កម្មករ​មួយ​ចំនួន​បារម្ភ​រឿង​ប្រាក់​កក់​ត​ចរន្ត​អគ្គិសនី​ចូល​បន្ទប់​ជួល
Posted On : January, 21, 2015 | By សំឡេងទីក្រុង

ដោយ អ៊ុក សាវបូរី, វិទ្យុអាស៊ីសេរី, ថ្ងៃទី ២៣​​ មករា ២០១៥

បញ្ហា​បញ្ចុះ​តម្លៃ​ប្រើប្រាស់​អគ្គិសនី​របស់​រដ្ឋាភិបាល ដើម្បី​ឲ្យ​កម្មករ​ស្នាក់​នៅ​ផ្ទះ​ជួល ឬ​បន្ទប់​ជួល​ក្នុង​រាជធានី​ភ្នំពេញ បង់​ថ្លៃ​ភ្លើង​តែ ៦១០​រៀល បាន​ចោទ​ជា​បញ្ហា​ច្រើន​ដល់​កម្មករ​ផ្ទាល់ ដោយសារ​មាន​ការ​ទាមទារ​ឲ្យ​មាន​ប្រាក់​កក់​មុន ៣​ម៉ឺន ៥០០​រៀល ដើម្បី​បាន​ភ្លើង​ប្រើប្រាស់។

បញ្ហា​នេះ ក្រុម​កម្មករ​ទាមទារ​ឲ្យ​មាន​ការ​ពន្យល់​ឲ្យ​ច្បាស់​ពី​អគ្គិសនី​កម្ពុជា ព្រោះ​កម្មករ​ភាគ​ច្រើន​ធ្វើ​ការ​នៅ​រោងចក្រ​មួយ​មិន​បាន​យូរ​អង្វែង​ទេ។ ទន្ទឹម​នោះ ការ​ជួល​បន្ទប់​ស្នាក់នៅ​មួយ​កន្លែង​ក៏​មិន​បាន​ជាប់​លាប់​យូរ​ខែ​ឆ្នាំ​ដែរ។ បំភ្លឺ​ចំពោះ​ការ​លើក​ឡើង​នោះ អគ្គនាយក​អគ្គិសនី​កម្ពុជា លោក កែវ រតនៈ ឆ្លើយ​ថា ប្រាក់​កក់ គឺ​កម្មករ​អាច​សុំ​ដក​វិញ​នៅ​ពេល​កម្មករ​ឈប់​ស្នាក់នៅ​បន្ទប់​ជួល។

កិច្ច​ប្រជុំ​រវាង​ម្ចាស់​ផ្ទះ​ជួល​ជាមួយ​អគ្គិសនី​កម្ពុជា អាជ្ញាធរ​អគ្គិសនី និង​សាលា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មករា ខាង​អគ្គិសនី​កម្ពុជា តម្រូវ​ឲ្យ​កម្មករ​ស្នាក់នៅ​គ្រប់​បន្ទប់​ជួល ត្រូវ​បង់​ប្រាក់​កក់​មុន ៣​ម៉ឺន ៥០០​រៀល ទើប​មាន​ភ្លើង​ប្រើ​ក្នុង​តម្លៃ ៦១០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង ប្រសិន​ប្រើ​ក្រោម ៥០​គីឡូវ៉ាត់។

