ការដ្ឋាន​សំណង់​ចិន​មួយកំពុងបំពងសំឡេងដ៏រំខាន គឺ​​«ស្រេចតែអញ»​
Posted On : December, 14, 2017 | By Vantha

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

អនាធិបតេយ្យនៃសំឡេងកងរំពងលាន់ឮទាំងយប់ទាំងថ្ងៃ រកដេកពួនមិនបានពីក្លឹបឌីស្កូ ដោះស្រាយមិនមានប្រសិទ្ធភាពផង ស្រាប់តែសម្លេងរំខានមកជាន់បន្ថែមទៀត ចេញពីសំណង់ចិនធំមួយ ដែលកំពុងសាងសង់នៅក្នុងសង្កាត់បឹងកេងកងទី១ នៃខណ្ឌចំការមន ។ អ្នករស់នៅជិតខាងនៃសំណង់ថ្មីមួយនេះ ទ្រាំលែងបានហើយ ព្រោះរកដេកពួនមិនបានសោះ ដោយសារតែសម្លេងរំខាន ធ្វើដូចស្រុកខ្មែរអត់ច្បាប់ ។

តាមការសង្គេតឃើញជាក់ស្តែង ទីតាំងការដ្ឋានសំណង់ដ៏ធំមួយកន្លែង មានយីហោ«ស៊ីអេសស៊ី អេស៊ីស្ត្រេតស៍ ( ខេមបូឌា ) ខនស្ត្រាក់សិន អេន ឌីវេឡុបម៉ិន ឯ.ក » ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៩៤ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន កំពុងដំណើរការសាងសង់បុកគ្រឹះឡើង ដោយមិនគោរពការណែនាំរបស់អាជ្ ញាធរមូលដ្ឋានឡើយ ។

ទាក់ទិននឹងបញ្ហាខាងលើនេះ កន្លងមកមន្ត្រីមូលដ្ឋាន រួមមានមន្ត្រីអាជ្ញាធរសង្កាត់ មន្ត្រីខណ្ឌចំការមន បានចុះណែនាំហៅមេការសំណង់ការដ្ឋានខាងលើ មកធ្វើកិច្ចសន្យាណែនាំញឹកញាប់ទៅហើយដែរ ក្នុងគោលបំណងអោយម្ចាស់ទីតាំងសាងសង់ គោរពទៅតាមបទដ្ឋានបច្ចេកទេសសំឡេងរំខានមុននឹងសាងសង់ ប៉ុន្តែទីបញ្ចប់ម្ចាស់ការដ្ឋានសំណង់ដែលគេដឹងច្បាស់ថា ជនជាតិចិនមានបង្អែកជាមន្ត្រីរាជការសក្តិយសធំដុំនៅពីក្រោយខ្នង មិនគោរពមន្ត្រីអាជ្ញាធរមូលដ្ឋាន ក៏ដូចជាមន្ត្រីជំនាញបន្តិចណាសោះដូចជាឫកកោងកាចពេក។

ជុំវិញបញ្ហាខាងលើនេះ អ្នករស់នៅជិតការដ្ឋានសំណង់នោះ បានប្តឹងទៅអាជ្ញាធរសង្កាត់ អាជ្ញាធរខណ្ឌ ក៏ដូចជាមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងក្រសួង ផងដែរ ដើម្បីធ្វើការផ្អាកការសាងសង់សំណង់នៅក្នុងការដ្ឋាននោះ ដោយណែនាំអោយគាត់គោរពច្បាប់ទម្លាប់នៃប្រទេសកម្ពុជា ។ ប៉ុន្តែជាលទ្ធផល មន្ត្រីជំនាញនានា គិតចាប់ពីថ្នាក់អាជ្ញាធរមូលដ្ឋាន ការិយាល័យ មន្ទីរជំនាញ រហូតដល់ថ្នាក់ក្រសួង បានត្រឹមចុះទៅឈរអោបដៃណែនាំម្តងម្កាលតែប៉ុណ្ណោះ ទីបញ្ចប់ ម្ចាស់ការដ្ឋាននៅតែប្រហើនសាងសង់ទាំងបំពាន មិនគោរពការណែនាំរបស់មន្ត្រីជំនាញដដែល ។

