ការប្រមូល​និង​ដឹក​ជញ្ជូន​សំរាម​ក្នុង​រាជធានី​ធ្វើ​ឡើង​មិន​ពេញលេញ​៥​ថ្ងៃ​អំឡុង​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​​
Posted On : April, 15, 2015 | By សំឡេងទីក្រុង

ដោយ៖​ ញឹម សុខន​​ | ថ្ងៃសៅរ៍ ទី11 មេសា 2015, VOD

សាលា​រាជធានី​ភ្នំពេញ អំពាវនាវ​ឲ្យ​ពលរដ្ឋ ទុកដាក់​សំរាម តាម​ទីតាំង ដែល​អាជ្ញាធរ​បាន​កំណត់ទុក ខណៈ​កម្មករ​ក្រុមហ៊ុន​ប្រមូល​សំរាម ឈប់សម្រាក​៥​ថ្ងៃ អំឡុង​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ ដែល​ពិធី​បុណ្យ ជាតិ​នេះ នឹង​ចូលមក​ដល់​នៅ​សប្តាហ៍​ក្រោយនេះ​ ។​

​តាម​សេចក្តីជូនដំណឹង របស់​សាលា​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​៩​ខែ​មេសា​ឆ្នាំ​២០១៥ ឲ្យដឹងថា​ក្នុង​ពិធី​បុណ្យចូលឆ្នាំខ្មែរ ដែល​នឹង​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃ​ទី​១៤​ដល់​ថ្ងៃ​ទី​១៦​ខែ​មេសា​ឆ្នាំ​២០១៥​នេះ កម្មករ ក្រុមហ៊ុន​ស៊ីន​ទ្រី ដែល​ទទួល​ភារកិច្ច​ប្រមូល និង​ដឹកជញ្ជូន​សំរាម ត្រូវ​បាន​ឈប់សំរាក​រយៈពេល​៥​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃ​ទី​១៣​ដល់​ថ្ងៃ​ទី​១៧​ខែ​មេសា​ ។​

​សាលា​រាជធានី​ឲ្យដឹងទៀតថា អំឡុង​ពេល​ឈប់​សំរាក​នេះ ការប្រមូល​និង​ជញ្ជូន​សំរាម ដំណើការ​ទៅក្នុង​រាជធានី​ភ្នំពេញ នឹង​ដំណើរកា​ទៅ​មិន​ពេញលេញ​ ។​

​លិខិត​ដដែល ឲ្យដឹងទៀតថា ក្រោម​ហេតុផល​នេះ ដើម្បី​ចូលរួម​ថែរក្សា​បរិស្ថាន និង​អនាម័យ​ក្នុង​ក្រុង ពលរដ្ឋ ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់ ត្រូវ​វេច​ខ្ចប់ និង​ទុកដាក់​សំរាម ក្នុង​ធុងសំរាម ធំៗ ដែល​ក្រុមហ៊ុន​ស៊ីន​ទ្រី បាន​ដាក់ពង្រាយ​រូ​ច​ជាស្រេច នៅ​តាម​គោលដៅ​មួយចំនួន ក្នុង​ខណ្ឌ​សង្កាត់ និង​ទីសាធារណ​មួយចំនួនទៀត ក្នុង​រាជធានី​ ។​

​សាលា​រាជធាន​ភ្នំពេញ​បញ្ជាក់ថា ការប្រមូល​និង​ដឹក​ជញ្ជូន​សំរាម របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី ដំណើរការ ពេញលេញ​ឡើងវិញ ចាប់ពី​ថ្ងៃ​ទី​១៧​ខែ​មេសា​ទៅ ពោល​គឺ​ក្រោយ​បញ្ចប់​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ហើយ​ ៕

Urban Voice Cambodia

Urban Voice Cambodia