កម្ពុជា និង​ចិន ចុះ​ហត្ថលេខា​លើ​ឯកសារ​កិច្ច​សហ​ប្រតិបត្តិការ​ចំនួន​១៩ គាំទ្រ​គម្រោង​អភិវឌ្ឍន៍
Posted On : January, 12, 2018 | By Vantha

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

មន្ត្រីជាន់ខ្ពស់ និងពាណិជ្ជករ កម្ពុជា-ចិន កាលពីម្សិលមិញ បានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការសរុបចំនួន ១៩ ដែលភាគច្រើនជាគម្រោងដែលគាំទ្រដល់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា រួមមានផ្លូវថ្នល់ កំពង់ផែ បណ្តាញអគ្គិសនី ការបង្ហោះផ្កាយរណប និងគម្រោងកសាងអាកាសយានដ្ឋានថ្មីនៅភ្នំពេញជាដើម។

ពិធីចុះហត្ថលេខានេះបានធ្វើឡើងក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ២ ថ្ងៃរបស់លោកនាយករដ្ឋមន្ត្រីចិន លី កេឈាង នៅកម្ពុជា និងបន្ទាប់ពីការបញ្ចប់កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គឡានឆាងលើកទី ២ នៅកម្ពុជា និងត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីនៃប្រទេសទាំង ២ គឺលោក ហ៊ុន សែន និងលោក លី កេឈាង។

នៅក្នុងពិធីចុះហត្ថលេខាដ៏ប្រញាប់ប្រញាល់ដែលមានរយៈពេលមិនដល់ ១ ០នាទីផងនោះ ឯកសារទាំង ១៩ ដែលរួមមានកិច្ចព្រមព្រៀងចំនួន៩ អនុស្សរណៈនៃការយោគយល់ចំនួន ៧ លិខិតប្តូរសារចំនួន២ និងកិច្ចសន្យាចំនួន ១ នេះ ត្រូវបានចុះហត្ថលេខាដោយតំណាងផ្សេងៗមកពីរដ្ឋាភិបាលរបស់ប្រទេសទាំង២ និងមេដឹកនាំពាណិជ្ជកម្មសំខាន់ៗ។

មិនមានសំណួរត្រូវបានឆ្លើយដោយមន្ដ្រីនោះទេ ហើយព័ត៌មានអំពីកិច្ចព្រមព្រៀងសំខាន់ៗ ដែលទំនងជានឹងមានឥទ្ធិពលខ្លាំងលើការអភិវឌ្ឍរបស់ប្រទេសកម្ពុជានៅពេលអនាគត អាចរកបានតិចតួចប៉ុណ្ណោះ។

ឯកសារកិច្ចសហប្រតិបត្តិការទាំងនេះ ត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ដ្រីនៃក្រសួងកសិកម្ម ក្រសួងសុខាភិបាល ក្រសួងឧស្សាហកម្ម ក្រសួងសាធារណការ ក្រសួងការងារ ក្រសួងសេដ្ឋកិច្ច និងក្រសួងពាណិជ្ជកម្មរបស់កម្ពុជា ព្រមទាំងសេដ្ឋីជំនួញសំខាន់ៗ ដូចជា លោក គិត ម៉េង មកពីក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប លោកស្រី លឹម ឈីវ ហូ មកពីក្រុមហ៊ុន Attwood Investment Group និងលោក ពុង ឃាវសែ មកពីក្រុមហ៊ុន Overseas Cambodian Investment Corporation (OCIC)។

ក្នុងចំណោមឯកសារទាំង ១៩ នេះ មានកិច្ចព្រមព្រៀងសម្បទានដើម្បីសាងសង់ «ផ្លូវល្បឿនលឿនក្រុងភ្នំពេញ-ខេត្តព្រះសីហនុ» ដែលជាគម្រោងត្រូវបានរង់ចាំរយៈពេលយូរមកហើយនោះ កិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានសម្រាប់គម្រោងអាកាសយានដ្ឋានភ្នំពេញថ្មី និងកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីគម្រោងបាញ់បង្ហោះផ្កាយរណប «តេជោ១»។

ផ្លូវល្បឿនលឿក្រុងភ្នំពេញ-ខេត្តព្រះសីហនុកិច្ចព្រមព្រៀងផ្លូវល្បឿនលឿនទៅកាន់ក្រុងព្រះសីហនុ ត្រូវបានចុះហត្ថលេខាដោយលោកស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលកំពុងធ្វើការងារលើគម្រោងនេះអស់រយៈពេលជាច្រើនឆ្នាំ។ លោកមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។

mekong-lancang

សេចក្តីចម្លងនៃកិច្ចព្រមព្រៀងសម្បទានដើម្បីសាងសង់ «ផ្លូវល្បឿនលឿនក្រុងភ្នំពេញ-ខេត្តព្រះសីហនុ» ដែលភ្នំពេញប៉ុស្ដិ៍ទទួលបាន បានឲ្យដឹងថា គម្រោងនេះអាចចំណាយទឹកប្រាក់រហូតដល់ ១,៨ ពាន់លានដុល្លារ និងត្រូវការពេលវេលារហូតដល់៤ឆ្នាំ ក្នុងការសាងសង់។ ក្រុមហ៊ុនរដ្ឋ China Communication’s Construction Co របស់ប្រទេសចិន នឹងទទួលខុសត្រូវលើការចំណាយដែលទាក់ទងនឹងគម្រោងនេះ ហើយនឹងប្រមូលថ្លៃឆ្លងផ្លូវពីអ្នកដំណើរដែលបើកបរលើផ្លូវនេះសម្រាប់ប៉ះប៉ូវការវិនិយោគរបស់ខ្លួនវិញ។

