ការពិត​មួយ​ចំនួន​រុញ​ឲ្យ​​ចរាចរណ៍​ នៅ​ភ្នំពេញ​ កាន់តែ​អាក្រក់
Posted On : ឧសភា, 31, 2018 | By Vantha

 មូលហេតុ​នៃ​ការ​កកស្ទះ និង​គ្រោះថ្នាក់ចរាចរណ៍ នៅ​រាជធានីភ្នំពេញ

– ប្រទេស​កម្ពុជា​រងផលប៉ះពាល់​ប្រមាណជា ៣៣៧លានដុល្លារ ក្នុង​១ឆ្នាំ ដោយសារ​គ្រោះថ្នាក់ចរាចរណ៍

– រាជរដ្ឋាភិបាល​បាន​ធ្វើ​អ្វីខ្លះ​ ដើម្បី​ដោះស្រាយ​វបត្តិកកស្ទះ និង​គ្រោះថ្នាក់ចរាចរណ៍?

– តើរយៈពេល​៥ឆ្នាំ​ខាងមុខ តើអ្វីជាអាទិភាព នៅក្នុង​ការ​ដោះស្រាយ​វិបត្តិ​ការស្ទះ និង​គ្រោះថ្នាក់ចរាចរណ៍​នៅរាជធានីភ្នំពេញ?

ក្រុម​អ្នក​ឃ្លាំមើល​សុវត្ថិភាព​ចរាចរណ៍​ សុទ្ធតែ​ទទួល​ស្គាល់​ថា រាជធានី​ភ្នំពេញ​​ដែល​ជា​មជ្ឈមណ្ឌល​ធ្វើ​ពាណិជ្ជកម្ម ឧស្សាហកម្ម និង​ជា​បណ្ដុំ​ការងារ​ច្រើន​ជាង​គេ​របស់​កម្ពុជា មាន​ការ​រីក​ចម្រើន​ស្ទើរ​គ្រប់​វិស័យ​ ប៉ុន្ដែ​ទីក្រុង​មួយ​នៅ​តែ​មាន​បញ្ហា​ឈឺក្បាល ដោយសារ​ស្ថានភាព​ចរាចរណ៍​កកស្ទះ គឺ​បណ្ដាល​មក​ពី​ ឥរិយាបថ​អ្នក​បើកបរ ព្រម​ទាំង​កំណើន​ប្រជាជន និង​យានយន្ត ជាដើម។

​បើ​ទោះ​បី​ជា​​គោលនយោបាយ​ពង្រីក​ក្រុង និង​ពង្រីក​ផ្លូវ​បាន​ច្រើន​ ក្នុង​ន័យ​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ក្ដី ក៏​អ្នក​ឃ្លាំ​មើល​សុវត្ថិភាព​ចរាចរណ៍​បាន​ឲ្យ​ដឹង​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​ នៅ​តែ​​​ជា​មូលហេតុ​នាំមុខ​គេ ​នៃ​ការ​ស្លាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ដោយ​បាន​បំផ្លាញ​មិន​ត្រឹមតែ​ជីវិត​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​ប៉ះពាល់​ដល់​សីលធម៌ ​សេចក្ដី​ថ្លៃថ្នូរ​ ទ្រព្យសម្បត្តិ និង​ការអភិវឌ្ឍន៍​ជាដើម។ ក្រៅ​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍ ការ​កក​ស្ទះ​ចរាចរណ៍​ ក៏​ជា​ផ្នែក​មួយ​ប៉ះពាល់​ដល់​​សេដ្ឋកិច្ច​ជាតិ​ ដូចជា អស់​ប្រេង​ឥន្ធនៈ (ស្ទះ​ផ្លូវ) ការ​ទៅ​ធ្វើ​ការ​​មិន​ទាន់​ពេល និង​ការ​បង្ក​ឲ្យ​មាន​ជំងឺ​ផ្លូវ​ចិត្ត​ ជាដើម។ តើ​​ត្រូវ​ធ្វើ​ដូច​ម្ដេច​ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ និង​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​​ឲ្យ​មាន​ប្រសិទ្ធភាព?

នៅ​មុន​នឹង​ចាប់​ផ្ដើម​ឆ្លើយ​សំណួរ​ខាង​លើ យើង​គួរ​និយាយ​អំពី​ឫសគល់ ​​នៃ​ការ​បង្កើត​ឲ្យ​មាន​ការ​កកស្ទះ​ចរាចរណ៍ និង​គ្រោះ​ថ្នាក់​ចរាចរណ៍​ជាមុន​សិន។ ផ្អែក​តាម​ការ​លើក​ឡើង​របស់​ លោក គង់ រតនៈ អនុ​ប្រធាន​វិទ្យា​ស្ថាន​ជាតិ​​សុវត្ថិ​ភាព​​ចរាចរណ៍​​ផ្លូវ​គោក បាន​ប្រាប់ Sabay ថា ការ​កកស្ទះ​ចរាចរណ៍ ប្រមាណ​ជា​៩៥% បណ្ដាល​មក​ពី​កត្តា​មនុស្ស។ មនុស្ស​សំដៅ​ដល់​អ្នក​បើកបរ​មិន​ចេះ​ច្បាប់ ឬ​ចេះ​ច្បាប់​តែ​បំពាន បើក​បរ​មិន​ស្គាល់​គន្លង​ផ្លូវ​ ឡាន ម៉ូតូ កង់ និង​ថ្មើរជើង​ជាដើម។ កង្វះ​សីលធម៌ (បើកបរ​មិន​ចេះ​អត់ឱន​ អធ្យាស្រ័យ​ ជាពិសេស​ពេល​ប៉ះទង្គិច​គ្នា)។ ការ​រំលោភ​ចិញ្ចើម​ថ្នល់​យក​ធ្វើ​អាជីវកម្ម, ការ​ចត​គ្មាន​សណ្ដាប់​ធ្នាប់, និង អ្នក​បើកបរ​មិន​គោរព​សញ្ញា​ចរាចរណ៍​ មិន​ស្គាល់​សិទ្ធិ​អាទិភាព​ ជាដើម។ កត្តា​ទាំង​អស់​នេះ ផ្ដើម​ចេញ​ពី​ឥរិយាបថ​អ្នក​បើកបរ បន្ទាប់​មក​ គឺ​ការ​អនុវត្តន៍​ច្បាប់​​នៅ​ធូររលុង​ ទើប​បញ្ហា​ចរាចរណ៍​នៅ​តែ​កើត​មាន។