អគ្គនាយក​អគ្គិសនី​កម្ពុជា លោក កែវ រតនៈ អះអាង​មិន​ឲ្យ​កម្មករ​បន្ត​ប្រើ​ភ្លើង​ម្ចាស់​ផ្ទះ​ទៀត​ឡើយ ព្រោះ​ម្ចាស់​ផ្ទះ​ជួល​គិត​លុយ​ភ្លើង ១​គីឡូវ៉ាត់​ថ្លៃ ២.០០០​រៀល ទៅ ២.៥០០​រៀល៖ «បង​ប្អូន​មិន​មែន​អ្នក​រក​ស៊ី​ភ្លើង​ទេ គឺ​រក​ស៊ី​ភ្លើង ពួក​ក្រុមហ៊ុន​អគ្គិសនី​នេះ​ទេ អ៊ីចឹង​បង​ប្អូន​ជា​អ្នក​ជួល​ផ្ទះ ជួល​បន្ទប់ ត​ខ្សែ​បាត់​បង់​គីឡូវ៉ាត់ បាន​ទៅ​យក​លុយ​ដើម្បី​បំពេញ​អា​ហ្នឹង អ៊ីចឹង​ហើយ​បាន​យើង​នេះ​ប្រាប់​ថា អម្រែក​ហ្នឹង​យើង​ទទួល​យក​ចុះ»

ក្រោយ​ពី​ទទួល​ដំណឹង​មិន​ឲ្យ​ម្ចាស់​ផ្ទះ​ជួល​លក់​ភ្លើង​ឲ្យ​កម្មករ​ប្រើ​តម្លៃ ២​ពាន់​រៀល ទៅ ២.៥០០​រៀល​មក ម្ចាស់​ផ្ទះ និង​កម្មករ​ជួល​បន្ទប់ បាន​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​ទី​២០ ខែ​មករា។ កម្មករ​អះអាង​ថា រោងចក្រ​កាត់​ដេរ​ខ្លះ​គ្មាន​ការងារ​ឲ្យ​ធ្វើ​ពេញ​លេញ​ទេ កម្មករ​ឈប់​ធ្វើ​ការ​ពាក់​កណ្ដាល​ខែ ហើយ​ប្ដូរ​កន្លែង​ធ្វើ​ការ និង​កន្លែង​ស្នាក់នៅ។ ការ​ប្ដូរ​បន្ទប់​ជួល​ថ្មី កម្មករ​មិន​អាច​បង់​ប្រាក់​កក់​មុន ៣​ម៉ឺន ៥០០​រៀល​ទៅ​អគ្គិសនី​កម្ពុជា គ្រប់​ការ​ជួល​បន្ទប់​ដែល​បាន​ប្ដូរ​ទីតាំង​ជួល​នោះ​ទេ។

លោក គីម កម្មករ​សំណង់​ជួល​បន្ទប់​ក្នុង​ភូមិ​ព្រៃព្រីង​ខាង​ត្បូង សុំ​ឲ្យ​អគ្គិសនី​កម្ពុជា សហការ​ជាមួយ​ម្ចាស់​ផ្ទះ​ជួល​វិញ ទើប​ដំណើរ​ការ​លក់​ភ្លើង​នោះ​រលូន៖ «ឧទាហរណ៍​អ្នក​ចាស់​ធ្លាប់​នៅ​អ៊ីចឹង ហើយ​ដល់​ពេល​គ្នា​ចង់​ដូរ​ទីតាំង​ថ្មី​ទៅ​អ្នក​ណា អ្នក​ទទួល​ខុស​ត្រូវ​ភ្លើង​ហ្នឹង អ្នក​មក​មើល​ការ​ពិត​ជាក់ស្តែង ទាល់​តែ​ហៅ​ម្ចាស់​ផ្ទះ​មក​បាន​វា​ស្រួល។ ម្ចាស់​ផ្ទះ​វា​ស្រួល​ជាង ខាង​អឺឌេសេ (EDC) គេ​នោះ​មក​មិន​អ៊ីចឹង មិន​ស្រួល»

