img_2689

ការចូលរួមរបស់ខ្ញុំលើយុទ្ធនាការរើសសម្រាម នៅតំបន់ឆ្នេរអូរឈើទាល

នៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថា មានបញ្ហាកើតឡើងជាច្រើនដែលធ្វើឲ្យប៉ះពាល់ដល់ការបំរែបំរួលអាកាសធាតុ បរិស្ថាន និងធនធានធម្មជាតិជាច្រើនទៀត ដែលទាំងនេះជាក្តីកង្វល់ដ៏ខ្លាំងក្លារបស់ប្រទេសនីមួយៗកំពុងប្រឈម។ ហើយប្រទេសដែលទទួលរងបញ្ហាទាំងនោះ ក៏កំពុងព្យាយាមសិក្សាស្រាវជ្រាវរកវិធីសាស្ត្រធ្វើយ៉ាងណាទប់ស្កាត់កុំឲ្យមានវិបត្តិនេះកើតឡើងតាមរយៈការបំពុលបរិស្ថានឬតាមរយៈការបំផ្លាញធនធានធម្មជាតិដោយប្រការណាមួយ។ ជាក់ស្តែងប្រទេសកម្ពុជាក៏កំពុងជួបនូវវិបត្តិបាត់បង់ធនធានជីវៈចម្រុះធម្មជាតិដ៏ល្អឯកនាពេលបច្ចុប្បន្ននិងអាចបន្តកាន់តែខ្លាំងឡើងនាពេលអនាគតប្រសិនបើគ្មានដំណោះស្រាយទប់ស្កាត់លើបញ្ហាទាំងនោះទេ។

ដោយហេតុឃើញថាប៉ុន្មានឆ្នាំក្រោយមកនេះកម្ពុជាកំពុងប្រឈមនិងបញ្ហាបំផ្លាញបរិស្ថានដែលនាំឲ្យអាកាសធាតុប្រែលប្រួលយ៉ាងខ្លាំងហើយកំដៅក៏កើនឡើងជាលំដាប់ផងនោះ ស្របពេលនេះដែរ  អង្គការក្រៅរដ្ឋាភិបាលមួយចំនួននៅក្នុងប្រទេសឬក្រៅប្រទេសបានចូលរួមផ្សព្វផ្សាយការពារបរិស្ថានតាមរយៈការបង្កើតកម្មវិធីផ្តល់ឪកាសដល់យុវជនយុវនារី និងប្រជាពលរដ្ឋខ្មែរទាំងមូលបានចូលរួមជួយផ្សព្វផ្សាយការពារបរិស្ថាន នៅតាមតំបន់ណាមួយនៃគម្រោងរបស់អង្គការ។ ក្នុងនោះមាន សមាគមន៍img_2629ធាងត្នោត ដែលជាអង្គការក្រៅរដ្ឋាភិបាល បានរៀបចំឲ្យ “សំឡេងទីក្រុង” ដែលជាគម្រោងជួយផ្សព្វផ្សាយពីបញ្ហាបរិស្ថាន កង្វះអនាម័យ និងបញ្ហាផ្សេងៗទៀត ជាពិសេសជួយរិះរកដំណោះស្រាយដើម្បីទប់ស្កាត់លើបញ្ហាទាំងនោះក្នុងតំបន់ទីក្រុង។ នៅថ្ងៃទី១៧ ខែឆ្នូ ឆ្នាំ២០១៦ សំឡេងទីក្រុង បានផ្តល់ឪកាសដល់យុវជនប្រមាណ២០នាក់ រួមទាំងនាងខ្ញុំបានចូលរួមយុទ្ធនាការណ៍ រើសសម្រាម ដើម្បីយកមកកែច្នៃជារបស់ប្រើប្រាស់ ដោយកំណត់យកទីតាំងនៅឆ្នេរអូរឈើទាល នៃក្រុងព្រះសីហនុជាតំបន់គោល។  គោលបំណងមិនត្រឹមផ្តោតលើការកែច្នៃសម្រាមប៉ុណ្ណោះទេ គឹវាជាយុទ្ធនាការក្រើនរំលឹកដល់ភ្ញៀវទេសចរ និងអ្នកអាជីវកម្មនៅទីនោះអំពីផលប៉ះពាល់នៃការទុកដាក់សម្រាមមិនបានល្អផងដែរ។

