ការ​ផ្គត់ផ្គង់​លំនៅឋាន​នៅ​ភ្នំពេញ​មាន​កំណើន​ ១៥ ​%
Posted On : វិច្ឆិកា, 19, 2015 | By សំឡេងទីក្រុង

ប្រភព៖ phnompenhpost.com | ១៩ វិច្ឆិកា ២០១៥

Content image - Phnom Penh Post

ខណៈដែលប្រទេសនេះរក្សាបាននូវកំណើនសេដ្ឋកិច្ច និងពិសេសការកើនទ្បើងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋបានធ្វើឲ្យចំនួនលំនៅឋានផ្គត់ផ្គង់ចូលទីផ្សារសម្រេចបានកំណើន ១៥ ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមការសិក្សារបស់ក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុបដែលបានបញ្ចប់កាលពីពេលថ្មីៗនេះបានរកឃើញថាគិតត្រឹមដំណាច់ត្រីមាសទី ៣ ឆ្នាំនេះចំនួនបុរីនៅកម្ពុជាបានកើនទ្បើងពី ៧៤ កាលពីឆ្នាំមុនដល់ ១១០ បុរីនៅឆ្នាំនេះ និងមានគម្រោងលំនៅឋានសរុបចំនួន ១៥១ គម្រោង និងចំនួនលំនៅឋានផ្គត់ផ្គង់ចូលទីផ្សារបានកើនរហូតដល់ ៤៧០០០ ខ្នងធៀបនឹងឆ្នាំមុនមានលំនៅឋានប្រមាណពី ៤១០០០ ទៅ ៤២០០០ ខ្នងប៉ុណ្ណោះ។ ពោលគឺលំនៅឋានថ្មីដែលបានផ្គត់ផ្គង់ចូលទីផ្សារឆ្នាំនេះមានអត្រាចន្លោះពី ៥០០០ ទៅ ៦០០០ ខ្នង។ ការសិក្សាក៏បានរកឃើញផងដែរថាអត្រានៃការលក់ចេញនៃលំនៅឋានទាំងនោះបានកើនទ្បើងរហូតដល់ ៨០ ភាគរយធៀបទៅនឹងឆ្នាំមុនដែលអត្រាលក់លំនៅឋានមានចំនួនទាបជាងនេះ។

លំនៅឋានដែលលក់ដាច់ជាងគេគឺប្រភេទផ្ទះល្វែងដែលមានតម្លៃជាមធ្យម ៤៤០០០ ដុល្លារដល់ ១៩ ម៉ឺនដុល្លារអាមេរិក។ ចំណែកប្រភេទផ្ទះវីទ្បាក៏មានការកើនទ្បើងផងដែរ ដែលផ្ទះវីទ្បាមានតម្លៃចាប់ពីជាង ៦០០០០ រហូតដល់ជាង ១ លានដុល្លារអាស្រ័យលើប្រភេទផ្ទះ ទំហំ និងរចនាប័ទ្មរបស់ផ្ទះនីមួយៗ។

ការសិក្សាដដែលបានរកឃើញថាតំបន់ដែលមានបុរីច្រើនជាងគេមាននៅខណ្ឌសែនសុខដែលមានបុរីចំនួន ៣៥ គម្រោង ខណ្ឌប្ញស្សីកែវ មានបុរីចំនួន ២៦ គម្រោង និងតាមពីក្រោយដោយខណ្ឌពោធិ៍សែនជ័យដែលមានបុរីចំនួន ២២ គម្រោង។ បុរីដែលលេចធ្លោជាងគេមានបុរីប៉េងហួតដែលផ្តោតលើលំនៅឋានសម្រាប់អ្នកមានជីវភាពមធ្យមទ្បើង បុរីពិភពថ្មីជាបុរីដែលផ្តោតលើអតិថិជនទូទៅ និងបុរីជីបម៉ុងលែនដ៍ក៏កំពុងមានភាពលេចធ្លោផងដែរ។

លោក ហ៊ិន សុជាតិ នាយកផ្នែកស្រាវជ្រាវអចលនទ្រព្យនៃក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុបបានថ្លែងថា៖ «កំណើននៃតម្រូវការលំនៅឋាននៅរាជធានីភ្នំពេញគឺត្រូវបានជំរុញដោយឥណទានលំនៅឋានពីធនាគារ និងឥណទានពីម្ចាស់បុរីនានាដែលមានអត្រាការប្រាក់កាន់តែទាប»។

លោកបន្តថា៖ «ការនិយមរស់នៅឯករាជ្យពីគ្រួសារវ័យក្មេងការកើនទ្បើងរបស់ប្រជាជនមានប្រាក់ចំណូលមធ្យម និងលំហូរចេញរបស់ប្រជាជនមានលំនៅឋានក្នុងក្រុងមករស់នៅតាមបុរីក៏ជាចំណែកមួយផងដែរ»។

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា ១៩ ភាគរយនៃឥណទានរបស់ធនាគារសរុបនៅកម្ពុជាបានផ្តោតលើវិស័យអចលនទ្រព្យដែលមានទំហំទឹកប្រាក់សរុបប្រមាណ ២០០០ លានដុល្លារអាមេរិក។

លោក ហ៊ិន សុជាតិ បានបញ្ជាក់ថា៖ «ការផ្តល់ឥណទានពីធនាគារបានក្លាយជាផ្នែកដ៏សំខាន់ក្នុងការជំរុញកំណើនវិស័យអចលនទ្រព្យនៅកម្ពុជា និងជាការផ្តល់ភាពអនុគ្រោះកាន់តែច្រើនដល់ការវិនិយោគក្នុងវិស័យនេះ»។

លោកបន្តថា «តម្លៃលំនៅឋានក្នុងឆ្នាំនេះក៏បានកើនទ្បើងផងដែរធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុនប៉ុន្តែការសិក្សានេះមិនបានបញ្ជាក់លម្អិតពីបញ្ហានេះទេ»៕

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!