ការ​ដាក់​តម្លៃ​ខុនដូ​នៅ​ កម្ពុជា ​មិន​សម​ស្រប​នឹង​កម្រិត​ចំណូល​របស់​ប្រជា​ពលរដ្ឋ
Posted On : August, 16, 2016 | By សំឡេងទីក្រុង

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

នៅពេលតម្លៃខុនដូដាក់លក់ ៣០០០ ដល់ ៣៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ គឺមានតម្លៃខ្ពស់ជាងទ្វេដងឬច្រើនជាងពីរដងទៅហើយធៀបជាមួយប្រាក់ចំណូលប្រចាំឆ្នាំរបស់ប្រជាពលរដ្ឋកម្ពុជា។

លោក Michael S.Nhim ប្រធានក្រុមអ្នកវិនិយោគនៃក្រុមហ៊ុន SIDO Group ដែលបានវិនិយោគគម្រោងខុនដូ សណ្ឋាគារនៅតាមប្រទេសក្នុងតំបន់បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាថ្ងៃអង្គារថា នៅកម្ពុជាការដាក់តម្លៃខុនដូ ឬលំនៅឋាន មិនមានប្រព័ន្ធមួយច្បាស់លាស់នោះទេ។ ពួកគេមិនបានសិក្សាពីកម្រិតប្រាក់ចំណូលរបស់ប្រជាពលរដ្ឋឡើយ ពោលគឺបើអ្នកវិនិយោគដាក់ចេញតម្លៃខ្ពស់ និងមិនមានការតវ៉ា ហើយគម្រោងរបស់ពួកគេលក់ដាច់ទៀតនោះ ពួកគេនឹងបន្តបំប៉ោងតម្លៃបែបនេះបន្តទៀតខុសគ្នាពីប្រទេសវៀតណាម ហ្វីលីពីន និងឥណ្ឌូនេស៊ី គឺរដ្ឋាភិបាលប្រទេសទាំងនោះបានផ្តល់ការពិគ្រោះយោបល់ទាក់ទងនឹងការដាក់តម្លៃអចលនទ្រព្យ ដើម្បីឲ្យមានភាពសមស្របនឹងកម្រិតចំណូលប្រចាំឆ្នាំរបស់ប្រជាជនប្រទេសគេ។

លោកបន្តថា ៖ «នេះមិនមែនជាការកម្រិតតម្លៃទេ តែវាជាការពិគ្រោះយោបល់របស់រដ្ឋាភិបាល និងអ្នកវិនិយោគ។ វាមិនមែនជាការបង្ខិតបង្ខំ ឬដាក់កម្រិតតម្លៃ ដល់អ្នកវិនិយោគទេ ព្រោះវាជាទីផ្សារសេរី»។ លោកបន្តថា ៖ «នៅកម្ពុជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកំពុងធ្វើការងារនេះ ហើយខ្ញុំរំពឹងថា ក្រសួងនឹងគ្រប់គ្រងវិស័យនេះ ពេញដៃនៅឆ្នាំ២០១៧ ខាងមុខ»។

នៅពេលសួរថា តើខុនដូ ដែលមានតម្លៃ៣០០០ ទៅ៣៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ជាតម្លៃមួយខ្ពស់ពេកឬទេធៀបជាមួយចំណូលប្រជាពលរដ្ឋកម្ពុជាប្រចាំឆ្នាំ? លោកបណ្ឌិត Michael បានថ្លែងថា តម្លៃនេះគឺខ្ពស់ពេកធៀបជាមួយប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ព្រោះយើងអាចសួរថា តើអ្នកណាអាចទិញបាន គឺមានតែអ្នកវិនិយោគមកពីក្រៅប្រទេស និងអ្នកមានមួយចំនួនតូចនៅកម្ពុជាប៉ុណ្ណោះ។

