កញ្ចក់​បិទ​ស្នាម​ប្រេះ​អគារ​ប៊ូឌីញ​ដាច់​ពី​ជញ្ជាំង
Posted On : March, 9, 2015 | By សំឡេងទីក្រុង

ដោយ​ ប្រាជ្ញ ចេវ, វិទ្យុអាស៊ីសេរី, ថ្ងៃទី ០៩​ មិនា ​២០១៥

គិត​មក​ទល់​ថ្ងៃ​ទី​៨ ខែ​មីនា នេះ រយៈពេល​ពីរ​ថ្ងៃ​ជាប់​គ្នា​ហើយ​ដែល​ស្នាម​ប្រេះ​អគារ​ប៊ូឌីញ ចាប់​ផ្ដើម​មាន​សកម្មភាព​ឡើង​វិញ។ ប្រជាពលរដ្ឋ​រស់នៅ​លើ​អគារ​ឲ្យ​ដឹង​ថា កញ្ចក់​ដែល​មន្ត្រី​ជំនាញ​បាន​បិទ​សង​ខាង​នៃ​ស្នាម​ប្រេះ​ដើម្បី​តាម​ដាន​ពី​ការ​ប្រេះ​នៅ​ពេល​នេះ បាន​ដាច់​ចេញ​ពី​កន្លែង​បិទ​ដែល​មាន​ស្នាម​ប្រេះ។ ក្រុម​មន្ត្រី​ជំនាញ​ថា នៅ​មិន​ទាន់​ទទួល​ព័ត៌មាន​ជា​ផ្លូវការ​នៅ​ឡើយ​ទេ ប៉ុន្តែ​ពួក​គេ​ថា នឹង​ចុះ​សិក្សា​ដើម្បី​វាយ​តម្លៃ​បន្ថែម។

ក្រុម​ប្រជាពលរដ្ឋ​កំពុង​ព្រួយ​បារម្ភ​ជា​ថ្មី ព្រោះ​ខ្លាច​អគារ​ដែល​មាន​វ័យ​ចំណាស់​នៅ​កណ្ដាល​ក្រុង​ភ្នំពេញ ដែល​គេ​ហៅ​ជា​ភាសា​បារាំង​ថា ប៊ូឌីញ ដួល​រលំ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ទាក់ទង​រឿង​នេះ ទទូច​ឲ្យ​រដ្ឋាភិបាល​អន្តរាគមន៍ ដោយ​អះអាង​ថា ពលរដ្ឋ​កំពុង​ស្ថិត​ក្នុង​សភាព​គ្រោះថ្នាក់។

ប្រជាពលរដ្ឋ​រស់​នៅ​លើ​អគារ​ប៊ូឌីញ លោក ម៉ម នាង ឲ្យ​ដឹង​ថា  ក្នុង​ចំណោម​កញ្ចក់​ដែល​មន្ត្រី​ជំនាញ​បិទ​បី​កន្លែង មាន​ពី​កន្លែង​ហើយ​បាន​ដាច់​ចេញពី​ជញ្ជាំង។ លោក​បន្ត​ថា នៅ​ពេល​នេះ ក្រុម​ពលរដ្ឋ​កំពុង​ព្រួយ​បារម្ភ​ខ្លាច​អគារ​នោះ​ដួល​រលំ និង​អ្នក​ខ្លះ​ចាប់​ផ្ដើម​ចាក​ចេញ​ពី​កន្លែង​នេះ​ទៀត​ហើយ៖ «វា (កញ្ចក់) ដាច់​ចេញ​ពី​គ្នា។ ពេល​នេះ​ពួក​ខ្ញុំ​ព្រួយ​បារម្ភ​ណាស់»

កាល​ពី​ខែ​កុម្ភៈ ក្រុម​ជំនាញ​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ បាន​យក​កញ្ចក់​ទៅ​បិទ​សងខាង​ជញ្ជាំង​ចំ​កន្លែង​អាគារ​ប្រេះ ក្នុង​ករណី​អគារ​មាន​ចលនា ឬ​បន្ត​បែក​ប្រេះ កញ្ចក់​នោះ​បែក​ប្រេះ ឬ​ដាច់​ចេញ​ពី​ជញ្ជាំង។ អគារ​នេះ​ចាប់​ប្រេះ​ដែល​បង្ក​ការ​ព្រួយ​បារម្ភ​ដល់​ពលរដ្ឋ​កាល​ពី​ដើម​ខែ​កុម្ភៈ គឺ​ស្រប​ពេល​ដែល​សំណង់​សណ្ឋាគារ​មួយ​នៅ​ក្បែរ​នោះ ចាប់​ផ្ដើម​បុក​គ្រឹះ​ដំណើរ​ការ​ការដ្ឋាន។ ភ្លាមៗ​នោះ​ដែរ មន្ត្រី​ជំនាញ​បាន​បញ្ជា​ឲ្យ​ផ្អាក​ការដ្ឋាន​សាងសង់​សណ្ឋាគារ​នោះ​សិន។

អនុ​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ទទួល​បន្ទុក​រឿង​នេះ លោក កើត សារ៉េត មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៃ​ការ​បែក​កញ្ចក់​នៅ​ឡើយ​ទេ។ លោក​ថា លោក​នឹង​ចាត់ចែង​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​តាម​ដាន​រឿង​នេះ ដើម្បី​វាយ​តម្លៃ​ឡើង​វិញ​ពី​ការ​បែក​ប្រេះ​អគារ៖ «ក្រុម​មន្ត្រី​ការិយាល័យ​ជំនាញ​គេ​ធ្វើ​រឿង​នេះ​រួច​ហើយ គេ​នឹង​ប្រគល់​របាយការណ៍​ឲ្យ​ខ្ញុំ​ដើម្បី​សិក្សា​ស្រាវជ្រាវ»