កម្មករ​ឈ្មោះ ពៅ ជួល​បន្ទប់​ស្នាក់នៅ​ក្នុង​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ថ្លែង​ថា កម្មករ​មាន​កុងត្រា​ការងារ​ខ្លី មិន​អាច​បង់​ប្រាក់​កក់​មុន​ទៅ​អគ្គិសនី ៣​ម៉ឺន ៥០០​រៀល ដើម្បី​បាន​កុងទ័រ​មួយ​គ្រឿង​ត​ភ្លើង​ឲ្យ​ប្រើ​តម្លៃ​ថោក ៦១០​រៀល​បាន​ទេ៖ «អ៊ីចឹង​បើ​សិន​ជា​ឲ្យ​ពួក​ខ្ញុំ​ទៅ​បង់​នៅ​ខាង​រដ្ឋ ប្រហែល​ជា​ពិបាក​បន្តិច​ចំពោះ​ខ្ញុំ​ជា​កម្មករ ពួក​ខ្ញុំ​ទំនេរ​បាន​តែ​ថ្ងៃ​អាទិត្យ អ៊ីចឹង​ថ្ងៃ​អាទិត្យ រដ្ឋ​ក៏​គេ​សម្រាក​ដែរ អ៊ីចឹង​ឲ្យ​ខ្ញុំ​ទៅ​បង់​យ៉ាង​ម៉េច? បើ​សិន​ជា​ខាង​រដ្ឋ​ឲ្យ​ម្ចាស់​ផ្ទះ​ទទួល​ខុស​ត្រូវ ប្រហែល​ជា​អាច​ស្រួល​វិញ ព្រោះ​អី​ពួក​ខ្ញុំ​ឮ​ថា​បញ្ចុះ​តម្លៃ​ភ្លើង គឺ​សប្បាយ​ចិត្ត»

កម្មការិនី​នៅ​រោងចក្រ វ៉ៃយ៉ាត ឲ្យ​ដឹង​ថា បញ្ហា​បង់​ប្រាក់​កក់​មុន​នេះ កម្មករ​នឹង​គ្មាន​ភ្លើង​ប្រើ បើ​ម្ចាស់​ផ្ទះ​មិន​ត​ភ្លើង​ក្នុង​បន្ទប់​ជួល​ឲ្យ​កម្មករ​ប្រើ ព្រោះ​បំរាម​ពី​អគ្គិសនី​កម្ពុជា។ កម្មការិនី​រូប​នេះ សំណូមពរ​ឲ្យ​អគ្គិសនី​កម្ពុជា ដាក់​ភ្លើង​ឲ្យ​ប្រើ​មុន​សិន ទើប​កម្មករ​មាន​លុយ​បង់​ភ្លើង​ជា​ក្រោយ ដូច​ម្ចាស់​ផ្ទះ​ជួល​បាន​ធ្វើ​គ្រប់​គ្នា ទើប​ជួយ​កម្មករ​មែន៖ «កក់​ទាល់​តែ​ចាំ​មើល​ខែ​ក្រោយៗ ព្រោះ​ក្នុង​រោងចក្រ​ខ្ញុំ​វា​ធ្វើ​ការ​អត់​មាន​លំនឹង​ផង ៥០% រហូត​អត់​មាន​ការ​ងារ​ធ្វើ ទាល់​តែ​មាន​លំនឹង បើ​សិន​ជា​បាន​ធ្វើ​ជាប់លាប់​ដូច​គេ ខ្ញុំ​នឹង​ទៅ​កក់​លុយ​ដែរ»

កម្មការិនី​នៅ​ភូមិ​ព្រៃព្រីង​ខាង​ត្បូង បន្ថែម​ថា គាត់​មិន​យល់​ច្បាស់​ដែរ បើ​ការ​បង់​ប្រាក់​កក់​មុន​ទើប​មាន​ភ្លើង​ប្រើ​នេះ បើ​គាត់​ឧស្សាហ៍​ដូរ​រោងចក្រ តើ​គាត់​ខាត​លុយ​កក់​មុន​ប៉ុន្មាន​ដង៖ «អ៊ីចឹង​ខ្ញុំ​អត់​បង់​ទេ អត់​បង់​យក ៣​ម៉ឺន ៥០០​ហ្នឹង​ទេ ខ្ញុំ​ខ្លាច​ពេល​ខ្ញុំ​នៅ​បាន​តែ​កន្លះ​ខែ ឬ ១​ខែ ខ្ញុំ​ចេញ​ពី​ហ្នឹង​អ៊ីចឹង គឺ​ខ្ញុំ​អស់​លុយ​ហ្នឹង»