ក្រៅ​ពី​ហេតុផល​ខាង​លើ កំណើន​ពលរដ្ឋ និង កំណើន​យានយន្ត ក៏​ជា​មូលហេតុ ​នៃ​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​កម្ពុជា ជាពិសេស​ក្នុង​រាជធានី​ភ្នំពេញ។ លោក គង់ រតនៈ ​បន្ថែម។

និយាយ​ពី​កំណើន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ យោង​តាម​ការ​សិក្សា​របស់​ក្រុមហ៊ុន Urban Living Solution រក​ឃើញ​ថា ប្រជាពលរដ្ឋ​រស់​នៅ​រាជធានី​ភ្នំពេញ​​កាល​ពី​​ឆ្នាំ ២០១៧ មាន​ប្រមាណ ២ លាន​នាក់។ តួ​លេខ​នេះ ​នឹង​កើន​ឡើង​ដល់ ៤ លាន​នាក់ ឬ​ច្រើន​ជាង​នេះ​នៅ​ឆ្នាំ ២០៣០។

ចុះ​យានជំនិះ​នៅ​កម្ពុជា​មាន​ប៉ុន្មាន? ទិន្នន័យ​ឆ្នាំ ២០១៧​ របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បង្ហាញ​ថា ​យានយន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​សរុប​ទាំងអស់​​មាន​ចំនួន ៣,៥០ ​លាន​គ្រឿង ​ក្នុង​នោះ​មាន​ម៉ូតូ​ប្រហែល ៣ ​លាន​គ្រឿន និង​រថយន្ត​ប្រហែល​ជាង ០,៥០ ​លាន​គ្រឿង​​។ តួលេខ​ដដែល​នេះ​ បញ្ជាក់​ថា ​នៅ​ភ្នំពេញ​មាន​យានយន្ត​ប្រហែល ៩០ ​ភាគរយ​ហើយ​មាន​តែ​ប្រហែល​ ១០ ​ភាគរយ​ទេ​នៅ​តាម​បណ្ដា​ខេត្ត​នានា។

មូល​ហេតុ​ នៃ​ការ​គ្រោះ​ថ្នាក់​ចរាចរណ៍

ស្ទើរ​តែ​ ១០០% កត្តា​គ្រោះ​ថ្នាក់​ចរាចរណ៍​បណ្ដាល​មក​ពី​មនុស្ស។ លោក គង់ រតនៈ បាន​ឲ្យ​ដឹង​ថា ការ​គ្រោះ​ថ្នាក់​ចរាចរណ៍​ គឺ​កើត​ឡើង​ដោយសារ​តែ​អ្នក​បើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍ បើក​បរ​ក្នុង​ស្ថានភាព​ស្រវឹង ជាដើម។

ការ​ប្រៀប​ធៀប​ឥរិយាបថ​អ្នក​បើកបរ​បច្ចុប្បន្ន​ និង ឥរិយាបថ​អ្នក​បើកបរ​កាល​ពី​​ ៥-១០ ឆ្នាំ​មុន

លោក អ៊ា ចរិយា នាយក​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍ បាន​ប្រាប់​ Sabay ថា កាលពី​មុន​ដោយសារ​ចរាចរណ៍​មាន​ចំនួន​តិច ដូច្នេះ​​ការ​បើកបរ​មាន​ភាព​អធ្យាស្រ័យ​គ្នា​​ច្រើនជាង​ពេល​បច្ចុប្បន្ន​នេះ​ ហើយ​សីលធម៌ ការ​គោរព​គ្នា​ទៅវិញ​ទៅ​​មក​មាន​ភាព​ល្អ​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន​។

បន្ថែម​លើ​នេះ អនុ​ប្រធាន​វិទ្យា​ស្ថាន​ជាតិ​​សុវត្ថិ​ភាព​​ចរាចរណ៍​​ផ្លូវ​គោក បាន​មើល​ឃើញ​ថា ការ​ផ្លាស់ប្ដូរ​ស្ថានភាព​ចរាចរណ៍​បច្ចុប្បន្ន​ និង ៥ឆ្នាំ​មុន​ គឺ​សេវា​កម្ម​ដឹក​ជញ្ជូន​សាធារណៈ​ក្នុង​ក្រុង​មាន​ការ​រីក​ចម្រើន, ហេដ្ឋារចនាសម្ពន្ធ​ ដូចជា ផ្លូវ, ស្ពាន​​អាកាស​ថ្មើរ​ជើង និង​ស្ពាន​​អាកាស​​ថ្មី​ៗ បាន​កើត​ឡើង, ការ​ពង្រីក​ផ្លូវ​ ដោយ​មាន​​ការ​បែក​ចែក​គន្លង​ច្បាស់​លាស់ ជាដើម។ ប៉ុន្តែ​បញ្ហា​ឥរិយាបថ​អ្នក​បើកបរ​ និង​ការ​រឹត​បន្តឹង​ច្បាប់​នៅ​មិនទាន់​ផ្លាស់ប្ដូរ​ច្រើន​នៅឡើយ។

ការ​កកស្ទះ​ចរាចរណ៍​បណ្ដាល​ឲ្យ​ប៉ះពាល់​ដូចជា៖

១. ពេល​វេលា (ទៅ​ធ្វើ​ការ​មិនទាន់)

២. ថវិកា (ការ​ប្រើប្រាស់​ប្រេង​ឥន្ធនៈ​កើន​ឡើង បណ្ដាល​មក​ពី​ស្ទះ)