មូលហេតុ​នៃ​ការ​ប្រេះ​ជញ្ជាំង​អគារ​ប៊ូឌីញ នៅ​តែ​ស្ថិត​ក្នុង​ភាព​ការ​អាថ៌កំបាំង ស្រប់​ពេល​ដែល​ក្រុម​ពលរដ្ឋ​ចោទ​ប្រកាន់​ថា បង្ក​ឡើង​ដោយ​ការ​បុក​គ្រឹះ​របស់​ការដ្ឋាន​សាងសង់​សណ្ឋាគារ។ នៅ​ក្នុង​ការដ្ឋាន​នោះ​មាន​ដែក​បន្ទះ​ធំៗ បុក​ចូល​ដី និង​បាន​កាយ​ដី​ចេញ​ក្បែរ​ជញ្ជាំង​អគារ​ប៊ូឌីញ មាន​ជម្រៅ​ជាង​ប្រហែល​ជា​ពី ៦​ម៉ែត្រ ទៅ ១០​ម៉ែត្រ។

នាយក​ប្រតិបត្តិ​អង្គការ​សមាគម​ធាងត្នោត លោក អ៊ី សារ៉ុម និយាយ​ថា ស្ថានភាព​អគារ​កាន់តែ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់​នៅ​ទី​នេះ ស្ថិត​ក្នុង​ភាព​គ្រោះ​ថ្នាក់។ មន្ត្រី​សង្គម​ស៊ីវិល​ដែល​តាម​ដាន​រឿង​នេះ​យល់​ថា រដ្ឋាភិបាល​គួរ​ផ្អាក​គម្រោង​សាងសង់​សណ្ឋាគារ​នៅ​ក្បែរ​នេះ​ជា​បន្ទាន់ នឹង​រក​កន្លែង​មាន​សុវត្ថិភាព​ជម្លៀស​ពលរដ្ឋ​ចេញ៖ «រដ្ឋាភិបាល​ចេះ​តែ​ច្រាន​ចោល​របាយការណ៍​សង្គម​ស៊ីវិល និង​យល់​ថា ពលរដ្ឋ​ស្ដាប់​តាម​ញុះញង់​រឿង​អគារ​ប្រេះ ប៉ុន្តែ​ពេល​នេះ​គឺ​ក្រុម​ពលរដ្ឋ​ស្ថិត​ស្ថានភាព​គ្រោះថ្នាក់»

កាល​ពី​ចុង​ឆ្នាំ​២០១៤ អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស បាន​អនុញ្ញាត​ឲ្យ​លោក ធី សំណាង និង​អ្នកស្រី ភូ ឈាលីន ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​សាងសង់​សណ្ឋាគារ​ដែល​កម្ពស់ ១១​ជាន់ នៅ​ជាប់​អគារ​ប៊ូឌីញ ដែល​ស្ថិត​ក្នុង​សង្កាត់​ទន្លេ​បាសាក់​ខណ្ឌ​ចំការមន។ ភ្លាមៗ​នោះ​ដែរ ពលរដ្ឋ​ចំនួន ៥០០​នាក់ បាន​ប្ដឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ទាមទារ​ឲ្យ​ក្រុមហ៊ុន​សាងសង់​ទទួល​ខុស​ត្រូវ​ការ​ខូចខាត​ប្រេះស្រាំ​អគារ និង​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​កខ្វក់​ក្នុង​ករណី​ប៉ះពាល់​នៅ​ពេល​សាងសង់។

វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​បំភ្លឺ​តំណាង​ក្រុមហ៊ុន​សាងសង់​សណ្ឋាគារ​បាន​ទេ នៅ​ថ្ងៃ​ទី​៨ ខែ​មីនា។

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់  ថា លោក​មិន​ទាន់​ដឹង​ករណី​បែក​កញ្ចក់​តាម​ដាន​ស្នាម​ប្រេះ​អគារ​នេះ​នៅ​ឡើយ​ទេ។ លោក​ថា សាលា​រាជធានី​ភ្នំពេញ មិន​មាន​ចំណាត់​ការ​យ៉ាង​ណា​លើ​រឿង​នេះ​ឡើយ ព្រោះ​ជា​សមត្ថកិច្ច​របស់​ក្រសួង​រៀបចំ​ដែនដី៖ «រឿង​នេះ​ប្រគល់​ជូន​ក្រសួង​រៀបចំ​ដែនដី​ជា​អ្នក​ទទួល​ខុស​ត្រូវ»

ក្រុម​ពលរដ្ឋ​ទាមទារ​ឲ្យ​ម្ចាស់​សំណង់​សណ្ឋាគារ និង​អាជ្ញាធរ​ក្រុង​ភ្នំពេញ ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ករណី​អគារ​ប៊ូឌីញ បែក​ប្រេះ​មិន​អាច​ធ្វើ​ឲ្យ​ពួកគេ​រស់​នៅ​បាន។ អ្នក​ខ្លះ​ទាមទារ​សំណង​ស្នើ​តម្លៃ​ទីផ្សារ និង​អ្នក​ខ្លះ​ទៀត​ចង់​បាន​កន្លែង​រស់​នៅ​ថ្មី​ក្នុង​ក្រុង​ដែល​អាច​ប្រ​កប​របរ​ចិញ្ចឹម​ជីវិត​បាន៕

Urban Voice Cambodia

Urban Voice Cambodia