ផ្ទុយ​ពី​ក្រុម​កម្មករ​ដែល​រអ៊ូ​គ្មាន​លុយ​កក់​មុន អ្នក​ជួល​បន្ទប់​ស្នាក់នៅ​លក់​បាយ និង​លក់​គ្រឿងទេស​ឲ្យ​កម្មករ ថ្លែង​ថា គាត់​រីករាយ​បង់​ប្រាក់​កក់​ជូន​អគ្គិសនី​កម្ពុជា ព្រោះ​គាត់​ប្រើ​ភ្លើង​ច្រើន​ជាង​កម្មករ៖ «អា​ហ្នឹង​កក់​មុន​ខែ ដល់​ពេល​ចុង​ខែ​យើង​ចេញ​ម្តង​ទៀត មាន​អី​បើ​ប៉ុណ្ណឹង​ខ្ញុំ​យល់​ព្រម ប៉ុន្តែ​ឲ្យ​ព្រម​ទាំងអស់​គ្នា»

ស្ត្រី​ឈ្មោះ ធឿន ថ្លែង​ថា គាត់​ព្រម​បង់​លុយ​កក់​មុន​ឲ្យ​អគ្គិសនី​កម្ពុជា។ គាត់​នឹង​ចំណេញ​ពី​ការ​ប្រើ​ភ្លើង​ថ្លៃ ២.០០០​រៀល មក​នៅ​ត្រឹម ៦១០​រៀល ប៉ុន្តែ​គាត់​នឹង​លំបាក​ធ្វើ​ដំណើរ​ទៅ​បង់​ថ្លៃ​សេវា​នោះ ដោយសារ​ថ្លៃ​ជិះ​ម៉ូតូ​ឌុប​ទៅ​ដល់​អគ្គិសនី​កម្ពុជា អាច​មិន​ចំណេញ​ជាង​បង់​លុយ​ឲ្យ​ម្ចាស់​ផ្ទះ​ជួល៖«សុខ​ចិត្ត​កក់ ៣​ម៉ឺន ៥០០​រៀល ព្រោះ​បាន​ថោក ភ្លើង​ថោក​ទឹក​ថោក»

បញ្ហា​ចោទ​នៅ​លើ​ប្រាក់​កក់​មុន ទើប​មន្ត្រី​អគ្គិសនី​ត​ភ្លើង​តម្លៃ​ថោក​ឲ្យ​អ្នក​ជួល​បន្ទប់​ប្រើ​នោះ ត្រូវ លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា ថ្លែង​ថា ចំពោះ​ការ​បញ្ចុះ​តម្លៃ​ភ្លើង​ជូន​កម្មករ គឺ​រដ្ឋាភិបាល​ចេញ​ប្រាក់​សម្រាប់​ខាត​លើ​ការ​បញ្ចុះ​តម្លៃ​អគ្គិសនី​នេះ​ដល់​ទៅ​ជាង ២​លាន​ដុល្លារ​ឯណោះ មិន​គួរ​អគ្គិសនី​កម្ពុជា បង្ក​ការ​លំបាក​បន្ថែម​ដល់​កម្មករ និង​ម្ចាស់​ផ្ទះ​ជួល​ទេ។