លោក ទុយ ប៊ុន ភាគហ៊ុននិកនៃក្រុមហ៊ុនលំនៅឋានអិល (L) កម្ពុជាភ្នំពេញ ដែលបានវិនិយោគសាងសង់ខុនដូសម្រាប់ប្រជាជនថ្នាក់កណ្តាល បានថ្លែងថា តម្លៃខុនដូដែលលោកកំពុងវិនិយោគ បានផ្តោតលើប្រជាពលរដ្ឋមានប្រាក់ចំណូលមធ្យម ដោយលក់ក្នុងតម្លៃ១១០០ដុល្លារប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េ។ ការផ្តោតលើតម្លៃបែបនេះដោយសារទីតាំងរបស់លោកមិនអាចសាងសង់ខុនដូកម្រិតថ្លៃបាន និងមូលហេតុដទៃទៀត គឺលោកចង់ចាប់យកអតិថិជនក្នុងស្រុក ព្រោះខុនដូរបស់លោកដែលមានបន្ទប់គេងមួយមានតម្លៃតែជាង៤០.០០០ដុល្លារប៉ុណ្ណោះ។

លោកបន្តថា ៖ «ថ្លៃដើមសំណង់មានតម្លៃ៣០០ដុល្លារប៉ុណ្ណោះ ក្នុងមួយម៉ែត្រការ៉េសម្រាប់ខុនដូរបស់លោក ប៉ុន្តែតម្លៃនេះមិនទាន់រាប់បញ្ចូលថ្លៃដី និងការឌីហ្សាញកម្រិតប្រណីតនៅឡើយទេ»។

លោកបន្តថា ៖ «បើតម្លៃសំណង់ផ្ទះល្វែងចំណាយត្រឹម១២០ ទៅ១៥០ដុល្លារប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េ ដូច្នេះការលក់ខុនដូក្នុងតម្លៃ៣០០០ ទៅ៣៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ គឺអ្នកវិនិយោគចំណេញច្រើនណាស់»។

អគ្គនាយករងក្រុមហ៊ុន OCIC លោក ទូច សំណាង បានថ្លែងថា តម្លៃថ្លៃដើមសំណង់មានតម្លៃចន្លោះពី៣៥០ ទៅ៨០០ដុល្លារ អាស្រ័យលើគុណភាពសំណង់ និងកម្រិតខុនដូ ដែលធ្វើការសាងសង់ក្នុងកម្រិតផ្កាយបី ឬផ្កាយប្រាំ។

លោកបន្តថា តម្លៃខុនដូដែលបានដាក់លក់នៅកម្ពុជា មានតម្លៃខ្ពស់ជាងតម្លៃថ្លៃដើមសំណង់យ៉ាងតិចពីរដង បើធៀបថ្លៃដើមសំណង់។ លោកបន្តថា តម្លៃសំណង់ក៏អាស្រ័យលើតម្លៃដី និងកម្ពស់របស់អាគារផងដែរ ប៉ុន្តែសម្រាប់គម្រោងខុនដូ ដែលសាងសង់នៅតំបន់ជាយក្រុងដែលដាក់លក់តម្លៃ១០០០ដុល្លារ ឬច្រើនជាងនេះបន្តិចក្នុងមួយម៉ែត្រការ៉េ ជាតម្លៃសមរម្យដែលប្រជាពលរដ្ឋមានប្រាក់ចំណូលមធ្យមអាចមាន លទ្ធភាពទិញបាន។

លោកបន្តថា ៖ «តម្លៃខុនដូដែលដាក់ចេញបច្ចុប្បន្ន គឺមានតម្លៃថ្លៃហើយ ខ្ញុំគិតថា អ្នកវិនិយោគអាចបញ្ចុះតម្លៃបានច្រើនថែមទៀត ព្រោះទីតាំងខ្លះទោះបីដីមានតម្លៃថ្លៃក្តី ប៉ុន្តែផ្ទៃក្រឡាសំណង់ធំជាងទំហំដីចន្លោះពី ១០ ទៅ២០ដង»។

លោកបន្តថា ៖ «ការវិនិយោគសំណង់ខុនដូ ដែលមានតម្លៃចន្លោះពី៥ ទៅ៧ម៉ឺនដុល្លារ គឺជាតម្លៃសមរម្យ ដែលអ្នកមានជីវភាពថ្នាក់កណ្តាលអាចទិញបាន»។

