន​ការ​អភិវឌ្ឍ​ហើយ​និន្នាការ​រស់នៅ​តាម​ ខុនដូ គឺជា​របៀប​រស់នៅ​ថ្មី​ដែល​មាន​ភាព​ស៊ីវិល័យ និង​កំពុង​ពេញនិយម​នៅ​តាម​បណ្តា​ប្រទេស​នៅ​អឺរ៉ុប និង​អាស៊ី៕

Urban Voice Cambodia

Urban Voice Cambodia