ការិយាល័យ​ជួល​កម្រិត​A ​ក្នុង​ទីក្រុង​ភ្នំពេញ មាន​ទីផ្សារ​ល្អ
Posted On : មេសា, 23, 2015 | By សំឡេងទីក្រុង

ស៊ុំ ម៉ាណេត, Thu, 23 April 2015, Phnom Penh Post

ភ្នំពេញ: តម្លៃ​ការិយាល័យ​ជួល​​កម្រិត​A ក្នុង​ទីក្រុង​ភ្នំពេញ​បាន​កើនឡើង ៣.២ ​ភាគរយ​ក្នុង​ត្រីមាស​ទី​ ៤ ​ក្នុង​ឆ្នាំ​ ២០១៤ ​។ នេះ​បើ​យោង​តាម​សន្ទស្សន៍​ការិយាល័យ​ជួល​កម្រិត​ A ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក របស់​ក្រុមហ៊ុន Knight Frank​។

លោក Ross Wheble ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន​ Knight Frank ប្រចាំ​កម្ពុជា បាន​និយាយ​ថា តម្លៃ​អចលនទ្រព្យ​ដែល​មាន​ស្រាប់​នៅ​កម្ពុជា​ហាក់​ដូចជា​មិនមាន​ការកើនឡើង​គួរ​ឲ្យ​កត់សម្គាល់​​នោះ​ទេ ប៉ុន្តែ​មាន​គម្រោង​ចំនួន​ពីរ​ដែល​ទើប​នឹង​ចេញ​ថ្មីៗ​នេះ​អាច​នឹង​ដាក់​ជួល​​បាន​ក្នុង​តម្លៃ​ខ្ពស់ ដោយសារ​មាន​ការរចនា​ប្រណីត គុណភាព​ខ្ពស់ និង​មាន​សោភណភាព​ស្អាត​។

លោក​បាន​ឲ្យ​ដឹងថា ៖​«សម្រាប់​ការិយាល័យ​ជួល​កម្រិត​ A យើង​ផ្តោតលើ​អគារ កាណាឌីយ៉ា និង​ខណ្ឌ​សំខាន់ៗ នៅ​កណ្តាល​ភ្នំពេញ​»​។

របាយការណ៍​ខាងលើ​បាន​បង្ហាញ​ថា តម្លៃ​ការិយាល័យ​ជួល​កម្រិត​ A ​សុទ្ធ​ប្រចាំខែ​ក្នុង​ទីក្រុង​ភ្នំពេញ​មាន​តម្លៃ​ ២២ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ហើយ​បន្ទាប់ពី​គិត​លើ​ថ្លៃ​សេវាកម្ម ពន្ធ និង​ការគ្រប់គ្រង ការជួល​មាន​តម្លៃ​ ២៨.៩ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ក្នុង​ត្រីមាស​ទី​ ៤ ​។

លោក​បាន​បន្ត​ទៀត​ថា ៖ «តម្លៃ​អចលនទ្រព្យ​ក្នុង​ប្រទេស​កម្ពុជា​បើ​ធៀប​នឹង​ប្រទេស​ថៃ ម៉ាឡេស៊ី និង​សិង្ហបុរី​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ​»​។

ក្នុង​របាយការណ៍​ខាងលើ​បាន​សិក្សា​ពី​ទីក្រុង​ចំនួន​ ១៩ ដូចជា​ទីក្រុង​ភ្នំពេញ ទីក្រុង​ Brisbane ទីក្រុង​មែលប៊ន ទីក្រុង ​Perth ទីក្រុង​ស៊ីដនី ទីក្រុង​ប៉េកាំង ទីក្រុង Guang zhou ទីក្រុង​ស៊ាងហៃ ទីក្រុង​ហុងកុង ទីក្រុង​ Bangalore ទីក្រុង​មុមបៃ ទីក្រុង​ញូវដែលី ទីក្រុង​ហ្សាការតា​ ទីក្រុង​តូក្យូ ទីក្រុង​គូឡាឡាំពួ ទីក្រុង​សេអ៊ូល ទីក្រុង​តាយត៊ិ និង​ទីក្រុង​បាងកក​។

របាយការណ៍​ខាងលើ​ដដែល​បាន​បង្ហាញ​ថា ៖​«​ក្នុង​ចំណោម​​ទីក្រុង​ទាំងអស់​នេះ ទីក្រុង​ហ្សាការតា​មាន​ការកើនឡើង​ខ្ពស់​ជាង​គេ​ស្មើ​ នឹង​ ៦.២ ​ភាគរយ ខណៈ​​កន្លែង​នៅ​ទំនេរ​ធ្លាក់ចុះ​ទៅ​ដល់​ ៤.២ ​ភាគរយ​។ បន្ទាប់ពី​ទីក្រុង​ ហ្សាការតា ទីក្រុង​ភ្នំពេញ​បាន​កើនឡើង​ ៣.២ ​ភាគរយ​ដោយ មាន​ការគាំទ្រ​ពី​ក្រុមហ៊ុន​បរទេស​ដែល​មាន​បំណង​ទាញ​យក​ផលប្រយោជន៍​ពី​កំណើន​ឡើង​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​»​។

លោក Ross Wheble បាន​បញ្ជាក់​ថា ៖«​យើង​រំពឹងទុក​ថា ទីផ្សារ​ការិយាល័យ​ជួល​មួយ​នេះ​នឹង​នៅតែ​មាន​ស្ថានភាព​ល្អ​ទាំង​រយៈពេល​ខ្លី និង​មធ្យម ដោយសារ​ការផ្គត់ផ្គង់​ការិយាល័យ​ថ្មី​មាន​លំនឹង​ល្អ​។

អគារកាណាឌីយ៉ា​ត្រូវ បាន​បញ្ចប់​កាលពី​ ២០០៩ ភ្នំពេញ​ថាវើរ​បញ្ចប់​ក្នុង ២០១១ អគារ​វឌ្ឍនៈ​បញ្ចប់​ក្នុង​ឆ្នាំ​ ២០១៤ និង​កន្លែង​ផ្សារហ៊ុន​របស់​ក្រុមហ៊ុន​ Hong Kong Land មិនទាន់​ត្រូវបាន​បញ្ចប់​​រហូត​ដល់​ឆ្នាំ​២០១៦ ដូច្នេះ​តម្រូវការ​នៅតែ​អាច​ឆ្លើយតប​នឹង​ការផ្គត់ផ្គង់​ថ្មី ព្រោះ​​ការអភិវឌ្ឍ​ការិយាល័យ​កម្រិត​ A ​នៅ​មាន​ចំនួន​កំណត់​នៅ​ឡើយ​»​៕

 

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!