photo_2017-03-29_14-11-44

ការចោលសំរាមតាមកន្លែងញ៉ាំអាហារ ជាទំលាប់អាក្រក់របស់អ្នករស់នៅក្នុងក្រុងភ្នំពេញ

ប្រទេសកម្ពុជាបានប្រែមុខមាត់ថ្មី ក្រោយទទួលបានសន្តិភាពនៅឆ្នាំ១៩៩៨ ហើយ២ទសវត្សរ៍ចុងក្រោយនេះ សេដ្ឋកិច្ចមានកំនើនខ្ពស់គួរឲ្យកត់សំគាល់ ដែលជំរុញអោយមានការអភិវឌ្ឍន៍  ការកាត់បន្ថយភាពក្រីក្រ សុខមាលភាព និងការរីកចំរើនរបស់វិស័យឯកជន។ បើយោងតាមការសិក្សាមួយដែលមានចំណងជើងថា Journal of Environment and Waste Management ដែលបានសិក្សាទៅលើ ភោជនីយដ្ឋាន និងកន្លែងលក់អាហារ អោយដឹងថា កន្លែងទាំងនេះជាអ្នកបង្កើតសំរាមច្រើនជាងគេ  ភោជនីយដ្ឋានធំៗបញ្ចេញកាកសំណល់រហូតដល់ទៅ ៨៩១ គីឡួក្រាម ក្នុងរយះពេលមួយសប្តាហ៍ ក្នុងរាជធានីភ្នំពេញ។  ការសិក្សាបានបង្ហាញទៀតថា ប្រជាពលរដ្ឋ និងអ្នកលក់ដូរនៅរាជធានីភ្នំពេញ បានផលិតសំរាមលើសពី ១៥០០ តោនក្នុងមួយថ្ងៃ។

photo_2017-03-29_14-11-55ក្នុងប្រទេសកម្ពុជា ការចោលសំរាមអោយបានត្រឹមត្រូវគឺជាប្រធានបទដែលត្រូវលើកមកនិយាយ ដោយសារសំរាមមានគ្រប់កន្លែងទាំងអស់ក្នុងរាជធានីភ្នំពេញ នេះមិនរាប់បញ្ចូលការចោលសំរាមនៅតាមជនបទផង ។ បញ្ហាសុខភាព និងការបំពុលបរិស្ថានបាននឹងកំពុងរីករាលដាលដោយសារការមិនគិតគូលើបញ្ហាសំរាមនេះ។ សម្រាប់ជនបរទេសវិញ ទោះបីជាពួកគេបានសរសើរពីភាពកក់ក្តៅ ភាពជាម្ចាស់ផ្ទះ និងភាពរួសរាយរាក់ទាក់របស់ប្រជាជនខ្មែរក៏ដោយ ប៉ុន្តែរបៀបនៃការគ្រប់គ្រងសំរាមក្នុងប្រទេសនេះកំពុងតែធ្វើអោយពួកគេមានភាពធុញទ្រាន់ ស្របពេលប្រទេសមួយនេះស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ដូចប្រទេសដ៏ទៃទៀតដែរ។ ទោះបីជាមានការត្អូញត្អែរលើបញ្ហាសំរាមក៏ដោយ មានប្រជាជនជាច្រើនមិនបានទុកដាក់សំរាមអោយបានល្អនៅឡើយ។ ដើម្បីគ្រប់គ្រងសំណល់ទាំងនោះ ត្រូវតែចូលរួមទាំងអស់គ្នា។ អត្ថបទមួយនេះផ្តោតទៅលើការពិភាក្សាទូទៅលើការទុកដាក់សំរាមអោយបានត្រឹមត្រូវ មិនថានៅតាមភោជនីយដ្ឋាន ឬកន្លែងលក់អាហារតាមតំបន់ផ្សេងៗនោះទេ។

ការចោលសំរាមមិនបានត្រឹមត្រូវគឺជាទម្លាប់អាក្រក់

សកម្មភាពទុកដាក់កាកសំល់ ជាពិសេសការបោះចោលសំរាមនៅតាមភោជនីយដ្ឋានបានកើនឡើងជារាងរាល់ឆ្នាំ ដែលមិនអាចប្រកែកបាន ក៏ប៉ុន្តែការអភិវឌ្ឍ មានភាពយឺតយ៉ាវបន្តិច កំពុងធ្វើអោយភាពស្រស់ស្អា និងសម្រស់របស់ទីក្រុងធាក់ចុះជាលំដាប់។ សកម្មភាពនេះបានឆ្លុះបញ្ជាំងអំពីការខ្វះអនាម័យនៅតាម ភោជនីយដ្ឋាន។ មានសំនួរមួយបានចោតសួរថាហេតុអ្វីការចោលសំរាមពាសវាលពាសកាល ក្លាយជាទម្លាប់មួយមិនអាចកែប្រែបាន។

