កម្មករ​ស៊ីនទ្រី​ប្រមូល​សំរាម​តិចតួច​តាម​ផ្លូវ​សំខាន់ៗ​នៅ​ភ្នំពេញ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី
Posted On : April, 17, 2015 | By សំឡេងទីក្រុង

ដោយ អ៊ុក សាវបូរី, 2015-04-17, ប្រភព៖ RFA

កម្មករ​មួយ​ចំនួន​របស់​ក្រុមហ៊ុន ស៊ីនទ្រី (CINTRI) បាន​ប្រមូល​សំរាម​ដែល​បាន​គរ​ទុក​ចោល​យូរ​ថ្ងៃ ស្អុយ​រលួយ​នៅ​តាម​ដង​ផ្លូវ​ដែល​សម្បូរ​អ្នក​ទេសចរ​ធ្វើ​ដំណើរ​ឆ្លង​កាត់ ក្នុង​ខណ្ឌ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ។ ការ​ប្រមូល​សំរាម​នេះ បន្ទាប់​ពី​ពលរដ្ឋ​រិះគន់​ថា សំរាម​ក្នុង​ទីក្រុង​ភ្នំពេញ​បាន​គរ​ទុក​ស្អុយ​រលួយ​បង្ហាញ​ភ្ញៀវ​ទេសចរ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី។

កម្មករ​ក្រុមហ៊ុន ស៊ីនទ្រី មួយ​ក្រុម​ប្រមូល​សំរាម​នៅ​ក្នុង​ខណ្ឌ​ទួលគោក ក្នុង​តំបន់​ដែល​មាន​មនុស្ស​យក​សំរាម​ទៅ​បោះ​ចោល​នៅ​ក្បែរ​របង​សាធារណៈ នា​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៥។

លោក ព្រីង កាន កម្មករ​ក្រុមហ៊ុន ស៊ីនទ្រី ឲ្យ​ដឹង​ថា គាត់​ស្ម័គ្រ​ចិត្ត​ធ្វើ​ការ​នៅ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ ដើម្បី​បាន​ទទួល​ប្រាក់​បន្ថែម​លើ​ប្រាក់​ខែ គឺ​ក្នុង​មួយ​ថ្ងៃ​បាន ៥​ម៉ឺន​រៀល និង​បាន​ចូលរួម​សម្អាត​ទីក្រុង​ផង៖ «ធ្វើ​ដើម្បី​វា​ចំណេញ ព្រោះ​យើង​អត់​ចេះ​តែ​ប្រឹង​ធ្វើ​ទៅ។ កើប​គ្រប់​កន្លែង​នៅ​តាម​ផ្លូវ គឺ​ឡាន​គេ​មិន​ទាន់​ទៅ​ដល់​ផង បន្តិច​ទៀត​ឡាន​គេ​ទៅ​ដល់​ហើយ»

អ្នក​បោស​សម្អាត​ផ្លូវ​នៃ​ក្រុមហ៊ុន ស៊ីនទ្រី លោកស្រី រស់ សុភី ឲ្យ​ដឹង​ថា គាត់​បាន​ធ្វើ​ការ​ក្នុង​ថ្ងៃ​ឈប់​សម្រាក​ចូល​ឆ្នាំ​ចាប់​ពី​ថ្ងៃ​ទី​១២ មេសា មក ព្រោះ​គាត់​មិន​ដឹង​ទៅ​ដើរ​លេង​ឯណា និង​គ្មាន​លុយ ក៏​មក​កើប​សំរាម​យក​ប្រាក់​បន្ថែម៖ «ធ្វើ​ទៅ​វា​បាន​លុយ​តិចតួច ចេះ​តែ​ធ្វើ​ទៅ ព្រោះ​យើង​វា​អត់​លុយ គឺ​ធ្វើ​បាន​លុយ​ផង​ឲ្យ​ស្អាត​ផ្លូវ​ផង ទីក្រុង​ភ្នំពេញ»

ចំណែក​អ្នក​បើកបរ​រថយន្ត​ដឹក​សំរាម​ក្រុមហ៊ុន ស៊ីនទ្រី លោក ម៉ី ផាន ឲ្យ​ដឹង​ថា ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​គាត់​មក​ដឹក​សំរាម​តែ​មួយ​ជើង​ទេ ព្រោះ​គាត់​ត្រូវ​ទៅ​ចូលរួម​កម្សាន្ត​ជាមួយ​ក្រុម​គ្រួសារ​ដែរ។ លោក​បន្ត​ថា បើ​គាត់​មិន​ស្ម័គ្រ​ចិត្ត​ធ្វើ​ការ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ទេ នោះ​សំរាម​ក្នុង​ទីក្រុង​នឹង​កាន់​តែ​ស្អុយ​រលួយ។ ទន្ទឹម​នោះ គាត់​ក៏​បាន​ទទួល​ប្រាក់​បន្ថែម​ម៉ោង​ដែរ៖ «មាន​តាម​កម្លាំង​បើក​ច្រើន​បាន​ពីរ​ជើង បើក​តិច​បាន​តែ​មួយ​ជើង បើ​សំរាម​គរ​ហើយ ស៊ី​សង​លើ​មេ មើល​ផ្លូវ​ហ្នឹង​វា​សំខាន់ ឬ​មិន​សំខាន់ បើ​មិន​សំខាន់​ទុក​សិន បើ​ផ្លូវ​សំខាន់​យើង​យក​មុន។ ក្នុង​ពេល​ចូល​ឆ្នាំ​ហ្នឹង មួយ​ខណ្ឌ​គេ​ឲ្យ​ចេញ ៤​គ្រឿង។ ដឹក​អត់​អស់​ទេ បើ​រួម​ផ្សំ​នឹង​អត់​កម្លាំង​ផង រៀបចំ បើ​យើង​មិន​បញ្ចេញ​សំរាម​មក​ក្រៅ ទុក​រយៈពេល ៣​ថ្ងៃ រក​កន្លែង​ទុក​ដាក់​ស្អាត​បាត​នោះ​អាច ធ្វើ​ឲ្យ​ទីក្រុង​យើង​ស្អាត នោះ​វា​រួម​ផ្សំ​នឹង​ប្រជាពលរដ្ឋ​យើង​ជួយ​សម្អាត​បរិស្ថាន​ទាំងអស់​គ្នា ដើម្បី​ទីក្រុង​ស្អាត​របស់​យើង»

