ariel-view

ការពង្រីក​ទីក្រុង​ភ្នំពេញ ​រីកសាយ​ទៅគ្រប់​ទិសទី

គម្រោងពង្រីកទីក្រុងរបស់សាលារាជធានីភ្នំពេញ កាន់តែរីកធំឡើង ខណៈពេលដែលចំនួនប្រជាជនត្រូវបានគេសន្មតថា នឹងកើនឡើងចំនួន ២,៥០ លាននាក់គិតត្រឹមឆ្នាំ ២០៣៥ គឺការសាងសង់ផ្ទះក៏កាន់តែច្រើន និងការសម្រួលដល់ចរន្តចរាចរណ៍សម្រាប់ ប្រជាជនក៏ត្រូវបានពង្រឹងបន្ថែម។ ទីក្រុងភ្នំពេញដែលមានផ្ទៃក្រឡាសរុបប្រមាណ ៦៨០ គីឡូម៉ែត្រការ៉េ កំពុងតែពង្រីកទៅដល់បណ្តាខេត្តជុំវិញខ្លួន ដែលជាការឆ្លើយតបដល់គម្រោងពង្រីកទីក្រុងឲ្យបានយ៉ាងឆាប់រហ័ស។

បើទោះបីជាអ្នកជំនាញអចលនទ្រព្យបង្ហាញពីមតិផ្ទាល់ខ្លួនថា ទិសដៅណាក៏ល្អបំផុតដែរសម្រាប់ការពង្រីកទីក្រុងនេះក៏ដោយ ក៏ស្ថាបត្យករជើងចាស់ខ្មែរ លោក វណ្ណ ម៉ូលីវណ្ណ ធ្លាប់បាននិយាយម្តងរួចមកហើយថា ទិសដៅដែលល្អបំផុតសម្រាប់ការពង្រីកនេះគឺទៅទិសដៅខាងត្បូងក្រុងភ្នំពេញ។ «ការអភិវឌ្ឍទីក្រុងទៅទិសខាងត្បូង មានសភាពល្អប្រសើរជាងខាងលិច ព្រោះទិសខាងត្បូងមានសណ្ឋានដីខ្ពស់ជាងទន្លេ ដែលជាចំណុចសំខាន់ក្នុងការចៀសវាងពីបញ្ហាទឹកជំនន់» នេះបើយោងតាមសម្តីលោក ម៉ូលីវណ្ណ ក្នុងបទសម្ភាសជាមួយ B2B Cambodia កាលពីខែសីហាកន្លងទៅ។

ខណ្ឌមានជ័យដែលរួមមានសង្កាត់ស្ទឹងមានជ័យ បឹងទំពុន ចាក់អង្រែលើ និងចាក់អង្រែក្រោម បានបង្ហាញនូវការអភិវឌ្ឍយ៉ាងខ្លាំងក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។

បើយោងតាមរបាយការណ៍វាយតម្លៃអចលនទ្រព្យចុងក្រោយរបស់ក្រុមហ៊ុន VTrust Appraisal ដែលមានចំណងជើងថា «Mean Chey Market Review Q1 2017» បានបង្ហាញថា ខណ្ឌនេះមានសម្ទុះអភិវឌ្ឍន៍ខ្លាំងទាំងផ្នែកសំណង់លំនៅឋាន និងវិស័យពាណិជ្ជកម្ម។

ដោយសារតែតម្លៃទីផ្សារអចលនទ្រព្យមិនអំណោយផលកាលពីឆ្នាំមុន តម្លៃដីនៅខណ្ឌមានជ័យឆ្នាំនេះកើនឡើងបាន ៥,៦០ ភាគរយ បើធៀបនឹងឆ្នាំមុន។

កាលពីឆ្នាំមុន គម្រោងធំៗក្នុងខណ្ឌនេះដែលរួមមានទាំងគម្រោងទីក្រុងរណប ING City ដែលមានផ្ទៃដីដល់ទៅ ២៥៧២ ហិកតា បានបន្តការទាក់ទាញវិនិយោគិនកាន់តែច្រើន និងអ្នកទិញដីធំៗជាច្រើនផងដែរ។