1490283659បើចង់ឃើញសំរាម អ្នកមិនចាំបាច់ទៅណាឆ្ងាយនោះទេ។ អ្នកគ្រាន់តែដើរទៅកន្លែងទេសចរណ៍ ឬភោជនីយដ្ឋានថ្លៃៗមួយកន្លែងនៅក្នុងក្រុងភ្នំពេញ អ្នកនឹងបានជួបហើយ។ នៅតំបន់ភោជនីយដ្ឋានទាំងនោះ ប្រជាពលរដ្ឋចូលចិត្តចោលសំរាមដោយមិនសូវគិតពីទីកន្លែង ពេលវេលា និងស្ថានភាពឡើយ។ ពួកគេអាចចោលបានគ្រប់ស្ថានភាព មិនថាក្រដាសអនាម័យ និងក្រដាសជូតមាត់ ទោះមានធុងសំរាមក៏ដោយ។ លើសពីនេះទៅទៀត ទោះជាមានផ្លាកសញ្ញាហាមចោលសំរាមក្រៅធុងក៏ដោយ ក៏ពួកគេនៅតែអាចចោលសំរាមនៅក្រៅធុង រឺក៏បោះទុកក្រោមតុយ៉ាងគ្មានសណ្តាប់ធ្នាប់ដែរ។ នេះគឺជាទម្លាប់អាក្រក់ ព្រោះពួកគេត្រូវបានបង្រៀនអោយចោលសំរាមក្នុងធុង សម្រាប់តែស្ថានភាពមួយដែលផ្តល់ប្រយោជន៍អនាម័យដល់ពួកគេតែប៉ុណ្ណោះ។ ក្រៅពីនោះ ពួកគេមិនអនុវត្តសម្រាប់ប្រយោជន៍រួមនិងអ្នកដ៏ទៃឡើយ។ នេះជាទម្លាប់អាក្រក់ដែលពិបាកកែតម្រូវប្រជាពលរដ្ឋក្នុងទីក្រុងភ្នំពេញ។

នៅក្នុងបរិបទកម្ពុជា ទម្លាប់ចោលសំរាមគ្មានអនាម័យក៏អាចពន្យល់មួយបែបទៀតថាប្រជាជនកម្ពុជាចូលចិត្តធ្វើសកម្មភាពក្នុងរូបភាពស្រដៀងគ្នា។ ពួកគេចូលចិត្តធ្វើតាមគ្នាដោយមិនគិតពិចារណាថាការចោលសំរាមគ្មានអនាម័យគឺជាទម្លាប់ដ៏អាក្រក់មួយ។ ពួកគេប្រហែលជាគិតថា បើបោះសំរាមចូលក្នុងធុង ពួកគេគឺជាមនុស្សចម្លែកនៅចំពោះមុខអ្នកដ៏ទៃ ទោះទង្វើនោះត្រឹមត្រូវក៏ដោយ។ វាគួរដល់ពេលវេលាដែលយើងត្រូវផ្លាស់ប្តូរគំនិតនេះហើយ កុំបណ្តោយអោយសំរាមជះឥទ្ធិពលមកលើសុខភាព អនាម័យ និងប្រជាជនកម្ពុជាបន្តទៀត។

របៀបដោះស្រាយបញ្ហាចោលសំរាមគ្មានសណ្តាប់ធ្នាប់ក្នុងភោជនីយដ្ឋានក្នុងក្រុងភ្នំពេញ

ទោះបីជាការចោលសំរាមគ្មានអនាម័យគឺជាកត្តាឯកជនក៏ដោយ តែសកម្មភាពបែបនេះ បានជះឥទ្ធិពលមកលើមនុស្សដ៏ទៃទៀតនៅក្នុងតំបន់តែមួយ។

