កម្មករក្រុមហ៊ុនស៊ីនទ្រីជាង២ពាន់នាក់ផ្ទុះកូដកម្មមិនចេញប្រមូលសំរាមដើម្បីទាមទារដំឡើងប្រាក់ខែ
Posted On : ធ្នូ, 27, 2018 | By សំឡេងទីក្រុង

រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង៧យប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ កម្មករប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រី ជាង២ពាន់នាក់ បាននាំគ្នាធ្វើកូដកម្មមិនព្រមចេញទៅប្រមូលសំរាមដើម្បីទាមទារដំឡើងប្រាក់ខែចំនួន ១២ដុល្លារបន្ថែម និងប្រាក់បំណាច់ផ្សេងៗ ដូចកម្មកររោងចក្រផងដែរ។

តាមប្រភពកាសែតកោះសន្តិភាព បានចុះផ្សាយថា កម្មករប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រី សព្វថ្ងៃប្រាក់ខែដែលពួកគាត់ទទួលបាន ចែកចេញជាពីរវេន គឺវេនយប់ និងវេនថ្ងៃ។ ចំពោះវេនថ្ងៃ គឺទទួលបានត្រឹមតែ ៥១មុឺនរៀល ស្មើនឹង ១២៧.៥ដុល្លា និងវេនយប់ទទួលបានតែ ៦១មុឺនរៀល ស្មើនឹង ១៥៥ដុល្លា ក្នុងមួយខែតែប៉ុណ្ណោះ។

តើប្រាក់ខែរបស់ពួកគាត់សមស្រប និងតម្លៃនៃពលកម្មការងារនេះដែរឬទេ?

សំរាមគឺជាប្រភពនៃមេរោគ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋយ៉ាងខ្លាំង។ ខណៈពេលដែលកម្មករប្រមូលសំរាម ត្រូវធ្វើការជាមួយសំរាមមិនតិចជាង ៨ម៉ោងក្នុងមួយថ្ងៃ សួរថាតើឥទ្ធិពលនៃក្លិនសំរាមធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់ពួកគាត់យ៉ាងណាខ្លះ?

បើតាមបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលម្នាក់ ដែលជាប្រធានគម្រោងរៀបចំដីធ្លី និងសិទ្ធិមនុស្សបាននិយាយថា៖ “បើយើងពិនិត្យមើលទៅលើប្រាក់ខែអតិប្បរមាក្នុងវិស័យកាត់ដេរ គឺពួកគាត់ទទួលបានប្រមាណជា៣០០ដុល្លារ។ ដូច្នេះមានន័យថាបច្ចុប្បន្នគាត់ទទួលបានប្រាក់ខែ ប្រហែលពាក់កណ្តាលនៃកម្មករកាត់ដេរតែប៉ុណ្ណោះ ខណៈដែលការងារគាត់គ្រោះថ្នាក់ និងអាចប្រឈមនឹងបញ្ហាសុខភាពច្រើនជាងក៏ដោយ។ តែទោះបីយ៉ាងណា ខ្ញុំមិនដឹងថាខាងក្រុមហ៊ុនមានបញ្ហាពិបាកយ៉ាងណាក្នុងការដំឡើងប្រាក់ខែនេះនោះទេ ដូច្នេះ
រដ្ឋាភិបាល និងក្រុមហ៊ុនស៉ិនទ្រីត្រូវតែពិនិត្យ ដោះស្រាយលើបញ្ហានេះ។

បើតាមគំនិតខ្ញុំប្រាក់ខែគាត់មិនគួរទាបជាង ៣០០ដុល្លារក្នុងមួយខែនោះទេ ត្រូវឱ្យមានការធានាលើបញ្ហាសុខភាព និងសុវត្ថិភាពផ្សេងៗសម្រាប់ពួកគាត់ ។”


ចំណែកលោក យុឹម សុខជា ដែលជាមន្ត្រីកែលម្អសហគមន៍របស់សមាគមធាងត្នោត បានលើកឡើងថា៖ “ចំពោះប្រាក់ខែរបស់ពួកគាត់(បុគ្គលិកស៊ិនទ្រី) គឺមិនសមស្របនឹងតម្លៃនៃពលកម្មការងារនេះទេ ពីព្រោះការប្រមូលសម្រាមមានផលប៉ះពាល់ជាច្រើនដល់អាយុជីវិត និងសុខភាពរបស់ពួកគាត់ ដូចជា ក្លិនស្អុយចេញពីសម្រាម មានមេរោគច្រើន និងអាចមានហានិភ័យ ដោយមានគ្រោះថ្នាក់ដោយចៃដន្យ។ ហើយក្រុមហ៊ុនគួរតែលើកទឹកចិត្ត ឱ្យតម្លៃ និងផ្ដល់ប្រាក់ខែឱ្យពួកគាត់បានច្រើន សមនឹងពលកម្មការងារ ពីព្រោះពួកគាត់បានជួយឱ្យបរិស្ថានក្នុងទីក្រុងបានស្អាតល្អ (បរិស្ថាន គឺសំខាន់បំផុតសម្រាប់ជីវិតមនុស្សលោក)។”

សំឡេងទីក្រុង!

សំឡេងទីក្រុង!