ការអភិវឌ្ឍទីក្រុង និងការបណ្ដេញចេញ
Posted On : សីហា, 26, 2015 | By សំឡេងទីក្រុង

ទីក្រុងភ្នំពេញគឺ ជាទីក្រុងធំជាងគេនៅប្រទេសកម្ពុជា ហើយជាទីតាំងសំខាន់នៃវិស័យសេដ្ឋកិច្ច ​សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។ នគរូបនីយកម្ម គឺជាសមិទ្ធផលធម្មជាតិ ដែលបានមកពីការអភិវឌ្ឍទី​ក្រុងយ៉ាងសន្សឹមៗ។​ ជាលទ្ធផល រូបរាងនៃទីក្រុងភ្នំពេញមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដោយ​បង្កើត​ឱ្យមាននូវ ទីក្រុងរណប សំណង់អាគារខ្ពស់ៗ និងរចនាសម្ព័ន្ធផ្សេងៗទៀត។ ទោះជាយ៉ាងណាក៏ដោយ ការសម្របសម្រួលឲ្យមានការអភិវឌ្ឍទាំងនោះ វាបានបណ្តាលឱ្យមានការ​បណ្ដេញ​ប្រជាជនចេញពី​ទី​ក្រុង​​ភ្នំពេញ​​ ជាពិសេស ប្រជាពលរដ្ឋក្នុងតំបន់ក្រីក្រ។​ ទង្វើនេះបានក្លាយទៅជាបញ្ហាសង្គម ដែល​សាធារណជន​​បានយកចិត្ដទុកដាក់​និង​ផ្តោតយ៉ាងខ្លាំងទៅអនាគត។

ជាការពិតណាស់ ការអភិវឌ្ឍន៍ទីក្រុង និងនគរូបនីយកម្មវាមាន​ទំនាក់ទំនងនិងគ្នាយ៉ាងជិតស្និត។ ប៉ុន្តែ ប្រសិនមិនមានការធ្វើផែនការដ៏ល្អិតល្អន់ និងការ​ពិភាក្សា​ប្រកប​ដោយ​ប្រសិទ្ធភាពទេនោះ ភាពចម្រូងចម្រាស់​ទាក់ទងទៅនឹងតម្រូវការគម្រោងអភិវឌ្ឍន៍ និងតម្រូវការរបស់របស់ប្រជាពលរដ្ឋ​នឹង​កើតមានឡើង ។ ការអភិឌ្ឍន៍ ប្រកបដោយការ​ទទួលខុស​ត្រូវ ​មាន​ន័យថា បញ្ហានានាត្រូវបានដោះស្រាយ ​​​​​។ អ្វីដែលគួរឲ្យសោកស្តាយបំផុតនោះគឺថា នៅទីក្រុងភ្នំពេញការបណ្តេញចេញ​កើតឡើងដោយ​ការបង្ខិតបង្ខំ ក្រោមរូបភាពអភិវឌ្ឍន៍ទីក្រុង។

នៅក្នុងឆ្នាំ ២០១២ ការបណ្ដេញចេញប្រជាពលរដ្ឋជាទ្រង់ទ្រាយធំ នៅ បូរីកីឡា​ បានកើតឡើង។ ​ថ្ងៃទី៣ ខែមករា ឆ្នាំ២០១២លំនៅដ្ឋានប្រជាពលរដ្ឋជាច្រើន​នៅបូរីកីឡា ត្រូវបានបំផ្លាញ​ដោយមាន​សហប្រតិបត្ដិការរវាង​អាជ្ញាធរ​មូលដ្ឋាន កងប្រដាប់អាវុធ និងប៉ូលីស។ ការបណ្តេញចេញនេះ​កើត​ឡើងដោយសារ គម្រោងការអភិវឌ្ឍន៍ ដី ៤.៦ហិចតា នៅតំបន់នោះ របស់ក្រុមហ៊ុន ផានអ៊ីមិ

​គេបានប្រើប្រាស់ឧបករណ៍ដូចជា ឡានពន្លត់អគ្គីភ័យ គ្រឿងចក្រ​ឈូសឆាយ និងប៉ូលីសដែលបំពាក់ដោយបំពង់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីទប់ស្កាត់កុំឲ្យប្រជាពលរដ្ឋរំខាន​ដល់​សកម្មភាពបណ្តេញចេញនេះ។ ទោះបីមានសង្ឃឹមតិចតួចនៅ​ក្នុងការការពារផ្ទះ​របស់ពួកគាត់​ក៏ដោយ ក៏ប្រជាពលរដ្ឋបាននាំគ្នាតវ៉ាពីការបណ្ដេញចេញនេះ។ ប្រជាពលរដ្ឋបានយកដុំថ្មគប់​ទៅ​លើ​អាជ្ញាធរ ដែលបង្ករឲ្យមានការប៉ះទង្គិចយ៉ាងខ្លាំងរវាងអាជ្ញាធរ និងប្រជាពលរដ្ឋ ហើយជាលទ្ធផល អ្នក​តវ៉ា១១ នាក់ត្រូវបានចាប់ខ្លួន។