ហ៊ានធ្វើអ្វីដែលត្រឹមត្រូវ

គ្មាននរណាម្នាក់ចង់ក្លាយជាមនុស្សចម្លែកក្រៅក្រុមនោះទេ នៅពេលនិយាយពីការចោលសំរាម។ ទោះយ៉ាងណា យើងចាំបាច់ត្រូវហ៊ានធ្វើអ្វីដែលត្រឹមត្រូវ និងមានហេតុផល។ ជំហ៊ានដំបូងត្រូវធ្វើអ្វីដែលត្រឹមត្រូវ ទោះបីជាត្រូវប្រឆាំងនឹងមនុស្សភាគច្រើន។ គួរធ្វើជាមនុសុ្សម្នាក់ដែលអាចផ្លាស់ប្តូរទង្វើរបស់អ្នកដ៏ទៃដើម្បីផលប្រយោជន៍រួម។ បើពួកគេមិនបោះសំរាមចូលក្នុងធុងទេ អ្នកត្រូវតែបោះសំរាមចូលក្នុងធុង ហើយអនុវត្តនៅចំពោះមុខពួកគេទៀតដើម្បីធ្វើជាគំរូ។ ការធ្វើបែបនេះអាចជាទង្វើមិនសមរម្យ ប៉ុន្តែពួកគេនឹងដឹងគុណអ្នកបើសិនជាទទួលបានផលប្រយោជន៍ទាំងអស់គ្នា។ លើសពីនេះ អ្នកក៏អាចបង្រៀនអ្នកនៅជុំវិញខ្លួនអ្នក ដូចជាក្មេងៗ មិត្តភក្តិ មិត្តរួមការងារ និងបងប្អូន អោយដឹងពីផលប្រយោជន៍ នៃការចោលសំរាមត្រឹមត្រូវនៅទីកន្លែងសាធារណះ។ អ្នកអាចក្លាយជាគំរូខ្លួនឯង និងសម្រាប់អ្នកដ៏ទៃ។

ដាក់ធុងសំរាមធំងាយមើលឃើញនៅតាមភោជនីយដ្ឋាន

នៅភោជនីយដ្ឋាន ធុងសំរាមជាបញ្ហាព្រោះវាមិនស្អាត តូច និងមិនគ្រប់គ្រាន់សម្រាប់អតិថិជន។ បើអ្នកជាម្ចាស់ហាងគិតពីការចោលសម្រាមបានល្អិតល្អន់ អ្នកត្រូវតែមានការច្នៃប្រឌិត និងយុទ្ធសាស្រ្ត ក្នុងការដាក់ធុងសម្រាមនៅតាមទីកន្លែងរបស់អ្នក។ ធុងទាំងនោះត្រូវតែធំ ងាយមើលឃើញ និងគ្រប់គ្រាន់សម្រាប់អតិថិជន។ ធ្វើជាម្ចាស់ហាង អ្នកក៏គួរបង្ហាញថា ហាងរបស់អ្នកគិតពីទីកន្លែងស្អាត បរិស្ថានល្អ និងមានអនាម័យ សម្រាប់សុខមាលភាពអតិថិជនទូទៅ ដោយចាប់ផ្តើមចេញពីអ្នក។ នៅពេលក្រោយ អតិថិជនរបស់អ្នក អាចនឹងចាត់វិធានការបន្ត។

បន្តផ្តិតរូបសញ្ញាបង្ហាញថាគ្មានការចោលសំរាមឥតសណ្តាប់ធ្នាប់ក្នុងភោជនីយដ្ឋាន

ការណែនាំមិនអោយចោលសំរាមពាសវាលពាសកាលដល់អតិថិជនគឺជារឿងសំខាន់ ប៉ុន្តែមិនងាយនឹងធ្វើបាន។ មានយុទ្ធសាស្ត្រមួយ គឺផ្តិតរូបសញ្ញាធំនិងដាក់នៅតាមទីកន្លែងយុទ្ធសាស្រ្តណាមួយ ដែលងាយមើលឃើញ និងធ្វើតាម។ ការណែនាំនេះសំខាន់ ប៉ុន្តែក៏តម្រូវអោយយើងចេះប្រើសារៈសំខាន់ និងឥទ្ធិពលរបស់វាដែរ។

លើកកំពស់ការអប់រំបរិស្ថាន

ការអប់រំបរិស្ថានអំពីសំរាម និងរបៀបចោលសំរាមអោយបានសមរម្យ មានសារៈប្រយោជន៍ជាងការយល់ដឹងច្បាប់ទៅទៀត ពីព្រោះវាជាការយល់ដឹងដោយខ្លួនឯង។ ទោះការអប់រំបរិស្ថានអំពីសំរាមត្រូវចំណាយពេលយូរក្នុងការបង្កើតផលវិជ្ជមាន ភាពសំខាន់នៃការអប់រំបរិស្ថាននៅតែទាក់ទង ព្រោះគោលដៅចំបងនៃអត្ថបទនេះ គឺធ្វើយ៉ាងណាត្រូវផ្លាស់ប្តូរខ្លួនឯងជាមុនសិន។ ការផ្លាស់ប្តូរទម្លាប់ចោលសំរាម គ្មានសណ្តាប់ធ្នាប់ត្រូវការភ្ញាក់ខ្លួនដោយខ្លួនឯង និងដោយមានការយល់ដឹងដោយខ្លួន៕

Leave a Reply