៣. ផលិតភាព​សេដ្ឋកិច្ច​យឺតយ៉ាវ (សេវាកម្ម​ដឹក​ជញ្ជូន)

៤. ប៉ះពាល់​ផ្លូវ​ចិត្ត ព្រោះ​អារម្មណ៍​មួរ​ម៉ៅ​។

គ្រោះថ្នាក់​ចរាចរណ៍​​បណ្ដាល​ឲ្យ​ប៉ះពាល់​ដូចជា៖

១. បាត់​បង់​ចំណូល​គ្រួសារ (របួស ពិការ ស្លាប់)

២. បង្កើន​បន្ទុក​សម្រាប់​រាជរដ្ឋាភិបាល។

ចំណុច​សំខាន់​ៗ​ខាង​លើ​នេះ គឺជា​ការ​លើកឡើង​របស់ ​ អនុ​ប្រធាន​វិទ្យា​ស្ថាន​ជាតិ​​សុវត្ថិ​ភាព​​ចរាចរណ៍​​ផ្លូវ​គោក។

ចំពោះ​ការ​សិក្សា​ឆ្នាំ ២០១៣ របស់​អង្គការ​ជន​ពិការ​អន្តរជាតិ Handicap International ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ បាន​ឱ្យ​ដឹង​ថា គ្រោះ​ថ្នាក់​ចរាចរ​បាន​ធ្វើ​ឱ្យ​រាជរដ្ឋាភិបាល​ខាត​បង់​ថវិកា​​ចំនួន​​ ៣៣៧ លាន​ដុល្លារ​ក្នុង​១ឆ្នាំ ដែល​តួលេខ​នេះ ស្មើ​ទៅ​នឹង​ប្រមាណ 3​ភាគរយ នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ប្រមាណ​ជា ១៥ពាន់​លាន​ដុល្លារ។

ឯ​ទិន្នន័យ​របស់​អង្គការ​សុខភាព​ពិភពលោក​ (WHO) ក្នុង​ឆ្នាំ ២០១៦ វិញ បាន​បង្ហាញ​ថា មនុស្ស​ប្រមាណ​ជា ១,២៥ លាន​នាក់ បាន​ស្លាប់​ និង រង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍។ មនុស្ស​ដែល​ស្លាប់​ភាគ​ច្រើន​ជា​ប្រុស អាយុ​ចន្លោះ​ពី ១៥-២៩ឆ្នាំ។

តួលេខ​ខាង​លើ​ក៏​បាន​សិក្សា​លើ​ប្រទេស ​ដែល​មាន​ចំណូល​ទាប មធ្យម និង​ខ្ពស់​ផង​ដែរ។ គិត​ជា​មធ្យម​​ប្រទេស​មាន​ចំណូល​ខ្ពស់ មាន​អ្នក​ស្លាប់ ៩,២នាក់ ហើយ​ប្រទេស​មាន​ចំណូល​មធ្យម​ស្លាប់​ ១៨,៤នាក់ និង​ ប្រទេស​មាន​ចំណូល​ទាប​ស្លាប់ ២៤,១នាក់ ក្នុង​ចំណោម​អ្នក​បើកបរ​នៅ​លើ​ដង​ផ្លូវ ១សែន​នាក់។ តួលេខ​នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់ ប្រទេស​ដែល​មាន​អ្នក​យល់​ដឹង​ច្រើន ចេះ​ច្បាប់​ទម្លាប់​មាន​អ្នក​ស្លាប់​តិច​ជាង​ អ្នក​មាន​ចំណូល​មធ្យម និង​ទាប។ លោក គង់ រតនៈ ពន្យល់​បន្ថែម។

មិន​អាក្រក់​ពេក លោក គង់ រតនៈ បាន​ឲ្យ​ដឹង​ទៀត​ថា ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម ហើយ​តួលេខ​អ្នក​ស្លាប់ ​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​ ក្នុង​ចំណោម​​អ្នក​បើកបរ​លើ​ដង​ផ្លូវ​ ១សែន​នាក់ មាន​អ្នក​ស្លាប់ ១១,៩ នាក់ បើ​ប្រៀប​ធៀប​នឹង​បណ្ដា​ប្រទេស​​ក្នុង​អាស៊ាន និង​ពិភពលោក។ ចរាចរណ៍​នៅ​កម្ពុជា​ប្រហាក់​ប្រហែល​នឹង​ឡាវ និង វៀតណាម តែ​ក្រោម​ថៃ។ “ខ្ញុំ​គិត​ថា បើ​ប្រៀប​ធៀប​អំពី​ការ​រឹត​បន្តឹង​ច្បាប់​ និង​ឥរិយាបថ​អ្នក​បើកបរ​កម្ពុជា​ នៅ​ចាញ់​វៀតណាម ប៉ុន្តែ តួលេខ​អ្នក​ស្លាប់​កម្ពុជា​ប្រសើរ​ជាង​នៅ​ថៃ”។

របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ឱ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំ​២០១៧ មាន​ចំនួន​ជាង ៣​ពាន់​ករណី (៣ ៥៣១) ​ហើយ​ចំនួន​នេះ​ គឺ​ថយ​ចុះ​ជាង ១០០​ករណី (១៦៩) ​បើ​ធៀប​នឹង​ឆ្នាំ ​២០១៦។

​តើ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចូលរួម​ធ្វើ​អ្វី​ខ្លះ ដើម្បី​កាត់​បន្ថយ​ ការ​កកស្ទះ​ចរាចរណ៍ និង​គ្រោះថ្នាក់​ចរាចរណ៍? រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិត​ខំ​ដោះស្រាយ​ការ​កកស្ទះ​ចរាចរណ៍ និង​គ្រោះ​ថ្នាក់​ចរាចរណ៍​តាមរយៈ​យន្ត​ការ​ពង្រឹង​ច្បាប់​ ដោយ​បាន​ធ្វើ​ច្បាប់​ចរាចរណ៍​ថ្មី​នៅ​អំឡុង​ឆ្នាំ ២០១៥ និង​ អនុវត្តន៍​នៅ​ដើម​ឆ្នាំ ២០១៦ ដែល​ច្បាប់​ថ្មី​នេះ មាន​ភាព​តឹងរ៉ឹង​ជាង​ច្បាប់​ចាស់។