លោក វ៉ា ស៊ឹមសូរិយា អ្នកនាំពាក្យរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងកាលពីថ្ងៃម្សិលមិញថា ផ្លូវល្បឿនលឿននេះនឹងទំនងជាប៉ះពាល់ដល់លំនៅឋាន និងដីរបស់ប្រជាជន ប៉ុន្តែលោកបានថ្លែងថា វានឹងអាស្រ័យលើក្រុមហ៊ុន ដោយមានជំនួយពីក្រសួង ដើម្បីផ្ដល់ប្រាក់សំណងសមស្របដល់ប្រជាជនទាំងនោះ។

លោកបានមានប្រសាសន៍ថា៖«ក្រុមហ៊ុននឹងផ្ដល់ដំណោះស្រាយសមរម្យ ហើយក្នុងនាមជាក្រសួង យើងនឹងទទួលបន្ទុកក្នុងការងារជួយសម្រួល»។ លោកបន្ថែមថា គម្រោងនេះអាចចាប់ផ្ដើមការសាងសង់នៅក្នុងរយៈពេល ៦ខែក្រោយ។

ព្រលានយន្តហោះអន្តរជាតិថ្មីនៅភ្នំពេញកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានសម្រាប់គម្រោងអាកាសយានដ្ឋានភ្នំពេញថ្មីនេះ ត្រូវបានចុះហត្ថលេខាដោយធនាគារ China Development Bank របស់រដ្ឋចិន និងលោក ពុង ឃាវសែ ដែលជាប្រធានក្រុមហ៊ុន Overseas Cambodian Investment Corporation (OCIC)។

ជំនួយការម្នាក់របស់លោក ពុង ឃាវសែ កាលពីម្សិលមិញបានថ្លែងថា គម្រោងនេះនឹងត្រូវការដីទំហំពី ១៥០០ ទៅ ១ ៨០០ហិកតា ហើយនឹងចាប់ផ្ដើមសាងសង់នៅពេលណាមួយក្នុងរយៈពេល៣ឆ្នាំក្រោយ ប៉ុន្តែជំនួយការរូបនេះបានបដិសេធផ្ដល់ព័ត៌មានលម្អិតអំពីកិច្ចព្រមព្រៀងហិរញ្ញប្បទាននេះ។

លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានថ្លែងកាលពីម្សិលមិញថា កិច្ចព្រមព្រៀងនេះនឹងជួយឲ្យសម្រេចបានផែនការរបស់រដ្ឋាភិបាលក្នុងការមានព្រលានយន្តហោះថ្មីនៅឆ្នាំ ២០២៥។

នៅពេលសួរពីព័ត៌មានលម្អិត ដូចជាទីតាំងសម្រាប់ការសាងសង់ព្រលានយន្តហោះថ្មីនេះ អ្នកនាំពាក្យរូបនេះបានថ្លែងថា ក្រុមហ៊ុន OCIC នឹងទទួលបន្ទុកក្នុងការស្នើឡើងពីទីតាំង ហើយរដ្ឋាភិបាលគ្រាន់តែអនុម័តលើផែនការបញ្ចប់ប៉ុណ្ណោះ។

ផ្កាយរណបតេជោលោក គិត ម៉េង ប្រធានក្រុមហ៊ុនពហុផលិតផល រ៉ូយ៉ាល់ គ្រុប បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយប្រធានក្រុមហ៊ុន China Great Wall Industry Corporation (CGWIC) ដើម្បីសាងសង់ផ្កាយរណបទូរគមនាគមន៍ដំបូងរបស់ប្រទេសកម្ពុជា។

ក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ត្រូវបានផ្ដល់សម្បទានក្នុងការសាងសង់ផ្កាយរណបដំបូងរបស់កម្ពុជានេះតាំងពីឆ្នាំ២០១១ មកម្ល៉េះ ប៉ុន្តែផែនការនេះមិនដែលទទួលបានផែ្លផ្កានោះឡើយ។ កិច្ចព្រមព្រៀងក្របខ័ណ្ឌផ្កាយរណបនេះ នឹងជាផ្កាយរណបដំបូងរបស់កម្ពុជា។

ក្រុមហ៊ុនចិន កាលពីមុន បានជួយដល់ប្រទេសឡាវឲ្យដំណើរការផ្កាយរណបលើកដំបូងរបស់ខ្លួនផងដែរកាលពីឆ្នាំ២០១៥។

កិច្ចព្រមព្រៀងផ្សេងទៀតដែលបានចុះហត្ថលេខាកាលពីម្សិលមិញ ក៏រួមមាន «កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស កិច្ចព្រមព្រៀងស្តីពីការអនុវត្តគម្រោង «ការបង្កើតមជ្ឈមណ្ឌលបង្កាត់និងអភិរក្សពូជឈើមានតម្លៃនៅកម្ពុជា» និងអនុស្សរណៈនៃការយោគយល់គ្នា (MoU) ២ស្ដីពី «ពាណិជ្ជកម្មអង្ករ» និង «ការស្រាវជ្រាវដំណាំស្រូវ»។

ចំពោះព័ត៌មានលម្អិតស្តីពីកិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់ទាំងនេះមិនត្រូវបានផ្ដល់ឲ្យនោះទេ៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

Urban Voice Cambodia

Urban Voice Cambodia