4-1-4

ការ​មិន​បែងចែក​ប្រព័ន្ធ​លូទឹក​ដាច់​ពី​គ្នា​ បង្ក​បញ្ហា​ដល់​សុខុមាលភាព​សង្គម

ការសាងសង់ប្រព័ន្ធលូដែលគ្មានស្តង់ដារ និងមិនមានការញែកប្រព័ន្ធលូទឹកភ្លៀង និងទឹកស្អុយដាច់ពីគ្នាពិតជាបង្កហានិភ័យដល់សុខភាពប្រជាពលរដ្ឋ ខណៈបុរីនានានៅកម្ពុជាមិនបានវិនិយោគលើផ្នែកដែលគេមើលរំលងនេះឡើយ។

ស្ថាបត្យករសិក្សាប្លង់អគារសន្តិភាព និងជាសាស្ត្រាចារ្យផ្នែកនគរូបនីយកម្ម និងស្ថាបត្យកម្មនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រលោក ជា ប៊ុនស៊ាង បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថាបច្ចុប្បន្ននៅតាមបុរី ឬគម្រោងអភិវឌ្ឍន៍នានានៅរាជធានីភ្នំពេញភាគច្រើនមិនទាន់បានគិតគូរពីបញ្ហាហេដ្ឋារចនាសម្ព័ន្ធក្រោមដីនេះនៅឡើយដោយពួកគេសាងសង់ប្រព័ន្ធលូរួមបញ្ចូលគ្នារវាងលូទឹកភ្លៀង និងលូទឹកស្អុយដែលធ្វើឲ្យពេលភ្លៀងមក ទឹកលូស្អុយខ្ពុរឡើងពេញថ្នល់ខ្វះអនាម័យ មានក្លិនស្អុយ និងចម្លងមេរោគផ្សេងៗ ដូចជា រោគសើស្បែក និងជំងឺផ្តាសាយជាដើម។

លោកបន្តថា៖ «ការរៀបចំឲ្យមានប្រព័ន្ធលូដាច់ចេញពីគ្នារួមជាមួយលម្ហបៃតងលើសពី ៣០ ភាគរយដោយដាំដើមឈើដូចជាក្នុងគម្រោងណាមួយធ្វើឲ្យសហគមន៍អ្នករស់នៅចៀសផុតពីបញ្ហានានាដូចជា ទឹកលិច ក្លិនលូ និងកម្ដៅជាដើមពោលគឺទទួលបានផាសុកភាព សុខភាពល្អ និងបរិស្ថានបៃតងស្អាតផងដែរ»។

លោកបន្តថា៖ «នៅពេលទឹកភ្លៀងស្ងួតហើយខ្យល់បក់មក ធ្វើឲ្យមេរោគហើរតាមខ្យល់ មកចំឡងមនុស្ស និងធ្វើឲ្យប្រជាជនកើតជំងឺផ្តាសាយ និងជំងឺដទៃទៀត។ នេះជាមូលហេតុដែលការសាងសង់ប្រព័ន្ធលូក្រោមដីមិនបានបែងចែកឲ្យដាច់រវាងលូទឹកស្អុយ និងលូទឹកភ្លៀងដាច់ពីគ្នា»។

លោកសាស្ត្រចារ្យ ជា ប៊ុនស៊ាង បានបន្តថាតាមការសង្កេតរបស់លោកកន្លងមកបុរី ឬគម្រោងលំនៅឋានភាគច្រើននៅប្រទេសកម្ពុជាគឺធ្វើរបងខ្ពស់ៗបន្ថែមមានការបែងចែករវាងតំបន់អ្នកមានជីវភាពខ្ពស់ ជីវភាពមធ្យម និងជីវភាពទាបដែលធ្វើឲ្យមនុស្សពិបាកទំនាក់ទំនងគ្នាប្រចាំថ្ងៃ។

លោកបណ្ឌិត សេង ប៊ុនរិទ្ឋ ទីប្រឹក្សានៃធនាគារអភិវឌ្ឍន៍អាស៊ី និងជាអគ្គនាយកក្រុមហ៊ុន RLS International បានថ្លែងទទួលស្គាល់ថានៅតាមបណ្តាទីក្រុងរបស់ប្រទេសកម្ពុជា ភាគច្រើនមិនទាន់គិតគូរពីការបែងចែកប្រព័ន្ធញែករវាងលូទឹកភ្លៀង និងលូទឹកស្អុយនៅឡើយទេដោយសារកង្វះខាតធនធានមនុស្ស និងធនធានហិរញ្ញវត្ថុ ប៉ុន្តែការរៀបចំប្រព័ន្ធបែបនេះគួរតែធ្វើឡើងឲ្យបានគ្រប់ ខេត្ត-ក្រុង នៃទីក្រុងទាំងអស់នៅក្នុងប្រទេសកម្ពុជាដើម្បីជួយលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។

លោកបន្តថា ការបែងចែករវាងលូទឹកភ្លៀង និងលូទឹកស្អុយក៏នឹងជួយបង្ការពីផលប៉ះពាល់លើគុណភាពទឹកក្រោមដី និងទឹកសម្រាប់ប្រើប្រាស់ផងដែរ។ ផ្ទុយទៅវិញវានឹងមានហានិភ័យដល់សុខភាពខ្ពស់ ប្រសិនជាទឹកស្អុយមិនត្រូវបានចម្រោះព្រោះតាមរយៈការសិក្សាបានរកឃើញថាប្រជាពលរដ្ឋនៅក្រុងភ្នំពេញមានហានិភ័យខ្ពស់ណាស់ដល់សុខភាព ប្រសិនបើពួកគាត់បានជីកអណ្តូងយកទឹកមកប្រើប្រាស់ព្រោះមានពួកគាត់មួយចំនួនធំប្រើប្រាស់អាងផ្ទុកលាមក ឬអាងទឹកក្រោមបង្គន់ដែលមិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសដោយគ្រាន់តែជាអាងធ្វើតាមការនឹកឃើញ និងមិនបានបិទបាតអាងដែលបង្កឲ្យទឹកស្អុយជ្រាបចូលប្រភពទឹកនៅខាងក្រោមដីដែលពួកគាត់កំពុងប្រើប្រាស់។

ទោះជាយ៉ាងណាលោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាបានបដិសេធនឹងការលើកឡើងខាងលើដោយលោកបានថ្លែងថា បុរីលំនៅឋាននៅកម្ពុជាភាគច្រើនបានគិតគូរពីសុខមាលភាពអ្នករស់នៅក្នុងបុរីខ្លាំងណាស់ព្រោះ «យើងអភិវឌ្ឍដោយមានការទទួលខុសត្រូវផ្នែកសង្គម»។

លោកបន្តថា៖ «នៅតាមបុរីនីមួយៗជាបុរីមានស្តង់ដារតែងតែបានគិតគូរពីការរៀបចំប្រព័ន្ធលូឲ្យមានភាពដាច់ពីគ្នារវាងលូទឹកភ្លៀង និងលូទឹកស្អុយដើម្បីបញ្ចៀសហានិភ័យដល់សុខភាពអ្នករស់នៅ»៕

ប្រភព៖ Postkhmer

 

Leave a Reply