ជុំវិញបញ្ហានេះកន្លងមក មន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ បានចាត់ទុកថា ការដ្ឋានសំណង់ខាងលើនេះ សាងសង់ឡើងខុសបទដ្ឋានបច្ចេកទេស ដោយប្រើប្រាស់របងហ៊ុំព័ទ្ធការដ្ឋាន ពិសេសម្ចាស់ការដ្ឋានបានយកចិញ្ចើមផ្លូវសាធារណធ្វើជារបងហ៊ុំព័ទ្ធធ្វើអោយបាត់ផ្លូវសម្រាប់អ្នកថ្មើរជើង ។ បញ្ហាមួយទៀត ការសាងសង់មិនប្រើប្រាស់ប្រព័ន្ធភ្លើងអគ្គីសនីរដ្ឋ ដោយប្រើម៉ាស៊ីនភ្លើងបញ្ឆេះយកចរន្តសម្រាប់ប្រើប្រាស់ក្នុងការដ្ឋាន ដំណើរការសាងសង់ទាំងមូល ជាហេតុធ្វើអោយសំឡេងម៉ាស៊ីនលាន់ឮកក្រើក ប៉ះពាល់ដល់អ្នករស់នៅជិតខាងមិនអាចដេកពួនបាន ។ បើទោះបីជាយ៉ាងណា ម្ចាស់ទីតាំងខាងលើនេះ មិនអាចទំនាក់ទំនងសុំការបំភ្លឺបានឡើយ។ ហើយទន្ទឹមនឹងនោះដែរ តាមរយៈការផ្សព្វផ្សាយរបស់កោះសន្តិភាព គេសង្ឃឹមថា អាជ្ញាធរជំនាញគ្រប់លំដាប់ថ្នាក់ ពិសេសសាលាខណ្ឌចំការមន នឹងមានវិធានការក្តៅលើម្ចាស់ការដ្ឋានសំណង់ខាងលើនេះ អោយគោរពច្បាប់ទម្លាប់ដែលមានចែង ។

គួរបញ្ជាក់ថា នៅក្នុងភូមិសាស្ត្រខណ្ឌចំការមន បញ្ហាសំណង់កំពុងបានក្លាយទៅជាបញ្ហាក្តៅ ដែលអ្នករស់នៅក្នុងមូលដ្ឋានមានការថ្នាំងថ្នាក់ខ្លាំងណាស់ ហើយរាល់បណ្តឹងដូចជាគ្មានប្រសិទ្ធិភាពសោះ ដោយសារមន្ត្រីពាក់ព័ន្ធហាក់បីដូចជាត្រូវរូវគ្នាជាមួយម្ចាស់ការដ្ឋានសំណង់គ្រប់ទីកន្លែងទាំងអស់ ទើបបានជាយកបណ្តឹងទុកមួយអន្លើ ធ្វើមិនដឹងមិនឮតែម្តង ដោយបណ្តែតបណ្តោយអោយមានការសាងសង់សំណង់ខុនដូរព្រោងព្រាតដោយបំពានច្បាប់ និងធ្វើឡើងលើសច្បាប់ជាច្រើនទីតាំង ។អ្នករស់នៅជុំវិញការដ្ឋានសំណង់ចិនខាងលើ លើកឡើងថា ការដ្ឋានខាងលើនេះ បើទោះបីជាមានច្បាប់ទម្លាប់ត្រឹមត្រូវ និងធ្វើតាមបទដ្ឋានបច្ចេកទេសសំណង់ក៏ដោយ ប៉ុន្តែអ្នករស់នៅជិតខាងសំណូមពរអោយធ្វើការសាងសង់ក្នុងម៉ោងរដ្ឋបាលការងារត្រឹមត្រូវ ជៀសវៀងការសាងសង់ទាំងកណ្តាលថ្ងៃត្រង់ម៉ោង១២ ដែលជាម៉ោងសម្រាកពីការងារមកសម្រាកនៅផ្ទះបន្ធូរអារម្មណ៍មួយភ្លែត តែបែរជាមិនអាចសម្រាកបាន ដោយសារសំឡេងម៉ាស៊ីនលាន់ទ្រហឹងអើងកងឡើងញ័រដី ។