កំឡុងពេលធ្វើដំណើរទៅខេត្តព្រះសីហនុ មិត្តៗទាំងអស់គ្នាបានបង្កើតនូវទំនាក់ទំនងល្អបង្ហាញភាពរួសរាយរាក់ទាក់ ស្នាមញញឹមដោយធ្វើការណែនំាខ្លួនទៅវិញទៅមកបើទោះបីជាមិនធ្លាប់ស្គាល់គ្នាពីមុនមកក៏ដោយ។ លុះទៅដល់គោលដៅ យើងទាំងអស់គ្នាបាន ចាត់ចែងបែងចែកក្រុមយុវជន ក្នុងមួយក្រុមចំនួន៤នាក់សហការណ៍គ្នា រៀបចំគំនិតច្នៃប្រឌិតសម្រាមដែលក្រុមនីមួយៗimg_2689បានរើសរួចនោះ យកមកកែច្នៃជាអ្វីដែលអាចប្រើប្រាស់ទៅបានក្នុងជីវភាពប្រចាំថ្ងៃ។ តែមុននឹងធ្វើយុទ្ធនាការណ៍ដើររើសសម្រាម ក្នុងក្រុមនីមួយៗបានចាត់ចែងគ្នាទិញឧបករណ៍ ដែលចាំបាច់ប្រើប្រាស់យកមកច្នៃសម្រាមដូចជា៖ ស្កុត, កន្ត្រៃ, កាវ, កូនកាំបិត និងឧបករណ៍ផ្សេងៗទៀតដែលជាតម្រូវការ។ បន្ទាប់ពីបានទិញរបស់រួចរាល់ហើយ យើងក៏ចាប់ផ្តើមទៅទីតាំង ឆ្នេរសមុទ្រអូរឈើទាលដើម្បីដើររើសសម្រាមផង ផ្តល់សារសំខាន់ថែរក្សាការទុកដាក់សម្រាមផង ចាប់ពីដើមឆ្នេររហូតដល់ចុងឆ្នេរ។

យើងបានដើររើសបណ្តើរ ស្រែកដាក់មីក្រូហ្វូនបណ្តើរដើម្បីបង្ហាញពីពីគោលបំណងដែលយើងមកទីនេះ និងរៀបរាប់ពីផលប៉ះពាល់ពីការចោលសម្រាមគ្មានសណ្តាប់ធ្នាប់ ការចោលសម្រាមនៅលើឆ្នេរសមុទ្រ ការប៉ះពាល់នៃការបំពុលទឹកសមុទ្រ បំពុលត្រី បំពុលខ្យល់អាកាស និងការធ្វើឲ្យតំបន់ទេសចរណ៍ដ៏ស្រស់បំព្រងក្លាយជាកន្លែងគំនរសម្រាមទៅវិញ ដែលនេះជាហេតុនាំឲ្យយើងទាំងអស់គ្នាត្រូវតែចូលរួមការពារថែរក្សាបរិស្ថានគ្រប់ទីកន្លែង។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺអំឡុងពេលដែលពួកយើងធ្វើយុទ្ធនាការ មានជនបរទេសពីរនាក់ និងក្មេងស្រីម្នាក់ និងលោកពូពីរបីនាក់ទៀតដែលជាជនជាតិខ្មែរ បានចូលរួមជួយរើសសម្រាម។ លោកពូម្នាក់បានបញ្ចេញមតិថា ” គាត់ពិតជាមានក្តីសប្បាយរីករាយដែលយុវជនខ្មែរបានលះបង់ពេលវេលាផ្ទាល់ខ្លួនពីគ្រួសារ មកចូលរួមរើសសម្រាមតាមមាត់ឆ្នេរដោយការយកចិត្តទុកដាក់បំផុត។”  លោកពូបានបន្តទៀតថា៖ “ គាត់សុំបញ្ចេញមតិយោបល់ធ្វើការ ស្នើសុំឲ្យរដ្ឋាភិបាលធ្វើការចាត់វិធានការចំពោះអ្នកចោលសម្រាមគ្មានសណ្តាប់ធ្នាប់ ហើយស្នើសុំឲ្យក្រុមហ៊ុនស៊ីនទ្រី ដែលជាក្រុមហ៊ុនប្រមូលសម្រាម មេត្តាជួយដាក់ធុងសម្រាមនៅតាមមាត់ឆ្នេរផង ព្រោះគាត់សង្កេតឃើញថា ក្រុមហ៊ុនបានយកលុយថ្លៃសេវាប្រមូលសម្រាមតាមតូបនីមួយៗក៏ពិតមែនប៉ុន្តែអ្វីដែលខ្វះខាតនោះគឺ មិនមានធុងសម្រាមនៅតាមមាត់ឆ្នេរសម្រាប់ឲ្យភ្ញៀវទេសចរណ៍គាត់ញុំាហើយចោលសម្រាមនោះទេ អញ្ចឹងវាធ្វើឲ្យសម្រាមត្រូវបានរប៉ាត់រប៉ាយពាសពេញឆ្នេរសមុទ្រ” នេះជាមតិលើកឡើងរបស់លោកពូ។ បន្ទាប់ពីបញ្ចប់យុទ្ធនាការរើសសម្រាមហើយ យើងទាំងអស់គ្នាបានយកពេលទំនេរនោះលេងទឹកសមុទ្រ និងញុំាអាហារពេលល្ងាចយ៉ាងឆ្ងាញ់ទាំងអស់គ្នា។ បន្ទាប់មកទៀតប្រហែលម៉ោង ៩ យប់យើងក៏នាំគ្នាធ្វើការងារកែច្នៃសម្រាមដែលរើសបានទៅជារបស់ប្រើប្រាស់ហើយបន្តធ្វើមួយព្រឹកទៀតនៅថ្ងៃទី១៨ ខែឆ្នាំដដែល។   ក្នុងនោះក្រុមទី៣របស់នាងខ្ញុំកែច្នៃបានរបស់ប្រើប្រាស់ដូចជា៖