ខណ្ឌមានជ័យមានប្រជាជនរស់នៅប្រមាណ ២ សែននាក់ ហើយជាប់នឹងខណ្ឌចំការមន ច្បារអំពៅ និងពោធិ៍សែនជ័យ។ ខណៈពេលមហាវិថីសម្តេចហ៊ុនសែន ទើបតែស្ថាបនារួចនាពេលថ្មីៗនេះ ដោយរត់កាត់តាមតំបន់ដែលកំពុងមានការអភិវឌ្ឍយ៉ាងគគ្រឹកគគ្រេងនេះ គម្រោងសំណង់លំនៅឋានបានលេចចេញឡើងយ៉ាងឆាប់រហ័ស។

សំណង់លំនៅឋានកម្ពស់ទាបចំនួន ១៥០០ បានសាងសង់រួចរាល់ក្នុងឆ្នាំ ២០១៦ ហើយនៅដំណាច់ឆ្នាំ ២០១៧ នេះ នឹងមានសំណង់លំនៅឋានថ្មីចំនួន ២៧០០ យូនីតថែមទៀត នៅក្នុងសង្កាត់ស្ទឹងមានជ័យ ដែលធ្វើឲ្យសំណង់លំនៅឋានកម្ពស់ទាបសរុបនៅក្នុងខណ្ឌមានជ័យមានរហូតដល់ចំនួន ៩៤០០ យូនីត។

ការពង្រីកហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវទទឹងផ្លូវថ្នល់ក៏បានធ្វើឲ្យតម្លៃដីកើនឡើងផងដែរ។ ក្នុងសង្កាត់ស្ទឹងមានជ័យ តម្លៃដីគឺមានចន្លោះពី ១៤៥០ ទៅ ៤៤៧០ ដុល្លារក្នុងមួយម៉ែត្រការ៉េ នេះក៏ដោយសារតែការពង្រីកមហាវិថីសម្តេចមុនីរ៉េត (ផ្លូវលេខ ២១៧) និងផ្លូវចម្ការដូង។

របាយការណ៍ខាងលើក៏បានបង្ហាញថា ការពង្រីកទីក្រុងមិនមែនធ្វើតែទៅខាងខណ្ឌមានជ័យនៃភាគត្បូងក្រុងភ្នំពេញនោះទេ។ ការពង្រីកទីក្រុងនាពេលបច្ចុប្បន្ននេះ គឺធ្វើឡើងទៅគ្រប់ទិសទី ពិសេសទៅខាងខណ្ឌសែនសុខ នៅភាគខាងជើង ពោធិ៍សែនជ័យនៅខាងលិច និងជ្រោយចង្វារនៅខាងកើត។

របាយការណ៍នេះក៏បានបង្ហាញ ពីចំណុចអភិវឌ្ឍលេចធ្លោក្នុងលំដាប់ទី ១ គឺខណ្ឌពោធិ៍សែនជ័យ ដែលមានសំណង់លំនៅឋានកើន ដល់ ២៦៩០០ យូនីតដែលមានខ្លះសង់រួចរាល់ និងខ្លះទៀតកំពុងសាងសង់។

ចំណែកខណ្ឌសែនសុខ ជាប់ចំណាត់ថ្នាក់លេខ ២ ដោយមានលំនៅឋានចំនួន ១៨៤០០ យូនីត បានសាងសង់រួចរាល់ និងខ្លះទៀតកំពុងសាងសង់។ «ទាំងនេះជាសក្ខីភាពបង្ហាញពីការពង្រីកទីក្រុង ស្របពេលដែលគម្រោងសំណង់លំនៅឋានហាក់ផុសចេញឡើងនៅគ្រប់ទិសដៅនៃទីក្រុង ដែលបង្កើតនូវបណ្តុំសហគមន៍ ដែលជួយសម្រួលដល់ភាពតានតឹងនៃចរន្តចរាចរណ៍ក្នុងទីក្រុង និងការប្តូរទៅរស់នៅតាមជាយក្រុងដែលមានតម្លៃទាបជាង» នេះបើយោងតាមលោក ហ៊ឹម សីហា ដែលជាអ្នកសរសេររបាយការណ៍ និងជានាយកផ្នែកស្រាវជ្រាវប្រចាំក្រុមហ៊ុន VTrust៕

ប្រភព៖ ភ្នំពេញ ប៉ុស្តិ៏

Leave a Reply