landfill_bb

ការដុតសំរាមតាមទីសាធារណៈមានទោសដែរឬទេ?

យើងសង្កេតឃើញថា ការដុតសំរាមនៅតាមទីសាធារណៈ សាលារៀន និងតាមផ្ទះមិនថាទីជនបទ ឬទីប្រជុំជននោះទេ វាហាក់ដូចជាក្លាយជារឿងសាមញ្ញ របស់ពលរដ្ឋខ្មែរមួយចំនួនទៅហើយ។ ប៉ុន្តែពួកគាត់មិនដឹងពីផលប៉ះពាល់សុខភាពបណ្តាលមកពីការដុតសំរាមនោះទេ ដែលបញ្ហានេះបានជះឥទ្ឋិពលធ្ងន់ធ្ងរដល់សុខភាពអ្នកប្រព្រឹត្តផ្ទាល់ និងសហគមន៍ជុំវិញខ្លួនពួកគេ។

មិនត្រឹមតែប៉ះពាល់ដល់សុខភាពទេ ក្រសួងបរិស្ថានក៏បានចេញបទបញ្ញត្តិដាក់ពិន័យលើអ្នកប្រព្រឹត្តផងដែរ។

ថ្ងៃនេះ សំឡេងទីក្រុង សូមលើកយក វិធានការទូទៅលើការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ក្នុងអនុក្រឹត្យរបស់ក្រសួងបរិស្ថាន ដែលបានចែងក្នុងជំពូកទី៤  ត្រង់មាត្រា២០ ថា៖ ត្រូវបានហាមឃាត់ជាដាច់ខាតនូវការបោះចោល ឬការដុតសំរាម សំណល់រឹងទីប្រជុំជននៅតាមដងផ្លូវ ទីសាធារណៈ ទីវាល តាមប្រព័ន្ធលូ ឬប្រភពទឹកសារធារណៈ ឬក្នុងដីកម្មសិទ្ធិឯកជន។ រដ្ឋបាលរាធានី ក្រុង ស្រុក ខណ្ឌត្រូវចាត់វិធានការទប់ស្កាត់ការបោះចោល ឬការដុតសំរាម សំណល់រឹងទីប្រជុំជនតាមដងផ្លូវ ទីសាធារណៈ ទីវាល តាមប្រព័ន្ធលូ ឬប្រភពទឹកសាធារណៈ ឬក្នុងដីកម្មសិទ្ធិឯកជន

ចំពោះជនដែលប្រព្រឹត្តល្មើសខុសនឹងមាត្រាដែលបានចែងខាងលើនឹងត្រូវផាកពិន័យចាប់ពី ៥០, ០០០ (ប្រាំម៉ឺន) រៀល ដល់ ១, ០០០ ០០០ (មួយលាន) រៀល។

អនុក្រឹត្យស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ត្រង់ជំពូកទី៧ ទោសបញ្ញតិ្ត មាត្រា៤៣ ចែងថា៖

បុគ្គលដែលដុតសំរាម សំណល់រឹងនៅទីប្រជុំជនឬនៅលើទីសាធារណៈ តាមដងផ្លូវ ទីវាល ដីកម្មសិទ្ធិ ឬទីកន្លែងដែលរដ្ឋបាលរាជធានីឬខណ្ឌ ក្រុង ស្រុកហាមឃាត់ ដូចមានចែងក្នុងមាត្រា២០ នៃអនុក្រឹត្យនេះ ត្រូវទទួលការពិន័យអន្តរការណ៍ជាប្រាក់ និងទណ្ឌកម្ម ដូចខាងក្រោម៖

ចំនួន ៥០, ០០០ (ប្រាំម៉ឺន) រៀល ចំពោះអ្នកដំណើរ អ្នកទេសចរណ៍ នឹងត្រូវប្រមូលសំអាត

ចំនួន ១០០, ០០០ (មួយសែន) រៀល ចំពោះម្ចាស់លំនៅឋាន អ្នកលក់ដូរតាមដងផ្លូវ ឬលើទីសាធារណៈ និងត្រូវប្រមូលសំអាត

ចំនួន ២០០, ០០០ (ពីរសែន) រៀល ចំពោះទីផ្សារ ភោជនីយដ្ឋាន ទីកំសាន្ត អាជីវកម្ម សេវាកម្ម សិប្បកម្ម និងត្រូវទទួលខុសត្រូវលើការប្រមូល សំអាត និងដឹកចេញយកទៅទីលាន

ចំនួន ១, ០០០ ០០០ (មួយលាន) រៀល ចំពោះរោងចក្រ សហគ្រាស ក្រុមហ៊ុន និងត្រូវទទួលខុសត្រូវលើការប្រមូល សំអាត និងដឹកចេញយកទៅទីលាន ក្នុងករណីមិនរាងចាល ត្រូវទទួលការពិន័យអន្តរការណ៍ជាប្រាក់ទ្វេរដងនៃប្រាក់ពិន័យអន្តរការណ៍លើកមុន

ការដុតសំរាមបានធ្វើឲ្យប៉ះពាល់ដល់សុខភាពបេះដូង សួត និងគ្រាប់ឈាមក្រហមជាដើម ដោយសារសារជាតិស៊ីអូជាឧស្ម័នគីមីដែលមានផលប៉ះពាល់ដល់សុខភាពអ្នកដុតសម្រាម និងសហគមន៍ជុំវិញទាំងមិនដឹងខ្លួន៕

Leave a Reply