ទាំងនេះគឺជាលទ្ធផលដែលយុវជនបានខិតខំប្រឹងប្រែងរិះរកគំនិតច្នៃប្រឌិតឲ្យសម្រាមដែលគ្មាតម្លៃក្លាយជារបស់ប្រើប្រាស់មានតម្លៃវិញ។ បន្ទាប់ពីបានធ្វើកាតព្វកិច្ចរួចរាល់អស់ហើយ យើងបាននាំគ្នារៀបចំឥវ៉ាន់ដើម្បីត្រលប់មកភ្នំពេញវិញ។ ឆ្លៀតពេលត្រលប់មកវិញ យើងក៏បានទៅលេងឆ្នេរសមុទ្ររាម ដែលជាកន្លែងដ៏ស្រស់ស្អាត និងញុំាអាហារថ្ងៃត្រង់នៅទីនោះផងដែរ។

ចំពោះដំណោះស្រាយ យើងឃើញថានាពេលបច្ចុប្បន្នរដ្ឋាភិបាលបានខិតខំប្រឹងប្រែងអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចំរើនគ្រប់វិស័យ ក៏ប៉ុន្តែបើយើងមើលលើការអនុវត្តន៍វិញនោះ  យើងឃើញថានៅមានកម្រិតនៅឡើយ។  ជាក់ស្តែងទាក់ទងនិងការការពារបរិស្ថាននេះផ្ទាល់តែម្តង រដ្ឋាភិបាលគួរតែពន្លឿនរកដំណោះស្រាយធ្វើយ៉ាងណាអោយប្រជាពលរដ្ឋយល់ដឹងពីការទុកដាក់សម្រាមឲ្យមានសណ្តាប់ធ្នាប់ ផាកពិន័យលើការចោលសម្រាមគ្មានសណ្តាប់ធ្នាប់ និងផ្សព្វផ្សាយពីការទុកដាក់សម្រាមនៅទីសាធារណៈអោយទូលំទូលាយដើម្បីជាការដាស់តឿនដល់ប្រជាពលរដ្ឋទាំងមូល។ឧទាហរណ៍៖នៅប្រទេសជប៉ុន រដ្ឋាភិបាលបានអនុវត្តការផ្សព្វផ្សាយការពារបរិស្ថានដោយយកចិត្តទុកដាក់បំផុត និងបញ្ជ្រាបគ្រប់ស្រទាប់វ័យ ជាពិសេសគេផ្តោតទៅលើក្មេងៗនៅសាលាបឋម ឬអនុវិទ្យាល័យ គឺគេបានបង្រៀនពីការទុកដាក់ចោលសម្រាមតាំងពីនៅតូច ដើម្បីជាការបណ្តុះគំនិតអោយយល់ដឹងតាំងពីតូច។ មួយវិញទៀត ចំពោះក្រុមហ៊ុនប្រមូលសម្រាម គួរតែយកចិត្តទុកដាក់ចំពោះសេវាកម្មដែលខ្លួនមាន អនុវត្តសកម្មភាពប្រមូលសម្រាមឲ្យបានល្អ និងផ្តល់ធុងសម្រាមឲ្យបានគ្រប់គ្រាន់កុំអោយខ្វះខាត។  ក្រុមហ៊ុនគួរតែរកទីតាំងណាមួយដែលនៅឆ្ងាយក្រុងទុករក្សាសម្រាមអោយបានល្អ កុំអោយមានក្លិនស្អុយជះមកតំបន់ប្រជាជនរស់នៅ។ មួយទៀតអាចបង្កើតរោងចក្រកែច្នៃសម្រាម សម្រាមដែលដុតឆេះនិងដុះមិនឆេះ អាចយកមកធ្វើជាជីដំណាំ ឬជារបស់ដែលអាចប្រើប្រាស់ម្តងទៀតបាន ។