មាន​ការ​កត់សម្គាល់​ដែរ​ថា សាលា​រាជធានី​ភ្នំពេញ ដែល​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល បាន​ចាប់​ផ្ដើម​យុទ្ធនាការ​រំដោះ​ចិញ្ចើម​ផ្លូវ​ និង​បាន​ដំឡើង​ភ្លើង​ស្ដុប​ឆ្លាត​វៃ ដោយរួមទាំង​​ជំរុញ​ឲ្យ​សាធារណជន​ប្រើប្រាស់​សេវាកម្ម​សាធារណៈ​រួមមាន​រថយន្ត​ក្រុង-រថភ្លើង​ ព្រម​ទាំង​កសាង​ផ្លូវ​ស្ពាន​ថ្មើរ​ជើង ស្ពាន​អាកាស​ជាដើម។

សមិទ្ធផល​ធំៗ ដែល​លេចធ្លោ​នៅ​រាជធានី​ក្នុង​ការ​កាត់​បន្ថយ​ការ​កក​ស្ទះ​​ និង​គ្រោះ​ថ្នាក់​ចរាចរណ៍​មាន​ដូចជា៖

១. ស្ពាន​អាកាស៖

ស្ពាន​អាកាស​ក្បាល​ថ្នល់៖ ស្ពាន​នេះ បាន​​​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​កាល​ពី​ថ្ងៃ ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១០។ ​​ស្ពាន​នេះ​ត្រូវ​បាន​ចាត់​ទុក​ជា​ស្ពាន​​​អាកាស​​​​​​ដំបូង​បង្អស់​ និង​​​ជា​សំណង់​​ប្រវត្តិសាស្ត្រ​​សម្រាប់​ប្រទេស​កម្ពុជា​។ ស្ពាន​​ក្បាល​ថ្នល់​បាន​​​ចំណាយ​ការ​សាង​សង់​​​ជាង ៦ លាន​ដុល្លារ​។

ស្ពាន​អាកាស​ ៧​មករា៖ ស្ពាន​អាកាស​​​៧មករា (ពេទ្យ​លោក​សង្ឃ​)​ មាន​បណ្ដោយ​​​ ៣៤៥​ម៉ែត្រ ទទឹង​​១៥,២​ម៉ែត្រ ​លាត​សន្ធឹង​លើ​មហា​​​វិថី​​​សហព័ន្ធ រុស្ស៊ី និង​ទម្លាក់​​​ខ្នែង​ជា​ដៃ​​ស្ពាន​នៅ​ស្រប ​​នឹង​មហា​​វិថី​​កម្ពុជា​ក្រោម​ ដែល​​មាន​បណ្ដោយ​​​ ១៦០ម៉ែត្រ ​ទទឹង​​​ ៦,៥​ម៉ែត្រ​​។ ​ការ​សាង​សង់​ចំណាយ​ថវិកា​​​​ជាង ៨ លាន ៣ សែន​​​ដុល្លារ​ និង​ត្រូវ​បាន​សម្ពោធ​ឲ្យ​ប្រើ​ប្រាស់​កាល​ពី​ថ្ងៃ​ទី៦ ខែ​មករា ឆ្នាំ​២០១២។

ស្ពាន​អាកាស​ស្ទឹង​មានជ័យ៖ ស្ពាន​អាកាស ស្ទឹង​មាន​ជ័យ គឺជា​ស្ពាន​អាកាស ទី៣ នៅ​កម្ពុជា​បន្ទាប់​ពី​ស្ពាន​អាកាស​ក្បាល​ថ្នល់​​​ ស្ពាន​អាកាស ៧ មករា ឬ​ស្ពាន​អាកាស​ពេទ្យ​លោក​សង្ឃ​។ ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​បាន​បើក​ការដ្ឋាន​សាងសង់​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១២ និង​ដាក់​ឲ្យ​ប្រើប្រាស់​កាល​ពី​ឆ្នាំ​ ២០១៤ ដោយ​​​ចំណាយ​ថវិកា​ប្រមាណ១៩ ​លាន​ដុល្លារ​។

ស្ពាន​អាកាស​តិច​ណូ៖ ជា​ស្ពាន​អាកាស​ទី​៤ នៅ​រាជ​ធានី​ភ្នំពេញ​។ ស្ពាន​អាកាស​តិច​ណូ​​ បាន​ចំណាយ​ការ​សាង​សង់​​ប្រមាណ​១៤ លាន​ដុល្លារ​អាមេរិក​ ប្រើ​រយៈ​ពេល​សាង​សង់​ ១៦ ខែ​។ ស្ពាន​នេះ​ មាន​បណ្ដោយ​ ៣៨២​ម៉ែត្រ និង​ទទឹង​ ១៥,៨ ម៉ែត្រ ​ស្ពាន​នេះ​​​មាន​សសរ​ភ្លោះ​៦​ ដែល​​មាន​គម្លាត​​ពី​សសរ​​​មួយ​ទៅ​មួយ​ចន្លោះ​​​ ២០ ទៅ​៣០​ម៉ែត្រ ព្រម​​ទាំង​​​​អនុញ្ញាត​ឲ្យ​យានយន្ត​ផ្ទុក​ទម្ងន់​អតិបរមា​​​​ ២៥​តោន​ឆ្លង​កាត់​បាន​​។​ ស្ពាន​តិច​ណូ​ បាន​បើក​ការដ្ឋាន​នៅ​ក្នុង​ឆ្នាំ​២០១៤ និង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​ឆ្នាំ ​២០១៥។

