កម្ពុជាគួរតែរៀបចំកម្មវិធី ឈប់សំរាកដើម្បីសម្អាតបរិស្ថានក្នុងសហគមន៍ ដើម្បីបង្កើនទំលាប់ស្រលាញ់បរិស្ថាន
Posted On : ឧសភា, 22, 2018 | By Vantha

កំណើនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញមានការកើនឡើងយ៉ាងឆាប់រហ័សក្នុងទសវត្សចុងក្រោយនេះ ។ ស្ថិតិផ្លូវការបានប៉ាន់ប្រមាណថាកំណើនប្រជាពលរដ្ឋនឹងកើនឡើងដល់ ២,៩ លាននាក់នៅត្រឹមឆ្នាំ ២០២៥។ ទីប្រជុំជនបានក្លាយជាតំបន់គោលដៅដ៏ទាក់ទាញសម្រាប់ធ្វើចំណាក់ស្រុករបស់ពលរដ្ឋក្រីក្រតាមជនបទដែលកំពុងរកការងារធ្វើ។ កំណើនប្រជាពលរដ្ឋបានធ្វើឱ្យមានបញ្ហាជាច្រើនក្នុងទីក្រុងជាពិសេសការគ្រប់គ្រងសំរាមទោះបីជាមានកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញសេវាកម្មនេះក៏ដោយ។

បើយោងតាមក្រសួងបរិស្ថានការប្រមូលកាកសំណល់រឹងក្នុងប្រទេសកម្ពុជាបានកើនឡើងជាង ៤០ ភាគរយក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ។ សំរាមនៅក្នុងប្រទេសកម្ពុជាបានកើនឡើងដល់ ១ ​៤២៣ ៩២៣ តោនក្នុងឆ្នាំ ២០១៧ (ស្ថិតិកើនឡើងពី ៩៩០ ១៩៩ តោនក្នុងឆ្នាំ ២០១២) ។ គ្រាន់តែចាប់ពីឆ្នាំ ២០១៦ ដល់ ២០១៧ តែប៉ុណ្ណោះ សំរាមប្រមូលបានកើនឡើងដល់ ១២,៥ ភាគរយ។ កត្តាដែលជម្រុញដល់ការប្រើប្រាស់កាន់តែច្រើនបណ្ដាលមកពី ការកើនឡើងនៃចំនួនប្រជាជន និងជីវភាពរស់នៅប្រសើរឡើង ធ្វើឱ្យការប្រមូលកាកសំណល់មានការកើនឡើង។

សេវាកម្មប្រមូលសំរាមមិនអាចផ្ដល់សេវាកម្មរបស់ខ្លួនទៅដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញទាំងមូលបានទេ។ បើយោងតាមរបាយការណ៍ក្នុងឆ្នាំ២០១៦ ប្រជាពលរដ្ឋជាង៤០ភាគរយ ដែលភាគច្រើនជាសហគមន៍ក្រីក្រមិនទទួលបានសេវាប្រមូលសំរាមទេ។ ហេតុដូច្នេះហើយជំរុញឱ្យពលរដ្ឋចោលសំរាមពាសវាលពាសកាលតាមទីសាធារណៈ កន្លែងចោលសំរាមមិនផ្លូវការ ការដុតសំរាមនៅនឹងកន្លែង តាមប្រព័ន្ធលូបង្ហូទឹក ផ្លូវថ្នល់ ក្នុងសហគមន៍។

ខណៈពេលដែលរដ្ឋាភិបាលកំពុងកែលម្អរទៅជាទីក្រុងស្អាត ប្រជាពលរដ្ឋកម្ពុជា គួរតែចូលរួមគិតគូរពីផលប៉ះពាលនៃកាកសំណល់ទៅលើបរិស្ថាន សុខភាព និងគួរតែចូលរួមទទួលខុសត្រូវថែរក្សាបរិស្ថានឱ្យបានល្អក្នុងនាមជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍របស់ខ្លួន។ អនុក្រឹត្យស្ដីពីការគ្រប់គ្រងកាកសំណល់ដែលចេញផ្សាយដោយក្រសួងបរិស្ថាន បានឱ្យថ្នាក់ខណ្ឌជាអ្នកទទួលខុសត្រូវក្នុងកាគ្រប់គ្រងសំរាមដើម្បីធ្វើឱ្យសង្កាត់របស់ពួកគេមានបរិស្ថានល្អ។ ខ្ញុំជឿជាក់យ៉ាងមុតមាំថាការអប់រំសហគមន៍គឺជាការជំរុញដ៏សំខាន់មួយ។ អ្នករស់នៅទីក្រុងភ្នំពេញគួរតែផ្លាស់ប្តូរទំលាប់ក្នុងការគ្រប់គ្រងកាកសំណល់ ការវេចខ្ចប់ មិនទទួលខុសត្រូវ ពេលវេលាការប្រមូល និងការកែឆ្នៃធ្វើជីកំប៉ុស និ​ងជាពិសេសការយល់ដឹងពីផលប៉ះពាល់ទៅលើបរិស្ថាននិងសុខភាព។