តំណាង​ក្រុម​អ្នក​ប្រមូល​សំរាម​នៅ​ខណ្ឌ​ទួលគោក សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា ក្រុមហ៊ុន ស៊ីនទ្រី បាន​ផ្តល់​រថយន្ត ៤​គ្រឿង​ក្នុង​មួយ​ខណ្ឌ ដើម្បី​ដឹក​សំរាម​ចេញ​ពី​ទីក្រុង​ក្នុង​ឱកាស​ចូល​ឆ្នាំ។ លោក​ថា កម្លាំង​កម្មករ​មិន​គ្រប់គ្រាន់​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ ទើប​ការ​ប្រមូល​សំរាម​ដឹក​ចេញ​តែ​តាម​ផ្លូវ​ជាតិ​ធំៗ ចំណែក​ផ្លូវ​ក្នុងៗ​មិន​ទាន់​អាច​យក​សំរាម​ចេញ​បាន​ទេ គឺ​រង់ចាំ​ដល់​ថ្ងៃ​កម្មករ​ចូល​ធ្វើ​ការ​វិញ។

បន្ថែម​លើ​នោះ ប្រធាន​ការិយាល័យ​យានដ្ឋាន​ប្រតិបត្តិការ​សម្អាត​ក្រុង​នៅ​ក្រុមហ៊ុន ស៊ីនទ្រី លោក ងួន ស៊ីផេង ឲ្យ​ដឹង​ថា ក្នុង​ថ្ងៃ​ឈប់​សម្រាក​ចូល​ឆ្នាំ ក្រុមហ៊ុន ស៊ីនទ្រី មាន​កម្មករ ១០០​នាក់​ក្នុង​មួយ​ថ្ងៃ និង​រថយន្ត ៣២ ទៅ ៣៣​គ្រឿង ដើរ​ប្រមូល និង​ដឹក​សំរាម​ចេញ​ពី​ទីក្រុង។ លោក​ថា កម្មករ ១០០​នាក់​ចែក​ជា​ពីរ​ក្រុម។ មួយ​ក្រុម​ដឹក​សំរាម​នៅ​ពេល​ព្រឹក និង​មួយ​ក្រុម​ទៀត ដឹក​សំរាម​ចេញ​ពេល​យប់។ លោក​ថា នៅ​ឱកាស​ចូល​ឆ្នាំ​នេះ សំរាម​ដឹក​ចេញ​បាន​តែ ៣០០ ទៅ ៦០០​តោន​ទេ​ក្នុង​១​ថ្ងៃ៖ «ប៉ុន្មាន​ថ្ងៃ​នេះ​យើង​មិន​បាន​ប្រមូល​ឲ្យ​វា​អស់​បាន ១០០% ទេ តែ​លទ្ធភាព​យើង​ប្រមូល​មួយ​ថ្ងៃ​មាន ៣០០​តោន។ ថ្ងៃ​ណា​កម្មករ​មក​ច្រើន​ទៅ បាន​លើស​ហ្នឹង​បន្តិច​ទៅ ថ្ងៃ​ណា​វា​អត់​បាន​រាង​ធ្លាក់​ជាង​ហ្នឹង​បន្តិច​ទៅ នេះ​ពេល​ថ្ងៃ ពេល​យប់​យើង​ផ្សេង យើង​បាន​ជាង ២០០​តោន អ៊ីចឹង​ក្នុង​មួយ​ថ្ងៃ​វា​ចូល​បាន ៦០០​តោន​អី​ដែរ»

លោក ងួន ស៊ីផេង បន្ត​ថា កម្មករ​ក្រុមហ៊ុន ស៊ីនទ្រី ដែល​ស្ម័គ្រ​ធ្វើ​ការ​នៅ​ថ្ងៃ​ឈប់​សម្រាក គឺ​ក្រុមហ៊ុន​បាន​គុណ​ប្រាក់​បន្ថែម​ម៉ោង​មួយ​ថ្ងៃ ៥​ម៉ឺន​រៀល និង​ផ្តល់​បាយ​មួយ​ពេល ដើម្បី​លើក​ទឹក​ចិត្ត​កម្មករ​ឲ្យ​ខំ​សម្អាត​ទីក្រុង និង​ដឹក​សំរាម​យក​ចេញ ជួយ​ការពារ​បរិស្ថាន សុខភាព​ប្រជាពលរដ្ឋ និង​រក្សា​អនាម័យ​ក្នុង​រាជធានី​ភ្នំពេញ៕

Urban Voice Cambodia

Urban Voice Cambodia