ការសាងសង់អគារកម្ពស់ ៦០ ជាន់ក្នុងគម្រោងអូទ្បាំព្យានឹងចាប់ផ្តើមនៅដើមឆ្នាំក្រោយ
Posted On : July, 30, 2015 | By សំឡេងទីក្រុង
វាមិនមែនជាការស្រមៃទេហើយក៏មិនមែនជាសុបិននោះដែរ នៅពេលអគារកប់ពពកជាច្រើនបាននិងកំពុងបង្ហាញខ្លួនជាបណ្តើរៗនៅ រាជធានីភ្នំពេញ ខណៈពេលក្រុមហ៊ុន OCIC ក៏បានចាប់ផ្តើមសាងសង់អគារការិយាល័យកម្ពស់ ៦០ ជាន់ និងអគារកប់ពពកជាច្រើនទៀតនៅក្នុងគម្រោងនេះ។
អគារលំនៅឋាន សណ្ឋាគារ និងការិយាល័យដ៏ប្រណីតទាំងនេះបាននិងកំពុងផ្លាស់ប្តូរមុខមាត់ រាជធានីភ្នំពេញ ដើម្បីប្រែក្លាយទីក្រុងនេះជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកក្នុង ល្បឿនមួយស្ទើរមិនគួរឲ្យជឿ។
លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុនអាណិកជនខ្មែរនៅក្រៅប្រទេស (OCIC) បានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា គម្រោងដែលចំណាយប្រាក់ពី ៣៥០ ទៅ ៤០០ លានដុល្លារ សម្រាប់តែការចំណាយទៅលើផ្នែកសំណង់នេះនឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅឆ្នាំ ២០១៩ ខាងមុខនេះ ដើម្បីប្រែក្លាយតំបន់នេះ ជាតំបន់ពាណិជ្ជកម្មប្រកបដោយភាពរស់រវើក។
ទីនេះជាទីតាំងដ៏មានសក្តានុពល ព្រោះស្ថិតនៅចំតំបន់ពាណិជ្ជកម្មកណ្តាលក្រុង។ លោកបន្តថា ជាមួយនឹងដំណើរការសាងសង់អគារថ្មីនេះ ក្រុមហ៊ុនក៏នឹងអនុញ្ញាតឲ្យម្ចាស់ផ្ទះល្វែង និងម្ចាស់ខុនដូទៅរស់នៅក្នុងឆ្នាំក្រោយនេះផងដែរ។
លោកបន្តថា ចំណែកផ្សារទំនើបកម្ពស់ ៧ ជាន់នៅក្នុងគម្រោងនេះក៏បានចាប់ផ្តើមធ្វើគ្រឹះ ដើម្បីបញ្ចប់ការសាងសង់ទាន់ពេលវេលា ព្រោះផ្សារនេះអាចនឹងបញ្ចប់នៅដើមឆ្នាំ ២០១៧ ខាងមុខនេះ។
អគារខ្ពស់ជាងគេក្នុងគម្រោងនេះដំបូងទ្បើយគ្រោងសាងសង់កម្ពស់ ៥៥ ជាន់ ប៉ុន្តែពេលនេះក្រុមហ៊ុន OCIC បានដំទ្បើង ៥ ជាន់ទៀតដែលធ្វើឲ្យអគារខ្ពស់ជាងគេក្នុងគម្រោងនេះមានកម្ពស់រហូតដល់ ៦០ ជាន់។
លោក ងួន ហាន់ឬទ្ឋិ ប្រធានគ្រប់គ្រងការដ្ឋានទីក្រុងអូទ្បាំព្យាបានថ្លែងថា ក្រុមអ្នកជំនាញបានសិក្សាដីចប់ហើយ ហើយបច្ចុប្បន្ននេះក្រុមហ៊ុនកំពុងធ្វើតេស្តដី និងសិក្សាពីគ្រឹះរបស់អគារនេះ។
កញ្ញា ទ្បុង សុភ័ក្រ ប្រធានផ្នែកលក់ និងទីផ្សារនៃគម្រោងទីក្រុងអូទ្បាំព្យាបានថ្លែងថា បច្ចុប្បន្ននេះក្រុមហ៊ុនកំពុងលក់អគារខុនដូទី ៣ ដែលជាអគារបើកលក់ក្រោយ អគារទី ១ ទី ២ និងអគារខុនដូទី ៤ ។
កញ្ញាបន្តថា រហូតមកទល់ពេលនេះអគារទី ៣ លក់អស់ ៥០ ភាគរយហើយ ខណៈអគារទី ១ លក់បាន ៩៩ ភាគរយអគារទី ២ និងទី ៤ លក់បាន ៨៥ ភាគរយ។