ករណី​នេះ​ដែរ ម្ចាស់​ផ្ទះ​ជួល​នៅ​ភូមិ​ព្រៃទា លោកស្រី សោម ម៉ ថ្លែង​ថា គាត់​បាន​បង់​ថ្លៃ​ទឹក​តែ​ជូន​អគ្គិសនី​កម្ពុជា ដើម្បី​ដំឡើង​កម្លាំង​ថាមពល​ពី​ទាប​ទៅ​ខ្ពស់​សម្រាប់​បំបែក​ចូល​បន្ទប់​ជួល​ឲ្យ​មាន​ភ្លើង​ប្រើ​គ្រប់គ្រាន់ បើ​អគ្គិសនី​កម្ពុជា សម្រេច​យក​ថ្លៃ​ភ្លើង​ខ្លួន​ឯង គាត់​មិន​ជំទាស់​ទេ តែ​សុំ​ឲ្យ​សង​ថ្លៃ​ទឹក​តែ​មក​គាត់​វិញ ហើយ​កម្លាំង​ថាមពល​គាត់​ដំឡើង​នោះ​ដោះ​ដូរ​ដូចម្តេច? លោកស្រី​ថា បន្ទប់​គាត់​ជួល​តែ​មួយ​ទេ អគ្គិសនី​កម្ពុជា ភ្ជាប់​កុងទ័រ​តែ​មួយ​ដែរ ប្រសិន​បើ​អ្នក​ជួល​បន្ទប់​ប្ដូរ​មនុស្ស ១០​នាក់ ដូច្នេះ​អគ្គិសនី​កម្ពុជា នឹង​ប្រមូល​ប្រាក់​កក់​កុងទ័រ​មួយ​គ្រឿង ១០​ដង​ដែរ។

លោកស្រី រីណា ម្ចាស់​ផ្ទះ​ជួល ស្នើសុំ​ឲ្យ​អគ្គិសនី​កម្ពុជា បញ្ចុះ​តម្លៃ​ភ្លើង​ទូទៅ និង​សហការ​ជាមួយ​ម្ចាស់​ផ្ទះ ព្រោះ​គាត់​មិន​ចង់​បាន​ចំណេញ​ទេ តែ​ចង់​បាន​តម្លាភាព​ក្រោម​ការ​ដឹក​នាំ​របស់​រដ្ឋាភិបាល​តែ​មួយ។

លោក នូចិន សេរី ម្ចាស់​ផ្ទះ​ជួល​នៅ​ភូមិ​ព្រៃព្រីង​ខាង​ជើង ថ្លែង​ថា គាត់​មិន​ជំទាស់​ទេ បើ​អគ្គិសនី​កម្ពុជា ចង់​អូស​ខ្សែ​ថ្មី​ត​ចូល​បន្ទប់​គាត់​ជួល​ឲ្យ​កម្មករ​នោះ គាត់​នឹង​សហការ​ជួយ​បុគ្គលិក​អគ្គិសនី។

អគ្គនាយក​អគ្គិសនី​កម្ពុជា លោក កែវ រតនៈ ឲ្យ​ដឹង​ថា ប្រាក់​កក់​ជូន​អគ្គិសនី​កម្ពុជា នៅ​ពេល​កម្មករ​ឈប់​ស្នាក់នៅ​បន្ទប់​ជួល អាច​ទៅ​សុំ​ដក​យក​ប្រាក់​នោះ​វិញ ក្រោយ​ពី​ទូទាត់​ថ្លៃ​ភ្លើង​ប្រើ​ចុង​ក្រោយ​រួច​រាល់។

លោក កែវ រតនៈ អះអាង​ថា ថាមពល​អគ្គិសនី​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ជិត ៧០០​មេហ្គាវ៉ាត់ ប៉ុន្តែ​ការ​ត្រៀម​ផ្គត់ផ្គង់​អគ្គិសនី គឺ​លើស​ពី​តម្រូវ​ការ​នេះ​ទៅ​ទៀត។ បញ្ហា​នេះ ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា នឹង​បាន​ទទួល​ការ​បញ្ចុះ​តម្លៃ​អគ្គិសនី​ទូទាំង​ប្រទេស​ពី​ឆ្នាំ​២០១៦ ទៅ​ឆ្នាំ​២០១៨ ត្រឹម​តម្លៃ ៨២០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង៕

Urban Voice Cambodia

Urban Voice Cambodia