ស្ពាន​អាកាស​ស្តុប​ផ្សារ​ដី​ហុយ៖ ស្ពាន​អាកាស​ផ្សារ​ដី​ហុយ គឺ​ជា​គម្រោង​ស្ពាន​អាកាស​ទី​៥ នៅ​រាជធានី​ភ្នំពេញ បាន​បើក​ការដ្ឋាន​សាងសង់ កាល​ពី​ខែ​សីហា​ឆ្នាំ​២០១៦ កន្លង​ទៅ។ ស្ពាន​នេះ មាន​ប្រវែង ៩០៥​ម៉ែត្រ ទទឹង ១៦,៥ម៉ែត្រ។

២. ស្ពាន​ថ្មើរ​ជើង

ស្ពាន​អាកាស​ថ្មើរ​ជើង​ជម្ពូវ័ន្ត៖ ស្ពាន​អាកាស​សម្រាប់​អ្នក​ថ្មើរជើង ឆ្លងកាត់​ទទឹង​ផ្លូវ​ជាតិ​លេខ​៤ ស្ថិត​នៅ​ចំណុច​ផ្សារ​ជម្ពូ​វ័ន គឺជា​ស្ពាន​អាកាស​ថ្មើរជើង​ដំបូង​គេ​នៅ​កម្ពុជា​។ ស្ពាន​អាកាស​ថ្មើរជើង​នេះ មាន​បណ្ដោយ​ប្រវែង ៥០ ម៉ែត្រ​ទទឹង ៣,៥០ ម៉ែត្រ និង​កម្ពស់ ៦ ម៉ែត្រ ដែល​ការស្ថាបនា​សំណង់​នេះ បាន​ចំណាយ​រយៈពេល​ជិត ១០ ខែ ដោយ​រាប់បញ្ចូល​ទាំង​ការសាងសង់​ពង្រីក​ផ្លូវ​សងខាង និង​ការ​ដាក់​ប្រព័ន្ធ​លូ។

ស្ពាន​អាកាស​ថ្មើរ​ជើង​នាង​គង្ហីង៖ នេះ​ត្រូវ​បាន​ចាប់​ផ្ដើម​ដំណើរ​ការ​សាងសង់​កាល​ពី​អំឡុង​ខែ​តុលា ឆ្នាំ​២០១៧​ ក្រោម​កិច្ច​សហប្រតិបត្តិការ​រវាង​សាលា​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន​វិនិយោគ​ទុន​អាណិកជន​កម្ពុជា (OCIC) ដោយ​ចំណាយ​ថវិកា​ប្រមាណ ៣លានដុល្លារអាមេរិក។ សមិទ្ធផល​ថ្មី​នេះ នឹង​រួមចំណែក​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍ ក៏ដូចជា​បង្កើន​សុវត្ថិភាព​ដល់​អ្នក​ថ្មើរជើង​ផង​ដែរ។

៣. ​សេវា​រថភ្លើង៖

– សេវា​រថ​ភ្លើង៖ សេវា​ដឹក​អ្នក​ដំណើរ​តាម​រថ​ភ្លើង​ទៅ​កាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នេះ​ បាន​ដាក់​ឲ្យ​ដំណើរ​ការ​បណ្ដោះ​អាសន្ន​​​ដោយ​ឥត​គិត​ថ្លៃ កាល​ពី​អំឡុង​ខែ​មេសា ​រហូត​ដល់​ថ្ងៃ​ទី​១ ខែ​សីហា​ ឆ្នាំ​ ២០១៨។ ក្រុមហ៊ុន Royal Railway ដែល​វិនិយោគ​លើ​គម្រោង​​រថ​ភ្លើង​ដឹក​អ្នក​ដំណើរ​ធុន​ស្រាល​ បាន​បញ្ជាក់​ថា រថភ្លើង​នឹង​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​ដូច​ការ​ធ្វើ​ចរាចរ​តាម​ផ្លូវថ្នល់, ​ចំណាយ​ពេល​ធ្វើដំណើរ​ត្រឹម​តែ ​២០ ទៅ​ ៣០​នាទី,​ អាច​កាត់​បន្ថយ​ការ​កក​ស្ទះ​ និង​ចំណេញ​ពេល​វេលា​, រថភ្លើង​មាន​ប្រព័ន្ធ​ហ្វ្រាំង​ពិសេស​ ​ដើម្បី​ឈប់​ដូច​រថយន្ត​ក្រុង, រថភ្លើង​មាន​អ្នក​បើកបរ ២នាក់, អាច​ដឹក​អ្នក​ដំណើរ​បាន​ប្រហែល​ ១ ០០០នាក់​ក្នុង​មួយ​ថ្ងៃ។

 រថភ្លើង​អាកាស​គ្មាន​មនុស្ស​បើក​ទាំង​ ៤ខ្សែ នៅ​ភ្នំពេញ៖ បច្ចុប្បន្ន​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន រួម​ជាមួយ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​-កម្ពុជា ហៅ​កាត់ (JICA) កំពុង​សិក្សា​លើ​សាងសង់​រថភ្លើង​លើ​អាកាស​គ្មាន​មនុស្ស​បើក​ (AGT) ចំនួន៤ខ្សែនៅរាជធានីភ្នំពេញ។ ការ​សិក្សា​បឋម​នេះ​គ្រោង​នឹង​បញ្ចប់​នៅ​មុន​ឆ្នាំ​ ២០១៨ និង​ចាប់​ផ្ដើម​សាងសង់​ជា​ផ្លូវ​ការ​នៅ​ឆ្នាំ​២០១៩ និង​បញ្ចប់​នៅ​មុន​ឆ្នាំ​២០២៣ ដើម្បី​ត្រៀម​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម ២០២៣ ក៏​ដូច​ជា​រំដោះ​បញ្ហា​កកស្ទះ​នៅ​​ភ្នំពេញ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្ដម ស៊ុន ចាន់​ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ។