ទោះជាយ៉ាងណាលោកឧកញ៉ា សៀ រិទ្ធី អគ្គនាយកក្រុមហ៊ុន World Bridge Land ដែលបាននិងកំពុងវិនិយោគសាងសង់គម្រោង The Bridge និង The Peak ដែលមានតម្លៃជិត ១ ០០០ លានដុល្លារ បើបូកគម្រោងទាំងពីរបញ្ចូលគ្នា។

លោកបានថ្លែងថា និយាយពីការវិនិយោគខុនដូត្រូវនិយាយពីអ្នកណាមានលទ្ធភាពទិញបាន គឺមានតែប្រជាពលរដ្ឋក្នុងទីក្រុងដែលមានអាជីវកម្មច្បាស់លាស់ និងការគាំទ្រពីធនាគារប៉ុណ្ណោះទើបពួកគេមានលទ្ធភាពទិញ។ មិនមែនប្រជាពលរដ្ឋនៅតំបន់ជនបទមករស់នៅតាមខុនដូនោះទេ។

លោកបន្តថា ៖ «ការសាងសង់ខុនដូ ក៏មានប្រភេទខុសគ្នាដែរ សម្រាប់គម្រោងនៅជាយក្រុងភ្នំពេញ ពួកគេអាចទិញដីក្នុងតម្លៃទាប ដូច្នេះពួកគេអាចលក់ខុនដូរបស់ពួកគេក្នុងតម្លៃធូរថ្លៃបានផងដែរ»។

អ្នកនាង អាន សុធីតា នាយិការងជាន់ខ្ពស់ក្រុមហ៊ុន CBRE Cambodia បានថ្លែងថា ដោយសារកម្រិតនៃការយល់ដឹងរបស់ប្រជាពលរដ្ឋនៅមានកម្រិត ទើបពួកគាត់មិនយល់ដឹងពីទីផ្សារ ហេតុនេះពួកគេគួរមានការសិក្សា និងមានការយល់ដឹងពីតម្លៃថ្លៃដើមសំណង់ ដើម្បីពួកគេមានមូលដ្ឋានក្នុងការចរចាជាមួយអ្នកវិនិយោគខុនដូ ដើម្បីកុំឲ្យអ្នកវិនិយោគសាងសង់ខុនដូ និងដាក់លក់តាមតម្លៃតាមដែលពួកគេចង់បាន។

អ្នកនាងបន្តថា ទោះជាយ៉ាងណាអ្នកវិនិយោគខុនដូមួយចំនួនបានដាក់លក់ខុនដូរបស់ខ្លួនក្នុងតម្លៃសមរម្យ ប៉ុន្តែអ្នកមួយចំនួនទៀតបានដាក់ក្នុងតម្លៃខ្ពស់ ដែលគម្រោងខ្លះមានតម្លៃយ៉ាងទាបបំផុត១២ម៉ឺនដុល្លារក្នុងមួយយូនីត តម្លៃនេះគឺប្រជាពលរដ្ឋអាចរកទិញផ្ទះវីឡា ឬផ្ទះល្វែងនៅជាយក្រុងបានហើយ។

អ្នកនាងបន្តថា ៖ «ខុនដូគួរមានតម្លៃចាប់ពី១២០០ទៅ១៥០០ដុល្លារ ជាតម្លៃសមរម្យអាចទទួលយកបានធៀបជាមួយចំណូលរបស់ ប្រជាពលរដ្ឋ»។

អ្នកនាងទទូចថា ៖ «អ្នកវិនិយោគគួរគិតពីកិត្តិយស កិត្តិស័ព្ទរបស់ពួកគេ និងគួរគិតពីការវិនិយោគរយៈពេលវែង ជាជាងគិតតែពីប្រាក់ចំណេញច្រើនក្នុងរយៈពេលខ្លី»។

លោក ម៉ឺ វ៉ាន់ អគ្គនាយកឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្លាប់បានថ្លែងឲ្យដឹងកាលពីសប្តាហ៍មុនថា ក្រសួងមិនមានសិទ្ធិក្នុងការកំណត់តម្លៃអចលនទ្រព្យរបស់អ្នកអភិវឌ្ឍន៍ទេ ព្រោះកម្ពុជាអនុវត្តន៍តាមយន្តការទីផ្សារសេរី៕

Related Posts

Urban Voice Cambodia

Urban Voice Cambodia