ចំពោះចំណាប់អារម្មណ៍វិញ មិនថាខ្ញុំផ្ទាល់ ឬយុវជនដទៃទៀតនោះទេ គឺពិតជាសប្បាយរីករាយ និងមានមោទនៈភាពចំពោះទឹកចិត្តរបស់អង្គការក្រៅរដ្ឋាភិបាល និងបងៗធ្វើការនៅក្នុងគម្រោងទាំងអស់ ដែលបានផ្តល់ឱកាសដ៏មានតម្លៃឲ្យយុវជន បានចូលរួមកម្មវិធីមួយនេះ បើទោះបីជាចំណែកតិចតួចក៏ដោយ តែវាជាផ្នែកមួយនៃកម្លាំងទឹកចិត្ត ជួយដល់សង្គមផងដែរ។ ហើយខ្ញុំសង្ឈឹមថា សំឡេងទីក្រុងនឹងផ្តល់ឱកាសអោយខ្ញុំបានចូលរួមការងារស្ម័គ្រចិត្តជួយដល់សង្គមជាបន្តបន្ទាប់ទៀត។

ជាសន្និដ្ឋានរួមមក បញ្ហាបរិស្ថាននៅតែជាជំងឺរាំរៃនៅក្នុងសង្គមខ្មែរ ដែលនៅមិនទាន់មានដំណោះស្រាយណាមួយមានប្រសិទ្ធិភាពទប់ស្កាត់បញ្ហានេះបាន។ ក្នុងនាមខ្ញុំជាយុវជនខ្មែរ សូមធ្វើការអំពាវនាវដល់អង្គការក្រៅរដ្ឋាភិបាល បន្តបង្កើតកម្មវិធីជួយការការពារបរិស្ថានបន្ថែមទៀត។ ហើយក៏សូមឲ្យរដ្ឋាភិបាលកម្ពុជា ក៏ដូចជាមន្ត្រីមានសមត្ថឈឹមថា សំឡេងទីក្រុងនឹងផ្តល់លរួមការងារស្ម័គ្រចិត្តជួយដល់សង្គមដ្ឋភិបានចូលរួមសណ្តាប់ធ្នាប់ល្អ ម្តងទៀត។ ទាកិច្ច អន្តរាគមន៍ជួយរកដំណោះស្រាយ ឬមានវិធានការយ៉ាងណាអោយការអនុវត្តមានប្រសិទ្ធិភាព។  ជាពិសេសអ្វីដែលមិនអាចរំលងបាននោះ សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងមូលគ្រប់ស្រទាប់វ័យ ចូលរួមអនុវត្តថែរក្សាបរិស្ថាន ចូលរួមទុកដាក់ចោលសម្រាមឲ្យមានសណ្តាប់ធ្នាប់ល្អ បែងចែកតាមប្រភេទសម្រាមដែលរដ្ឋបានកំណត់។ បើទោះបីរដ្ឋាភិបាលព្យាយាមទប់ស្កាត់ ឬអង្គការក្រៅរដ្ឋាភិបានចូលរួមជួយដោះស្រាយយ៉ាងណាក៏ដោយ តែបើប្រជាពលរដ្ឋមិនដាក់ចិត្តកាយចូលរួមអនុវត្តថែរក្សាទាំងអស់គ្នានោះទេ ច្បាស់ជាពុំមានលទ្ធផលអ្វីទទួលបានឡើយ មានតែទ្រឹស្តីតែគ្មានការអនុវត្តន៍ក៏គ្មានជោគជ័យដែរ។ ដូច្នេះហើយសូមប្រជាពលរដ្ឋទាំងអស់ចូលរួមសហការណ៍អនុវត្តន៍ទាំងអស់គ្នា ដើម្បីផលប្រយោជន៍ទាំងអស់គ្នា។

ចាន់ ស្រីហ៊ុច៖ យុវជនស្ម័គ្រចិត្តរបស់សំឡេងទីក្រុង

Leave a Reply