កម្ពុជាពង្រឹង ការគ្រប់គ្រងសំរាម និងសំណល់ ដើម្បីគ្រប់គ្រងអនាម័យបរិស្ថាន
Posted On : November, 19, 2015 | By សំឡេងទីក្រុង

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ភ្នំពេញ៖ នៅក្នុង​អនុ​ក្រិត្យ​ស្តីពី ​ ​ការគ្រប់គ្រង​សំរាម និង​សំណល់​រឹង ​នៅ​ទីប្រជុំជន បាន​កំណត់​ថា សម្រាប់​បុគ្គល​ ដែល​មិន​គោរព​ការវេច​ខ្ចប់​ បែងចែកសំរាម ដាក់​ទុក​សំរាម​តាម​ដងផ្លូវ ​មិន​សមស្រប​តាម​ពេលវេលា​​កំណត់ បោះចោល​សំរាម​តាម​ទី​សាធារណៈ ​ការ​ដុត​សំរាម​នៅ​ទីប្រជុំជន​សាធារណៈមិនបាន​ត្រឹមត្រូវ នឹង​ត្រូវ​ទទួល​បាន​កា​រ​ផាកពិន័យ​ជា​ប្រាក់​ចំនួន​ចាប់ពី ១​ម៉ឺន​រៀល ទៅ​ ២០​ម៉ឺន​រៀល​ ទៅតាម​ប្រភេទ​សំរាម​​។

សម្រាប់ ម្ចាស់​អ្នកគ្រប់គ្រង​ផ្សារ ទីតាំង​អាជីវកម្ម ក្រុមហ៊ុន​សហគ្រាស​ជាដើម ​ដែល​មិន​រៀបចំ​​ធុងសំរាមឲ្យបាន​ត្រឹមត្រូវ ការ​វេច​ខ្ចប់​ដោយមាន​លាយ​ជាមួយ​សំណល់​រឹង​ឧស្សាហកម្ម ឬ​សំណល់​រឹង​គ្រោះថ្នាក់ ក៏ត្រូវទទួលបានការផាកពិន័យ ដូចចែងក្នុងអនុក្រិត្យខាងលើដែរ។

ក្នុងករណី​បុគ្គល​បង់ប្រាក់​ពិន័យ​មិន​តាម​ពេលវេលា​កំណត់ ការ​ពិន័យ​នឹង​ត្រូវ​កើន​ចំនួន​ពី ​២​ដង​ ទៅ​ ៣​ដង ហើយ​បើ​មិន​បង់​ក្នុង​រយៈពេល​ ៩០​ថ្ងៃ អាជ្ញាធរ​នឹង​រៀបចំ​សំណុំ​ឯកសារ​ប្ដឹង​ទៅ​តុលាការ​។​

ជុំវិញបញ្ហាទាក់ទៅនឹង អនាម័យនៅតាមទីសាធារណៈ អាជ្ញាធរក្រុងសៀមរាប ក៏បានយកចិត្តទុកដាក់ក្នុងការរក្សានូវបរិស្ថានផងដែរ ពោលគឺ អាជ្ញាធរក្រុងសៀមរាប គ្រោងនឹងដាក់ធុងសំរាមចំនួន ២២០ ធុង នៅតាមដងស្ទឹងសៀមរាប ដើម្បីធានាបរិស្ថានល្អ នៅក្នុងពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ២៤ ដល់ ២៦ ខែវិច្ឆិកា​ ឆ្នាំ ២០១៥ ខាងមុខនេះ។

នៅ​ឆ្នាំ​ ២០១៥​នេះ ក្រសួងបរិស្ថាន រួម​សហការ​ជាមួយ​ក្រសួង​​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួងមហាផ្ទៃ បានសម្រេច​ចិត្ត​បង្កើត​ កញ្ចប់​ថវិកា​សេវា​អនាម័យ​បរិស្ថាន និងទម្លាក់​កញ្ចប់​ថវិកា​ប្រមាណ ​៥​ពាន់​លាន​រៀល​ ជូន​ទៅ​រដ្ឋបាល​ក្រុង​ស្រុក​នៅ​ទូទាំង​ប្រទេស សម្រាប់​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ទាំង​អស់​នោះ អនុវត្ត​មុខងារ គ្រប់គ្រង​សំរាម សំណល់​រឹង និងរាវ​នៅ​ទីប្រជុំជន​៕

Urban Voice Cambodia

Urban Voice Cambodia