៤. សេវា​រថយន្ត​ក្រុង​សាធារណៈ៖ សេវា​រថយន្តក្រុង​សាធារណៈ​របស់​សាលា​​រាជធានី​ភ្នំពេញ ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​លើកដំបូង កាលពី​ឆ្នាំ​២០០១ តែ​​ទទួល​​បរាជ័យ​។ លុះ​ដល់​​ឆ្នាំ​២០១៤ សាលា​រាជធានី​ភ្នំពេញ បាន​ដាក់​ឱ្យ​ប្រើ​សេវា​រថយន្តក្រុង​សាធារណៈ​ម្ដង​ទៀត ទើប​ទទួល​បាន​ជោគជ័យ ហើយ​បន្ត​រហូតដល់​សព្វថ្ងៃ។ ការ​ដាក់​ឱ្យ​ដំណើរការ​រថយន្តក្រុង​សាធារណៈ​របស់​រដ្ឋ​នេះ គឺ​ដើម្បី​សម្រួល​ការ​កក​ស្ទះ​ចរាចរណ៍ និង​កាត់បន្ថយ​ការ​ចំណាយ​របស់​ប្រជាពលរដ្ឋ។

៥. សេវា​ដឹកជញ្ជូន​តាម​ផ្លូវ​ទឹក៖ មធ្យោបាយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក​ដំបូង​បង្អស់​នៅ​កម្ពុជា បាន​ចាប់​ផ្ដើម​ដំណើរការ​ជា​ផ្លូវការ​ហើយ គឺ​ពី​ព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ។ ការ​ដាក់​ឲ្យ​ដំណើរការ​នាវា​ដឹក​អ្នក​ដំណើរ​នេះ គឺ​ដើម្បី​ចូលរួម​ចំណែក​កាត់​បន្ថយ​បញ្ហា​កកស្ទះ​ចរាចរណ៍ និង​បង្កើន​សុវត្ថិភាព​ដល់​អ្នក​ដំណើរ​ចេញ-ចូល និង​ឆ្លង​កាត់​រាជធានី​ភ្នំពេញ​ជា​រៀង​រាល់​ថ្ងៃ។

៦. ភ្លើង​ស្ដុប​ឆ្លាត​វៃ៖ ភ្លើង​ស្តុប​ថ្មី​ជាង ១០០​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ បាន​ដាក់​ឲ្យ​ដំណើរការ​ជា​បន្ត​បន្ទាប់ ក្រោម​ជំនួយ​ពី​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន-កម្ពុជា ហៅ​កាត់ (JICA)។  ភ្លើង​ស្តុប​ចរាចរណ៍​ថ្មី​នេះ មាន​ភ្ជាប់​​ប្រព័ន្ធ​ Sensor ដែល​អាច​ដឹង​ថា​នៅ​លើ​ផ្លូវ​យានយន្ត​តិច​ ឬ​ច្រើន និង​អាច​កំណត់​នាទី​ដោយ​ស្វ័យ​ប្រវត្តិ ដើម្បី​សម្រួល​ដល់​បញ្ហា​កកស្ទះ។

វិបត្តិ​ស្ទះ​ចរាចរណ៍​​នៅ​តែ​មាន

បើ​ទោះ​បី​ជា​សមិទ្ធផល​របស់​សាលា​រាជធានី​ភ្នំពេញ​បាន​លេច​ចេញ​ជារូបរាង និង​គ្រោង​ផែន​ការ​មេ​នា​ពេល​ខាង​មុខ​នេះ​ក្ដី ក៏​ប៉ុន្តែ លោក សន ជ័យ ​នាយក​ប្រតិបត្តិ​ នៃ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា បាន​លើក​ឡើង​ថា ផែន​ការ​ខាង​លើ​នេះ នៅ​មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ​សម្រាប់​រំដោះ​ការ​កកស្ទះ​ចរាចរណ៍ ព្រោះ​ការ​ប្រមូល​ផ្ដុំ​រោងចក្រ​នៅ​ក្នុង​ក្រុង​នៅ​តែ​មាន​ ការ​យឺតយ៉ាវ​រៀប​ចំ​សណ្ដាប់​ធ្នាប់​ជាពិសេស​ការ​រំដោះ​ចិញ្ចើម​ផ្លូវ​ (ឃើញ​ធ្វើ​ដែរ​តែ​ដូច​វែក​ចក)។ អ្វី​ដែល​កត់​សម្គាល់​ឃើញ​នោះ គឺ​កង្វះ​នគរបាល​ចរាចរណ៍​នៅ​មាន​នៅ​ឡើយ ដែល​គេ​សង្កេត​ឃើញ​ថា មាន​ភ្លើង​ស្ដុប​អត់​ប៉ូលិស ហើយ​ជាពិសេស​នៅ​តំបន់​ជាយ​ក្រុង ដូចជា ផ្លូវ​វេង​ស្រេង ស្ទះ​ខ្លាំង តែ​ពុំ​សូវ​មាន​ប៉ូលិស​ចរាចរណ៍​ចុះ​ទៅ​សម្រួល​ ដែល​ការ​កក​ស្ទះ​នៅ​តែ​មាន។

ដំណោះស្រាយ​ការ​កកស្ទះ​ចរាចរណ៍ ៥ឆ្នាំ​ខាងមុខ

លោក​ សន ជ័យ បាន​បញ្ចេញ​ទស្សនៈ​ផ្ទាល់​ខ្លួន​ថា ការ​រៀប​ចំ​សណ្ដាប់​ធ្នាប់​ គឺជា​រឿង​សំខាន់ ដូចជា​ការ​រំដោះ​ចិញ្ចើម​ផ្លូវ ហើយ​ការ​រំកិល​រោងចក្រ​ឲ្យ​ចេញពី​ក្រុង​ ក៏​ជា​រឿង​សំខាន់​មួយ​ដែរ។ មួយ​ទៀត​សាលា​រាជធានី​ភ្នំពេញ បាន​ផ្ដល់​សេវា​សាធារណៈ​ ដូចជា​រថយន្ត​ក្រុង​ល្អ​ហើយ ប៉ុន្តែ ការ​បន្ថែម​ សេវា​ដឹក​ជញ្ជូន​បន្ត​មាន​តម្លៃ​ធូរ​ថ្លៃ​កាន់តែ​ប្រសើរ​ ដែល​ជំរុញ​ឲ្យ​មហាជន​ចង់​ប្រើ​សេវា​រថយន្ត​ក្រុង។ ជាពិសេស​សេវា​ដឹកជញ្ជូន​ប្រពៃណី ដូចជា​ ស៊ីក្លូ​ ជាដើម។

