កម្ពុជា​គ្រោង​ចុះ​បញ្ជី​ក្រុង​បី​ជា​ក្រុង​ប្រវត្តិសាស្រ្ត
Posted On : January, 20, 2015 | By សំឡេងទីក្រុង

ដោយ ហ៊ គឹមសាយ, ថ្ងៃទី 20 មករា 2015, ភ្នំពេញប៉ុស្តិ៍, 

ភ្នំពេញៈ កម្ពុជា​គ្រោង​ចុះបញ្ជី​ទីក្រុង​ចំនួន​បី​ចូល​ក្នុង​បញ្ជី​ទីក្រុង​ប្រវត្តិសាស្រ្ត​នៃ​កម្មវិធី​អភិរក្ស​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​ យូណេស្កូ ខណៈ​បច្ចុប្បន្ន​មន្ត្រី​រដ្ឋាភិបាល​កំពុង​រៀបចំ​ឯកសារ​ពាក់ព័ន្ធ​នានា​ដើម្បី​ដំណើរការ​គម្រោង​នេះ។

ទីក្រុង​ទាំង​បី​នោះ​រួមមាន ទីក្រុង​ បាត់ដំបង ​ដែល​ស្ថិត​នៅ​ភាគ​ពាយ័ព្យ​ នៃ​ប្រទេស​កម្ពុជា​ ទីក្រុង​ក្រចេះ​ ស្ថិត​នៅ​ប៉ែក​ឦសាន​ និង​ទីក្រុង​កំពត​នៃ​ខេត្ត​ កំពត។

លោក ថុក សុខុម ប្រធាន​នាយកដ្ឋាន​សហប្រតិបត្តិការ​អន្តរជាតិ និង​អាស៊ាន​ នៃ​ក្រសួង​ទេសចរណ៍​ ដែល​ជា​អ្នក​សម្របសម្រួល​គម្រោង​នេះ​រំពឹង​ថា គម្រោង​ចុះ​បញ្ជី​ទីក្រុង​ប្រវត្តិសាស្រ្ត​ទាំង​បី​នេះ​គឺជា​ឧបករណ៍​មួយ​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍​កម្ពុជា ហើយ​នឹង​រួមចំណែក​បង្កើន​ភាព​ទាក់ទាញ​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​ឲ្យ​ចូល​មក​កម្ពុជា​កាន់តែ​ច្រើន​ផង​ដែរ​។

ប៉ុន្តែ​លោក​រំឭក​ថា ការ​ទទួល​បាន​ការ​សម្រេច​ចុះបញ្ជី​ដោយ​ជោគជ័យ​នឹង​ត្រូវការ​រយៈពេល​យូរ​ទៀត ដែល​យ៉ាង​ហោច​ណាស់​ក៏​ត្រូវការ​រយៈពេល​បី​ឆ្នាំ​បន្ថែម​ទៀត​ដែរ គិត​ចាប់ពី​ពេល​នេះ​ទៅ​។ ដើម្បី​អាច​ឲ្យ​ទីក្រុង​ទាំង​បី​អាច​ចុះបញ្ជី​ក្នុង​កម្មវិធី​អភិរក្ស​របស់​អង្គការ​យូណេស្កូ​បាន លុះត្រា​តែ​ទីក្រុង​ទាំងនេះ​ចាំបាច់​ត្រូវ​បាន​ការ​ទទួល​ស្គាល់​ថា ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​ជា​មុន​សិន។

លោក​ថ្លែង​ថា​៖ «​នៅពេល​ដែល​គម្រោង​នេះ​បាន​សម្រេច វា​នឹង​បង្ហាញ​ថា យើង​មាន​ទីក្រុង​ដែល​មាន​អរិយធម៌​ខ្ពង់ខ្ពស់ ដែល​ជា​ចំណុច​គន្លឹះ​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវទេសចរ​»។ លោក​បន្ត​ថា​៖ «ទីក្រុង​របស់​យើង​មាន​លក្ខខណ្ឌ​សមស្រប​ហើយ តែ​អ្វី​ដែល​សំខាន់​នាពេល​នេះ​គឺ​យើង​ត្រូវ​មាន​ក្រុម​ការងារ​ជាក់លាក់​ក្នុង​ការ​ធ្វើ​ការងារ ដើម្បី​រៀបចំ​ឯកសារ​នានា​សម្រាប់​ឲ្យ​គេ​វាយតម្លៃ​។

ឲ្យ​តែ​យើង​ធ្វើការ និង​មាន​ឯកសារ​គ្រប់គ្រាន់ ខ្ញុំ​ជឿ​ថា ដំណើរការ​ដើម្បី​បាន​ការ​ទទួល​ស្គាល់​នឹង​បាន​លឿន​»។

គិត​មក​ទល់​បច្ចុប្បន្ន កម្ពុជា​បាន​សម្រេច​ចុះឈ្មោះ​ប្រាសាទ​បុរាណ​ពីរ​ក្នុង​កម្មវិធី​អភិរក្ស​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ តែ​មិន​ទាន់​មាន​ការ​ចុះបញ្ជី​ទីក្រុង​នៅ​ឡើយ​នោះ​ទេ។ ប្រាសាទ​បុរាណ​ទាំង​ពីរ​រួមមាន ប្រាសាទ​អង្គរវត្ត​ដែល​បាន​ចុះបញ្ជី​អភិរក្ស​កាលពី​ឆ្នាំ​១៩៩២ និង​ប្រាសាទ​ព្រះវិហារ​នៅ​ឆ្នាំ​ ២០០៨​។