គួរកត់សម្គាល់ថា នៅក្នុងតំបន់សង្កាត់បឹងកេងកងទី១ គឺមានក្លឹបកម្សាន្ត disco ជាច្រើនកន្លែង បង្កជាសំឡេងលាន់ឮខ្លាំងណាស់រំខានដល់ការលង់លក់ក្នុងដំណេក ។ តំបន់នោះសុទ្ធសឹងតែជាប្រភេទក្លឹបកម្សាន្តគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ ។ ទន្ទឹមនឹងនោះ ក្លឹបកម្សាន្តខ្លះធ្លាប់ត្រូវបានអាជ្ញាធរហៅមកធ្វើកិច្ចសន្យាអោយបើកអាជីវកម្មគោរពពេលវេលា មិនអោយមានសំឡេងរំខានដល់អ្នករស់នៅក្បែរខាង ប៉ុន្តែទីបញ្ចប់ម្ចាស់ក្លឹបសុទ្ធតែជើងខ្លាំងបានត្រឹមផ្តិតមេដៃចោលមិនអនុវត្តតាមកិច្ចសន្យា ដោយបានសំណូមពរអោយអាជ្ញាធរមានវិធានការបិទទីតាំងក្លឹបទាំងអស់នោះចោលតែម្តងទៅ ដើម្បីកុំអោយមានជាការរំខានដល់បងប្អូនពលរដ្ឋបន្តទៅទៀត ។

សូមបញ្ជាក់ថា កន្លងទៅក្លឹបកម្សាន្ត២ទីតាំងដែលមានយីហោឈ្មោះ ក្លឹប Route 57 និងក្លឹប Blue dog ធ្លាប់ត្រូវបានកម្លាំងអាជ្ញាធរចុះអប់រំណែនាំជាច្រើនដងរួចមកហើយ ព្រោះតែក្លឹបកម្សាន្តទាំង២នេះ បានបង្កផលប៉ះពាល់ច្រើនដល់អ្នករស់នៅក្បែរខាង ពិសេសបញ្ហាសំឡេងតែម្តង ។ អ្វីជាការកត់សម្គាល់ក្លឹបកម្សាន្តទាំង២នេះ ត្រូវបានមន្ត្រីអាជ្ញាធរចាត់ទុកថា គ្មានច្បាប់អនុញ្ញាត្តិអាជីវកម្មត្រឹមត្រូវ ព្រោះម្ចាស់ទីតាំងមិនដែលបង្ហាញឯកសារច្បាប់អាជីវកម្មដល់អាជ្ញាធរមូលដ្ឋានឡើយ ព្រោះតែនៅពីក្រោយការបើកអាជីវកម្មនេះ សុទ្ធសឹងតែជាអ្នកមានមុខមាត់ធំដុំក្នុងជួរមន្ត្រីរាជការ យកឈ្មោះតាតាមកពាំងពីមុខក៏មានដែរ ។

គួរបញ្ជាក់ថា សង្កាត់បឹងកេងកងទី១ ជាសង្កាត់មួយដែលបេក្ខជនចៅសង្កាត់របស់គណបក្សប្រជាជនកម្ពុជា ជាប់ឆ្នោតជាបន្តបន្ទាប់រហូតមក ហេតុដូច្នេះហើយពលរដ្ឋស្នើសុំលោកស្រីចៅសង្កាត់យកចិត្តទុកដាក់អំពីពាក្យបណ្តឹងប្រជាពលរដ្ឋខ្លះផង កុំបណ្តែតបណ្តោយតាមយថាកម្មពេក ។ ជាក់ស្តែងដូចករណីខាងលើ ដែលជាកត្តានាំអោយប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់បឹងកេងកងទី១ មានការថ្នាំងថ្នាក់លើមន្ត្រីបម្រើរាស្ត្រ ៕

ប្រភព៖ កោះសន្តិភាព

Urban Voice Cambodia

Urban Voice Cambodia