កញ្ញាបន្តថា ចំណែកផ្សារទំនើបកម្ពស់ ៧ ជាន់នៅក្នុងគម្រោងនេះមិនទាន់ដាក់លក់នៅទ្បើយទេ ព្រោះក្រុមហ៊ុនចង់បញ្ចប់ការ សាងសង់អគារជាមុនសិនទើប ចាប់ផ្តើមសម្រេចប្រកាសលក់ និងជួលស្តង់ដល់អតិថិជន។
កញ្ញាបន្តថា ៖«គម្រោងនេះបាននិងកំពុងទទួលជោគជ័យ ព្រោះទីតាំងរបស់គម្រោងនេះជាតំបន់ពាណិជ្ជកម្មស្ថិតនៅកណ្តាលក្រុង និងទទួលបានទំនុកចិត្តពីអតិថិជន ព្រោះយើងយកចិត្តទុកដាក់ក្នុងការសាងសង់ និងគិតពីគុណភាពសំណង់ជាចម្បង»។
ផ្ទះក្នុងគម្រោងនេះលក់ក្នុងតម្លៃចាប់ពីណ ២៣០០ ទៅ២៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយបើគិតជាតម្លៃផ្ទះគឺមានតម្លៃចាប់ពី ១០៣.០០០ ដល់ ៦៦៦.០០០ ដុល្លារអាមេរិក។
កញ្ញា ទ្បុង សុភ័ក្រ បានបន្តថា ៖«អតិថិជនទិញផ្ទះក្នុងគម្រោងនេះមានចម្រុះជាតិសាសន៍ទាំងខ្មែរ និងបរទេស ហើយជនបរទេសដែលទិញគម្រោងនេះភាគច្រើនមានជនជាតិចិន តៃវ៉ាន់ ជប៉ុន សិង្ហបុរី និងម៉ាទ្បេស៊ី ជាដើម»។
លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុនCentury21 Mekongបានថ្លែងថា គម្រោងនេះស្ថិតនៅបេះដូងនៃក្រុងភ្នំពេញ ដូច្នេះអ្វីដែលសំខាន់ថា តើគម្រោងអភិវឌ្ឍន៍នេះមានចំណតយានយន្តគ្រប់គ្រាន់ និងមានរៀបចំប្រព័ន្ធសុវត្ថិភាពអាចរំដោះមនុស្សចេញបានដែរឬទេ នៅពេលមានបញ្ហាកើតទ្បើង? លោកបន្តថា វាជាការផ្តល់របៀបនៃការរស់នៅបែបស៊ីវិល័យសម្រាប់មនុស្ស សម័យថ្មីមួយ ហើយអ្វីដែលសំខាន់ ថាតើម្ចាស់គម្រោងនេះផ្តោតទៅលើអតិថិជនលំដាប់ណា?
ព្រោះបើផ្តោតលើអតិថិជនក្នុងស្រុកអគារនេះនឹងមានមនុស្សរស់នៅ ច្រើននាពេលអនាគត តែបើផ្តោតលើអតិថិជនលំដាប់ខ្ពស់ គឺបារម្ភខ្លាចវាក្លាយជាអគារខ្មោចពេលយប់ទ្បើងងងឹតឈឹង មិនមានមនុស្សរស់នៅ តែបើពេលយប់អាគារណាមួយមានពន្លឺ មានមនុស្សរស់នៅច្រើន មានន័យថា គម្រោងនោះទទួលបានជោគជ័យហើយ។
លោកឲ្យដឹងថា ៖«ប្រសិនជាអ្នកអភិវឌ្ឍន៍ផ្តោតលើអ្នកមានប្រាក់ច្រើន អតិថិជនលំដាប់នេះមានចំនួនតិច និងធ្វើឲ្យមានការប្រកួតប្រជែងខ្លាំងនៅក្នុងទីផ្សារនេះ តែទីផ្សារខុនដូក៏មិនសម្រាប់តែប្រជាជនក្នុងស្រុកទេ តែក៏ផ្តោតលើជនបរទេសផងដែរ»។ លោកបន្តថា ៖«គម្រោងដ៏ធំនេះបើធៀបជាមួយនឹងសេដ្ឋកិច្ច និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋគឺវាលើសអ្វីដែលយើងមាន»។
នៅពេលសួរថាតើរយៈពេល ១០ ឆ្នាំខាងមុខ កម្ពុជានឹងអាចក្លាយជាខ្លាសេដ្ឋកិច្ចក្នុងតំបន់នេះបានដែរឬទេ នៅពេលទីក្រុងនេះកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស? លោកសុខនីម បានថ្លែងថា ៖«វាមិនទាន់ដល់ពេលនៅទ្បើយទេ វានៅត្រូវការពេលវេលាវែងឆ្ងាយទៀត តែល្បឿននៃការអភិវឌ្ឍរបស់យើងគឺលឿនជាងបណ្តាប្រទេសក្នុងតំបន់ នេះ»៕