កម្ពុជា​ ​នឹង​ផ្ដល់​សច្ចាប័ន​ប្រែប្រួល​អាកាសធាតុ
Posted On : កញ្ញា, 8, 2016 | By សំឡេងទីក្រុង

ប្រភព៖ ភ្នំពេញ ប៉ុស្តិ៏

រាជរដ្ឋាភិបាលកម្ពុជាគ្រោងនឹងផ្ដល់សច្ចាប័នលើកិច្ចព្រមព្រាងទីក្រុងប៉ារីសស្ដីពីការប្រែប្រួលអាកាសធាតុឲ្យបានមុនដំណាច់ឆ្នាំ ២០១៦ នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧១ ដែលនឹងប្រព្រឹត្តទៅនៅក្នុងទីក្រុងញូវយ៉កសហរដ្ឋអាមេរិក។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសចេញផ្សាយកាលពីម្សិលមិញបានបញ្ជាក់ថាលោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសនឹងជាតំណាងរបស់រាជរដ្ឋាភិបាលកម្ពុជាជាផ្លូវការក្នុងការប្រកាសផ្ដល់សច្ចាប័ននៅថ្ងៃទី ២១ ខែកញ្ញានេះនៅបុរីញូវយ៉ក សហរដ្ឋអាមេរិក។

ការប្រកាសព័ត៌មាននេះធ្វើឡើងមួយថ្ងៃក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបពិភាក្សាជាមួយលោក បាន គីមូន អគ្គលេខាធិការនៃអង្គការសហប្រជាជាតិក្នុងជំនួបដាច់ដោយឡែកនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងវៀងច័ន្ទន៍នៃប្រទេសឡាវដែលចូលរួមដោយមេដឹកនាំរបស់អាស៊ានទាំង ១០ នៅទីនោះ។

លោកនាយករដ្ឋមន្ត្រីថ្លែងក្នុងហ្វេសប៊ុកលោកកាលពីម្សិលមិញថា៖ «ម្សិលមិញជួបអគ្គលេខាធិការអង្គការសហប្រជាជាតិដែលពិភាក្សាលើបញ្ហាការប្រែប្រួលអាកាសធាតុការបញ្ជូនកម្លាំងរបស់កម្ពុជាចូលរួមកងរក្សាសន្តិភាពអង្គការសហប្រជាជាតិ និងការស្វែងរកហិរញ្ញវត្ថុសម្រាប់បន្តសាលាក្តីខ្មែរក្រហម»។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកាលពីម្សិលមិញមិនអាចទាក់ទងដើម្បីសុំអត្ថាធិប្បាយបានទេ។

លោក សៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងថាសច្ចាប័នខាងលើនេះគឺជាក្របខ័ណ្ឌរួមរបស់សហគមន៍អន្តរជាតិដាក់ចេញឲ្យមានការទទួលខុសត្រូវរវាងប្រទេសជឿនលឿន និងប្រទេសអភិវឌ្ឍន៍តិច។

លោកថ្លែងថា៖ «កិច្ចការនេះប្រជុំជាប្រចាំឆ្នាំពីការប្ដេជ្ញាចិត្តហើយការខិតខំកន្លងមកមានការប្រទាញប្រទង់ច្រើនជាពិសេសប្រទេសជឿនលឿន និងប្រទេសអភិវឌ្ឍន៍តិចអំពីការទទួលខុសត្រូវកាត់បន្ថយកម្ដៅ និងជួយដល់ប្រទេសរងគ្រោះទាំងថវិកា និងបច្ចេកទេសដែលទាមទារឲ្យប្រទេសជឿនលឿនខាងឧស្សាហកម្មមានការទទួលខុសត្រូវច្រើន»៕

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!