បង្កើត​ចំណត​សាធារណៈ​បន្ថែម​

ចំណែក ​លោក​ ច្រឹក សុខនីម អគ្គនាយក​​ក្រុមហ៊ុន ​​Century 21 Mekong ​ជា​​ក្រុមហ៊ុន​​ធ្វើ​​ការងារ​​ជំនាញ​​ខាង​​អចលន​ទ្រព្យ​​នៅ​​ប្រទេស​កម្ពុជា បាន​ប្រាប់​ Sabay ថា កំណើន​វិស័យ​អចលនទ្រព្យ ​ជាពិសេស​ផ្នែក​ខុន​ដូ នៅ​ភ្នំពេញ ឥត​ឈប់ឈរ នឹង​ធ្វើ​ឲ្យ​កំណើន​យានយន្ត​កើន​ឡើង​ដែរ ដែល​ទាមទារ​ឲ្យ​មាន​កន្លែង​ចំណត​ឡាន​ត្រឹមត្រូវ ដើម្បី​រំដោះ​ការ​កាក​ស្ទះ​ចរាចរណ៍​ តាម​រយៈ​ការ​ចត​ ពាសវាលពាសកាល​ ជាដើម។

គិត​ចាប់​ពី​ចុង​ឆ្នាំ ២០១៧ មក​ដល់​ដើម​ឆ្នាំ ២០១៨ ខុន​ដូ​ ដែល​បាន​សាងសង់​រួច​មាន​ចំនួន ១៨០ អាគារ ហើយ​រំពឹង​ថា នឹង​កើត​មាន​​ ២០-៣០ អាគារ​ទៀត​នៅ​ឆ្នាំ ២០១៨​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក ច្រឹក​ សុខនីម។

កំណើន​ខុនដូ កំណើន​ប្រជាជន កំណើន​យានយន្ត ដូច្នេះ​​វិបត្តិ​កន្លែង​ចត​ឡាន​នឹង​កើត​មាន​ ម៉្លោះហើយ អំឡុង​​ពេល​៥ ឆ្នាំ​ទៀត អាច​នឹង​កើត​មាន​មុខ​របរ​ថ្មី​មួយ​ទៀត​ គឺ​កន្លែង​ចត​ឡាន​បង់​ប្រាក់​ស្តង់ដារ​ ដូច​នៅ​បណ្ដា​ប្រទេស​ជឿនលឿន​ ដូចជា​ ប្រទេស​កូរ៉េ​ខាង​ត្បូង និង​ប្រទេស​ហូលឡង់​ ជាដើម។

កាល​ពី​ឆ្នាំ ២០១៤ ការ​សាងសង់ ​ខុនដូ មាន​​ជាង ៥០ គម្រោង ស្មើ​នឹង​ ១៧ ០០០-១៨ ០០០ បន្ទប់ ហើយ​នៅ​ឆ្នាំ ២០១៦​នេះ គឺ​មាន​ ៧៥ គម្រោង ស្មើ​នឹង​ ២ម៉ឺន ៥ពាន់​បន្ទប់ ដែល​បាន​ប្រកាស​ផ្លូវ​ការ។ កំណើន​នេះ នឹង​បន្ត​កើន​ឡើង​ទៀត ដូច្នេះ វិបត្តិ​ចំណត​នឹង​កើត​មាន​ឡើង​មិន​ខាន។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ អ្នក​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​វិស័យ​សំណង់​សម្លឹង​ឃើញ​ថា អាជីវកម្ម​សង់​កន្លែង​ចត​ឡាន​បង់​ប្រាក់​ ស្តង់ដារ នឹង​កើត​មាន​ឡើង​នៅ​ចន្លោះ​ពេល ៣-៥ ឆ្នាំ​ ខាងមុខ។

ការផ្លាស់ប្ដូរ​ម៉ោង​ធ្វើ​ការ ម៉ោង​រៀន

ទន្ទឹម​នឹង​ការ​បង្កើន​ចំណត​រថយន្ត​ត្រឹមត្រូវ​នៅ​រាជធានី លោក ច្រឹក សុខនីម ក៏​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ម៉ោង​ធ្វើ​ការ​គ្នា​ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​ផងដែរ។ លោក​បាន​ធ្វើ​ការ​កត់​សម្គាល់​ថា ពេល​វេលា​ស្ទះ​ចរាចរណ៍​ច្រើន​ពេល​ព្រឹក​នៅ​ពេល​នាំ​គ្នា​ចេញ​ទៅ​ធ្វើ​ការ និង​ទៅ​រៀន​។ ឯ​ល្ងាច​ស្ទះ​ ព្រោះ​តែ​គ្រប់​គ្នា​បាន​សម្រាក​ពី​ការងារ និង ចេញ​ពី​ការ​សិក្សា​ត្រលប់​ទៅ​ផ្ទះ។ ម៉្លោះ​ហើយ​ ប្រសិន​បើ​មាន​ក្រុមហ៊ុន​ណាមួយ​ ឬ​មាន​ផែន​ការ​ណាមួយ​ផ្លាស់​ប្ដូរ​ម៉ោង​ធ្វើ​ការ ឬ រៀន កុំ​ឲ្យ​ជាន់​គ្នា នោះ​ក៏​ជា​ផ្នែក​មួយ​ជួយ​មិន​ឲ្យ​កក​ស្ទះ​ចរាចរណ៍​ផងដែរ។

វិធានការ​​អប់រំ​ និង​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍

លោក​ អ៊ា​ ចរិយា​ នាយ​ក​វិទ្យាស្ថាន​សុវត្ថិភាព​​ចរាចរណ៍​​​ ធ្លាប់​បាន​និយាយ​ប្រាប់​ Sabay ថា ​​ ដើម្បី​ដោះស្រាយ​ការ​កក​ស្ទះ​ចរាចរណ៍ គឺ៖

