កម្ពុជា មាន​មជ្ឈមណ្ឌល​បង្រៀន​បើក​បរ​រថយន្ត​ធុន​ធ្ងន់​ជា​លើក​ដំបូង​
Posted On : វិច្ឆិកា, 16, 2018 | By សំឡេងទីក្រុង

នៅព្រឹក​ថ្ងៃពុធ ទី ៣១ខែតុលានេះ ក្រសួងសាធារណការ និង​ដឹកជញ្ជូន បាន​សម្ពោធ ដាក់​ឲ្យ​ប្រើប្រាស់​ជាផ្លូវការ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បើកបររថយន្តធុនធ្ងន់។ ជាមជ្ឈមណ្ឌល ដែល​ក្រសួង​សាធារណការ អះអាង​ថា​ជាមជ្ឈមណ្ឌល​ដំបូង ដើម្បី​បណ្តុះបណ្តាល​ ពង្រឹងគុណភាព អ្នក​បើក​បររថយន្តធុនធ្ងន់ ឲ្យ​យល់ដឹងពីច្បាប់​ចរាចរណ៍ និង​ទ្រឹស្តីនៃការ​បើកបរពិតប្រាកដ ដើម្បីកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ផ្លូវគោក។ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែល​ជារៀងរាល់ឆ្នាំ មានមនុស្សស្លាប់​ទ្រង់ទ្រាយ​ធំ បង្កឡើងដោយ​រថយន្តប្រភេទធុនធំនេះតែម្តង។

មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បើកបររថយន្តធុនធ្ងន់នេះ មានទីតាំងក្នុង​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក ស្ថិតនៅលើ​ផ្លូវលេខ ៥៩៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ តាម​ក្រសួងសាធារណការ និង​ដឹកជញ្ជូន មជ្ឈមណ្ឌល​នេះ មាន​ស្តង់ដារបង្រៀន​ត្រឹម​ត្រូវ ដោយ​មានគ្រូជំនាញ​ ឆ្លងកាត់ការបណ្តុះបណ្តាលពីប្រទេសថៃ និង​មាន​ការបំពាក់កុំព្យូទ័រ ដើម្បីសម្រួល​ដល់ការបង្រៀន។ ចំពោះការបង្រៀន​វិញ មាន​តម្លៃ ៣៥០ដុល្លារ មួយចេះ ដោយ​រួមមាន​ការបង្រៀន​ទ្រឹស្តីរយៈពេល ៣០ម៉ោង និង​ការអនុវត្តដៃចង្កូត ២០ម៉ោង។

រដ្ឋមន្ត្រីក្រសួងសាធារណការ និង​ដឹក​ជញ្ជួន លោក ស៊ុន ចាន់ថុល បានថ្លែងលើកទឹកចិត្តឲ្យ​ពលរដ្ឋ ចូលរួ​មកាត់បន្ថយ​គ្រោះថ្នាក់ចរាចរណ៍ តាមរយៈការ​ឆ្លងកាត់​វគ្គបណ្តុះបណ្តាលនៅមជ្ឈមណ្ឌលនេះ។ លោក​រដ្ឋមន្ត្រី ប្រកាស​ថា នឹង​បញ្ចុះតម្លៃ ៥០​ភាគរយ ពោលនៅត្រឹមតែ ១៧៥ដុល្លារ ចំពោះ​ពលរដ្ឋ ៥០នាក់ដំបូង ដែលចុះឈ្មោះចូលរៀន​នៅមជ្ឈមណ្ឌល​បណ្តុះបណ្តាលបើកបររថយន្តធុនធ្ងន់នេះ។

តាមការ​ឲ្យ​ដឹងពី លោក ​ស៊ុន ចាន់ថុល នាពេលបច្ចុប្បន្ន មាន​រថយន្តធុនធ្ងន់ ២៣០,០០០គ្រឿង បាន​មក​ចុះបញ្ជីនៅក្រសួងសាធារណការ។ ប៉ុន្តែក្នុងចំណោម​នោះ មាន​តែ ៦០ភាគរយនៃអ្នក​មក​ចុះបញ្ជី ដែល​មាន​ប័ណ្ណបើកបរ ហើយមានប្រមាណតែ ២៥ភាគរយ ដែល​មានប័ណ្ណបើកបរប្រភេទរថយន្តធុនធំត្រឹមត្រូវ ខណៈ ២៥ភាគរយទៀត ​មិន​មាន​ប័ណ្ណបើកបរតាមប្រភេទរថយន្ត និង​ ១០ភាគរយ មាន​ប័ណ្ណបើកបរក្លែងក្លាយ ឬ គ្មាន​ប័ណ្ណបើកបរ។

លើសពីនេះ សាលារៀន​បើកបរប្រមាណ ២៩​ ដែល​ស្មើនឹងជាង ១៨០សាខា នៅទូទាំងប្រទេស ដែល​ក្រសួងសាធារណការ បាន​ចេញ​អាជ្ញាប័ណ្ណឲ្យនោះ ពុំ​មានរថយន្តធុនធំ និងការបង្រៀន​បើកបររថយន្តធុនធំនោះទេ។

លោក​ ស៊ុន ចាន់ថុល ស្នើឲ្យ​មានការ​ស្រាវជ្រាវចំពោះរឿងនេះ ហើយ​ទាមទារដកហូតអាជ្ញាប័ណ្ណមក​វិញ ប្រសិន​បើ​សាលាទាំងនោះ មិន​បង្រៀន​តាមអាជ្ញាប័ណ្ណដែលទទួលបាន។

គួរជម្រាបជូនថា កាលពីឆ្នាំ ២០១៧ មាន​មនុស្សជិត ២០០នាក់ ដែល​ស្មើនឹង ១០ភាគរយ បានស្លាប់ ដោយគ្រោះថ្នាក់​ចរាចរណ៍ផ្លូវគោកបង្កឡើងដោយ​អ្នក​បើកបររថយន្តធុនធំ។ គ្រោះថ្នាក់ចរាចរណ៍ ដែល​ក្នុង​មួយឆ្នាំៗ បាន​ធ្វើឲ្យខាតបង់​ទ្រព្យសម្បត្តិ និង​សេដ្ឋកិច្ចជាតិ ប្រមាណពី ២០០ ទៅ ៣០០លានដុល្លារ។ នេះបើតាមការឲ្យ​ដឹងពីរដ្ឋមន្ត្រីក្រសួងសាធារណការ៕

ប្រភព៖ វិទ្យុបារាំង (rfi)

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!