កម្ពុជានឹងទទួលបាន៦០លាដុល្លារ សម្រាប់គម្រោងគ្រប់គ្រងសម្បត្តិផ្លូវថ្នល់ ពីធនាគារពិភពលោក
Posted On : តុលា, 4, 2016 | By Vantha

ប្រភព៖ business-cambodia.com

ធនាគារពិភពលោក គ្រោងនឹងផ្តល់ហិរញ្ញប្បទានបន្ថែមទៀតចំនួន ៦០លានដុល្លារអាមេរិកទៅដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់គម្រោងគ្រប់គ្រងសម្បត្តិផ្លូវថ្នល់២ ដែលនឹងត្រូវអនុវត្តក្នុងរយៈពេល ៦ឆ្នាំ គិតចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២។

ក្រសួងសាធារណការនិងដឹកជញ្ជូន បានឲ្យដឹងថា ថវិកាសរុបដើម្បីអនុវត្តគម្រោងនេះ មានតម្លៃសរុបចំនួន ៦៤.៨លានដុល្លារអាមេរិក ដែល ៦០លានដុល្លារអាមេរិក ជាហិរញ្ញប្បទានរបស់ ធនាគារពិភពលោក និង ៤,៨លានដុល្លារអាមេរិក ជាហិរញ្ញប្បទានបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ គម្រោងគ្រប់គ្រងសម្បត្តិផ្លូវថ្នល់ទីពីរនេះដែរ នឹងត្រូវអនុវត្តលើការងារសំខាន់ៗរួមមាន ការពង្រឹងគ្រឹះផ្លូវថ្នល់ក្រាលកៅស៊ូលើអេស៊ី លើឌីប៊ីអេសធី ស្តារ និងស្ថាបនាប្រឡាយរំដោះទឹក និងបំពាក់ស្លាកសញ្ញា និងគំនូសចរាចរ។

គម្រោងការងារខាងលើនេះ នឹងចាប់អនុវត្តនៅក្នុងរយៈពេល១៨ខែ បន្ទាប់មកនឹងថែទាំជាប្រចាំរយៈពេល ៣៦ខែ ស្របពេលដែលគម្រោងគ្រប់គ្រងសម្បត្តិផ្លូវថ្នល់ទី១ បានសម្រេចនូវគោលដៅជួសជុលថែទាំផ្លូវប្រវែងសរុបប្រមាណជា ៤៧៦គីឡូម៉ែត្រ ដែលស្មើនឹង ៩៥,២% នៃផែនការគ្រោងទុកសរុប ៥០០គីឡូម៉ែត្រ។

គួររំលឹកផងដែរថា គម្រោងគ្រប់គ្រងសម្បត្តិផ្លូវថ្នល់ទី១ ត្រូវបានបញ្ចប់ជាស្ថាពរក្នុងការជួសជុលថែទាំផ្លូវប្រវែងសរុប ប្រមាណ ៤៧៦គីឡូម៉ែត្រ។ គម្រោងទី១ នេះ បានធានានូវការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព នូវកំណាត់ផ្លូវជាតិដែលបានស្ថាបនារួចហើយដូចជា កំណាត់ផ្លូវជាតិលេខ៣ ពីក្រុងកំពត ទៅដល់វាលរិញ ក្នុងខេត្តព្រះសីហនុប្រវែង ៥៤.៣គីឡូម៉ែត្រ និងកំណាត់ផ្លូវជាតិលេខ៧ ពីថ្នល់ទទឹងក្នុងខេត្តត្បូងឃ្មុំ ទៅដល់ឃុំស្វាយជ្រះក្នុងខេត្តក្រចេះ ប្រវែង ១៦៤គីឡូម៉ែត្រ សរុបទាំងអស់ប្រវែង ២១៨.៣គីឡូម៉ែត្រ ដើម្បីជួយឲ្យ មានកំណើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា។

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!