រហូត​មក​ទល់​ពេល​នេះ​មាន​ទីក្រុង​សរុប ២៥៦ ទីក្រុង​ហើយ​នៅលើ​ពិភពលោក​ដែល​បាន​ស្ថិត​ក្នុង​បញ្ជី​ទីក្រុង​បុរាណ​នៃ​កម្មវិធី​អភិរក្ស​របស់​អង្គការ​យូណេស្កូ​។ ប្រទេស​ចិន វៀតណាម និង ឡាវ សុទ្ធសឹង​មាន​ទីក្រុង​បេតិកភណ្ឌ​មួយៗ​ចុះបញ្ជី​នៅ​អង្គការ​យូណេស្កូ តែ​ប្រទេស​ថៃ​មិន​ទាន់​មាន​នោះ​ទេ។ នេះ​បើ​យោង​តាម​លោក សុខុម។

លោក​បាន​ឲ្យ​ដឹង​ថា ទីក្រុង​ប្រវត្តិសាស្រ្ត​ដែល​អាច​រាប់​បញ្ចូល​ក្នុង​បញ្ជី​អភិរក្ស​របស់​អង្គការ​យូណេស្កូ​បាន​ត្រូវ​មាន​លក្ខខណ្ឌ​សំខាន់ៗ​មួយ​ចំនួន ដូចជា​សំណង់​អគារ​ដែល​មាន​អាយុ​ចាប់ពី​ ៥០ ឆ្នាំ​ឡើង តែ​ត្រូវ​មាន​សភាព​រឹងមាំ ទីក្រុង​មាន​របៀប​រស់នៅ​ដែល​បន្សល់​ជា​លក្ខណៈ​បុរាណ​ដូចជា ផ្ទះបុរាណ និង​វត្តអារាម​នានា​ដែល​មាន​អាយុកាល​ច្រើន​ឆ្នាំ​។

លោក រុន ភារ៉ា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ក្រចេះ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ការណ៍​ដែល​ក្រុង​ក្រចេះ​អាច​សម្រេច​ចុះ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​បាន​ដោយ​ជោគជ័យ​នឹង​ជួយ​បង្កើន​ភាព​ទាក់ទាញ​ដល់​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា​កាន់តែ​ច្រើន​ឡើង។

លោក​បាន​ឲ្យ​ដឹង​ថា ខេត្ត​ក្រចេះ​មាន​ទីតាំង​សក្តានុពល​ជាច្រើន​ដែល​អាច​ចូល​ក្នុង​សម្បត្តិ​ប្រវត្តិសាស្រ្ត​ដូចជា អគារ​មន្ទីរ​រាប់​សិប​ដែល​បន្សល់​ទុក​ពី​សម័យ​ បារាំង ផ្ទះ​របស់​ប្រជាពលរដ្ឋ​ជាច្រើន​ដែល​មាន​លក្ខណៈ​បុរាណ វត្ត​វិហារ​រកា​កណ្តាល​ដែល​មាន​អាយុកាល​ជាង ៣០០ ឆ្នាំ និង​សំណង់​អគារ​លក្ខណៈ​បុរាណ​ជាច្រើន​ទៀត។

លោក​ថ្លែង​ថា​៖ «​វា​ជា​រឿង​ល្អ​មួយ​សម្រាប់​ប្រជាជន​យើង​ប្រសិន​បើ​ក្រុង​ក្រចេះ​ពិតជា​បាន​សម្រេច​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​មែន។ យើង​រំពឹង​ថា វា​នឹង​រួមចំណែក​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឲ្យ​បាន​កាន់តែ​ច្រើន​ដើម្បី​លើក​តម្កើង​សេដ្ឋកិច្ច​ខេត្ត​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​»។ លោក​បន្ត​ថា កាលពី​ឆ្នាំ ២០១៤ ខេត្ត​ក្រចេះ​ទទួល​បាន​ភ្ញៀវទេសចរ​ជាតិ​ចំនួន ២៣ ម៉ឺន​នាក់ និង​ទេសចរ​អន្តរជាតិ ២៣ ០០០​នាក់​។

លោក អ៊ូច ឱមធីនីសារ៉ា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាត់ដំបង​បាន​ឲ្យ​ដឹង​ថា ការ​គ្រោង​ចុះ​បញ្ជី​ទីក្រុង​បាត់ដំបង​ចូល​ក្នុង​កម្មវិធី​អភិរក្ស​របស់​អង្គការ​យូណេស្កូ​គឺជា​ដំណឹង​ល្អ​ដែល​នឹង​ជួយ​ធ្វើឲ្យ​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​នៅ​ខេត្ត​នេះ​កើនឡើង។ ខណៈ​ខេត្ត​បាត់ដំបង​នៅ​មាន​សំណង់​អគា​របុរាណ និង​បន្សល់​ទុក​ពី​សម័យ​អាណានិគម​ច្រើន ភ្ញៀវទេសចរ​ដែល​ចូល​មក​ទស្សនា​ខេត្ត​នេះ​ភាគច្រើន​ជា​ភ្ញៀវ​ទេសចរ​អឺរ៉ុប ជាពិសេស​ជនជាតិ​បារាំង ហើយ កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៤ ខេត្ត​នេះ​ទើប​បាន​ទទួល​មេដៃ​ជា​ខេត្ត​មាន​និរន្តរភាព​បរិស្ថាន​អាស៊ាន។

លោក​ថ្លែង​ថា​៖ «​ខេត្ត​បាត់ដំបង​មាន​តំបន់​កម្សាន្ត ដែល​មាន​លក្ខណៈ​ដាច់​ដោយឡែក​ពី​គេ អ៊ីចឹង​វា​ជា​ការ​ចាំបាច់​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ឲ្យ​គេ​ស្គាល់​កាន់តែ​ច្រើន​តាមរយៈ​កម្មវិធី​នានា​»​៕

Urban Voice Cambodia

Urban Voice Cambodia