នៅក្នុងកិច្ចសន្យាក្រុមហ៊ុនបានយល់ព្រម សាងសង​ចំនួនដប់អាគារ​ដើម្បីផ្តល់​ជា​សំណង​ជាលំនៅដ្ឋាន​ដល់គ្រួសារ​ដែលត្រូវបានបណ្ដេញចេញ។ ក៏ប៉ុន្តែ​ មកដល់ពេលនេះមាន​អាគារតែ​ប្រាំបី​ប៉ុណ្ណោះ​ត្រូវ​​បានសាងសង់ និងបានផ្តល់ដល់​ប្រជាពលរដ្ឋបូរីកីឡា ខណៈពេលដែល​មានប្រ​ជាពលរដ្ឋជាង ៣៨៤ គ្រួសារមិនទទួលបានសំណង។ ជំនួសមកវិញ ប្រជាពលរដ្ឋ​ទាំងនោះត្រូវបានបណ្តេញ ចេញឱ្យទៅរស់នៅ ទួលសំបូរ នៅក្នុងខណ្ឌ ដង្កោរ​ ជាយទីក្រុងភ្នំពេញ ដែលមានចំងាយ ៣០គ.ម ភ្មំបាត ស្រុកពញាឮ ខេត្តកណ្តាល និងខ្លះទៀតកំពុងតវ៉ា។ ប្រជាពលរដ្ឋមិន​យល់​ព្រមនឹងការសន្យានោះទេ ហើយបាន​បន្ដការតវ៉ាដោយការដាក់ញ្ញត្តិទៅស្ថាប័នដែលពាក់ព័ន្ធ ​ និងធ្វើបាតុកម្ម ​ដើម្បី​ទាមទាឱ្យក្រុម​ហ៊ុនសាងសង់ឱ្យគ្រប់ចំនួន១០អាគារតាមកិច្ចសន្យា និង ជួយដោះស្រាយ​លំនៅដ្ឋាន​ដល់ពួកគាត់។ ​

ការបណ្តេញចេញដ៏ធំមួយទៀតគឺ​ប្រជាពលរដ្ឋនៅតំបន់បឹងកក់ ក្នុងហេតុ​ផលអភិវឌ្ឍន៍ ហើយដើម្បីសាងសង់​មជ្ឈមណ្ឌលពាណិជ្ជកម្ម លំនៅដ្ឋាន និងតំបន់ទេសចរណ៍។ ករណីនេះ វាស្រដៀងគ្នាទៅនឹងប្រជាពលរដ្ឋ​ករណីបូរី​ កីឡាដែរ។  រាជរដ្ឋាភិបាលបានធ្វើអនុប្រយោគដីតំបន់បឹងកក់ ហើយបានចុះកិច្ចសន្យាជួលដីតំបន់​នេះ​ទៅឲ្យក្រុមហ៊ុនអភិវឌ្ឍន៍មួយឈ្មោះ​ថា ស៊ូកាគូ អីន។ គម្រោងការអភិវឌ្ឍន៍បឹងកក់មានផ្ទៃដីសរុប ១៣៣ហិតា​ ដែលបានបណ្ដេញប្រជាពលរដ្ឋ​សរុបប្រហែលជាង៤,០០០គ្រួសារ​ ​។​ ខុសពីករណីនៅបូរីកីឡា សំណង​សម្រាប់គ្រួសារ​ដែលរស់នៅជុំវិញតំបន់បឹងកក់ មិនត្រូវបានកំណត់ និងយល់ព្រមឡើយ។

នៅ​ខែសីហា ឆ្នាំ២០០៨ ក្រុមហ៊ុន​បានចាប់​ផ្ដើម​បូម​ខ្សាច់​លុបបឹង និងក្នុងខែមេសា ឆ្នាំ២០១៤ ប្រជាពលរដ្ឋប្រមាណជាង ៣,៥០០គ្រួសារ ត្រូវបង្ខំឱ្យទទួលសំណងសម្រាប់ការខូចខាត និងបាត់បង់​លំនៅដ្ឋានរបស់ពួកគេ។ ទោះបីជាយ៉ាងណា មានប្រជាពលរដ្ឋដែលនៅសល់ បានបន្តទាមទារ​សំណង ដែលពួកគេគិតថាគេសមនឹងទទួលបាន។ ដោយ​ហេតុនេះ ​ការតវ៉ា និងការធ្វើបាតុកម្មជាច្រើនបានកើតឡើង​ទាក់ទង​នឹង​អភិវឌ្ឍន៍​គ្មាន​ការទទួលខុស​ត្រូវ​នេះ។ អាជ្ញាធរបានបង្ក្រាប និងចាត់វិធានការក្តៅៗលើអ្នក ប្រឆាំងតវ៉ា មានដូចជា ការវាយដំ​ និង​ការ​ប្រើប្រាស់ដំបងឆក់ មកលើប្រជាពលរដ្ឋ​ ជាដើម។ ពេលនោះដែរ សំណើសុំផ្សេងៗពីអ្នកអ្នកតវ៉ា ក៏ដូចជា សំណើរស្នើសុំសម្រាប់ការតាំងទីលំនៅថ្មី​គឺត្រូវបានបដិសេធ។

ការបណ្ដេញចេញប្រជាពលរដ្ឋនៅតំបន់បឹងកក់ ត្រូវបានមើលឃើញថាជាការបណ្ដេញចេញដ៏ធំ​ដែលមិនធ្លាប់​កើតមានសម្រាប់ការអភិវឌ្ឍន៍នៅទីក្រុងភ្នំពេញ។ ករណីនេះមិនទាន់ចប់ទេ ហើយ ការតវ៉ានឹង​​​មាន​បន្តពីព្រោះពលរដ្ឋមួយចំនួនមិនទាន់ទទួលបានការដោះស្រាយនៅឡើយ។

សំឡេងទីក្រុង!

សំឡេងទីក្រុង!