សម្រាប់វិធានការ រយៈពេលខ្លីនិងមធ្យម យើងគួររៀបចំឲ្យមានយុទ្ធនាការប្រមូលសំរាមនៅតាមសហគមន៍ក្នុងរាជធានីភ្នំពេញ។ យុទ្ធនាការនេះគួរតែចូលរួមដោយពលរដ្ឋ មន្ត្រីក្នុងសហគមន៍ និងអង្គការមិនមែនរដ្ឋាភិបាល។ អ្នកចូលរួមគួរដាក់ពង្រាយនៅតាមផ្លូវផ្សេងៗគ្នាដើម្បីប្រមូលសំរាម និងសម្អាតក្នុងសហគមន៍ទាំងមូល។ សកម្មភាពបែបនេះនឹងជួយជម្រុញឱ្យមានការអនុវត្តល្អដើម្បីលើកទឹកចិត្តដល់ប្រជាពលរដ្ឋក្នុងសហគមន៍ឱ្យចេះថែរក្សាសហគមន៍របស់ខ្លួនអោយស្អាតនិងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ យុទ្ធនាការនេះគួរតែត្រូវធ្វើជាប្រចាំដើម្បីផ្លាស់ប្តូរទម្លាប់របស់អ្នកប្រជាពលរដ្ឋ។ លើសពីនេះទៅទៀតអ្នកចូលរួមគួរតែត្រូវបានលើកទឹកចិត្តឱ្យចូលរួមដោយផ្ទាល់នៅក្នុងវគ្គហ្វឹកហ្វឺនស្តីពីនីតិវិធីប្រមូលសំរាម រួមទាំង ការទុកដាក់ និងការបែងចែកកាកសំណល់ជាដើម ហានិភ័យសុខភាពដែលបង្កឡើងដោយកាកសំណល់ និងកាលវិភាគប្រមូលសំរាម។ ប្រសិនបើការអនុវត្តបែបនេះត្រូវបានអនុវត្តនៅក្នុងរាជធានីភ្នំពេញ រាជធានីរបស់យើងនឹងត្រូវបានផ្លាស់ប្តូរនៅលើផ្លូវត្រឹមត្រូវដើម្បីក្លាយជាកន្លែងស្អាតនិងផាសសុខភាពសម្រាប់មនុស្សគ្រប់គ្នា។

សម្រាប់រយៈពេលវែងរដ្ឋាភិបាលកម្ពុជាគួរតែចាប់ផ្តើមកម្មវិធីសង្គមដើម្បីបង្កើតវប្បធម៌អនាម័យល្អ។ យើងគួរតែលើកកម្ពស់ប្រធានបទ៖ កុំរំពឹងថាសេវាកម្មប្រមូលសំរាមនឹងយកចិត្តទុកដាក់ថែរក្សាសុខភាពរបស់អ្នក អ្នកគួរមានទំនួលខុសត្រូវលើខ្លួនឯង។ សាលារៀនរដ្ឋដើរតួយ៉ាងសំខាន់ក្នុងការកសាងទំលាប់អនាម័យស្អាតដល់កូនសិស្ស ជាពិសេសក្មេងតូចៗ។ ក្រសួងអប់រំយុវជននិងកីឡាគួរដាក់ចេញគោលនយោបាយមួយឬហៅសាមញ្ញថា “គោលនយោបាយឈប់សំរាកដើម្បីសម្អាតបរិស្ថាន”ដើម្បីរក្សាទីតាំងសាលារៀនឱ្យបានស្អាតល្អ។ ជាឧទាហរណ៍សិស្សនិមួយៗត្រូវមានការទទួលខុសត្រូវក្នុងការថែរក្សាបន្ទប់រៀនផ្ទាល់ខ្លួននិងប្រមូលសំរាមនៅក្នុងបរិវេណសាលារៀន។ ឈប់សំរាកដើម្បីសម្អាតបរិស្ថានគួរតែត្រូវបានលើកទឹកចិត្តនៅថ្នាក់សហគមន៍។ មនុស្សគ្រប់គ្នានៅក្នុងសង្កាត់គួរតែត្រូវបានស្នើរសុំឱ្យចូលរួមរាល់កម្មវិធីសម្អាតសហគមន៍។ ពលរដ្ឋទាំងអស់ត្រូវយល់ថាកាទុកសំរាមចោល មិនមានន័យថា កាតព្វកិច្ចរបស់ពួកគេត្រូវបានបញ្ចប់ទេ។ ផ្ទុយទៅវិញយើងគួរតែបំផុសគំនិតនៃកាតព្វកិច្ចសង្គមថែរក្សាសហគមន៍របស់ពួកគេឱ្យស្អាត។ ដើម្បីរក្សាសហគមន៍របស់ពួកគេឱ្យស្អាត ពួកគេត្រូវពាក់ស្រោមដៃ កាន់ប៉ែល រនាស់ និងសម្ភារៈដ៍ទៃទៀតសម្រាប់ប្រើ។ សម្រាប់កន្លែងកំសាន្តសាធារណៈ មានដូចជាសួនច្បារឬកន្លែងហាត់ប្រាណអ្នកគ្រប់គ្នាមានភារកិច្ចថែរក្សាទីកន្លែងស្អាតសម្រាប់ការប្រើប្រាស់ជាសាធារណៈ។

ដោយមានការគាំទ្រនិងការលើកទឹកចិត្តបែបនេះដើម្បីរក្សាសហគមន៍ឱ្យបានស្អាត ខ្ញុំជឿជាក់យ៉ាងមុតមាំថាប្រជាពលរដ្ឋកម្ពុជាជាពិសេសអ្នករស់នៅរាជធានីភ្នំពេញនឹងមានផ្នត់គំនិតទំនួលខុសត្រូវសង្គមដែលនឹងនាំឱ្យមានការផ្លាស់ប្តូរទម្លាប់នៃការគ្រប់គ្រងកាកសំណល់របស់ពួកគេនាពេលអនាគត៕

 

សំឡេងទីក្រុង!

សំឡេងទីក្រុង!