ការឆ្វៀលមិនចុះបញ្ជីដីធ្លីបង្កឲ្យមានជម្លោះ
Posted On : April, 9, 2015 | By សំឡេងទីក្រុង
ប៉ិច សុធារី, Thu, 9 April 2015, Phnom Penh Post
ភ្នំពេញៈ ការសិក្សាស្រាវជ្រាវមួយ បានបង្ហាញថា ការវិវត្តដ៏យឺតយ៉ាវ នៃការចុះបញ្ជីដីធ្លីភាគច្រើន បណ្តាលមកពីមានការឆ្វៀលចេញដ៏សម្បើម ពីដំណើរការផ្តល់ប័ណ្ណកម្មសិទ្ធិនៅក្នុងទីប្រជុំជន ខណៈដែលអចលនទ្រព្យ មានតម្លៃខ្ពស់ និងទំនងជាបង្កឲ្យមានជម្លោះកើតឡើងដែលករណីនេះបានធ្វើឲ្យប៉ះពាល់ជាអវិជ្ជមានដល់ការរស់នៅរបស់សហគមន៍ក្រីក្រ និងកង្វល់ពីការបណ្តេញចេញ។
របាយការណ៍សិក្សាស្រាវជ្រាវដែលផ្តួចផ្តើមឡើងដោយអង្គការទស្សនៈពិភពលោក និងអង្គការ NGO Forum ស្តីពី «ការវៀលសហគមន៍ក្រីក្រនៅទីក្រុងចេញពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅរាជធានីភ្នំពេញ» ដែលបានផ្សព្វផ្សាយកាលពីថ្ងៃអង្គារបានលើកឡើងថា កម្មវិធីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បានចាប់ផ្តើមតាំងពីឆ្នាំ ២០០៣ មក ក្រោមកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់សុវត្ថិភាពដីធ្លីកាត់បន្ថយ និងចៀសវាងជម្លោះដីធ្លី ប៉ុន្តែសហគមន៍ក្រីក្រជាច្រើននៅរាជធានីភ្នំពេញត្រូវបានគេឆ្វៀលចេញពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នោះ បើទោះបីជាពួកគាត់មានភ័ស្តុតាងបញ្ជាក់ពីការកាន់កាប់ដីធ្លីក៏ដោយ។
មានមតិជាច្រើនបានលើកឡើងថា ការវិវត្តដ៏យឺតយ៉ាវនៃការចុះបញ្ជីដីធ្លីនេះ ភាគច្រើនបណ្តាលមកពីមានការវៀលចេញដ៏សម្បើមពីដំណើរការផ្តល់ប័ណ្ណកម្មសិទ្ធិនៅក្នុងទីប្រជុំជន ដែលពោរពេញដោយអចលនទ្រព្យមានតម្លៃខ្ពស់ និងទំនងជាបង្កឲ្យមានជម្លោះកើតឡើង។
ការសិក្សានេះ បញ្ជាក់ថា «បញ្ហាទាំងនេះមានលក្ខណៈធ្ងន់ធ្ងរចំពោះសហគមន៍ក្រីក្រនៅក្នុងទីប្រជុំជន ដែលមានករណីជាច្រើនដែលបង្កឲ្យមានការបណ្តេញចេញដោយបង្ខំ ត្រូវបានកត់ត្រា»។
ការសិក្សាដែលផ្តោតលើសហគមន៍ក្រីក្រចំនួន ១២ នៃខណ្ឌចំនួន ៦ ក្នុងរាជធានីភ្នំពេញ ដែលត្រូវបានវៀលចេញ បានរកឃើញថា មានសហគមន៍ក្រីក្រចំនួន ១១ បានរស់នៅលើដីសាធារណៈរបស់រដ្ឋ ហើយសហគមន៍ក្រីក្រចំនួន ១០ ត្រូវបានគេប្រាប់ថា សហគមន៍របស់គាត់ត្រូវបានគេវៀលចេញពីការចុះបញ្ជីដីធ្លីជាប្រព័ន្ធ។
នាយកប្រតិបត្តិអង្គការ NGO Forum លោក តឹក វណ្ណារ៉ា បានថ្លែងថា ការវៀលសហគមន៍ក្រីក្រចេញពីការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់ ព្រមទាំងប្រឈមនឹងការបណ្តេញចេញដោយបង្ខំ។
លោកថា៖ «កាលណាគេវៀលចេញមានន័យថា រដ្ឋអត់ទទួលស្គាល់ថាអ្នកនឹងមានកម្មសិទ្ធិស្របច្បាប់លើដីរបស់គាត់ ទោះបីគាត់រស់នៅមុនច្បាប់ភូមិបាលឆ្នាំ ២០០១ បានអនុវត្តក៏ដោយ អ៊ីចឹង គាត់មានអារម្មណ៍ថា គាត់អត់មានសុវត្ថិភាពដីធ្លី ហើយមិនដឹងពេលណាគេបណ្តេញគាត់ចេញ»។
ចំណែក លោក អ៊ី ស៊ីមន តំណាងសហគមន៍ទំនប់ ២ ដែលបានតស៊ូមតិដើម្បីសុំចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធតាំងពីឆ្នាំ ២០០៥ មកនោះបានស្នើឲ្យក្រសួងដែនដី ពន្លឿនការចុះបញ្ជីដីធ្លី ជូនពួកគាត់ឲ្យបានឆាប់ដើម្បីឲ្យពួកគាត់ស្ងប់ចិត្តថាមិនមានការបណ្តេញចេញ និងមានសិទ្ធិកាន់កាប់ដីធ្លីស្របច្បាប់។
ទោះយ៉ាងណា លោក សួន សូផា នាយកកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីនៃក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ បានថ្លែងថា ក្រសួងមិនអាចទទួលយករបាយការណ៍នេះបានទេ ព្រោះមិនបានឆ្លុះបញ្ចាំងពីការពិតហើយសហគមន៍ដែលរស់នៅលើដីសាធារណៈរបស់រដ្ឋ ក្រសួងមិនអាចវៀលចេញ ហើយក៏មិនអាចចុះបញ្ជីឲ្យបានដែរ។
លោកបន្តថា៖«វិធីសាស្ត្រស្រាវជ្រាវធ្វើតែលើពលរដ្ឋរស់នៅលើដីសាធារណៈរបស់រដ្ឋប៉ុណ្ណោះ ហើយការសិក្សាក៏មិនមានការចូលរួមពីមន្ត្រីដែលធ្វើការលើរឿងនេះដែរ ចំណែកទិដ្ឋភាពច្បាប់ ការកាន់កាប់របស់សហគមន៍មិនគោរពលក្ខខណ្ឌទាំង ៥ នៃច្បាប់ភូមិបាលទេ»។
លោកបានបន្ថែមថា កន្លងមក ក្រសួងបានខិតខំចុះទៅពិនិត្យ និងវាស់វែង ដើម្បីធ្វើចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ទៅតាមនីតិវិធី។ ចំណែក ការវៀលដីគឺធ្វើតែលើដីណាដែលកំពុងមានទំនាស់ប៉ុណ្ណោះ រួមមានសហគមន៍ទំនប់ ១ ទំនប់ ២ និងភ្នំពេញថ្មី ហើយក្រសួងកំពុងធ្វើការសម្របសម្រួលដោះស្រាយបញ្ហា និងចុះបញ្ជីជូនពួកគាត់៕