  • ទី​១ ការអប់រំ​គឺជា​ប្រការ​ដ៏​ចាំ​បាច់​បំផុត​ ជាពិសេស​កុមារ​ដែល​យើង​ចាំបាច់ ត្រូវតែ​ធ្វើ​ការ​អប់រំ​តាំង​ពី​ថ្នាក់​បឋម​ដល់​ថ្នាក់​វិទ្យាល័យ​ដើម្បី​បង្កើន​ឱ្យ​មាន​ទម្លាប់ ឬ​វប្បធម៌​ក្នុង​ការ​គោរព​ច្បាប់។
  • ទី២ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ជ្រាប​ដូចគ្នា​យើង​ចាំ​បាច់​ត្រូវតែ​មាន​ការ​ផ្សព្វផ្សាយ​​ឱ្យ​បាន​ទូលំទូលាយ​តាម​បណ្ដាញ​សារព័ត៌មាន​។
  • ទី​៣ យើង​ត្រូវ​តែ​ពង្រឹង​ក្នុង​ការ​រៀន​បើកបរ​នៅ​តាម​សាលា​បើក​បបរ​​ ហើយ​នឹង​ការ​ប្រលង​យក​ប័ណ្ណបើកបរ​​ត្រូវ​ធ្វើ​ឱ្យ​បាន​តឹង​រឹង​ និង​ច្បាស់លាស់​ទើប​មាន​គុណភាព​ខ្ពស់​ទើប​ប្រជាពលរដ្ឋ​អាច​យល់​ដឹង​ពី​ច្បាប់​នឹង​បាន​ល្អ​ប្រសើរ។

ការ​ផ្លាស់ប្ដូរ​ឥរិយាបថ និង ពង្រឹង​ច្បាប់​ចរាចរណ៍

​​ប្រ​ធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ផ្លូវ​គោក និង​សណ្ដាប់​ធ្នាប់​សាធារណៈ នៃ​ក្រ​សួង​មហាផ្ទៃ ឯកឧត្ដម រ៉ុន រ័ត្ន​វាសនា​ លើក​ឡើង​ថា ​ប្រជា​ពល​រដ្ឋ​មួយ​ភាគ​ធំ​បាន​ចូល​រួម​គោរព​ និង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក ខណៈ​ដែល​មាន​ប្រ​ជា​ពល​រដ្ឋ​មួយ​ចំនួន​តូច​នៅ​មិន​ទាន់​បាន​អនុវត្ត​ឲ្យ​បាន​ពេញ​លេញ។ ឯកឧត្ដម​ថា​ នេះ​មក​ពី​ឥរិយាបថ​មិន​ល្អ​របស់​អ្នក​ទាំង​នោះ ដែល​ត្រង់​ចំណុច​នេះ​ ការ​អនុវត្ត​ច្បាប់​ឃាត់​យាន​ជំនិះ​ទុក​រយៈពេល​បី​ថ្ងៃ​​នឹង​ត្រូវ​អនុវត្តន៍។ ទន្ទឹម​នឹង​មានការ​អនុវត្ត​ច្បាប់​ អ្នកប្រើ​ប្រាស់​ផ្លូវ​ក៏​ត្រូវ​តែ​ចូល​រួម​គោរព​ច្បាប់​ទាំង​អស់​គ្នា ហើយ​មិន​ត្រូវ​ទម្លាក់​កំហុស​តែ​លើ​ភាគី​ណាមួយ​នោះ​ទេ។

ស្រដៀង​គ្នា​នេះ លោក គង់ រតនៈ អនុ​ប្រធាន​វិទ្យា​ស្ថាន​ជាតិ​​សុវត្ថិ​ភាព​​ចរាចរណ៍​​ផ្លូវ​គោក បាន​បញ្ចេញ​ទស្សនៈ​ថា ដើម្បី​រំដោះ​ការ​កក​ស្ទះ​ចរាចរណ៍ និង​គ្រោះ​ថ្នាក់​ចរាចរណ៍​ បាន​ឲ្យ​ដឹង​ថា ការ​អប់រំ​ផ្សព្វផ្សាយ ឲ្យ​បាន​ទូលំទូលាយ ពី​ហានិភ័យ​ចរាចរណ៍ ពង្រឹង​ការ​អនុវត្ត​ច្បាប់​ ឲ្យ​បាន​ជាប់​លាប់ រៀប​ចំ​រំដោះ​ចិញ្ចើម​ផ្លូវ​សម្រាប់​អ្នក​ថ្មើរ​ជើង និង​អ្នក​ជិះកង់, បំពាក់​នូវ​ គំនូស​សញ្ញា​ចរាចរណ៍​ឲ្យ​បាន​គ្រប់​ផ្លូវ, ​បង្កើត​ឲ្យ​មាន​ App សម្រាប់​ផ្ដល់​ដំណឹង​អំពី​បញ្ហា​ការ​ស្ទះ​ផ្លូវ​ ព្រម​ទាំង​បង្កើន​កញ្ចប់​ថវិកា សម្រាប់​ទ្រទ្រង់​សកម្មភាព​សុវត្ថិភាព​ចរាចរណ៍​ជាដើម។ “អ្វី​ដែល​​សំខាន់​ជាង​គេ​ គឺ​ការ​ផ្លាស់ប្ដូរ​ឥរិយាបថ​អាក្រក់​របស់​អ្នក​បើកបរ ដោយ​ងាក​មក​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ច្រើន និង​ការ​រឹត​បន្តឹង​ច្បាប់​ គឺ​ជា​ផ្លូវ​ដ៏​ល្អ ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​ និង​គ្រោះថ្នាក់​ចរាចរណ៍​ បាន​ដោយ​ប្រសិទ្ធភាព“៕

ប្រភព៖ sabay.com.kh

 

សំឡេងទីក្រុង!

សំឡេងទីក្រុង!