កម្ពុជា​ អះអាង​​ពីការ​ត​ភ្ជាប់​ផ្លូវ​រថភ្លើង​ជាមួយ​ថៃ ​នៅ​ចុង​ឆ្នាំ​តាម​ការ​គ្រោង​ទុក
Posted On : ធ្នូ, 8, 2016 | By Sarim Tith

ប្រភព៖ khmertime

ការតភ្ជាប់ផ្លូវរថភ្លើងកម្ពុជាជាមួយផ្លូវរថភ្លើងប្រទេសថៃ នឹងសម្រេចបានតាមការគ្រោងទុក នៅចុងឆ្នាំ២០១៦។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល។ ប៉ុន្តែការងារស្ដារផ្លូវដែកចាស់ទ្រុឌទ្រោម ពីខេត្តភាគខាងជើងមកភ្នំពេញ មិនទាន់ត្រូវបានស្ដារចប់នៅឡើយទេ ខណៈរដ្ឋាភិបាលថា ថវិកាដើម្បីស្ដាររថភ្លើងមានចំនួនតិចតួច។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងកាលពីថ្ងៃចន្ទ ថា ផ្លូវរថភ្លើងកម្ពុជា ជាមួយថៃ នឹងត្រូវតភ្ជាប់គ្នានៅចុងឆ្នាំនេះ ស្ថិតនៅខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ ប្រទេសថៃ។

លោក ចាន់ថុល លើកឡើងថា ប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសមភាគីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានព្រមព្រៀងគ្នានឹងជិះរថភ្លើងឆ្លងព្រំដែនទៅវិញទៅមក ក្នុងថ្ងៃតភ្ជាប់ផ្លូវរថភ្លើង។

យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីថា ផ្នែកខ្លះនៃផ្លូវរថភ្លើងនៅខាងកម្ពុជា ពីសេរីសោភ័ណ្ឌ មកខេត្តបាត់ដំបង និងមកភ្នំពេញ នៅតែមិនទាន់ស្ដារឡើងវិញចប់នៅឡើយទេ ដោយសារការចំណាយការងារស្ដារត្រូវការចំណាយច្រើន។

កាលពីខែឧសភា កន្លងទៅ លោកស៊ុនចាន់ថុលធ្លាប់បានលើកឡើងថា ដើម្បីស្ដារផ្លូវរថភ្លើងចាស់ទ្រុឌទ្រោមនៅភាគខាងជើង យ៉ាងហោចណាស់ត្រូវការថវិកាប្រមាណ ១៧លានដុល្លារ។

ចំពោះការងារស្ដារនេះរដ្ឋាភិបាលទើបតែអនុម័ត២០លានដុល្លារសម្រាប់ការងារស្ដារផ្លូវដែកនៅភាគខាងជើងសម្រាប់ឆ្នាំ២០១៧។

«យើងមានថវិកាមិនច្រើនទេសម្រាប់ សាងសង់ផ្លូវផង សងស្ពានផង ហើយឆ្នាំនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុម័តថវិកា ២០លានដុល្លារសម្រាប់ការងារស្ដារផ្លូវដែកនៅភាគខាងជើង ប៉ុន្តែវាមិនគ្រប់នោះទេ យើងត្រូវធ្វើតាមដំណាក់កាលៗ»។

លោកបន្ថែមថា៖ «យើងសង្ឃឹមថា ចុងឆ្នាំនេះផ្លូវដែកពីព្រំដែន មកស៊ីសូផុន នឹងរួចរាល់ ហើយយើងនឹងធ្វើការស្ដារតាមដំណាក់កាលផ្លូវដែក ពីស៊ីសូផុន មកបាត់ដំបង និងមកភ្នំពេញ»។

កិច្ចព្រមព្រៀងភ្ជាប់ផ្លូវរថភ្លើងរវាងកម្ពុជានិងថៃត្រូវឡើងដើម្បីជំរុញសកម្មភាពដោះដូរពាណិជ្ជកម្មនិងការធ្វើដំណើររបស់ប្រជាពលរដ្ឋហើយកិច្ចព្រមព្រៀងនេះកំណត់ដោយថ្នាក់ដឹកនាំប្រទេសទាំងពីរកាលពីចុងឆ្នាំ២០១៥ដើម្បីជាផ្នែកមួយក្នុងការជំរុញទំហំពាណិជ្ជកម្មទ្វេភាគីកើនឡើងបីដង ១៥ពាន់លានដុល្លារ ត្រឹមឆ្នាំ២០២០។

លោក ស៊ុន ចាន់ថុល មានជំនឿថា ការតភ្ជាប់ផ្លូវដែកភាគខាងជើងប្រទេស និងរថភ្លើងភ្នំពេញ ព្រះសីហនុ ដែលកំពុងដំណើរដឹកជញ្ជូន នឹងធ្វើឲ្យវិស័យភស្តុភារមានភាពប្រកួតប្រជែង ខណៈតម្លៃដឹកជញ្ជូនទំនិញ ក្នុងប្រទេសមានតម្លៃខ្ពស់នៅឡើយ ធៀបនឹងប្រទេសជិតខាង។

លោក ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ នៃឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បង្ហាញសុទិដ្ឋិនិយមចំពោះការតភ្ជាប់ផ្លូវរថភ្លើង ដែលនឹងជួយទាក់ទាញអ្នកវិនិយោគថៃ ចូលមកវិនិយោគក្នុងប្រទេសកាន់តែច្រើន ដោយសារការដឹកជញ្ជូនប្រសើរឡើង។

លោកថ្លែងថា៖ «នៅពេលផ្លូវរថភ្លើងតភ្ជាប់ដំណើរការ វានឹងជំរុញកាន់តែមានប្រសិទ្ធភាពក្នុងការដឹកជញ្ជូនទំនិញ និងកសិផល មានតម្លៃទាប»។

គួរបញ្ជាក់ថា ការតភ្ជាប់ផ្លូវរថភ្លើងជាមួយថៃ នេះជាផ្នែកមួយនៃច្រករបៀងខាងកើតនៃការតភ្ជាប់ផ្លូវដែក សិង្ហបុរី និងទីក្រុងគុនមីញ ប្រទេសចិន ដែលនឹងភ្ជាប់ប្រព័ន្ធដឹកជញ្ជូនផ្លូវដែកទូទាំងតំបន់អាស៊ាន៕

សំឡេងទីក្រុង!

សំឡេងទីក្រុង!