ការ​ដឹកជញ្ជូន​តាម​រថភ្លើង​ពី​​​កម្ពុជា ទៅ​ថៃ ត្រូវ​​បាន​ពន្យារ​ពេល
Posted On : January, 19, 2017 | By Vantha

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

សេវាដឹកជញ្ជូនតាមរថភ្លើងរវាងកម្ពុជានិងថៃបន្ទាប់ពីប្រទេសទាំងពីរភ្ជាប់ផ្លូវរថភ្លើងរួចរាល់ទំនងជាត្រូវលើករង់ចាំបន្តទៀត ដោយសារកម្ពុជានៅមិនទាន់បញ្ចប់គម្រោងសាងសង់ផ្លូវរថភ្លើង នៅសល់ប្រវែង ១គីឡូម៉ែត្រ នៅទីក្រុងប៉ោយប៉ែត។

ការភ្ជាប់ផ្លូវរថភ្លើងរវាងកម្ពុជា និងថៃ ត្រូវបានកំណត់ភ្ជាប់ឲ្យរួចរាល់នៅត្រឹមដំណាច់ឆ្នាំ២០១៦ ហើយពិធីសម្ពោធផ្លូវការនៃការភ្ជាប់ផ្លូវដែកនេះ គ្រោងធ្វើឡើងនៅដើមឆ្នាំ២០១៧ នេះ។

លោក វ៉ា ស៊ឹមសុរិយា មន្ត្រីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីម្សិលមិញបានឲ្យដឹងថា កាលបរិច្ឆេទនៃពិធីភ្ជាប់ផ្លូវរថភ្លើងរវាងកម្ពុជា និងថៃ ជាផ្លូវការនៅមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេដោយសារនៅខាងកម្ពុជា នៅមិនទាន់បញ្ចប់គម្រោងសាងសង់ផ្លូវដែកពីសិរីសោភ័ណ ទៅប៉ោយប៉ែត ទាំងស្រុង។

លោក ស៊ឹមសុរិយា ថ្លែងថា៖ «គម្រោងសាងសង់ផ្លូវរថភ្លើងនៅមិនទាន់ចប់ទេ មានបញ្ហាទាក់ទងនឹងការប្តូរទីតាំងផ្ទះប្រជាពលរដ្ឋ នៅសល់ប្រវែង ១គីឡូម៉ែត្រទៀត នៅមិនទាន់សាងសង់រួច ដោយសារសំណងផលប៉ះពាល់ផ្ទះប្រជាពលរដ្ឋនៅសាងខាងផ្លូវដែក ក្នុងប៉ោយប៉ែត មិនទាន់ដោះស្រាយចប់»។

លោកបន្តថា៖ «យើងមិនទាន់អាចកំណត់ពេលធ្វើពិធីសម្ពោធ តភ្ជាប់ផ្លូវដែកបាននៅឡើយទេនៅពេលនេះ។ បើសិនគម្រោងយើងមិនទាន់ចប់ យើងមិនអាចនិយាយអ្វីបានទេ ហើយមិនដឹងថា តើពិធីសម្ពោធផ្លូវការនឹងធ្វើឡើងពេលឆាប់ ឬអត់»។

បើតាមមន្ត្រីនាំពាក្យផ្លូវដែករវាងកម្ពុជានិងថៃបានភ្ជាប់រួចរាល់ហើយនៅព្រំដែនប៉ោយប៉ែតជាប់អារញ្ញប្រាថេតខេត្តស្រះកែវ ប្រទេសថៃ។

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីខែធ្នូ បានឲ្យដឹងថា ក្នុងពិធីសម្ពោធផ្លូវការនៃការតភ្ជាប់ផ្លូវរថភ្លើង នឹងមានវត្តមាននាយករដ្ឋមន្ត្រី ហ៊ុន សែន និងសមភាគីថៃ លោក ប្រាយុទ្ធ ចាន់ អូចា ជិះរថភ្លើងឆ្លងកាត់ព្រំដែនទៅវិញទៅមក។ ការសម្ពោធផ្លូវការនឹងធ្វើឡើងនៅដើមឆ្នាំ២០១៧ នេះ។

បើតាមលោករដ្ឋមន្ត្រី បន្ទាប់ពីដាក់ឲ្យដំណើរការ ល្បឿនរថភ្លើងខាងកម្ពុជា ពីសិរីសោភ័ណ ទៅប៉ោយប៉ែត មានល្បឿនជាអតិបរមា ៥០គីឡូម៉ែត្រ។

នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់ អូចា កាលពីខែធ្នូ កន្លងទៅបានសន្យាប្រគល់ក្បាលរថភ្លើងឲ្យកម្ពុជាដើម្បីប្រើប្រាស់បន្ទាប់ពីប្រទេសភ្ជាប់ផ្លូវរថភ្លើងរួច ដើម្បីជាផ្នែកមួយក្នុងការជំរុញពាណិជ្ជកម្ម និងការធ្វើដំណើររបស់ភ្ញៀវទេសចរ។

បើតាមមន្ត្រីនាំពាក្យ ក្បាលរថភ្លើង នឹងត្រូវដឹកមកកម្ពុជា បន្ទាប់ពីគម្រោងកសាងផ្លូវដែកបញ្ចប់។ «យើងបានឮថៃ នឹងឲ្យក្បាលរថភ្លើងមកយើង យើងមានទូរថភ្លើងហើយ ប៉ុន្តែកសាងផ្លូវដែកមិនទាន់បញ្ចប់ទាំងស្រុង ដូច្នេះតើយើងយកក្បាលរថភ្លើងមកតាមរបៀបណា?»

អ្នកជំនាញសេដ្ឋកិច្ចធ្លាប់បានលើកឡើងថា ការតភ្ជាប់សេវាដឹកជញ្ជូនរថភ្លើងរវាងកម្ពុជានិងថៃនឹងជួយជំរុញសកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេសជួយសម្រួលការធ្វើដំណើររបស់អ្នកដំណើរ និងភ្ញៀវទេសចរ។

ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិមានសុទិដ្ឋិនិយមចំពោះការភ្ជាប់ផ្លូវរថភ្លើងនេះដោយសារលោកយល់ថាការតភ្ជាប់នេះ នឹងជួយទាញទម្លាក់ថ្លៃដឹកជញ្ជូនទំនិញទាបជាងមុន និងជួយធ្វើឲ្យតំបន់ប៉ោយប៉ែត កាន់តែមានសក្ដានុពល។

លោក កល្យាណ ថ្លែងថា៖ «នៅពេលរថភ្លើងដំណើរការហើយ វានឹងធ្វើឲ្យការថ្លៃដឹកជញ្ជូនទំនិញ និងកសិផលទាបអ្នកវិនិយោគបរទេស ដូចជាជប៉ុន និងកូរ៉េ ដែលកំពុងវិនិយោគនៅថៃ អាចប្តូរចូលមកប៉ោយប៉ែត ដោយសារកម្ពុជា មានសក្ដានុពលកម្លាំងពលកម្មទាបជាង ធៀបនឹងប្រទេសថៃ»៕

ប្រភព៖ khmertimeskh.com

Urban Voice Cambodia

Urban Voice Cambodia